សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា យើងត្រូវរួមគ្នាស្រាវជ្រាវ ចងក្រង ជាពិសេសថែរក្សាសិល្បៈដែលនៅសេសសល់ ព្រោះបើយើងមិនប្រើប្រាស់ មិនរៀបចំចងក្រងជាឯកសារទុកទេ នោះយើងអាចនឹងបាត់បង់។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា យើងកុំបង្កើតថ្មី រហូតមានថ្មីបាត់ចាស់នោះទេ ប៉ុន្តែយើងត្រូវថែរក្សាអ្វីដែលមានស្រាប់នៅក្នុងដៃ ហើយរួមគ្នាបង្កើតឱ្យបានច្រើនទៀត ដើម្បីវប្បធម៌របស់យើងមានភាពរស់រវើកបន្តទៅមុខ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះក្នុងឱកាសដែលសម្តេចនិងលោកជំទាវបណ្ឌិត អញ្ជើញជួបសំណេះសំណាល និងពិសារអាហារសាមគ្គីជាមួយសិល្បករខ្មែរ ដែលធ្វើឡើងក្រោមប្រធានបទ «អ្នកស្នងមរតក» នៅរសៀលថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៕







