សូមអរគុណឯកឧត្ដមប្រធាន!
ជាដំបូង ខ្ញុំសូមអរគុណឯកឧត្ដមប្រធាន ដែលបានអញ្ជើញខ្ញុំមកទស្សនកិច្ចនៅសាធារណរដ្ឋតួកគីយេ ហើយទទួលបដិសណ្ឋារកិច្ចដ៏ល្អ ក៏ដូចជាការចរចាអម្បាញ់មិញនេះប្រកបដោយផ្លែផ្កា។ ខ្ញុំពេញចិត្តនឹងការថ្លែងរបស់ឯកឧត្ដមអម្បាញ់មិញ ទាក់ទងនឹងទំនាក់ទំនងរបស់យើង ក៏ដូចជាការចែករំលែកនូវសភាពការណ៍អន្តរជាតិ និងតំបន់ ដែលភាគីទាំងពីរយកចិត្តទុកដាក់។
ខ្ញុំពិតជាមានការរីករាយដែលបានមកទស្សនកិច្ចនៅតួកគីយេ សាជាថ្មីម្ដងទៀត បន្ទាប់ពីទស្សនកិច្ចនៅឆ្នាំ២០១៨ ដែលពេលនោះខ្ញុំនៅជានាយករដ្ឋមន្រ្តី។ ប៉ុន្តែ ទស្សនកិច្ចនៅពេលនោះក៏បានបង្កើតឲ្យមាននូវការរៀបចំស្ថានទូតនៅទីក្រុងអង់ការ៉ានេះ បន្ទាប់ពីតួកគីយេមានស្ថានទូតនៅទីក្រុងភ្នំពេញឆ្នាំ២០១៣។ ២០១៨ ខ្ញុំទស្សនកិច្ច ២០១៩ យើងបង្កើតបានស្ថានទូតនៅទីនេះ ដែលនេះគឺជាមូលដ្ឋានដ៏សំខាន់មួយ ហើយកិច្ចព្រមព្រៀងជាច្រើន យើងបានចុះហត្ថលេខាជាមួយគ្នា។
ខ្ញុំសូមយកឱកាសនេះថ្លែងអំណរគុណចំពោះរដ្ឋាភិបាល ក៏ដូចជាប្រជាជនតួកគីយេ ដែលបានផ្ដល់ជំនួយឧបត្ថម្ភទាំងឡាយសម្រាប់កម្ពុជា ក្នុងនោះ និស្សិតអាហារូបករណ៍កំពុងសិក្សានៅទួរគីយេ ហើយមួយចំនួនក៏បានវិលត្រឡប់ទៅកាន់ប្រទេសវិញ។ ហើយសង្ឃឹមថា យើងនឹងទទួលបាននូវជំនួយឧបត្ថម្ភ ទាំងនៅទីនេះ ក៏ដូចជាការជួយពង្រឹងសមត្ថភាពធនធានមនុស្ស ក៏ដូចជាស្ថាប័ននៅព្រះរាជាណាចក្រកម្ពុជាផងដែរ។
ខ្ញុំពិតជាមានការរីករាយ ដែលឯកឧត្ដមប្រធានបានផ្ដល់ឱកាសសម្រាប់ពួកយើង ក្នុងទស្សនកិច្ចនេះ។ វាបង្ហាញអំពីមិត្តភាពរបស់យើង ដែលគាប់ជួនទស្សនកិច្ចរបស់ខ្ញុំនេះ គឺធ្វើឡើងចំខួបលើកទី៦៥ឆ្នាំ នៃទំនាក់ទំនងដ៏យូរលង់របស់យើង។ រយៈពេល ៦៥ឆ្នាំ មិនមែនជារយៈពេលខ្លីទេ ជារយៈពេលមួយដែលវែង។ ប៉ុន្តែ ដោយសារតែស្ថានភាពរបស់កម្ពុជាមានការបត់បែន សោកនាដកម្មបានកើត យើងក៏ទើបនឹងមានឱកាសដើម្បីចាប់ផ្ដើមសាជាថ្មីនូវទំនាក់ទំនងនេះ។ ទោះបីថា