នាយករដ្ឋមន្រ្តីជប៉ុនផ្ញើសារអបអរសារទរខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន

AKP, ថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧–ឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុនបានផ្ញើសារ អបអរសារទរ ខួប៥០ឆ្នាំ នៃការបង្កើតសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ថា (ASEAN) នាថ្ងៃទី០៨ ខែសីហា ឆ្នាំ២០១៧។

តាមរយៈស្ថានទូតជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម ស៊ីនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន បានសម្តែងនូវអំណរសារទរដ៏ស្មោះ ចំពោះប្រជាពលរដ្ឋកម្ពុជា និងអាស៊ានក្នុងឱកាស គម្រប់ខួប៥០ឆ្នាំ នៃការបង្កើតអាស៊ាន (០៨.សីហា.១៩៦៧-០៨ សីហា ២០១៧)។

ឯកឧត្តម ស៊ីនហ្សូ អាបេ បានសង្កត់ធ្ងន់ថា ចាប់តាំងពីការបង្កើតអាស៊ានមក ប្រជាជនជប៉ុន មានមនោសញ្ចេតនាយ៉ាងជ្រាលជ្រៅចំពោះប្រជាជនក្នុងតំបន់អាស៊ាន ដោយបានចែករំលែក សេចក្តី សុខ និងទុក្ខទៅវិញទៅមក ព្រមទាំងពង្រីកកិច្ចសហការជា ច្រើនវិស័យ។

ឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុនបានគូសបញ្ជាក់ទៀតថា ក្នុងនាមជាមិត្តដ៏ជិតស្និទ្ធម្នាក់ «ខ្ញុំបានបំពេញ ទស្សនកិច្ចគ្រប់បណ្តាប្រទេសដែលជាសមាជិកអាស៊ាន។ កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ខ្ញុំបានបំពេញ ទស្សនកិច្ច នៅកម្ពុជា ហើយនៅពេលនោះ ខ្ញុំយល់ឃើញថា ប្រទេសកម្ពុជាជាប្រទេសគួរជា ទីទាក់ទាញ ដែលមានយុវជនធ្វើ សកម្មភាពយ៉ាងរស់រវើក និងពោរពេញទៅដោយសក្តានុពលសម្រាប់ ការអភិវឌ្ឍនា ពេលអនាគត»។

ដោយឡែកពាក់ព័ន្ធព្រឹត្តិការណ៍នាពេលថ្មីៗនេះ ឯកឧត្តម ស៊ីនហ្សូ អាបេ កត់សម្គាល់ថា ភ្ញៀវទេសចរជប៉ុនទៅកាន់ប្រទេសកម្ពុជា និងក្រុមហ៊ុនជប៉ុន ដែលធ្វើវិនិយោគនៅកម្ពុជាមានការ កើនឡើង។

ចំណែកឯប្រជាជនកម្ពុជា ដែលមកកម្សាន្តនៅ ប្រទេសជប៉ុនក៏មានការកើនឡើងគួរឱ្យកត់សម្គាល់ ហើយឆ្នាំនេះមានកីឡាករបាល់ ទាត់កម្ពុជា លោក ចាន់ វឌ្ឍនាកាបានចូលប្រកួតក្នុងក្លឹប បាល់ទាត់ Fujieda MYFC នៅប្រទេសជប៉ុនជាលើកទីមួយ។

ឯកឧត្តម ក៏ទើបបានជួបជាមួយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា នៅទីក្រុងតូក្យូ។

នាយករដ្ឋមន្ត្រី ទាំងពីរ បានឯកភាពគ្នាថា នឹងបន្តពង្រីកចំណងមិត្តភាពដែលមានបច្ចុប្បន្ននេះ ឱ្យកាន់តែទូលំទូលាយ។

បើតាម ឯកឧត្តម នាយករដ្ឋមន្ត្រីជប៉ុនបានឱ្យដឹងថា ប្រទេសជប៉ុន និងអាស៊ាន បានក្លាយជា ដៃគូយុទ្ធសាស្រ្តដែលមិនអាចខ្វះគ្នាបានសម្រាប់ សន្តិភាព និងវិបុលភាព រៀងៗខ្លួន។

ឯកឧត្តមនាយករដ្ឋមន្ត្រីជឿជាក់ថា ទំនាក់ទំនងជប៉ុន-អាស៊ាននៅ៥០ឆ្នាំ ខាងមុខនឹងកាន់តែរីកចម្រើន ប្រសិន បើយើងទាំងអស់គ្នាបន្ត កិច្ចសហការយ៉ាងរឹងមាំដោយប្រកាន់យកតម្លៃជាសកលនៃសេរីភាព លទ្ធិប្រជាធិបតេយ្យការគោរពសិទ្ធិមនុស្ស និងនីតិរដ្ឋ៕

ដោយ សិរីរ័ត្ន

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