រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយ

នៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតីក្នុងពិធី «បើកវេទិកាសេដ្ឋកិច្ចកម្ពុជា-បារាំង នៅសណ្ឋាគារសូហ្វីតែល» នៅព្រឹកថ្ងៃទី០៨ ខែកក្កដា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលកំពុងផ្តល់អាទិភាពខ្ពស់ដល់ការកែទម្រង់ពន្ធដារគ្រប់ជ្រុងជ្រោយ តាមរយៈការរៀបចំ និងអនុវត្តន៍នីតិវិធីប្រតិបត្តិស្តង់ដារ ដើម្បីដោះស្រាយកង្វល់របស់វិស័យឯកជន ជាពិសេសពាក់ព័ន្ធនឹងសវនកម្ម និងការវាយតម្លៃពន្ធឡើងវិញ។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងបានធ្វើការយ៉ាងជិតស្និទ្ធិ និងពិគ្រោះយោបល់ជាមួយវិស័យឯកជនក្នុងការរៀបចំនីតិវិធីប្រតិបត្តិស្តង់ដារទាំងនេះ ដើម្បីបង្កើនប្រសិទ្ធភាព ភាពអាចប៉ាន់ប្រមាណបាន និងតម្លាភាពរដ្ឋបាលសារពើពន្ធ។

ជាមួយគ្នានេះដែរ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា រាជរដ្ឋាភិបាលក៏កំពុងលើកកម្ពស់កិច្ចសម្រួលពាណិជ្ជកម្មតាមរយៈការកាត់បន្ថយថ្លៃ Logistic និងដឹកជញ្ជូន ការដាក់ឱ្យប្រើប្រាស់នូវប្រព័ន្ធបញ្ជរតែមួយជាតិ (National Single Window ) និងការបំពេញបែបបទគយមុនពេលទំនិញមកដល់ (Pre –arrival processing) ជាដើម៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