កម្រិតអ្វីដែលជាគោលដៅដែលយើងចង់បានមិនទាន់សម្រេច តែខ្ញុំជឿជាក់ថា តាមរយៈនៃការខិតខំប្រឹងប្រែងរវាងរដ្ឋាភិបាលទាំងពីរ រវាងអង្គការនីតិបញ្ញត្តិទាំងពីរ ក៏ដូចជារវាងប្រជាជនទាំងពីរ ជាពិសេស លោកជំទាវអគ្គរដ្ឋទូតនៅទីក្រុងភ្នំពេញសកម្មណាស់ ជាមួយនឹងអគ្គរាជទូតយើងខ្ញុំនៅទីនេះ ធ្វើការជាមួយគ្នា ដើម្បីជំរុញពង្រីកទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំងពីរ ដែលខ្ញុំជាមួយនឹងឯកឧត្ដមប្រធានាធិបតីបានដាក់ចេញកាលពីឆ្នាំ២០១៨ ទំហំ ១ពាន់លានដុល្លារ។ ឥឡូវនេះ យើងសម្រេចបានប្រហាក់ប្រហែលជា ២០០លានដុល្លារតែប៉ុណ្ណោះ។ តែខ្ញុំជឿជាក់ថា ដោយសារតែតួកគីយេបានយកចិត្តទុកដាក់ទៅលើតំបន់អាស៊ី ដែលជាដៃគូមួយដ៏ល្អក្នុងដំណាក់កាលថ្មីនេះ គឺនឹងអាចធ្វើឲ្យមានការជឿនលឿនក្នុងទំនាក់ទំនងរបស់យើង។
អម្បាញ់មិញ ឯកឧត្ដមក៏បាននិយាយបន្តិចទាក់ទិននឹងកិច្ចសន្ទនាតាមវិស័យរវាងតួកគីយេ និងអាស៊ាន។ សម្រាប់កម្ពុជា ទោះបីថាពេលនេះគឺ moratoire ទាក់ទងនឹងការទទួលយកនូវភាពជាដៃគូថ្មីក៏ដោយ ប៉ុន្តែ ខ្ញុំនៅតែអះអាងបន្តនូវនយោបាយ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ នៅពេលដែលខ្ញុំនៅកាន់តំណែងជានាយករដ្ឋមន្រ្តី អំពីការពង្រីកក្នុងស្ថានភាពតួកគីយេជាដៃគូសន្ទនាពេញលេញរបស់អាស៊ាន។ ទោះបីថា រឿងនេះវាជារឿងត្រូវមានកុងសង់ស៊ីសនៃអាស៊ាន ប៉ុន្តែ កម្ពុជាជាសមាជិកម្នាក់ដែលផ្ដល់នូវការគាំទ្រហើយស្រេច និងរួមជាមួយមិត្តភក្ដិ ដៃគូដទៃទៀត ជួយពង្រឹងនូវការងារនេះ ព្រោះថាវាមានសារៈសំខាន់ក្នុងទំនាក់ទំនងរវាងតំបន់ពីរដែលតួកគីយេគឺជាផ្នែកមួយរបស់អាស៊ី និងផ្នែកមួយរបស់អឺរ៉ុប។ ហើយខ្ញុំសង្ឃឹមថា ការតភ្ជាប់រវាងតំបន់ទាំងពីរនេះ គឺតាមរយៈតួនាទីរបស់តួកគីយេ នឹងធ្វើឲ្យតំបន់ទាំងពីរក្នុងទំនាក់ទំនងរវាងអាស៊ាន និងតួកគីយេកាន់តែប្រសើរ។
