សម្រង់ប្រសាសន៍ សម្តេចធិបតី ហ៊ុន ម៉ាណែត, សំណេះសំណាលជាមួយកីឡាករ/ការនី មន្ត្រីបច្ចេកទេស យុទ្ធគុនចម្រុះខ្មែរ រៀបចំនិងត្រៀមចូលប្រកួតក្នុងព្រឹត្តិការណ៍យុទ្ធគុនចម្រុះ


CMF:

សម្តេចធិបតី៖ សុខសប្បាយទេ? មិនទាន់សប្បាយទេ ទាល់តែប្រកួតហើយសិន។ កំពុងភ័យ។ អរគុណ(ដែលបានមកជួបជុំគ្នា)នៅថ្ងៃនេះ។

លោកគ្រូ ព្រឹទ្ធាចារ្យគុណបុរាណ ឯកឧត្តម គណៈធិបតីទាំងអស់​
បងប្អូនដែលចូលប្រកួតកីឡា មកពីខាងកងទ័ព មកពីខាងស៊ីវិល
តាមក្លឹប តាមសហគមន៍ សហព័ន្ធ ដែលចូលរួមច្រើនកុះករនៅថ្ងៃនេះ

(១) ក្បាច់គុនបុរាណខ្មែរ ៧ប្រភេទ ចូលរួមប្រកួតតាមរូបមន្តស្រដៀងនឹង Mixed Martial Arts

ថ្ងៃនេះ ខ្ញុំមកក្រៅផ្លូវការ លួចមើលការសម ដោយសារនៅថ្ងៃ ១៨(តុលាខាងមុខ)នេះ យើងត្រូវបើក(ការប្រ​កួត)។ ការរៀបចំនេះ មានគោលបំណងប្លែកពីមុនបន្តិច។ ប្លែកត្រង់ថា ការប្រកួតលើកនេះ គឺយើង(ប្រកួត)ចម្រុះ។ យើងយកក្បាច់គុនបុរាណខ្មែរ ៧ប្រភេទខុសគ្នា ចូលរួមប្រកួតជាមួយគ្នា ដោយយករូបមន្តស្រដៀង​គ្នានឹង Mixed Martial Arts កាលពីខ្ញុំបើក(ព្រឹត្តិការណ៍)ប៉ុន្មានខែមុននោះ។ តាមពិត ខ្ញុំធ្លាប់មានគំនិតនេះ ៥ឬ៦ ឆ្នាំហើយ តាំងពីនៅកងទ័ព។ កាលនោះ បបួលខាងទូរទស្សន៍មួយចំនួនរៀបចំធ្វើ ប៉ុន្តែយើងមិនទាន់(រៀបចំ)ចេញ។ យើងធ្លាប់តែមានគុនខ្មែរជាមួយគុនខ្មែរ ល្បុក្កតោជាមួយល្បុក្កតោ។ ឥឡូវ យើងសាក Mixed Martial Arts ម្តងមើល ប៉ុន្តែនៅក្នុងក្របខណ្ឌក្បាច់គុនខ្មែររបស់យើង។

(២) ព្រឹត្តិការណ៍យុទ្ធគុនចម្រុះលើកទី១ មានកីឡាករចុះឈ្មោះជិត ៥០០នាក់

ខ្ញុំសូមអរគុណដល់ឯកឧត្តម ថោង ខុន, ឯកឧត្តម វ៉ាត់ ចំរើន និងក្រុមការងារ ក្នុងការរៀបចំថ្ងៃនេះ និងអរគុណ ចំពោះបងប្អូនទាំងអស់ដែលបានចូលរួមនៅក្នុងកិច្ចការប្រកួតលើកនេះ។ ជាលើកទី១ ដែលយើងរៀបចំ(ព្រឹត្តិការណ៍យុទ្ធគុនចម្រុះបែបនេះ)។ ជាលើកទី១ ដែលយើងយកក្បាច់គុនច្រើនប្រភេទរបស់ខ្មែរ រៀបចំរបៀប Mixed Martial Arts។ ដំបូងឡើយ យើងមិនដឹងថា ការរៀបចំនេះនឹង(មានកីឡាករ)ចូលបានប៉ុន្មាននាក់ទេ។ តាមរបាយការណ៍អោយដឹងថា ការចុះឈ្មោះ(ចូលរួម)មានច្រើន រហូតដល់គណៈកម្មការសុំផ្អាកការទទួល ដោយសារយើងមានពេលតែ ៣ថ្ងៃ។ ឯអ្នកដាក់ពាក្យចូលប្រកួតមានជិត ៥០០នាក់ទៅហើយ។ បើយើងទទួលទៀត ខ្លាចប្រកួតមិនអស់ក្នុង​រយៈពេល ៣ថ្ងៃហ្នឹង។ អញ្ចឹង បានន័យថាសន្ទុះនៃការចូលរួមគឺច្រើន។

(៣) ប្រមូលក្បាច់គុនមកបង្ហាញ និងប្រកួតក្បាច់គុនបុរាណខ្មែរដើម្បីផ្លាស់ប្តូរពិសោធន៍និងមិត្តភាព

គោលដៅធំ មិនមែនតែជាការប្រកួតទេ។ ការប្រកួតក្បាច់គុនបុរាណខ្មែរនេះ មានគោលដៅទី១ គឺឱ្យយើងប្រ​មូលក្បាច់គុន(បុរាណខ្មែរដែលមាន)ទាំងអស់មកបង្ហាញប្រជាពលរដ្ឋយើង ជាពិសេសយុវជន។ សូម្បីតែគណៈកម្មការក៏ចង់ដឹងថា តើមាននៅលើទឹកដីខ្មែរមានក្បាច់គុនប៉ុន្មានប្រភេទដែលនៅសល់? រាល់ថ្ងៃ យើងឃើញល្បុក្កតោ ឃើញគុនខ្មែរល្បី ព្រោះមានទីផ្សារ។ ចុះក្បាច់គុនផ្សេងទៀត? ជួនកាល មានក្បាច់គុនខ្លះដែលសឹងតែបាត់បង់ទៅហើយ នៅក្នុងភូមិណាមួយនោះ។ យើងចង់ផ្តល់ឱកាស(អោយក្បាច់គុណទាំងនោះបាន)ចូលមកវិញ។ អញ្ចឹង គឺយើងចង់ធ្វើម៉េចអោយមានការចូលរួមច្រើន។ ទី២ គឺជួយបំផុសនូវក្បាច់គុនរបស់យើង ដែលបងប្អូនបានហ្វឹកហ្វឺននេះ តាមក្លឹបខុសគ្នា ឱ្យចូលមកប្រកួតគ្នា ទាំងសំដែង ទាំងប្រយុទ្ធ ដើម្បីយើងអាចផ្លាស់ប្ដូរបទពិសោធន៍ផង បង្កើតមិត្តភាពថ្មីផង។ ហើយមួយទៀត សម្រាប់ជួយដល់ការចងក្រង។

(៤) ចងក្រង ផ្សព្វផ្សាយ និងអនុវត្តក្បាច់គុនខ្មែរគ្រប់ប្រភេទ ដើម្បីបំផុស អភិរក្ស និងជំរុញលើកស្ទួយ

