បទវិចារណកថា៖ តើយើងគួរបំភ្លេច ទិវាជ័យជម្នះ ៧ មករា ឬទេ?

ទិវាជ័យជម្នះថ្ងៃទី០៧ ខែមករា ឆ្នាំ១៩៧៩ របស់កម្ពុជា គឺជាថ្ងៃដ៏សំខាន់មួយក្នុងប្រវត្តិសាស្ត្រជាតិ ពោលគឺការដួលរលំនៃរបបប្រល័យពូជសាសន៍ខ្មែរក្រហម។ ដោយសារតែព្រឹត្តិការណ៍នេះវាកន្លងមកប្រមាណជា​ ៤៦ឆ្នាំ ទៅហើយ ពលរដ្ឋខ្មែរខ្លះលើកឡើងថា យើងគួរតែឈប់រំលេច ហើយនាំគ្នានិយាយពីបញ្ហាថ្មីៗ ទើបមានប្រយោជន៍ជាង។
 
តើយើងអាចបំភ្លេចទិវាជ័យជម្នះ ដែលយើងទាំងអស់គ្នាទទួលបានដោយលំបាកនេះបានដោយរបៀបណា?
 
សម្រាប់ប្រជាជនកម្ពុជាជាច្រើន ថ្ងៃនេះជានិមិត្តរូបនៃការរំដោះខ្លួនចេញពីសម័យកាលដ៏ខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ នៅពេលដែលមនុស្សប្រមាណជា ៣លាននាក់បានបាត់បង់ជីវិតដោយការកាប់សម្លាប់ ដោយទារុណកម្ម គ្រោះអត់ឃ្លាន​ និង ការធ្វើពលកម្មបាក់កម្លាំង។
 
ជាការពិត ព្រឹត្តិការណ៍នេះកើតមានឡើងមកយូរមែន ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយតម្លៃនៃសច្ចភាពប្រវត្តិសាស្រ្តរបស់កម្ពុជា និងមនុស្សជាតិនៅលើពិភពលោកវានៅតែមានតម្លៃដែលកាត់ថ្លៃមិនបាន សម្រាប់ការចង់ចាំរបស់ពលរដ្ឋកម្ពុជា។​
 
ទិវាជ័យជម្នះនេះ ទោះបីជាមិនអាចនាំសន្តិភាព និងឯកភាពទឹកដីជូនពលរដ្ឋកម្ពុជាបានក៏ពិតមែន ប៉ុន្តែវាគឺជាទំព័រមាសនៃប្រវត្តិសាស្រ្តដែលចូលមកបញ្ចប់ទំព័រប្រវត្តិសាស្រ្តខ្មៅងងឹតរបស់របបខ្មែរក្រហម​ ។ ទិវាជ័យជម្នះ បានបញ្ចប់របបនៃការដឹកនាំតាមបែបប្រល័យពូជសាសន៍ គ្មានសាសនា គ្មានទីផ្សារ ដែលមានសេដ្ឋកិច្ចរស់តែជាមួយនឹងកសិកម្ម តែពលរដ្ឋអត់បាយ​។​
 
របបខ្មែរក្រហមនៅតែជាស្លាកស្នាមដ៏ឈឺចាប់នៅក្នុងការចងចាំរួមរបស់ប្រទេសកម្ពុជា។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ប្រទេសកម្ពុជា បានធ្លាក់ចូលទៅក្នុងការរងទុក្ខដែលមិនអាចនឹកស្មានដល់ ដោយក្រុមគ្រួសារបានបែកបាក់គ្នា បញ្ញវន្តត្រូវបានប្រហារជីវិត និងសិទ្ធិមនុស្សជាមូលដ្ឋានត្រូវបានបំផ្លាញ។
 
ទិវានេះ គឺជាឫសកែវដំបូងនៃការតស៊ូដើម្បីឯករាជ្យភាព សន្តិភាព និង​ ឯកភាពទឹកដីដែលកម្ពុជាសម្រេចបានទាំងស្រុងថ្ងៃទី​២៩ ខែធ្នូ ឆ្នាំ១៩៩៨។ ក្រោយទិវាជ័យជម្នះ៧ មករា ទោះបីជាឯកភាពទឹកដីសម្រេចបានត្រឹមប្រមាណជា ៨០ ភាគរយ ហើយសង្រ្កាមនៅតែបន្ត ទឹកដីនៅបែកចែកជាតំបន់ៗក៏ពិតមែន ប៉ុន្តែសង្គមកម្ពុជាចាប់ផ្តើមមានទីផ្សារ ស្ថាប័នសាសនា និងសេដ្ឋកិច្ច ព្រមទាំងសង្គមនយោបាយចាប់ផ្តើមមានសកម្មភាពឡើងជាបន្តបន្ទាប់​ ដូច្នេះការបំភ្លេចព្រឹត្តិការណ៍ ៧ មករា មិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងពលីកម្ម លះបង់ដែលបានធ្វើដើម្បីរំដោះជាតិប៉ុណ្ណោះទេ ថែមទាំងជាទស្សនៈដែលអាចនឹងនាំកម្ពុជាប្រថុយនឹងការបំផ្លិចបំផ្លាញអត្តសញ្ញាណជាតិ និងមេរៀនប្រវត្តិសាស្ត្ររបស់ខ្លួនផងដែរ។
 
