ក្នុងឱកាសអបអរសាទរ ព្រះរាជពិធីបុណ្យរុក្ខទិវា ៩ កក្កដា នៅព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅស្ថានីយផ្សព្វផ្សាយ និងស្ដារព្រៃឈើបន្ទាយអង្គរ ភូមិខ្នា ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានមានព្រះរាជបន្ទូលថា ការដាំដើមឈើគឺមានផលប្រយោជន៍ធំធេងណាស់សម្រាប់ប្រទេសជាតិយើងដែលធ្វើឱ្យមានគម្របបៃតងលើធម្មជាតិ។
សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី បានមានព្រះរាជបន្ទូលបន្តថា ការដាំដើមឈើ ក៏មានអត្ថប្រយោជន៍សម្រាប់មនុស្សជាតិទាំងអស់គ្នានិងសត្វគ្រប់ប្រភេទនៅលើភពផែនដីយើងនេះ។
សម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ក៏បានឧទ្ទិសឱ្យពិធីរុក្ខទិវានេះ ស្ថិតក្នុងបេះដូងរបស់ប្រជាជនកម្ពុជាគ្រប់ៗរូប និងក្លាយជាប្រពៃណីនៃការរួមសាមគ្គីគ្នាដាំដើមឈើគ្រប់ប្រភេទ និងការថែរក្សាការពារ និងអភិវឌ្ឍធនធានព្រៃឈើ និងសត្វព្រៃដែលជាមរតកជាតិរបស់យើងឱ្យបានគង់វង្សជារៀងរហូតតទៅ៕