ហើយនៅក្នុងកាលៈទេសៈនេះ អ្វីដែលជាស្នូលនៃទំនាក់ទំនងដែលខ្ញុំសូមលើកមកបង្ហាញ នោះគឺការពង្រីកនូវទំនាក់ទំនងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងការវិនិយោគ ដែលយើងគួរតែផ្ដោតការយកចិត្តទុកដាក់ ជំរុញការងារនេះឲ្យសម្រេចគោលដៅ បើទោះបីថា យើងកើតឡើងបន្តិចម្ដងៗ ប៉ុន្តែ ខ្ញុំគិតថា យើងក៏គង់នឹងឈានទៅដល់ការសម្រេចកម្រិត ១ពាន់លានដុល្លារ។ ព្រោះថា សម្រាប់ប្រទេសយើងនិងប្រទេសដទៃទៀត សម្រេចបានលើសពី១ពាន់លាន រហូតដល់ប្រទេសខ្លះមានរហូតដល់ ៤-៥ពាន់លានដុល្លារ ឬដល់ ១០ពាន់លានដុល្លារផង យើងអាចធ្វើទៅរួច។ ពិតមែនតែឯកឧត្ដម មានប្រជាជនជាង ៨០លាននាក់ កម្ពុជាមានតែជាង១៧លាននាក់ទេ ក៏ប៉ុន្តែ យើងមានកម្លាំងទិញធំ ហើយក៏មានផលិតផលសម្រាប់នាំចេញផងដែរ។
ម្ខាងទៀត ខ្ញុំពិតជាមានការពេញចិត្តចំពោះតួនាទីរបស់តួកគីយេ ក្នុងដំណោះស្រាយជាអន្តរជាតិចាប់តាំងពីគ្រាដំបូងនៃការចាប់ផ្ដើមជម្លោះរុស្សីនិងអ៊ុយក្រែន តួកគីយេបានដើរតួនាទីនេះ។ ខ្ញុំសង្ឃឹមថាតួកគីយេនឹងបន្តដើរតួនាទីនេះតទៅទៀត ដើម្បីឈានទៅដល់ការបញ្ចប់សង្គ្រាមរវាងរុស្សីនិងអ៊ុយក្រែន ដោយមធ្យោបាយចរចា។ បញ្ហាប្រដាប់អាវុធមិនអាចយកសង្គ្រាមបញ្ចប់សង្គ្រាមបានទេ គឺមានតែការចរចាមួយគត់ដែលអាចឈានទៅដល់ការបញ្ចប់សង្គ្រាម។ រឿងនេះបានបង្ហាញឱ្យពិភពលោកបានឃើញរួចមកហើយ។ ពិតមែនតែបញ្ហាថ្មីៗដែលកើតឡើងនៅស៊ីរី វាជាបញ្ហាដាច់ដោយឡែកមួយ ប៉ុន្តែវាមិនមែនបានសេចក្ដីថា … របបមួយសុខៗដួលរលំនោះទេ បើគ្មានការខិតខំពីប្រជាជន និងក្រុមអ្នកតស៊ូដទៃទៀត។
ខ្ញុំជឿជាក់ទៅលើកិច្ចខិតខំប្រឹងប្រែងរបស់តួកគីយេ ទៅលើបញ្ហាដំណោះស្រាយក្នុងក្របខ័ណ្ឌតំបន់ផ្សេងៗគ្នាដែលសកលលោកបច្ចុប្បន្ននេះស្មុគស្មាញពិបាកប៉ាន់ស្មាន។ ខ្ញុំក៏មានការសង្ឃឹមថា អ្វីដែលបាននិងកំពុងកើតនៅស៊ីរី នឹងវិវឌ្ឍទៅតាមអ្វីដែលឯកឧត្តមលើកឡើងនៅទីនេះ។ យើងមានសុទិដ្ឋិនិយមដូចគ្នា ប៉ុន្តែសម្រាប់ខ្ញុំនៅតែបានបង្ហាញនូវកង្វល់ផងដែរ ទាក់ទងនឹងសកម្មភាពថ្មីរបស់អ៊ីស្រាអែល