ទិវាជ័យជម្នះនេះគួរបំផុសស្មារតីនៃគោលបំណងរួម ដោយជំរុញឱ្យពលរដ្ឋកសាងអនាគតដែលចាក់ឫសដោយយុត្តិធម៌ សន្តិភាព និងការយោគយល់គ្នាទៅវិញទៅមក។ ការ​ទទួល​ស្គាល់​ប្រវត្តិសាស្ត្រ​ផ្តល់​នូវ​មូលដ្ឋាន​គ្រឹះ​រឹងមាំ​សម្រាប់​ការ​អភិវឌ្ឍ​ប្រកប​ដោយ​និរន្តរភាព។
 
ជាងនេះទៅទៀត ការរក្សា​ទុក​នូវ​ការចងចាំ​នូវអ្វីដែលកើតឡើងនាសម័យកាលនោះ ​គឺជា​កត្តា​សំខាន់​សម្រាប់​អប់រំ​យុវជន​ជំនាន់​ក្រោយ​។ យុវជន​កម្ពុជា​ជាច្រើន​មិន​បាន​រស់​នៅ​ក្នុង​សម័យ​ខ្មែរក្រហម​ទេ ហើយ​ប្រហែល​ជា​មិន​យល់​ច្បាស់​ពី​សារៈសំខាន់​របស់​វា​ដែរ។ ការរំលឹកខួប ៧ មករា ផ្តល់ឱកាសមួយដើម្បីបណ្តុះយុវវ័យជំនាន់ក្រោយឲ្យពួកគេឱ្យយល់ដឹងអំពីការតស៊ូ និងជ័យជំនះរបស់ប្រទេសជាតិរបស់ពួកគេ ដោយធានាថាពួកគេនឹងបន្តអនុវត្តបន្តនូវមេរៀននៃភាពធន់ និងក្តីសង្ឃឹម។
 
ម្យ៉ាងវិញទៀត នេះគឺជាសក្ខីភាពប្រវត្តិសាស្រ្តកម្ពុជា ខណៈដែលនៅលើពិភពលោកក៏នៅតែបន្តរំលឹកនូវសក្ខីកម្មប្រវត្តិសាស្រ្តរបស់សង្គមគេដដែល ទោះបីនោះគឺជាការឈឺចាប់ឬជោគជ័យក៏ដោយ។ ជាក់ស្តែងព្រឹត្តិការណ៍នៃគ្រោះមហន្តរាយនៃការទម្លាក់គ្រាប់បែកនុយក្លេអ៊ែរនៅទីក្រុងហ៊ីរូស៊ីម៉ា ប្រទេសជប៉ុន កាលពីថ្ងៃទី០៦ ខែសីហា ឆ្នាំ១៩៤៥ នៅតែត្រូវបានពលរដ្ឋជប៉ុនប្រារព្ធជារៀងរាល់ឆ្នាំ ទោះវាគឺជាព្រឹត្តិការណ៍ដ៏រន្ធត់ និងឈឺចាប់របស់ប្រជាជនជប៉ុនអស់រយៈពេល ៨០ ឆ្នាំមកហើយក៏ដោយ។
 
នៅអឺរ៉ុប​ឯណោះវិញ ក៏មិនអាចបំភ្លេចបាននូវព្រឹត្តិការណ៍ D-Day នាថ្ងៃទី០៦ ខែមិថុនា ឆ្នាំ១៩៤៤ ដើម្បីរំលឹកនូវរូបភាពពាក់ព័ន្ធនឹងសង្រ្គាមលោកលើកទី២។ នៅថ្ងៃនោះ មេដឹកនាំធំៗនៅអឺរ៉ុប គឺមានបារាំង និងអង់គ្លេសជាដើម​ ជាអ្នករំលឹកព្រឹត្តិការណ៍នេះរួមគ្នា។
 
សរុបមកវិញ ទិវាជ័យជម្នះ ៧ មករា វា​ជា​សក្ខីភាព​បញ្ជាក់​ពី​ភាព​រឹងមាំ និង​ការ​ប្តេជ្ញាចិត្ត​របស់​ប្រទេស​កម្ពុជា​ក្នុង​ការ​ងើប​ឡើង​ផុត​ពី​ទុក្ខលំបាក។ ការបំភ្លេចថ្ងៃនេះ មិនត្រឹមតែធ្វើឱ្យខូចកិត្តិយសអ្នកដែលបានរងទុក្ខ និងពលីចំពោះបុព្វហេតុជាតិ មាតុភូមិ សាសនា និង ព្រះមហាក្សត្រប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យប៉ះពាល់ដល់ការប្តេជ្ញាចិត្តរបស់ប្រទេសជាតិក្នុងការរៀនសូត្រពីអតីតកាលផងដែរ។ ៧ មករា គួរតែត្រូវបានចាត់ទុកជាថ្ងៃនៃការឆ្លុះបញ្ចាំងនូវការចាប់ផ្តើមទស្សនៈឯកភាពជាតិ ហើយខិតខំត្រួសត្រាយផ្លូវរហូតកើតចេញជាសន្តិភាពដ៏បរិបូរណ៍ជូនចំពោះប្រជាជនកម្ពុជានាពេលបច្ចុប្បន្ននេះ។​ តាមរយៈ​ការ​ចងចាំ​ពី​ជ័យជម្នះ​នេះ កម្ពុជា​បញ្ជាក់​ជាថ្មី​ពី​ការ​លះបង់​របស់ខ្លួន​ចំពោះ​យុត្តិធម៌សន្តិភាព និង​ស្មារតី​តស៊ូ​របស់​ប្រជាជន​៕ ដោយ AKP
 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort