សុន្ទរកថា និង​សង្កថា​សម្តេច​​តេជោ ហ៊ុន សៃន ក្នុងពិធី ទទួលពានរង្វាន់ ប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ

CNV:25/01/2017

លោក ស៊ា មៀង (Ser Miang) សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការអូឡាំពិកអន្តរជាតិ
សម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ កីឡាការិនីទាំងអស់ !

ថ្ងៃនេះ ខ្ញុំនិងភរិយា ព្រមទាំងក្រុមគ្រួសារមានសេចក្តីរីករាយចំពោះការផ្តល់កិត្តិយស «ពានរង្វាន់ប្រធានគណៈ កម្មាធិការអន្តរជាតិ» ដល់រូបខ្ញុំនាពេលនេះ។ ពានរង្វាន់នេះនឹងក្លាយជាមូលដ្ឋានគ្រឹះដ៏សំខាន់មួយ សម្រាប់​រួម​ចំណែកគាំទ្របន្ថែម​ទៀត ដល់ដំណើរការអភិវឌ្ឍនវិស័យកីឡាកម្ពុជា ឱ្យកាន់តែរីកចម្រើនទាំង​បច្ចុប្បន្ន និង​ពេលខាងមុខទៀត។

ចំពោះមុខនេះ ខ្ញុំសូមថ្លែងអំណរគុណលោក ស៊ា មៀង សមាជិកគណៈកម្មាធិការប្រតិបត្តិនៃគណៈកម្មាធិការ​អូឡាំ​ពិក​អន្តរជាតិ និងជាតំណាងលោកបណ្ឌិត Thomas Bachប្រធានគណៈកម្មាធិការអូឡាំពិកអន្តរជាតិ ដែលបាននាំយកពានរង្វាន់ខ្ពស់បំផុតរបស់ចលនាអូឡាំពិកនេះ មកប្រគល់ដល់រូបខ្ញុំ។ នេះគឺជាមោទនភាព​ថ្មីមួយទៀត សម្រាប់រូបខ្ញុំ ភរិយា ក្រុមគ្រួសារ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ-កីឡាការិនី​កម្ពុជា​ក៏ដូច​ជាប្រជាជាតិកម្ពុជាទាំងមូលផងដែរ។ ឆ្លៀតក្នុងឱកាសនេះ ក្នុងនាមរាជរដ្ឋាភិបាល និងប្រជា​ជនកម្ពុជា ខ្ញុំសូមសម្តែងនូវមនោសញ្ចេតនារីករាយ និងមោទនភាព ខណៈដែលកិច្ចខិតខំប្រឹងប្រែងរបស់ខ្ញុំ និងសហការី ព្រមទាំងការរួមចំណែក ពីក្រុមកីឡាករ-កីឡាការិនីទាំងអស់ ក្នុងការលើកស្ទួយវិស័យកីឡាកម្ពុជា ឱ្យផុស​ត្រ​ដែតឡើងជាថ្មី និងបានធ្វើឱ្យពិភពលោកមានការភ្ញាក់ផ្អើលចំពោះទេពកោសល្យ និងសមត្ថភាពកីឡាករ​កម្ពុជា នាពេលបច្ចុប្បន្ននេះ។

ជាការពិត វិស័យកីឡាកម្ពុជាយើងធ្លាប់មានឧត្តមភាពនៅថ្នាក់តំបន់ និងទ្វីបឤស៊ីនាទសវត្សរ៍ទី ៦០ និង ៧០ ប៉ុន្តែ ដោយសារសង្គ្រាមក្រោយឆ្នាំ ១៩៧០ និងរបបប្រល័យពូជសាសន៍ប៉ុលពត ៣ ឆ្នាំ ៨ ខែ ២០ ថ្ងៃ វិស័យ​កីទ្បាក៏ដូចជាវិស័យដទៃទៀតត្រូវបានបំផ្លិចបំផ្លាញ ហើយមន្ត្រីកីទ្បា គ្រូកីទ្បា កីទ្បាករ-កីឡាការិនី អ្នកជំនាញ ដែលធ្លាប់មានស្នាដៃ និងទទួលបានមេដាយត្រូវបានកាប់សម្លាប់ស្ទើរគ្មានសល់។ ជារួម​ កម្ពុជា​បានឆ្លងកាត់​សោកនាដកម្ម ភាពឈឺចាប់ខ្លោចផ្សា​ ការនិរាសញ្រត់ប្រាស ហើយសង្គមជាតិទាំងមូលត្រូវបំផ្លិច​បំផ្លាញ​ក្រោម របបប្រល័យពូជសាសន៍ ប៉ុល ពត។ យើងនៅចាំបានថា ក្រោយថ្ងៃរំដោះ ៧ មករា ប្រជាជន​យើង​មិន​មាន ឧបករណ៍សម្ភារៈកីឡាគ្រប់គ្រាន់ឡើយ ហើយបានយកស្រកីដូងធ្វើជាបាល់ យុវជន-កុមារខ្លះបានយក​កៅ​ស៊ូ​កង់ ឬជ័រកៅស៊ូផ្គុំគ្នាជាបាល់ទាត់ បាល់ទះ យកខ្សែចងគោ ធ្វើសំណាញ់បាល់ទះជាដើម ដែលនេះ គឺ​ជា​ចំណុច​ចាប់ផ្តើមឡើងវិញនៃវិស័យកីឡារបស់យើង។