ដែលឆក់យកឱកាសសម្រាប់ការគ្រប់គ្រងដែនដីមួយផ្នែករបស់ស៊ីរី និងការវាយប្រហារមួយចំនួន។ តែរឿងនេះគ្រាន់តែជាកង្វល់ពីចំណែករបស់អ្នកដែលនៅឆ្ងាយពីតំបន់នេះតែប៉ុណ្ណោះ។ ប៉ុន្តែរឿងទាំងឡាយ ខ្ញុំគិតថា មានតែប្រជាជនស៊ីរីតែមួយប៉ុណ្ណោះដែលអាចសម្រេចជោគវាសនារបស់ខ្លួនបាន តាមរយៈនៃជំនួយឧបត្ថម្ភពីខាងក្រៅ ប៉ុន្តែ អ្នកដែលសម្រេចពិតប្រាកដគឺប្រជាជនស៊ីរី។
ករណីនេះ កម្ពុជាជាឧទាហរណ៍មួយក្នុងចំណោមឧទាហរណ៍នៃភាពស្មុគស្មាញរបស់ខ្លួន ដែលខ្លួនបានប្រឹងប្រែងស្វែងរកនូវសន្តិភាពសម្រាប់ខ្លួនឯង។ នៅសល់តែប៉ុន្មានថ្ងៃទៀត គឺដល់ថ្ងៃទី២៩ យើងនឹងធ្វើខួបលើកទី២៦ ឈានទៅចូលទៅ២៧ឆ្នាំនៃសន្តិភាព ឯកភាពទឹកដីពេញលេញ ដែលវាជាសន្តិភាពយូរអង្វែងដំបូងបំផុតក្នុងប្រវត្តិ៥០០ឆ្នាំរបស់កម្ពុជា ហើយយើងមានឱកាសកសាងប្រទេសឡើងវិញ។ សង្ឃឹមថា ពិភពលោកនឹងមានចំណែកដើម្បីដោះស្រាយបញ្ហា ហើយនយោបាយទណ្ឌកម្មមិនមែនជាមធ្យោបាយសម្រាប់ដោះស្រាយបញ្ហាទេ។ ប៉ុន្តែផ្ទុយទៅវិញ ទណ្ឌកម្ម ឧទាហរណ៍ទណ្ឌកម្មចំពោះរុស្សី វាមិនមែនគ្រាន់តែបញ្ហាមិនអាចសម្លាប់រុស្សីបានផង ប៉ុន្តែ បែរជាមកធ្វើឱ្យរងគ្រោះដល់ប្រជាជន ដល់អ្នកទាំងឡាយរាប់ទាំងកម្ពុជាក៏ទទួលផលវិបាកពីទណ្ឌកម្ម ជាឯកតោភាគី បញ្ហាទណ្ឌកម្មមិនមែនជាមធ្យោបាយទេ។ ខ្ញុំសូមយកឱកាសនេះ ក្នុងឋានៈជាជនជាតិកម្ពុជាដែលធ្លាប់ឆ្លងកាត់នូវទណ្ឌកម្មខាងសេដ្ឋកិច្ច និងនយោបាយ ចំពោះខ្លួនឯង ហើយក៏ធ្លាប់ឃើញទណ្ឌកម្មសេដ្ឋកិច្ច និងនយោបាយចំពោះប្រទេសនានា។ សូមបញ្ឈប់ទៅនូវនយោបាយសម្រាប់ប្រទេសនេះ ឬប្រទេសនោះ ដែលយកជាធ្វើមធ្យោបាយ ព្រោះគេមិនអាចលក់អធិបតេយ្យរបស់គេ (ឬ)យកអធិបតេយ្យរបស់គេទៅដោះដូរជាមួយជំនួយ ឬការអនុគ្រោះណាមួយកើតនោះទេ។ ទណ្ឌកម្មគ្រាន់តែបង្កើតនូវការឈឺចាប់បន្ថែមសម្រាប់ប្រជាជនតែប៉ុណ្ណោះ។ វាមិនត្រូវជាមួយមេដឹកនាំទេ។
