សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ដើម្បីងើបឡើងតស៊ូរំដោះប្រជាជនពីការកាប់សម្លាប់របស់ ពួក ប៉ុល ពត ចលនាតស៊ូឆ្ពោះទៅរកការសង្រ្គោះជាតិពីរបបប្រល័យពូជសាសន៍បានកើតមាន ជាបន្តបន្ទាប់។ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ១៩៧៧ សម្តេច បានសម្រេចចាកចេញទៅប្រទេសវៀតណាម យកជីវិតធ្វើដើមទុនស្វែងរកការជួយឧបត្ថម្ភក្នុងការតស៊ូរំដោះប្រទេសជាតិពីរបបវាលពិឃាតនេះ។
នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្រោយឆ្លងកាត់ឧបសគ្គយ៉ាងច្រើន និងទទួលបានជំនួយពីប្រទេសវៀតណាម កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្រ្គោះជាតិកម្ពុជា ក៏ត្រូវបានបង្កើតឡើង នៅថ្ងៃទី១២ ខែឧសភា ឆ្នាំ១៩៧៨។ ជាមួយគ្នានេះ នៅក្នុងប្រទេសកងទ័ពនិងប្រជាជននៅទូទាំងភូមិភាគបូព៌ា បានក្រោកឈរតស៊ូប្រឆាំងប៉ុល ពត នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ១៩៧៨ ក្រោមការដឹកនាំរបស់ សម្តេច ហេង សំរិន និងសម្តេច ជា ស៊ីម។
សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា ការរួបរួមនៃកម្លាំងប្រឆាំង ប៉ុល ពត ពីគ្រប់ទិសទី បានបង្កើតឡើងនូវ រណសិរ្យសាមគ្គីសង្រ្គោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៧៨ ដែលបានបំផុសប្រមូលផ្តុំ និងចាត់តាំងចលនាប្រជាជនធ្វើការប្រយុទ្ធដើម្បីផ្តួលរំលំរបប ប៉ុល ពត។ នៅក្នុងមហាចលនានេះ កម្លាំងផ្ទាល់របស់កម្ពុជាដែលបានរីកធំធាត់យ៉ាងឆាប់រហ័ស រួមជាមួយ ការជួយឧបត្ថម្ភរបស់កងទ័ពស្ម័គ្រចិត្តវៀតណាម បានសម្រេចជ័យជម្នះដ៏ត្រចះត្រចង់នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្រ្គោះអាយុជីវិតរបស់ប្រជាជនរាប់លាននាក់ពីមាត់ជ្រោះ មរណៈទាន់ពេលវេលា និងបាននាំមកជូនប្រជាជនវិញនូវសិទ្ធិសេរីភាពគ្រប់យ៉ាងដែលត្រូវ បាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត។
សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ប្រជាជនកម្ពុជាទូទាំងប្រទេសបានសម្តែង អំណរសាទរចំពោះយុទ្ធជនរណសិរ្យ ដោយក្តីរំភើបរីករាយជាទីបំផុត។ ស្នាមញញឹម៧មករា បានដិតដាមជានិច្ចក្នុងដួងចិត្តរបស់ខ្មែរគ្រប់រូបដែលបានរស់ឡើងវិញ។ អាស្រ័យហេតុនេះ ប្រជាជនកម្ពុជា បានប្រសិទ្ធនាមថា «ថា «ថ្ងៃ៧មករា គឺជាថ្ងៃកំណើតទីពីររបស់ខ្លួន»៕