ខ្ញុំបានចុះហត្ថលេខាកាលពីខែមុន ហើយយើងបានបង្កើតគណៈកម្មការស្រាវជ្រាវ ចងក្រងក្បាច់គុនខ្មែរ ដែលមានឯកឧត្តម វ៉ាត់ ចំរើន ជាប្រធាន និងអញ្ជើញលោកគ្រូ ព្រឹទ្ធាចារ្យចាស់ទុំ ចូលរួមជួយចងក្រងឯកសារទុក។ ការរៀបចំចងក្រង ការបំផុស អភិរក្ស ជំរុញលើកស្ទួយ មាន ៣ សកម្មភាពសំខាន់៖ ទី១ គឺចងក្រង, ទី២ គឺផ្សព្វផ្សាយ និងទី៣ ដាក់ឱ្យអនុវត្ត។ អញ្ចឹង ការចងក្រងនេះសំខាន់ណាស់ ដែលការប្រកួតថ្ងៃ(ខាងមុខ)នេះ សង្ឃឹមថា​ ក្បាច់គុនមួយចំនួន ដែលថាគ្មានហាងឆេង ដែលមិនមានការប្រកួតទូលំទូលាយ ដែលមិនអាចរៀបចំការប្រកួតបាន នឹងតែនៅមានអ្នកអនុវត្ត និងប្រតិបត្តិនៅតាមភូមិខ្លះ។ បើសិនជាអត់មានទេ គឺនឹងបាត់បង់។ (ដូចនេះជា)ឱកាសចូលមកដើម្បីសំដែង/បង្ហាញ សំខាន់ភ្ជាប់ជាមួយនឹងក្រុមការងារ ដើម្បីយើងដឹងយើងចាប់ផ្ដើមស្រាវជ្រាវបន្ថែម និងចងក្រងឡើងវិញ។

ទី២ គឺការផ្សព្វផ្សាយ។ ខ្ញុំឃើញមានបងប្អូនច្រើន ជាប្រជាពលរដ្ឋដែលជាអ្នកហាត់ក្បាច់គុន បង្ហាញតាមហ្វេសប៊ុក តាម TikTok អី។ ខ្ញុំសូមអរគុណ ទាំងលោកគ្រូតា ​លោកគ្រូក្មេង ទាំងសិស្ស (មានសំដែង)គុនដំបង ដំបងខ្លី ដំបងវែង ដើម្បីផ្សព្វផ្សាយ។ ការប្រកួតនេះ ក៏ជាផ្នែកមួយនេះការផ្សព្វផ្សាយដែរ ដើម្បីឱ្យវាកក្រើក។ យើងនឹងរៀបចំ(ព្រឹត្តិការណ៍នេះ)ប្រចាំឆ្នាំតែម្ដង។ សង្ឃឹមថា នឹងមានការប្រកួតផ្សេងៗទៀត ដូចដែលមានធ្វើកន្លងទៅ ក្រៅពីគុនខ្មែរ និងល្បុក្កតោ ហើយអាចមានការជំរុញក្បាច់គុនប្រភេទផ្សេង ទៅមុខទៀត។

ទី៣ គឺការដាក់ឲ្យប្រើប្រាស់។ ប្រើប្រាស់នេះគឺសំខាន់ ពេលដែលយើងបង្កើតការចាប់អារម្មណ៍ច្រើន គឺប្រើប្រាស់តាមរយៈអី? តាមរយៈក្លិប តាមរយៈដាក់ឲ្យអនុវត្តនៅតាមអង្គភាពទ័ព។ កាលពីខ្ញុំនៅទ័ពជើងគោក បានបង្កើតក្បាច់គុននៃកងយោធពលខេមរភូមិន្ទ។ កាលនោះ យើងផ្គុំ ៣ក្បាច់គុនចូលគ្នា គឺយុទ្ធក្រមខម នរៈសិង្ហ រួមជាមួយនឹងគុនខ្មែរ ដែលឯកឧត្ដម តែម ម៉ឺន ជាប្រធាន។ ដូចខាងល្បុក្កតោ យើងយក ៣មកផ្គុំគ្នា។

គោលបំណងមិនថារើសមួយណាសំខាន់ជាងមួយណាទេ គឺក្បាច់គុនខ្មែរ(មានតម្លៃ)ស្មើគ្នាទាំងអស់។ ដូនតាយើងទុកឲ្យដើម្បីផ្គុំគ្នា។ ធ្វើម៉េចរុញឲ្យប្រើ និងអនុវត្តតាមកងទ័ពច្រើន។ តាមសាលាទាហាន សាលាប៉ូលីសអី យើងក៏ឃើញមាន។ តាមសកលវិទ្យាល័យមួយចំនួនក៏មាន។ ដូចខាង នរៈសិង្ហ ក៏ចុះបង្ហាត់តាមសាលាច្រើន ខាងល្បុក្កតោអីជាដើម។ យើងអនុវត្តឲ្យបានច្រើន។ ការប្រកួតនេះឃើញមានចូលពីសហគមន៍ សហព័ន្ធអីផ្សេងៗ។ ខ្ញុំគិតថាជាការល្អ ដើម្បីយើងអាចអនុវត្តឲ្យកាន់តែច្រើន។ គោលការណ៍ទាំង ៣នេះ (ចងក្រង, ផ្សព្វផ្សាយ និងអនុវត្ត)គឺជាគោលដៅសំខាន់។

(៥) អរគុណបញ្ជាការរដ្ឋានទ័ពពិសេសផ្តល់កន្លែងស្នាក់ កងពល៩៩ ជួយដឹកជញ្ជូន ក្រុមការងារធានាការហូបចុកស្នាក់នៅ

ថ្ងៃនេះ មានបងប្អូនប៉ុន្មាននាក់មកពីខេត្ត? ច្រើនដែរ។ ប៉ុន្មាននាក់ស្នាក់នៅកន្លែងទាហាន? ក៏ច្រើនដែរ។ បាយទឹកអីអត់អីទេឬ?​ អត់អី។ ហ្នឹងមិនមែនអត់មានអីហូបទេ អត់បញ្ហាទេ … កុំទូរស័ព្ទប្រាប់ម៉ែថា “ម៉ែអើយ គេចាប់(ចូលធ្វើ)ទាហាន”។ អត់ទេ។

អរគុណបញ្ជាការដ្ឋានទ័ពពិសេស ដែលឲ្យកន្លែងស្នាក់នៅ។ កងពល៩៩ ដែលបានផ្ដល់នូវរថយន្តដើម្បីដឹកជូន។ ធ្វើម៉េចធានាការហូបចុកស្នាក់នៅ និងដោះស្រាយការលំបាក។ អរគុណ មករា និងក្រុមការងារដែលបានដោះស្រាយការងារនេះ។ នៅទីនេះ ក៏យើងធានាធ្វើម៉េចឲ្យមានអាហារ។ នៅកន្លែងនេះដោយ​សារការប្រកួតផង យើងអាចរៀបចំតែអាហារប្រអប់ទេ។ មិនអាចរៀបចំជាតុទេ។ អញ្ចឹង(យើង)ផ្ដល់(អាហារ)ជូនដល់បងប្អូននិងក្រុមការងារ។ ប៉ុន្មានថ្ងៃនេះ សម្រាប់នៅទីនេះ ទាំងទឹកទាំងអី ធ្វើម៉េចធានាផ្គត់ផ្គង់ឲ្យបាន ព្រោះការប្រកួតហត់ ហ្វឹកហ្វឺនក៏ហត់ សម្ដែងក៏ហត់។ អញ្ចឹង ធ្វើម៉េច បាយទឹកហើយ ឲ្យថែមបង្អែម ផ្លែឈើអីផង ព្រោះត្រូវការប៉ូវខ្លះ។

សូមអរគុណដល់លោកគ្រូព្រឹទ្ធាចារ្យខាងក្បាច់គុនបុរាណយើងផង។ សង្ឃឹមថា លោកគ្រូនឹងជួយ ជាពិសេស ក្នុងការស្រាវជ្រាវឯកសារ និងចងក្រងទុកបន្តទៀត។ នេះជាកិច្ចការសំខាន់។ ចង់សួរបន្តិចមើល។ ឆ្លងឆ្លើយគ្នាបន្តិចថ្ងៃនេះ។ ប៉ុន្មាននាក់មកពីអង្គភាពផ្ទាល់?​ អ្នកណាខ្លះមកពីភូមិភាគ៥? ឃើញថាច្រើនជាងគេ។ ប៉ុន្មាននាក់ទៅម្សិលមិញកងពល៧០? ខាងនោះ។ ខាងសម្ដែងនៅមុខ។ ខាងនេះដែរ។ ប៉ុន្មាននាក់មកពីក្លិបឯកជនរបស់យើង? ដូចជាមានពីសកលវិទ្យាល័យដែរ? អត់ទេ។ នេះ ធឿន ធារ៉ា ឬមិនមែន? អញ្ចឹងបានជាឆ្ងល់ថាមកប្រកួតដែរ ហើយគេវាយម៉េចឈ្នះ? បានសង្ស័យថាអ្នកចូលប្រកួតមុខដូច (ធឿន) ធារ៉ា។ ចង់ជួបថ្ងៃនេះ គ្មានអីក្រៅពីអរគុណចំពោះការរៀបចំ។

[ចាប់ផ្ដើមសួរឆ្លើយឆ្លង]

សម្ដេចធិបតី៖ ខ្ញុំចង់សួរមតិបន្តិចថា តើការរៀបចំប្រកួតវាយចម្រុះអញ្ចឹងយ៉ាងម៉េចដែរ? អ្នកណាកាន់មេក្រូ ឆ្លងឆ្លើយមួយមក។ សុំមតិបន្តិច។ សុំខាងអាជ្ញាកណ្ដាល។

អាជ្ញាកណ្ដាល៖… ខ្ញុំបាទជាគ្រូក្បាច់គុនកងយោធពលខេមភូមិន្ទ ក៏ដូចជាគ្រូល្បុក្កតោ ក៏ចៅក្រម អាជ្ញាកណ្ដាលនៅក្នុងកម្មវិធីមួយនេះ។

សម្ដេចធិបតី៖ បងសួរ(យោបល់ប្អូន)ពីការវាយចម្រុះអញ្ចឹង។ រាល់ដងយើងធ្លាប់មានប្រភេទ ឧទាហរណ៍ គុនខ្មែរ (ប្រកួត)តែគុនខ្មែរទៅ។ ឥឡូវយើងឲ្យសិទ្ធិ អ្នកគុនខ្មែរក៏ដោយ ក្បាច់អីក៏ដោយ មកប្រកួតជាមួយគ្នាបាន ដូច Mixed Martial Arts អញ្ចឹង។ ប្អូនគិតយ៉ាងម៉េចដែរ?

អាជ្ញាកណ្ដាល៖ គឺជាគំនិតល្អ។ ទី១ យើងប្រមូលផ្ដុំក្បាច់គុនទាំងអស់ចូលរួម។ យើងអត់ប្រកាន់ក្បាច់ណាមួយ។ យើងធ្លាប់ឃើញតែក្បាច់គុននីមួយៗ ប្រកួតតាមក្បាច់គុនរបស់គាត់។ យើងធ្លាប់តែបានឃើញក្បាច់គុនដែលមានវ័យចំណាស់ និងក្បាច់គុនដែលយើងបានឃើញ ដូចជាប្រដាល់សេរីដែលល្បីជាងគេ ដែលពេលប្រកួតមានការគាំទ្រជាងគេ។ ឥឡូវនេះ មានការប្រកួតជាមួយក្បាច់គុនចម្រុះមានល្បុក្កតោ យុទ្ធក្រមខម និងចំបាប់ដែល(ជាការបង្ហាញពីក្បាច់គុន)មានវ័យចំណាស់ជាងគេ និងដែលបងប្អូនខ្លះស្ទើរតែភ្លេច ឬលែងស្គាល់ទៅហើយ។ បងប្អូនបានដឹងថា មួយរយៈក្រោយនេះល្បុក្កតោបានផ្សព្វផ្សាយទូលំទូលាយទាំងសម្ដែងទាំងប្រយុទ្ធ។ ឥឡូវបងប្អូនដែលធ្លាប់តែឃើញល្បុក្កតោសម្ដែង នឹងបានឃើញល្បុក្កតោប្រកួតដូចកីឡាករគុនខ្មែរដែរ។ ខ្ញុំពិតជាសប្បាយចិត្តចង់ឃើញ(ព្រឹត្តិការណ៍ដូច)នេះរហូត ហើយប្រសិនជាអាច ១ឆ្នាំ ២ដងឬ ៣ដងក៏បាន តាមលទ្ធភាព។

សម្ដេចធិបតី៖ (ចូលរួម)ប្រកួត(នឹងគេ)ដែរ ឬជាអាជ្ញាកណ្ដាល?

អាជ្ញាកណ្ដាល៖ ខ្ញុំបាទជាអាជ្ញាកណ្ដាល។ ជាចៅក្រម។

សម្តេច៖ កន្លងទៅ ចៅក្រមខាងប្រភេទអី?

លោកគ្រូ៖ ខ្ញុំខាងប្រយុទ្ធក៏បាន សំដែងក៏បាន។

សម្តេចធិបតី៖ ១ឆ្នាំ ប្រកួត ៣ដង អត់សួរអ្នកប្រកួតផ្ទាល់ទេ?

លោកគ្រូ៖ខ្ញុំគិតថាពួកគាត់នឹងសប្បាយចិត្ត ហើយនឹងពេញចិត្តនឹងចូលរួម។

សម្តេចធិបតី៖ ឥឡូវ យើងចាប់ផ្តើម ១ឆ្នាំម្តងសិន។ ធ្វើម៉េច ១ឆ្នាំម្តងនេះធ្វើឱ្យល្អ ហើយជាឱកាសដែលយើងជួបគ្នា។ ចាញ់ឈ្នះអត់សំខាន់ទេ សំខាន់មិត្តភាព និងបទពិសោធន៍។ នៅសល់ ១២ខែ គឺថា បើមិនទាន់ជោគជ័យត្រូវហ្វឹកហ្វឺនថែមទៀត មកវិញដណ្តើមខ្សែក្រវាត់។ អ្នកដែលបានខ្សែក្រវាត់ ហ្វឹកហ្វឺនថែមទៀត កុំឱ្យគេដណ្តើមខ្សែក្រវាត់បាន។​(ធឿន) ធារ៉ា ប្រកួតយកខ្សែក្រវាត់លំបាក តែការពារខ្សែក្រវាត់លំបាកជាង។ កាលមិនទាន់បានខ្សែក្រវាត់ គេអត់ទាន់ដាក់យើងជាគោលដៅទៅដណ្តើមទេ។ ត្រូវទេ? មានអ្នកណាទៀតឆ្លើយសំណួរហ្នឹង?

លោកគ្រូ៖អរគុណសម្តេច និងភ្ញៀវកិត្តិយស ព្រឹទ្ធាចារ្យ និងកីឡាករទាំងអស់។ ជាដំបូងសូមគោរពសម្តេចបរវធិបតី នាយករដ្ឋមន្រ្តីកម្ពុជា សូមគោរពគណៈធិបតីទាំងអស់ សូមគោរពចាស់ព្រឹទ្ធិចារ្យទាំងអស់ និងកីឡាករទាំងអស់ជាទីមេត្រី។ ខ្ញុំមានចំណាប់អារម្មណ៍ នឹងមកបកស្រាយសំណួរសម្តេចបរវធិបតីថា តើមានចំណាប់អារម្មណ៍យ៉ាងម៉េចចំពោះការប្រកួតគុនចំរុះ។ ជាដំបូង ខ្ញុំសុំនិយាយពីចំណាប់អារម្មណ៍ថា ខ្ញុំពិតជារំភើបដែលមានការចាប់ផ្តើមឱ្យមានការប្រកួតគុនចំរុះ។

ទី ១ ដោយសារថាកូនខ្មែរជំនាន់ក្រោយ ក៏ដូចជាខ្ញុំ ក៏មិនសូវស្គាល់ច្រើនដែរ។ ខ្ញុំស្គាល់តែគុនខ្មែរតាមទូរទស្សន៍។ ពីមុនមកស្គាល់តែគុនខ្មែរទេ។ ដល់ចាប់ផ្តើមរាងធំបន្តិច ខ្ញុំចាប់ផ្តើមស្គាល់ខម ស្គាល់ល្បុក្កតោ គុនចំបាប់ មាន ៣ទៅ៤ ក្បាច់ដែលយើងស្គាល់។ មួយទៀត ខ្ញុំធ្លាប់លឺបងប្អូន ដែលនៅខាងល្បុក្កតោថាហាត់ល្បុក្កតោល្អជាង។ បើបងប្អូនចំណូលខម គាត់ថាខមល្អជាង។ ហើយគាត់ ២ ហ្នឹងដូចថាប្រកាន់បក្សពួកអញ្ចឹង … យើងមាន ៣ ទៅ៤ក្បាច់ទៀត ដែលយើងអត់ស្គាល់។ មួយវិញទៀត ខ្ញុំធ្លាប់លឺបងប្អូនដែលគាត់ចំណូលខាងល្បុក្កតោថា ហាត់ល្បុក្កតោល្អជាង ហើយបើបងប្អូនចំណូលខមអញ្ចឹងគាត់ថាហាត់ខមល្អជាង។

សម្រាប់ខ្ញុំៗ យល់ដូចសម្តេចបរវ បាននិយាយគឺថាច្របាច់បញ្ចូលគ្នាគុនខ្មែរ ល្បុក្កតោ ហើយនឹងខម បន្ទាប់មកគឺថាហាត់មួយណាក៏ដូចគ្នាដែរ។ ទី១ ដើម្បីសុខភាព។ ទី២ដើម្បីការពារខ្លួននិងបន្សល់កេរ្ត៍ដំណែលតទៅមុខទៀត។ ជាពិសេសទៀតដូច ឯកឧត្តម បាននិយាយថា ឧទាហរណ៍ ខាងនេះខម ខាងនេះល្បុក្កតោ ខាងនេះគុនខ្មែរ ចង់ដឹងថាជួបគ្នា វាយគ្នា សួរគ្នាសិន ឬអត់? តែបើជាក់ស្តែង ជួបគ្នាហើយលះគ្នាហើយ។ មួយវិញទៀត ពេលនេះគឺជាឱកាសមួយមិនមែនចង់ដឹងអ្នកណាខ្លាំងជាងអ្នកណាទេ ប៉ុន្តែការប៉ះគ្នារវាងល្បុក្កតោ ប៉ះគុនខ្មែរ ប៉ះខម គឺជាឱកាសមួយដែលបង្ហាញថាការសំដែងគុនខ្មែរមានក្បាច់ពិសេសបែបម៉េចខ្លះ ល្បុក្កតោក៏មាន(ក្វាច់)ជាពិសេសអ្វីខ្លះ។ យើងធ្លាប់ឃើញហើយតាមចម្លាក់បុរាណមានក្បាច់ច្រើន ដែលប្រដាល់តាមគុនខ្មែរអត់ដែលឃើញទេ។ អញ្ចឹងជាឱកាសសម្រាប់កីឡាករផង ហើយក៏ជាឱកាសសម្រាប់ទស្សនិកជនដែលបានមកទស្សនា ឃើញថាខ្មែរយើងមានក្បាច់ពីបុរាណច្រើនមែនទែន …។

សម្តេចធិបតី៖ អរគុណ! មកពីអង្គភាពណា?

លោកគ្រូ៖ កងពលតូចអន្តរាគមន៍លេខ១

សម្តេចធិបតី៖ ពូ ព្រំ ផែង (ហាត់រត់ច្រើន) … អ្នកណាមកពីខាងចំបាប់មានទេ? ប្រភេទចំបាប់ខ្មែរ។ មើលសុំសួរបន្តិចមើល។ ចំបាប់ប៉ុន្មាននាក់? ហាត់នៅឯណា? កំពង់ឆ្នាំង?

លោកគ្រូ៖ខ្ញុំនៅព្រៃវែង ខ្ញុំហាត់នៅកីឡដ្ឋានអូឡាំពិក

សម្តេចធិបតី៖ មានអ្នកហាត់ច្រើនទេ ចំបាប់ខ្មែរយើង?

លោកគ្រូ៖មានគេហាត់ច្រើន។ ភាគច្រើនមកពីតាមខេត្ត។ ច្រើននៅខេត្តកណ្តាល វិហារសួគ៌ ខាងកំពង់ឆ្នាំង និងខាងខេត្តពោធិ៍សាត់។

សម្តេចធិបតី៖ មានការចាប់អារម្មណ៍ច្រើន។ ចំបាប់ខ្មែរលក្ខណៈជាខ្មែរយើង។ ចុះឥឡូវមកប្រកួតជាមួយគេយ៉ាងម៉េច? គេសុទ្ធតែបង្វិលដៃ បង្វិលជើង អញ្ចឹងយើងចូលចាប់?