ខ្ញុំគិតថា ខ្ញុំគួរតែបកត្រឡប់មកអំពីស្ថាននៃការពង្រឹងទំនាក់ទំនងរបស់យើង។ ថ្ងៃនេះ ខ្ញុំមកកាន់ទីនេះ ខ្ញុំជម្រាបជូនឯកឧត្តមដោយត្រង់ថា ខ្ញុំទើបនឹងរៀនធ្វើប្រធានព្រឹទ្ធសភាទេ។ បើនិយាយពីការចាប់ផ្ដើមពីខែមេសា រហូតមកដល់ពេលនេះ ខ្ញុំទើបនឹងធ្វើប្រធានព្រឹទ្ធសភាបាន ៩ខែ ខ្ញុំទើបនឹងរៀនធ្វើប្រធាននីតិបញ្ញត្តិ។ ពីដើមឡើយតាំងពីធ្វើឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីការបរទេស និងធ្វើនាយករដ្ឋមន្ត្រី វារយៈពេល៤៥ឆ្នាំ។ ខ្ញុំឥឡូវទើបនឹងបំពេញកិច្ចការនីតិបញ្ញត្តិត្រឹមតែ៩ខែតែប៉ុណ្ណោះ។ ខ្ញុំសុំរៀនសូត្រពីឯកឧត្តមនូវកិច្ចការទាំងឡាយដែលទាក់ទងជាមួយនឹងនីតិបញ្ញត្តិ។ ប៉ុន្តែ ខ្ញុំគិតថា យើងអាចធ្វើបានទៅលើការងារនេះ ដោយសារតែកាលដែលធ្វើនៅនីតិប្រតិបត្តិ ក៏យើងមិនមែនធ្វើការដាច់ដោយឡែកដោយគ្មានការគាំទ្រពីនីតិបញ្ញត្តិ ព្រោះសភានៅកម្ពុជា គឺនីតិបញ្ញត្តិ សភាជាអ្នកបង្កើតរាជរដ្ឋាភិបាលតែម្ដង ប្រសិនបើគ្មានសភាទេ យើងមិនអាចធ្វើអីបានទេ។ ករណីដូចគ្នានេះ ក៏ខ្ញុំមកកាន់ទីកន្លែងមួយដែលកំពុងតែរៀនសូត្រ ប៉ុន្តែ មានពេលខ្លះ ខ្ញុំនិយាយហាក់ដូចជាខ្លួនកំពុងតែធ្វើនាយករដ្ឋមន្ត្រីអញ្ចឹង ដោយសារតែវាក្លាយទៅជាទម្លាប់។ ពេលខ្លះនិយាយចាក(តួនាទី) ប៉ុន្តែខ្ញុំគិតថាវាមិនចាកទេ ដោយសារខ្ញុំមានតួនាទីមួយផ្សេងទៀត គឺតួនាទីជាប្រធានគណបក្សកាន់អំណាច។ ដូច្នេះ ខ្ញុំមានលទ្ធភាពដើម្បីនឹងនិយាយក្នុង(នាម)នីតិបញ្ញត្តិផង និងនិយាយក្នុងអំណាចជាប្រធានគណបក្សកាន់អំណាចផងដែរ។ សង្ឃឹមថាឯកឧត្តម និងអ្នកស្ដាប់ទាំងឡាយ នឹងមានការយោគយល់សម្រាប់ខ្ញុំជាអ្នកកាន់នីតិបញ្ញត្តិថ្មីថ្មោង។
ចុងក្រោយ ជាថ្មីម្ដងទៀត សូមអញ្ជើញឯកឧត្តមប្រធានទស្សនកិច្ចនៅកម្ពុជាក្នុងពេលវេលាសមស្រប ដែលខ្ញុំនឹងទទួលឯកឧត្តម ដើម្បីយើងពង្រឹងថែមទៀតនូវទំនាក់ទំនងរវាងប្រទេសទាំងពីរ មិនថានីតិបញ្ញត្តិ នីតិប្រតិបត្តិ ឬផ្នែកដទៃទៀត យើងត្រូវមានទំនាក់ទំនងគ្រប់វិស័យជាមួយគ្នា។
សូមអរគុណ ចំពោះការយកចិត្តទុកដាក់ស្ដាប់របស់ឯកឧត្តម!