សម្ដេចតេជោ ហ៊ុន សែន អញ្ជើញជួបពិភាក្សាការងារជាមួយ ឯកឧត្តម បាន គីមូន (Ban Ki-moon) អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ

នៅរសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២៤ម្សិលមិញនេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Ban Ki-moon អតីតអគ្គលេខាធិការអង្គការសហប្រជាជាតិ នៅក្នុងឱកាសសម្ដេចអញ្ជើញចូលរួមក្នុង​ “​វេទិកាចំណេះដឹងពិភពលោក” នៅសាធារណរដ្ឋកូរ៉េ។

ជាកិច្ចចាប់ផ្ដើមឯកឧត្តម Ban Ki-moon បានសម្ដែងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះ សម្ដេចតេជោ និងគណៈប្រតិភូកម្ពុជា ដែលរៀបចំឱ្យមានជំនួបនេះឡើង ក្នុងពេលដែលសម្ដេចអញ្ជើញមកចូលរួមក្នុង “វេទិកាចំណេះដឹងពិភពលោក”។ ឯកឧត្តម ក៏បានអបអរសាទរសម្ដេចតេជោដែលបានក្លាយជាប្រធានព្រឹទ្ធសភា។
ឯកឧត្តម Ban Ki-moon និងសម្ដេចតេជោ បានរំលឹកនូវអនុស្សាវរីយ៍ដែលបានធ្វើការងារជាមួយគ្នា ហើយ ឯកឧត្តម ក៏បានអរគុណ សម្តេចតេជោ និង កម្ពុជា ​ដែលបានគាំទ្រអង្គការសហប្រជាជាតិ ក្នុងអំឡុងពេលដែលឯកឧត្តមនៅជាអគ្គលេខាធិការ។ ឯកឧត្តម បានមានប្រសាសន៍ថា ការដឹកនាំរបស់សម្ដេចតេជោ បានធ្វើឱ្យទំនាក់ទំនងកម្ពុជា និងកូរ៉េមានភាពល្អប្រសើរ និងបានរួមចំណែកដល់សុខសន្តិភាពទាំងតំបន់ និងពិភពលោកផងដែរ។

ឯកឧត្តមបាន Ban Ki-moon បានបញ្ជាក់ថា សម្ដេចតេជោ គឺជាមេដឹកនាំដែលនាំឱ្យកម្ពុជាទទួលបាននូវសុខសន្តិភាព ហើយជាអ្នកដឹកនាំម្នាក់ក្នុងតំបន់អាស៊ាន ដែលមានចក្ខុវិស័យវែងឆ្ងាយ និងបានជួយដោះស្រាយបញ្ហានានាក្នុងតំបន់អាស៊ាន។ ជាមួយគ្នានោះ ឯកឧត្តម Ban Ki-moon បានសំដែងនូវការអបអរសាទរដល់ សម្ដេចតេជោ ដែលនៅថ្ងៃស្អែកនេះ សម្ដេចនឹងទៅខេត្តឃ្យូងសាងប៊ុកដូ ដើម្បីទទួលសញ្ញាបត្របណ្ឌិតកិត្តិយសទាក់ទងនឹងការដឹកនាំ និងការកសាងសន្តិភាព។

ជាកិច្ចឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការស្វាគមន៍ដ៏កក់ក្តៅក្នុងឱកាសដែលសម្ដេចបានអញ្ជើញមកទស្សនកិច្ចសាធារណរដ្ឋកូរ៉េនេះ។ សម្ដេចតេជោ បានជម្រាបជូនឯកឧត្តម Ban Ki-moon ថា ទោះបីជា សម្ដេច នៅមានសុខភាពល្អ ដែលធ្វើជានាយករដ្ឋមន្ត្រី មួយអាណត្តិ ឬពីរអាណត្តិទៀតក៏ដោយ ក៏ប៉ុន្តែ​សម្ដេច បានសម្រេចលះបង់ ដើម្បីផ្ទេរអំណាច ទៅអ្នកជំនាន់ក្រោយ ដែលជាការ​ដោះដូរនឹងសុខសន្តិភាព និងការអភិវឌ្ឍរយៈពេលយូរអង្វែង។​ សម្ដេចតេជោ បានរំលឹកថា អ្វីដែលជាស្នាដៃរបស់ឯកឧត្តម Ban Ki-moon គឺការសម្រេចបាននូវអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (សាលាក្តីខ្មែរក្រហម) និង បាន​​ចូលរួមចំណែកដល់ការ​រក្សាបាននូវសុខសន្តិភាពសម្រាប់កម្ពុជា និងការរកយុត្តិធម៌ជូនប្រជាជនកម្ពុជា ដែលរងគ្រោះក្នុងរបបប្រល័យពូជសាសន៍ ប៉ុល ពត។ សម្ដេច បានរំលឹកថា ឯកឧត្តម Ban Ki-moon គឺជាភ្ញៀវទី១ ដែលសម្ដេចបានទទួលក្រោយពីការសាងសង់វិមានសន្តិភាពនៅរាជធានីភ្នំពេញ។

សម្ដេចតេជោ បានថ្លែងអំណរគុណ ចំពោះឯកឧត្តម Ban Ki-moon និងសាធារណរដ្ឋកូរ៉េ ដែលបានខិតខំជួយដល់កម្ពុជាក្នុងការអភិវឌ្ឍវិស័យសំខាន់ៗ ហើយ សម្ដេច សង្ឃឹមថា តាមរយៈស្ពានមិត្តភាពកម្ពុជា-កូរ៉េ ដ៏វែងមួយដែលកាត់ទន្លេចំនួន២ នឹងលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ។

សម្ដេច បានបន្ថែមថា ទំនាក់ទំនងរវាងប្រទេសទាំងពីរ ពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី បានធ្វើឱ្យប្រទេសយើងទាំងពីរបានពង្រីកសក្តានុពលក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្មបន្ថែមទៀត។

ជាទីបញ្ចប់ ឯកឧត្តម Ban Ki-moon ជូនពរសម្តេចតេជោ មានសុខភាពល្អ​ និងទទួលបានជោគជ័យក្នុងគ្រប់ភារកិច្ច៕

    

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាននិងសាធារណមតិ (គ.ស.ព.ស.) បើកវគ្គ​បណ្ដុ...

ឯកឧត្តម ស្វាយ ស៊ីថា ទេសរដ្ឋមន្ត្រី​ និងជាប្រធាន គ.ស.ព.ស. បានអញ្ជើញជាអធិបតីភាពក្នុងវគ្គបណ្ដុះបណ្ដាលស្ដីពី «ការ​ពង្រឹង​ការងារព័ត៌មាននិងសាធារណមតិ» នៅខេត្តកំពង់ធំ