ជាមួយនេះ យើងក៏បានខិតខំប្រមែប្រមូលកីទ្បាករ-កីទ្បាការិនី ដែលនៅរស់រានមានជីវិតឱ្យជួយរៀបចំ​ចងក្រ​ង​ជា​ក្រុមឱ្យមានជារចនាសម្ព័ន្ធកីទ្បា និងបានស្តារជួសជុលពហុកីទ្បាដ្ឋាននានាជាបន្តបន្ទាប់។ ឈរលើមូល​ដ្ឋាន​នៃការអភិវឌ្ឍកីឡា និងការរីកចម្រើនជាបន្តបន្ទាប់ ធ្វើឱ្យកម្ពុជាយើងបានចូលរួមការប្រកួតកីឡា​ឤស៊ីឡើង​វិញ​នៅឆ្នាំ ១៩៩៤ កីឡាស៊ីហ្គេមឆ្នាំ ១៩៩៥ និងកីឡាអូឡាំពិកនៅឆ្នាំ ១៩៩៦ ព្រមទាំងការប្រកួតជាលក្ខណៈ​អន្តរជាតិផ្សេងៗទៀត ដោយទទួលបានមេដាយកើនឡើងជាលំដាប់ នៅលើប្រភេទកីឡាជាច្រើន។ ថ្មីៗនេះ យើងក៏បានខិតខំរៀបចំសាងសង់ពហុកីឡាដ្ឋានថ្មីមួយ ដោយបំពាក់បន្ថែមនូវហេដ្ឋារចនាសម្ព័ន្ធកីឡា ទាំងទី​លាន​ហ្វឹក​ហាត់ ទាំងទីលានប្រកួតជាលក្ខណៈជាតិ និងអន្តរជាតិ ដើម្បីឆ្ពោះទៅរកឧត្តមភាពការប្រកួតកីឡា​ស៊ីហ្គេមឆ្នាំ ២០២៣ ខាងមុខ។

ក្នុងពេលបច្ចុប្បន្ននេះ កម្ពុជាបាន និងកំពុងរក្សានូវសុខសន្តិភាព ស្ថិរភាព និងសុវត្តិភាព ដែលជា​បុព្វល័ក្ខ​ខ័ណ្ឌ​ដ៏​សំខាន់មួយដល់សក្កានុពលរីកលូតលាស់ នៃសង្គម-សេដ្ឋកិច្ចកម្ពុជា និងការធ្វើសមាហរណកម្មស៊ីជម្រៅ​ចូល​ទៅ​ក្នុងតំបន់ និងពិភពលោក។ នៅលើមូលដ្ឋានមួយដ៏រឹងមាំនេះ ប្រជាជនកម្ពុជាទាំងអស់ ​រួមទាំងរូបខ្ញុំ​ផ្ទាល់ សុទ្ធតែមានឱកាសលេងកីឡាគ្រប់ៗគ្នា។ សម្រាប់ខ្ញុំ មិនត្រឹមតែលេងខ្លួនឯងប៉ុណ្ណោះទេ ខ្ញុំក៏តែង​តែបំ​ផុស​ឱ្យកូនៗ និងចៅៗខ្ញុំលេងកីឡាផងដែរ ហើយខ្ញុំក៏ចង់បង្កើតក្រុមបាល់ទាត់គ្រួសារមួយក្រុម និងស្រមៃ​ចង់​ឃើញ​មានចៅៗខ្ញុំណាម្នាក់ចូលរួមប្រកួតកីឡាស៊ីហ្គេម នៅឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះផងដែរ។ លើសពីនេះទៀត កន្លងមកខ្ញុំ និងភរិយាផ្ទាល់តែងតែយកចិត្តទុកដាក់ឧបត្ថម្ភ គាំទ្រ និងលើកទឹកចិត្តដល់​កីឡា​ករ-កី​ឡាការិនីជាតិ ហើយបានចំណាយថវិកាផ្ទាល់អស់ជាច្រើន ដើម្បីលើកទឹកចិត្តការខិតខំប្រឹងប្រែងរបស់​កីឡា​ករ-កី​ឡាការិនីក្នុងការប្រកួត ដើម្បីកិត្តិយសជាតិ ហើយកីឡាករកម្ពុជាកាន់តែពឹងផ្អែកខ្លាំងឡើងលើគុណ​ភាព សមត្ថភាព និងទេពកោសល្យ។