លោកគ្រូ៖ខ្ញុំមកនេះខ្ញុំជាអជ្ញារកណ្តាលចៅក្រមទេ ប៉ុន្តែមានកីឡាករចំបាប់ចំនួន ៥នាក់ គាត់ចូលរួមប្រកួតជាមួយខាងកីឡាកររបស់យើង។

សម្តេចធិបតី៖ មើលឯណា ខាងចំបាប់ ៥នាក់? ទៅណាបាត់ហើយ? នៅក្នុងនេះមានល្បុក្កតោ យុទ្ធក្រមខម យុទ្ធគុណចំរុះ គុណខ្មែរមហាជន។ មានក្បាច់គុណអីដែលប្លែកពីគេទេ ដែលចូលរួម? អត់ទាន់ទេ។ ធារ៉ា យើងប្រកួតគុណខ្មែរ ចូលប្រកួត ឬមួយក៏មកមកលើកទឹកចិត្ត?

ធារ៉ា៖ ខ្ញុំប្រកួតនៅកូរ៉េថ្ងៃមុន ឈឺកែងដៃអត់ទាន់បាត់ផង(សម្តេច)។

សម្តេចធិបតី៖ យើងមកលើកទឹកចិត្តបងប្អូនចឹងទៅក៏ល្អ។ មើលខាងនារីៗ ខាងប្រកួត អ្នកណាមួយមើលឆ្លើយឆ្លងជាមួយបងតិចមើល។ លួចពេលបន្តិច។ បន្តិចទៀតឲ្យបន្តទៀត។ មានទេ ខាងនេះច្រើន។ នេះមុខគេនេះ ព្រោះឃើញសម្តែងម្តងៗ នារីវាយសុទ្ធតែប្រុសៗ ៥ នាក់ វាយដួលទាំងអស់។ មកពីក្លឹបណាយើង?

កីឡាការនី៖នាងខ្ញុំមកពីអង្គភាពក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។ បច្ចុប្បន្ននៅក្នុងក្រុមជំរើសជាតិ វិញ្ញាសារគុណល្បុក្កតោ។ នាងខ្ញុំធ្លាប់ចូលប្រកួតនៅហ្វីលីពីន នៅកូរ៉េ ក៏ដូចជាទើបតែឆ្នាំ ២០២៣ ក៏បានចូលរួមប្រកួតនៅក្នុងស៊ីហ្គេមដែរ។ សម្រាប់វិញ្ញាសាររបស់នាងខ្ញុំ ប្រកួតលើផ្នែកវិញ្ញាសារសំដែង។ កាលពីស៊ីហ្គេម នាងខ្ញុំបានចូលរួមប្រកួតនៅក្នុងវិញ្ញាសារឯកតជន និងវិញ្ញាសារប្រកួតក្រុមនារី វិញ្ញាសារល្បុក្កតោ។ សម្រាប់ការប្រកួតលើកនេះ ដោយសារតែជំនាញរបស់ខ្ញុំផ្នែកវិញ្ញាសារសំដែង អញ្ចឹងជ្រើសរើសសំដែងជាក្រុម ៥នាក់។ មានក្តីសង្ឃឹមខ្ពស់ ហើយព្យាយាមឲ្យអស់ពីលទ្ធភាពនៅក្នុងការប្រកួតវិញ្ញាសារដែលខ្ញុំប្រកួតនេះ ប៉ុន្តែក៏មិនមើល​ងាយគូប្រកួតផ្សេងៗទៀតទេ។ ព្យាយាមបង្ហាញនូវសក្តានុពលដែលពួកខ្ញុំខិតខំប្រឹងប្រែងហាត់ជាក្រុម ដើម្បីបង្ហាញពីសក្តានុពល ហើយព្យាយាមឲ្យអស់ពីលទ្ធភាព ទោះបីជាលទ្ធផលបែបណាក៏ដោយក៏ទទួលយក។

សម្តេចធិបតី៖ … អត់មើលងាយអ្នកប្រកួតផ្សេងទេ តែយើងដណ្តើមមេដាយមាស។ ជូនពរ។ មានអ្នកណាមានយោបល់អីពាក់ព័ន្ធនឹងការប្រកួតនេះទេ? មកប៉ុន្មានថ្ងៃនេះ មិនទាន់បានចាប់ផ្តើមទេ។ ឥឡូវយើងសង្ឃឹមថាការរៀបចំនេះបានល្អ។ សំខាន់បំផុត ក្រោយពីការប្រកួតនេះ ទាំងគណៈកម្មាការ ទាំងកីឡាករ សង្ឃឹមថាផ្តល់នូវធាតុផ្សំបន្ថែមទៀតសម្រាប់យើងកែសម្រួលឲ្យកាន់តែប្រសើរឆ្នាំក្រោយ។ ឆ្នាំនេះឆ្នាំទី១។ យើងព្យាយាមថានឹងរៀប​ចំឲ្យបានមួយឆ្នាំម្តង។ មិញប្អូននោះថាចង់ឲ្យមួយឆ្នាំ ៣ដងក៏បានដែរ។ តែថាម្តងសិនឲ្យជោគជ័យ ឲ្យខ្លាំងតែម្តង សំខាន់ការចូលរួមរបស់ទាំងអស់គ្នា ទាំងក្រុមការងារ ទាំងគណៈកម្មាការទាំងអស់ ហើយជាពិសេសកីឡាករយើងតែម្តង។ អញ្ជើញលោកគ្រូមានប្រសាសន៍បន្តិច។ លោកគ្រូតា ក្រែងលោមានប្រសាសន៍អីលើកិច្ចការនេះ ហើយជាពិសេសខ្ញុំចង់ដឹងអំពីស្ថានភាពនៃក្បាច់គុណយើង ដើម្បីយើងអាចចងក្រងបន្ថែម ជួយជំរុញ។

លោកគ្រូតា៖ សូមជំរាបសួរដល់សម្តេច ឯកឧត្តម និងបងប្អូន ព្រឹទ្ធាចារ្យ ខ្ញុំបាទឈ្មោះ គ្រុយ សុខជា នៅឃុំដំរិល ភូមិដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ថ្ងៃនេះបានមកជួសមុខឲ្យព្រឹទ្ធាចារ្យ មានមោទនភាពណាស់ដែលបានសម្តេចបានបង្កើតឲ្យក្បាច់ចំបាប់ប្រកួតជាមួយល្បុក្កតោ ហើយនឹងប្រដាល់សេរី។ ខ្ញុំថ្លែងអំណរគុណ ព្រោះអីខាងនៅភូមិដំរិលលេងតែចំបាប់ ដូចជាលោក ងន់ ព្រឹទ្ធាចារ្យទាំងអស់នេះ គាត់ចេះតែចំបាប់ភាគច្រើន។ ដល់ចឹងខ្ញុំមានមោទនភាពដែលសម្តេចបានបើក(ឱកាស)នេះ។ ចិត្តខ្ញុំក៏ចង់ប្រកួតដែរ តែមិនបានត្រៀមខ្លួន ព្រោះអីខ្ញុំលេងតែចំបាប់នៅខាងភូមិដំរិល។ បានសម្តេចបង្កើតចឹង ខ្ញុំនឹងហ្វឹកហាត់ ប្រឹងប្រែងដកស្រង់ក្បាច់គុណខ្មែរយើង ដើម្បីមកលេងនៅភ្នំពេញ។ ខ្ញុំមានមោទនភាពណាស់ សូមអរគុណសម្តេច។

សម្តេចធិបតី៖ សុំសួរបន្តិចមើល ខាងចំបាប់យើងនៅហ្នឹង សិស្សហាត់ច្រើនទេ? យើងប្រកួតតែនៅក្នុងតំបន់យើងទេ?

