ការពាររាជរដ្ឋាភិបាល និងការពារសមិទ្ធផលសង្គមជាតិ គឺជាតួនាទីរបស់យើងទាំងអស់គ្នា

ឯកឧត្ដម ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានគូសបញ្ជាក់ថា យើងទាំងអស់គ្នា មានតួនាទីក្នុងការការពាររាជរដ្ឋាភិបាល និងការពាររាល់សមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាល មិនឱ្យក្រុមជ្រុលនិយមមួយក្ដាប់តូចបំភ្លៃ បំភ្លើសពីការពិតបានឡើយ។
 
នៅក្នុងឱកាស អញ្ជើញបើកវគ្គបណ្តុះបណ្តាលស្តីពី «ប្រសិទ្ធភាពនៃការងារព័ត៌មាននិងនាំពាក្យ» ជូនដល់មន្ត្រី និងអ្នកនាំពាក្យរដ្ឋបាលខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២៤ ឯកឧត្ដម ប៉ែន បូណា បានលើកឡើងថា កិច្ចខិតខំប្រឹងប្រែងប្រកបដោយការលះបង់ដ៏ធំធេងបំផុតរបស់ថ្នាក់ដឹកនាំ បានធ្វើឱ្យប្រទេសកម្ពុជា មានការប្រែប្រួលខុសគ្នាស្រឡះរវាងអតីតកាល និងបច្ចុប្បន្នកាល ហើយកំពុងបោះជំហានឆ្ពោះទៅអនាគតកាលប្រកបដោយក្តីសង្ឃឹម។
 
ឯកឧត្តម ប៉ែន បូណា បានបន្ដថា សមិទ្ធផលដែលយើងមានសព្វថ្ងៃ មានទំហំធំធេងណាស់ សម្រាប់ប្រទេសដ៏កំសត់របស់យើង។ ដូច្នេះ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់ពីសំណាក់ក្រុមជ្រុលនិយម និងបណ្តាញឃោសនាបម្រើផលប្រយោជន៍បរទេស គឺជាតួនាទីរបស់យើងទាំងអស់គ្នាដែលជាមន្ត្រីអ្នកនាំពាក្យ មន្ត្រីទទួលបន្ទុកព័ត៌មាន និងមន្ត្រីអាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់។ ការការពាររាជរដ្ឋាភិបាលពីការមួលបង្កាច់មានន័យថា យើងការពារផលប្រយោជន៍ជាតិ និងប្រជាពលរដ្ឋទូទាំងប្រទេស ។
 
រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត បាននិងកំពុងបន្តរក្សាសុខសន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍដើម្បីកសាងសមិទ្ធផលថ្មីៗបន្ថែមទៀត សម្រាប់បម្រើផលប្រយោជន៍ប្រជាពលរដ្ឋ ក្នុងទិសដៅសម្លឹងឆ្ពោះទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសដែលមានចំណូលខ្ពស់។ ផ្ទុយទៅវិញ មានក្រុមជ្រុលនិយមមួយចំនួនដែលមិនបានកសាងសមិទ្ធផលអ្វីសោះ តែបែរជាអង្គុយបង្កើតព័ត៌មានក្លែងក្លាយ បំផ្លើសបំភ្លៃ និងមួលបង្កាច់ដើម្បីញុះញង់ឱ្យមានភាពវឹកវរក្នុងសង្គមសំដៅរារាំងដំណើរការអភិវឌ្ឍជាតិទៅវិញ។ ដូច្នេះ តួនាទីរបស់យើង គឺការពារសមិទ្ធផលទាំងឡាយរបស់រាជរដ្ឋាភិបាលដោយមិនអនុញ្ញាតឱ្យអ្នកណាមួលបង្កាច់ ឬកាឡៃតាមទំនើងចិត្តជាដាច់ខាត៕

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