បន្ទាប់ពី «រដ្ឋប្រហារឆ្នាំ១៩៧០» របស់ពួក លន់ នល់ តើកម្ពុជា បានឆ្លងកាត់ «គ្រោះមហន្តរាយ» អ្វីខ្លះ?

សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានិងជាប្រធានគណបក្សប្រជាជនកម្ពុជា បានគូសបញ្ជាក់ថា ប្រវត្តិសាស្រ្តជាក់ស្តែងរបស់កម្ពុជា បានបង្ហាញថា ចាប់ពី ឆ្នាំ១៩៧០ មក ដំណើរជាតិយើងមានភាពបត់បែន ស្មុគស្មាញនិងប្រកបដោយមហន្តរាយ ជាទីបំផុត។ បន្ទាប់ពីប្រជាជាតិយើងទទួលបានឯករាជ្យបរិបូរណ៍នាថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ក្រោមព្រះរាជបូជនីយកិច្ចនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ប្រជាជនកម្ពុជា បានរស់នៅក្នុងសន្តិភាពតែ១៦ឆ្នាំប៉ុណ្ណោះ។

នៅក្នុងពិធីអបអរសាទរខួបលើកទី៤៦ នៃទិវាជ័យជម្នះ ៧ មករា (១៩៧៩-២០២៥) ដែលប្រារព្ធនៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ទី៧ ខែមករា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ព្រឹត្តិការណ៍រដ្ឋប្រហារនៅថ្ងៃទី១៨ ខែមីនា ឆ្នាំ១៩៧០ របស់ពួក លន់ នល់ ដែលបានដើរតាមខ្សែញាក់របស់បរទេស បានរុញច្រានកម្ពុជាឱ្យធ្លាក់ក្នុងភ្លើងសង្រ្គាមដ៏សន្ធោរសន្ធៅបំផុត ដែលបានសម្លាប់ប្រជាជនកម្ពុជាជិត១លាននាក់ និងបំផ្លាញរចនាសម្ព័ន្ធសង្គមជាតិឱ្យវិនាសខ្ទេចខ្ទី។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា បន្ទាប់ពីការដួលរលំនៃរបបសាធារណរដ្ឋខ្មែរ របស់ពួក លន់ នល់ នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ក្រោមកម្លាំងតស៊ូរំដោះជាតិរបស់ប្រជា ជនដើម្បីឯករាជ្យ សន្តិភាព និងសេរីភាព គ្រោះមហន្តរាយមួយទៀតក៏បានមកដល់។ ពួកប៉ុល ពត ដែលក្បត់នឹងឆន្ទៈនិងផលប្រយោជន៍របស់ប្រជាជន បានប្លន់យកទាំងស្រុងនូវសមិទ្ធផល នៃការតស៊ូរបស់ប្រជាជន ហើយអនុវត្តនយោបាយប្រល័យពូជសាសន៍យ៉ាងសាហាវឃោរឃៅបំផុត។

សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ថា ក្នុងរបបប្រល័យពូជសាសន៍ ទឹកដីកម្ពុជាទាំង មូល បានក្លាយជាគុកឥតជញ្ជាំង និងជាវាលពិឃាតដែលត្រូវលិចលង់ក្នុងសមុទ្រឈាម និងទឹកភ្នែករបស់ប្រជាជន។ របប ប៉ុល ពត បានសម្លាប់ប្រជាជនកម្ពុជាអស់៣លាន៣សែននាក់ យ៉ាងព្រៃផ្សៃបំផុត ឯអ្នកនៅសេសសល់ក៏ត្រូវរស់នៅក្នុងភាពភ័យខ្លាចដែលត្រូវរង់ចាំតែពេលត្រូវពួកវាយកទៅសម្លាប់ប៉ុណ្ណោះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