លោកគ្រូតា៖ បាទ! ច្រើន។ ប្រកួតនៅក្នុងវត្ត មានវត្តទួលព្រះធាតុ វត្តដំរិល។ ដំរិលនេះ ប្រកួត ៤០ឆ្នាំហើយ។ ពីមុនមកប្រកួតចំបាប់ច្រើន តែឥឡូវចង់បាត់បង់អស់ហើយ។ ព្រោះអី? គ្មានអ្នកផ្តើម គ្មានអ្នកផ្តល់។ ដល់ពេលអញ្ចឹងទៅ ២ឆ្នាំនេះ ខ្ញុំបានផ្តល់ថវិកាខ្លះដល់វត្តដំរិល និងវត្តទួលព្រះធាតុដើម្បីបង្កើតចំបាប់ឡើងវិញ និងមានបំ​បោលគោ បំបោលក្របីខែភ្ជុំ។ តែឆ្នាំនេះ មិនទាន់បង្កើតបំបោលគោ បំបោលក្របីវិញទេ តែគ្រាន់ថាចំបាប់បានលេងឲ្យល្អ មានក្បាច់ស្រងែពែន ខ្លាក្រាប ឬក៏នាងគង៊្ហីងបូតសក់ជាក្បាច់បុរាណពីដើមរបស់ខ្មែរយើង​។ សូមអរគុណសម្តេច។

សម្តេចធិបតី៖ អញ្ចឹងឆ្នាំនេះ ៥នាក់ចូលរួម។ សង្ឃឹមឆ្នាំក្រោយបានចូលរួមច្រើនជាងហ្នឹងទៀត។ លោកគ្រូបើចង់ចូលប្រកួត ឆ្នាំក្រោយចូលប្រកួតត្រៀមខ្លួន។

លោកគ្រូ៖នៅឃុំដំរិល ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំមកចំនួន ៧នាក់។ អញ្ចឹងឆ្ងាយដែរ។ ប៉ុន្តែថាចង់មកជួបសម្តេចផង មិនដែលឃើញផង ឃើញតែតាមទូរទស្សន៍។ ឥឡូវហ្នឹងខ្ញុំសូមសំណូមពរសម្តេចឲ្យជួយតាមវត្ត តាមអារាមបានលេងដូចពីដើម មានគោមានក្របីមានសេះ។ ប៉ុន្តែឥឡូវវាបាត់គោ បាត់ក្របីហើយ មានតែប្រដាល់ មានតែក្បាច់ខ្មែរបុរាណ។ ខ្ញុំបាទបង្រៀនបានច្រើនណាស់ ប៉ុន្តែគេទៅណាខ្លះទៅ វានៅតិច ភ្លេចខ្លះចាំខ្លះ … អញ្ចឹងបានថា បងប្អូនទាំងអស់ហ្នឹងដែលជារលកក្រោយ សូមអរគុណណាស់ធ្វើម៉េចបានប្រទេសយើង ព្រោះមានសន្តិភាពហើយ ធ្វើម៉េច​ដើម្បីឲ្យបានរីកចម្រើនតទៅទៀត។ សូមអរគុណ។

សម្តេចធិបតី៖ បាទ! អរគុណលោកតាព្រឹទ្ធាចារ្យ អញ្ចេះគោលបំណងមួយដែលខ្ញុំបានបញ្ជាក់មិញការប្រកួតនេះ គឺដើម្បីផ្តល់ឱកាសឲ្យប្រភេទកីឡាបុរាណខ្មែរយើងបានចូលមកដើម្បីយើងមានឱកាសជាប់ ថ្ពក់ជាប់ជាមួយនឹងក្រុមស្រាវជ្រាវ។ អញ្ចឹង ក្រោយពីនេះទៅ គណៈកម្មការស្រាវជ្រាវនឹងភ្ជាប់ជាមួយនឹងលោកតា និងតាមប្រភេទក្បាច់គុនរបស់យើង ដើម្បីស្រាវជ្រាវបន្ថែមថា ធ្វើយ៉ាងណាដើម្បីយើងជំរុញឲ្យមានសកម្មភាព។ ដូចនិយាយអញ្ចឹង កីឡាខ្លះមានទីផ្សារជាងកីឡាខ្លះ។ ប្រភេទកីឡាខ្លះដូចជាគុនខ្មែរអីនេះ គឺដើរខ្លួនឯងហើយ ដោយសារមានការចាប់អារម្មណ៍ និងការប្រកួត(មានទីផ្សារ)។ ប៉ុន្តែខាងកីឡាមួយចំនួន ដូចខាងចំបាប់អី ឡើងនិយាយគឺអាចមានហានិភ័យ ដោយសារមិនសូវមានអ្នកលេង។

គោលបំណងនៃការរៀបចំប្រកួតនេះមិនមែនគ្រាន់តែសម្រាប់ឲ្យក្បាច់គុនដែលមានគេស្គាល់ច្រើនដើម្បីចូលមកបង្ហាញទៀតនោះទេ។ សំខាន់បំផុត ក្បាច់គុនដែលគេមិនសូវស្គាល់ពីព្រោះអាច(ប្រឈមនឹងការ)បាត់។ ហ្នឹងហើយ គឺដើម្បីឲ្យយើងមានឱកាសបង្ហាញដល់មហាជន បង្ហាញដល់កូនចៅខ្មែរផង។ ទី២ ជាមួយគណៈកម្មការទាំងគណៈកម្មការស្រាវជ្រាវ ខ្ញុំមានរៀបចំជាមូលនិធិមួយដើម្បីជំរុញវប្បធម៌សិល្បៈនឹងអាចជួយទៅបាន តិចច្រើនយើងប្រមូលមកឲ្យដឹងសិនថាមានអីខ្លះ។ មួយៗហ្នឹងស្ថានភាពយ៉ាងម៉េច ប៉ុន្មានប្រភេទ? ដូចចំបាប់អញ្ចឹងថាឥឡូវនៅសល់តាមវត្ត ប៉ុន្តែចង់បាត់ស្រមោលហើយ។ កន្លែងខ្លះថយ។ បានព័ត៌មានបែបនេះ យើងពិនិត្យមើលចងក្រងយ៉ាងម៉េចអាចភ្ជាប់ជាយន្តការថ្នាក់ជាតិសម្រាប់ជំរុញចំបាប់នេះឡើងវិញ ឬយ៉ាងណា។

ឥឡូវយើងមានតាមខេត្តមួយៗម្ចាស់ការ។ គោលគំនិតនេះគឺអញ្ចឹង។ អរគុណការផ្តល់ព័ត៌មាន និងការចូលរួម ហើយយើងនឹងធ្វើការជាមួយគ្នាតទៅទៀត។ ថ្ងៃនេះឮសូរថាមានព្រឹទ្ធាចារ្យមកពីអាមេរិកផង។ អរគុណណាស់ លោកគ្រូ អុំ រី ល្បីតាំងពីមុនសង្រ្គាម។ ឥឡូវអរគុណបានអញ្ជើញចូលនៅក្នុងកម្មវិធីថ្ងៃនេះជាការលើកទឹកចិត្តដល់ប្អូនៗ ក្មួយៗ ចៅៗជំនាន់ក្រោយ ក្នុងការប្រកួត សូមអរគុណ អញ្ជើញ។

