AKP ថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧–សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចាកចេញពីកម្ពុជាហើយ កាលពីវេលា ម៉ោង៧និង៣០នាទី ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៧ តាមជើងយន្តហោះពិសេស ឆ្ពោះទៅកាន់ទីក្រុង វៀងចន្ទន៍ ប្រទេសឡាវ ដើម្បីជួបចរចាក្នុងលក្ខណៈជាអ្នកជិតខាង ជាមួយឯកឧត្ដម ថោងលន់ ស៊ីសូលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ អំពីបញ្ហាព្រំដែនរវាងប្រទេសទាំងពីរ និង ស្នើឱ្យរដ្ឋាភិបាលឡាវដកកងកម្លាំងប្រដាប់អាវុធទាំងអស់របស់ខ្លួន ចេញពីតំបន់អូអាឡៃ និងតំបន់អូរតាង៉ាវ ស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង ជាប់ព្រំដែននៃខេត្តអាតាពើ ប្រទេសឡាវ។
ឯកឧត្ដម ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានប្រាប់អ្នកយកព័ត៌មាន នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញថា គណៈប្រតិភូអមដំណើរសម្ដេចតេជោនាយករដ្ឋមន្ត្រី មានវត្តមានសម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ឯកឧត្ដម ប្រាក់ សុខុន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ ឯកឧត្ដមនាយឧត្ដមសេនីយ៍ ប៉ុល សារឿន អគ្គមេបញ្ជាការ កងយោធពលខេមរភូមិន្ទ និងមន្ត្រីជាន់ខ្ពស់មួយចំនួនទៀតដែលពាក់ព័ន្ធនឹងបញ្ហាព្រំដែន។
ឯកឧត្ដម បានឱ្យដឹងទៀតថា នៅពេលទៅដល់ប្រទេសឡាវ សម្ដេចតេជោនាយករដ្ឋមន្ត្រី នឹងជួបចរចា ជាមួយនាយករដ្ឋមន្ត្រីឡាវ បន្ទាប់មកសម្ដេចតេជោ នឹងចូលជួបសម្ដែងការគួរសមជាមួយប្រធានរដ្ឋឡាវ ព្រមទាំងចូលរួមពិធីអាហារថ្ងៃត្រង់ដែលរៀបចំដោយនាយករដ្ឋមន្ត្រីឡាវ។ កន្លងមក ទោះបីការចរចាថ្នាក់ បច្ចេកទេសមន្ត្រីជាន់ខ្ពស់ រហូតដល់ការជួបពិភាក្សានិងចរចាថ្នាក់ដឹកនាំកំពូល ប្រមទាំងមានកំណត់ទូត និងលិខិតតវ៉ាជាច្រើន ពិសេសលិខិតចុងក្រោយបំផុតរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ចុះថ្ងៃទី០២ ខែសីហា ផ្ញើជូនឯកឧត្ដម ថោងលន់ ស៊ីសីលីត នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតឡាវ ថ្មីៗនេះក៏ដោយ ក៏ភាគីឡាវនៅតែមិនឆ្លើយតប និងមិនព្រមដកកម្លាំងប្រដាប់អាវុធរបស់ ខ្លួនចេញពីទឹកដីកម្ពុជាឡើយ។
ដំណើរទៅជួបចរចារបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន លើកនេះ គឺជាកាយវិការទន់ភ្លន់ ប្រកបដោយការអត់ធ្មត់ និងសុឆន្ទៈចង់ដោះស្រាយជម្លោះដោយសន្តិវិធីជាមួយភាគីឡាវ មុននឹងឈាន ដល់ការប្រកាន់យកវិធានការផ្សេងទៀត រាប់ទាំងវិធានការយោធា និងតាមផ្លូវតុលាការ ក្នុងករណីខិតខំ ចុងក្រោយនេះរបស់កម្ពុជា នឹងមិនផ្ដល់លទ្ធផលវិជ្ជមានទេនោះ។
គណៈប្រតិភូជាន់ខ្ពស់នៃរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្ដេចតេជោនាយករដ្ឋមន្ត្រីនឹងធ្វើមាតុភូមិនិវត្តន៍ មកកាន់កម្ពុជាវិញនៅរសៀលថ្ងៃដដែលនេះដែរ៕
ដោយ ជឹម ណារី