សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានគូសបញ្ជាក់ថា ធនធានមនុស្ស គឺជាអាទិភាពទី១ដែលរាជរដ្ឋាភិបាលត្រូវយកចិត្តទុកដាក់ខ្ពស់បំផុត ព្រោះធនធានមនុស្សដែលមានសុខភាពល្អនិងមានចំណេះដឹងគឺជាទ្រព្យសកម្មដ៏មានតម្លៃសម្រាប់ប្រទេសជាតិយើង។
នៅក្នុងពិធីបើកការដ្ឋានសាងសង់មន្ទីរពេទ្យសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃអង្គារ ទី១០ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចាប់តាំងពីថ្ងៃរំដោះ៧មករា មក ធនធានមនុស្ស ត្រូវបានចាត់ទុកជាកត្តាអាទិភាពធំជាងគេសម្រាប់អភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលគ្រប់ជំនាន់ ហើយរាជរដ្ឋាភិបាលអាណត្តិទី៧នេះ គឺចាត់ទុកធនធានមនុស្សគឺជាទ្រព្យសម្បត្តិយ៉ាងធំ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា ក្នុងរយៈពេលកន្លងមកនេះ រាជរដ្ឋាភិបាល ខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធ និងបង្ខិតសេវាសុខាភិបាលទៅកៀកប្រជាពលរដ្ឋនៅមូលដ្ឋាន ដែលជាកត្តាសំខាន់ក្នុងការជួយពង្រឹងធនធានមនុស្សរបស់យើងពាក់ព័ន្ធនឹងសុខាភិបាល៕