លោកគ្រូ៖ជាដំបូងខ្ញុំបាទសូមក្រាបប្រណិប័តន៍ចំពោះសម្តេចបវរធិបតី នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។ ខ្ញុំបាទ អុំ រី ជាអតីតអ្នកប្រដាល់ជើងឯកឆ្នាំ ១៩៦០ និង ១៩៧០។ ខ្ញុំបាទសព្វថ្ងៃនេះ នៅសហរដ្ឋអាមេរិកទីក្រុង Long Beach សម្តេចធ្លាប់ស្គាល់នៅទីនោះហើយ។ ខ្ញុំបានបើកប្រដាល់។ ខ្ញុំបាទជាអ្នកកីឡាករដែលស្រ​លាញ់ប្រដាល់ ហើយបើក GYM នៅទីក្រុង Long Beach តាំងពីឆ្នាំ ១៩៨៧ រហូតមកដល់សព្វថ្ងៃនេះ។ ដោយសារការស្រលាញ់ និងទឹកចិត្តចង់ចងក្រងប្រវត្តិសាស្រ្តខ្មែរ និងវប្បធម៌ខ្មែរឲ្យបានគង់វង់ ខ្ញុំបាទខំប្រឹងតស៊ូជារៀងរហូតមកដល់សព្វថ្ងៃនេះ។​ ខ្ញុំបានឮដំណឹងថា សម្តេចបើកប្រកួតកីឡាប្រយុទ្ធគុនចំរុះខ្មែរបុរាណពានរង្វាន់សម្តេច​បវរធិបតី ខ្ញុំបាទមកដើម្បីចូលរួមអបអរ និងការជួយកិច្ចការរបស់សម្ដេច។

សម្ដេចធិបតី៖ អរគុណលោកគ្រូដែលបាននាំក្បាច់គុណខ្មែរយើងមកទៅបន្ដនៅលើទឹកដីអាមេរិកបន្ថែមទៀត។ ​តាមពិតការប្រកួតនេះ យើងស្វាគមន៍ទាំងអស់មិនថាតែកីឡាករខ្មែរទេ បើមានកីឡាករបរទេសក៏ដោយ​ប៉ុន្ដែចេះក្បាច់គុណខ្មែរ និងមានហាត់(ក្បាច់គុនខ្មែរ)។

លោកគ្រូ៖ខ្ញុំបាទមានសៀវភៅជូនសម្ដេច។

សម្ដេចៈធិបតី៖ អរគុណលោកគ្រូ អ៊ំ រី និងលោកគ្រូ ទាំងអស់។ លោកគ្រូបានបង្កើតដូចតាំង (១៩)៨៧ នៅក្រៅប្រទេស យកក្បាច់គុនបុរាណខ្មែរយើងយកទៅឲ្យអាមេរិកហាត់ទៀត។ ឆ្នាំក្រោយអញ្ជើញ​ទាំងលោកគ្រូ ទាំងសិស្សមកទៀត មកប្រកួតជាមួយ(កីឡាករ)ខ្មែរយើង។ មើលពួកយើងហ៊ាន((ប្រកួត)ទេ? ចង់បានសិស្សបរទេសដែលហាត់ក្បាច់គុណខ្មែរចូលរួមប្រកួតទេឆ្នាំក្រោយ? យើងនាំគ្នាធ្វើឲ្យជោគជ័យ ហើយ​នៅក្រៅប្រ​ទេសតាមពិតក៏មានការរុញ ក៏ដូចមានសិស្សបរទេសមកហាត់តាមក្លឹបដែរ។ មានប៉ុន្មាននាក់? ពីរនាក់។ ចេះខ្មែរទេ? មកពីប្រទេសណា? គុនខ្មែរនៅក្លឹបណា?

សិស្សបរទេស៖ មកពីបារាំងនៅក្លឹប Khmer super fight

សម្ដេចធិបតី៖ ធ្លាប់ចូលប្រកួតទេពីមុន?

សិស្សបរទេស៖ សប្ដាហ៍មុនខ្ញុំវាយ Kick boxing គុនខ្មែរ

សម្ដេចធិបតី៖ អបអរសាទរបានមេដាយថ្ងៃមុន។ ឥឡូវមកដណ្ដើមមេដាយនេះប្រយ័ត្នគេដណ្ដើមមេដាយវិញ។ ជូនពរ បានផ្លាស់ប្ដូរបទពិសោធន៍។ នេះលោកគ្រូបារាំងដែរ? Eric? ដូចជាគ្រូកីឡាខ្ញុំ?

លោកគ្រូបារាំង៖ ពីមុនខ្ញុំជាគ្រូបង្គោលនៅប្រកួត … ធ្លាប់បង្ហាត់សម្ដេច។

សម្ដេចធិបតី៖ ខ្ញុំចុះឈ្មោះមួយឆ្នាំ។ ហាត់បាន ៣ពេល។ បាត់មុខ។ ឥឡូវវចូលប្រកួតគុនខ្មែរដែរ?

លោកគ្រូ៖ ខ្ញុំអត់ចូលប្រកួតទេ ខ្ញុំជាអាជ្ញាកណ្ដាល។

សម្ដេចធិបតី៖ ចូលសញ្ជាតិខ្មែរឬនៅ?

លោកគ្រូ៖ ខ្ញុំចូលសញ្ជាតិខ្មែរតាំងពីឆ្នាំ ២០២០

សម្ដេចធិបតី៖ ប្រពន្ធខ្មែរ?

លោកគ្រូ៖ប្រពន្ធអត់ទាន់មានទេ មានតែសង្សារ

សម្ដេចធិបតី៖ ខ្ញុំដឹងតើ ! ខ្ញុំជួយផ្សព្វផ្សាយឲ្យ។ ដោយសារយើងត្រូវផ្សព្វផ្សាយថែមទៀត ខ្ញុំឆ្លៀតចូលមកនេះដោយសារក្រៅផ្លូវការទេ។ ចង់សំណេះសំណាលបន្ដិច ហើយក៏អរគុណសារជាថ្មីចំពោះការចូលរួមថ្ងៃនេះក៏ដូចជាការចូលរួមប្រកួត។ ខ្ញុំមិនមានអ្វីក្រៅពីការជូនពរបងប្អូនទាំងអស់ឲ្យបានទទួលជោគជ័យ។ ថ្ងៃនេះ ដោយសារដំបូងឡើយគិតថារៀបចំជាកៅអី​ជុំគ្នា។ ប៉ុន្ដែថាកុំឲ្យពិបាក តាមក្បួនតម្រារបស់យើង អត់អាចអង្គុយលើកៅអីបានទេ … អញ្ចឹងគេសួរ ខ្ញុំថារៀបចំអង្គុយស្មើគ្នាទាំងអស់ទៅ។ គ្រាន់តែពិបាកបត់ជើងបន្ដិច។ ឯកឧត្តម ហង់ ជួនណារ៉ុន មកដែរ។

