សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា សហគមន៍ខ្មែរឥស្លាមតែងតែទទួលបានការលើកកម្ពស់និងការយកចិត្តទុកដាក់តាំងពីដើមរៀងមក។ ជាក់ស្តែង ព្រះករុណាសម្តេចព្រះនរោត្តម សីហនុ បានសព្វព្រះរាជហឬទ័យប្រទាននាមថា «ខ្មែរ-ឥស្លាម» នៅក្រោយទទួលបានឯករាជ្យពីបារាំងនៅឆ្នាំ១៩៥៣ ក្នុងគោលបំណងឱ្យបងប្អូនឥស្លាម បានក្លាយជាពលរដ្ឋខ្មែរកាន់សាសនាឥស្លាមដោយស្របច្បាប់និងក្លាយជាខ្មែរតែមួយ។
នៅក្នុងពិធីបើកសន្និបាតលើកទី២០របស់អង្គការក្រុមប្រឹក្សាផ្សព្វផ្សាយឥស្លាមតំបន់អាស៊ីអាគ្នេយ៏ និងប៉ាស៊ីហ្វិក ប្រារព្ធនៅសណ្ឋាគារសុខាភ្នំពេញ នៅព្រឹកថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា បងប្អូនខ្មែរ-ឥស្លាម បានរងទុក្ខលំបាកដោយសារសង្រ្គាម ការរើសអើងជាតិសាសន៍ក្នុងរបបសាធារណរដ្ឋខ្មែរ និងការលុបបំបាត់ទាំងស្រុងនូវសេរីភាពសាសនា និងអំពើប្រល័យពូជសាសន៍ក្រោមការដឹកនាំរបស់របបកម្ពុជាប្រជាធិបតេយ្យ ហើយក្រោយថ្ងៃរំដោះ៧មករា ១៩៧៩ ទើបសេរីភាពនៃជំនឿសាសនានៅកម្ពុជា ត្រូវបានស្តារនិងសង្រ្គោះឡើងវិញ។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា ការជំរុញសុខដុមនីយកម្មសាសនាគឺជា DNA របស់គណបក្សប្រជាជនកម្ពុជានៅគ្រប់អាណត្តិ ហើយគ្រប់អាណត្តិនៃរាជរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា តែងតែប្រកាន់ខ្ជាប់នូវគោលការណ៍នេះជានិច្ច៕