ដំណើរទស្សនកិច្ចរបស់នាយករដ្ឋមន្ត្រីកម្ពុជា ទៅកាន់ទីក្រុងប៉ារីសនៅដើមឆ្នាំ២០២៤ បាននាំមកនូវលទ្ធផលផ្លែផ្កាជាច្រើន

នៅក្នុងពិធីបើកវេទិកាធុរកិច្ចកម្ពុជា-បារាំងលើកទី២ នៅព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៤ ដែលប្រារព្ធឡើងនៅសណ្ឋាគារសូហ្វីតែល សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេច ទៅកាន់ទីក្រុងប៉ារីសនៅដើមឆ្នាំ២០២៤ បាននាំមកនូវលទ្ធផលផ្លែផ្កាជាច្រើន។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា លទ្ធផលដ៏សំខាន់មួយគឺការព្រមព្រៀងដំឡើងកម្រិតនៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសទាំងពីរ សំដៅសម្រេចបានភាពជាដៃគូយុទ្ធសាស្រ្តដែលគោលដៅនេះ នឹងធ្វើឱ្យទំនាក់ទំនងរវាងប្រទេសទាំងពីរ កាន់តែស៊ីជម្រៅលើគ្រប់វិស័យ ចាប់ពីកិច្ចសហការកិច្ចការនយោបាយ រហូតដល់កិច្ចសហការកិច្ចការសេដ្ឋកិច្ច។

សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានគូសបញ្ជាក់ថា លើសពីនេះ តាមរយៈភ្នាក់ការអភិវឌ្ឍបារាំង បារាំងបានផ្តល់ជំនួយបន្ថែមទៀតដល់កម្ពុជា លើវិស័យអាទិភាពចំនួន៣ គឺទឹកស្អាត ថាមពល និងការបណ្តុះបណ្តាលវិជ្ជាជីវៈ ក្នុងទំហំទឹកប្រាក់សរុប២១៥លានអឺរ៉ូឬប្រហែល២៣៥លានដុល្លារអាមេរិក ដើម្បីគាំទ្រដល់ការវិនិយោគរបស់កម្ពុជា ទៅជាសេដ្ឋកិច្ចរីកលូតលាស់ប្រកបដោយចីរភាព បរិយាបន្ន ស្របតាមយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