ទោះជាយ៉ាងណាក៏ដោយ ការជួបគ្នាប៉ុណ្ណេះ ខ្ញុំក៏សប្បាយចិត្ត។ គ្មានអីក្រៅពី(ជូនពរ)ឲ្យជោគជ័យការប្រកួតនេះ។ ចាញ់ឈ្នះ មិនមែនជាការសំខាន់ទេ។ ឥឡូវយើងមាន ហើយមេដាយនេះជាមេដាយធំ។ ប៉ុន្មាននាក់ចង់បានមេដាយមាស? ថ្ងៃ ២០តុលា ដឹងហើយថាបានឬមិនបាន។ ជូនពរឲ្យបានទាំងអស់គ្នា។ ប៉ុន្ដែទាល់តែប្រកួត។ បើមិនបាន ឆ្នាំក្រោយមកយកទៀត យកពីអ្នកដែលបានពីឆ្នាំនេះ។ យើងមានមេដាយធំៗ។ នេះមេដាយប្រាក់មេ​ដាយសម្រឹត។ ៣មេដាយនេះជូនពរ។ ប៉ុន្មា​ននាក់ចង់បាន ១ក្នុងចំណោម ៣ហ្នឹង? លើកគ្នាតិចម្លេះ? ចង់បានតែបានមេដាយមាស។

ទាំងអស់គ្នាប្ដេជ្ញាយកមេដាយមាស គឺជាការប្ដេជ្ញាខ្ពស់ដាក់ទិសដៅ​។ ប៉ុន្តែគោលបំណងធំថ្ងៃនេះ ការប្រកួតនេះទោះបីជាបានមេដាយប៉ុន្មានក្តី ប៉ុន្តែជាក្បាច់គុណខ្មែររបស់យើងគឺបានជោគជ័យ​ទាំងអស់គ្នា ជួយបំផុសស្មារតី។ សង្ឃឹមថាប្រជាពលរដ្ឋយើង ជាពិសេសយុវជន ទស្សនិកជនយើងបានមកចូលរួមមើលការប្រកួតនេះ៣ថ្ងៃ ជាពិសេសយើងចប់ថ្ងៃអាទិត្យ ថ្ងៃផ្ដាច់ព្រ័ត្រនៅទីនេះ។

(៦) ក្បាច់គុណនីមួយមានបច្ចេកទេសច្បាប់ខុសគ្នា ប៉ុន្តែសុទ្ធតែអ្នកមានបទពិសោធន៍រៀបចំ

ជូនពរដល់កីឡាករ/ការនីបានប្រកួតដោយស្មារតីមិត្តភាព គោរពតាមបទបញ្ញត្តិរបស់គណៈកម្មការ។ គណៈកម្មការលើកទីមួយ យើងប្រកួត ព្រោះក្បាច់គុណនីមួយអាចមានបច្ចេកទេសច្បាប់ខុសគ្នា ប៉ុន្តែឱ្យជជែកមើល។ ខ្ញុំគិតថា ការតាំងចិត្តរបស់យើង ការរៀបចំសុទ្ធតែអ្នកមានបទពិសោធន៍ … ក្រុមការងារបានខិតខំណាស់ គ្រប់ជ្រុងជ្រោយទាំងអស់ ទាំងភស្ដុភារនិងការធានាផ្សេងៗ​ ការផ្សព្វផ្សាយ។ សូមអរគុណសាជាថ្មី។ អរគុណព្រឹទ្ធាចារ្យក្បាច់គុនទាំងអស់ដែលបានអញ្ជើញចូល នៅក្នុងប្រកួត និងការលើកទឹកចិត្ត សង្ឃឹមថាទៅមុខទៀតនឹងអាចចូលរួមដើម្បីចែករំលែក ចូលរួមក្នុងការស្រាវជ្រាវចងក្រង និងជំរុញក្បាច់គុនផ្សេងៗជាពិសេសក្បាច់គុនដែលមានហានិភ័យ ទៅតាមរូបភាពដែលយើងធ្វើបាន។

(៧) មិនខុសពីផ្នែកសិល្បៈទេ ក្បាច់គុនមានច្រើនប្រភេទ ដោយប្រភេទខ្លះមានហានិភ័យ

ក្បាច់គុនយើងមានច្រើនប្រភេទ ប្រភេទខ្លះមានហានិភ័យ។ អត់ខុសពីសិល្បៈទេ។ យើងមានច្រើនទម្រង់ ទម្រង់ខ្លះក៏ហានិភ័យ (ប៉ុន្តែ)បានប្រមូលផ្ដុំចងក្រងឡើងវិញ។ សង្ឃឹមថាការទទួលព្រឹទ្ធាចារ្យដែលអញ្ជើញមកនេះ ក៏មានការចាត់ចែង ការខ្វះខាតអីសុំអភ័យទោស។ ប៉ុន្តែធ្វើម៉េចឱ្យការស្នាក់នៅ ធានាការហូបចុក ការធ្វើដំណើរ ព្រោះលោកតាសុទ្ធតែអញ្ជើញមកតាំងពីខេត្តឆ្ងាយៗផង។ បងប្អូននៅទីនេះក៏ដូចគ្នា។ អ្នកមកពីខេត្តដើរលេងក្រុងប្រយ័ត្នផង ប្រយ័ត្នរកកន្លែងឡើងឡានអត់ទាន់ ព្រោះអ្នកណាដែលស្នាក់នៅតាមបន្ទាយទាហាន បន្ទាយទ័ពពិសេសមានឡានរៀបចំទៅកន្លែងនោះ។ កុំទូរស័ព្ទទៅប្រាប់ម៉ែថាគេចាប់ចូលទាហាន ព្រោះធ្លាប់មានយុវជនមករៀន។ មកដល់ដំបូងអោយគាត់ស្នាក់នៅបន្ទាយទាហាន គាត់ទូរស័ព្ទប្រាប់ម៉ែថាគេចាប់ចូលទាហានហើយ។

ការរៀបចំសម្រាប់ការហូបចុកមួយថ្ងៃជូនគាត់ទាំងថ្ងៃនិងល្ងាចអ្នកដែលនៅទីនេះទាំងអស់ ទឹក បង្អែមផ្សេងៗ។ ក្រៅពីនោះសម្រាប់ប៉ូវកម្លាំងបន្ថែមផង ជូនក្រុមគ្រូបង្វឹក ៥៧នាក់ ក្រុមការបច្ចេកទេស ៩០នាក់ អាជ្ញាកណ្ដាល និងចៅក្រម ៤៥នាក់ ក្រុមគ្រូពេទ្យ ៣៥នាក់ សរុប១៧០នាក់ ក្នុងមួយនាក់ថវិកា១០ម៉ឺនរៀល, ​កីឡាការ/ការនី ទាំង៣វិញ្ញាសារ ៤២៩នាក់ ក្នុងមួយនាក់ថវិកា១០ម៉ឺនរៀល។ ​នឹងគ្រាន់តែប៉ូវស្មើគ្នា បើអ្នកណាបានមេដាយមាសបានកាន់តែច្រើនថែមទៀត។ ជូនព្រឹទ្ធាយុទ្ធគុណ៣៥នាក់ មួយនាក់ថវិកា៥០ម៉ឺនរៀល៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