ទន្ទឹមនេះ ក្នុងនាមរាជរដ្ឋាភិបាល ខ្ញុំតែងតែជំរុញរៀបចំប្រាក់រង្វាន់លើកទឹកចិត្ត​ឱ្យបានសមរម្យសម្រាប់​ជ័យលា​ភី ការប្រកួតកីឡាជាអន្តរជាតិ ក៏ដូចជាការលើកចិត្តបន្ថែម តាមរយៈការផ្តល់ពិធីជប់លៀងទទួលទានឤហារ​សាមគ្គី​ក្នុងរង្វង់គ្រួសារកីឡាជាតិ មុនពេលចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំ បានបំពាក់គ្រឿងឥស្សរិយយសជាតិ និង​​ដំ​ឡើងឋានន្តរស័ក្តិចំពោះកីឡាករ-កីឡាការិនី​ជ័យលាភី ពីការប្រកួតអន្តរជាតិ​។

[ចាប់ផ្តើមធ្វើអត្ថាធិប្បាយ]

កំណត់យកថ្ងៃ ៤ មេសា ធ្វើពិធីបី (សម្ពោធ ចាប់ផ្តើមសាងសង់ និងជួបជុំកីឡាករ-កីឡាការិនី)

ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី អ្នកនាងកញ្ញា ជាពិសេស បងប្អូន ក្មួយៗកីឡាករ-កីឡាការិនី  អម្បាញ់​មិញខ្ញុំបានពិភាក្សាជាមួយឯកឧត្តម ថោង ខុន ជា(ប្រធាន)គណៈកម្មាការអូឡាំពិកថា យើងនឹងយក​ថ្ងៃទី ៤ ខែ មេសា នេះ គឺជាថ្ងៃនៃការសម្ពោធដាក់ឲ្យប្រើប្រាស់ នូវកន្លែងទីតាំងប្រកួត ដែលយើងបាន​កសាង​ប៉ុន្មានឆ្នាំរួចមកហើយ ជាថ្ងៃបុកគ្រឹះនៃការសាងសង់នូវពហុកីឡាដ្ឋានថ្មី ហើយក៏ជាថ្ងៃជួបជុំទទួលទានអាហារ​ជាមួយនឹង​កីឡាករ-កីឡាការិនីប្រចាំឆ្នាំផងដែរ គឺនៅថ្ងៃ ០៤ មេសា ឆ្នាំ ២០១៧ ខាងមុខនេះ។ ពិតមែនហើយ​ថា ថ្ងៃនោះ យើងត្រូវមានការផ្លាស់ប្តូរកម្មវិធីបន្តិច ដោយសារតែព្រឹកមិញនេះ ខ្ញុំបានបញ្ចូលទៅក្នុងកម្មវិធីនូវ​​ការ​សម្ពោធ​​ផ្លូវ​ជាតិ​លេខ ៦A ប៉ុន្តែយើងអាចដូរបាន ដើម្បីយកថ្ងៃទី ៤ ខែ មេសា នេះ ដែលចំជាថ្ងៃខួបកំណើត​របស់ខ្ញុំនេះ ទៅ​ជួប​ជុំសម្ពោធផង ចាប់ផ្តើមសាងសង់ផង និងជួបជុំកីឡាករ-កីឡាការិនីផង។

ក្រុមកីឡាត្រកូលហ៊ុន (បាល់ទាត់ បាល់ទះ កូនហ្គោល)

ហើយ ថ្ងៃនេះគឺប្រហែលជាឯកឧត្តម លោកជំទាវ អស់លោក លោកស្រី បានឃើញហើយរញ៉េរញ៉ៃខាងមុខនេះ ហ្នឹងហើយជាកីឡាត្រកូលហ៊ុននោះ ប៉ុន្តែកុំភ្លេចឲ្យសោះ មួយនេះ និងដៃគូម្នាក់ទៀត បូកពីរនាក់ខាងនោះ គឺជា​ខ្សែប្រយុទ្ធ ហើយនៅមានផ្នែកខ្សែការពារ និងខ្សែបម្រើ រពឹសអញ្ចឹងឲ្យនៅខ្សែប្រយុទ្ធ កុំឲ្យនៅខ្សែការពារ បើនៅ​ខ្សែការពារមុខតែគេចាប់ផាកនៅហ្នឹងហ្មង។ អញ្ចឹងបានខ្ញុំរៀបចំ បើត្រូវឲ្យខ្សែការពារ ឲ្យម្នាក់នេះវិញ ព្រោះនឹង​មិនទាត់ជើងគ្នាផ្តួលនៅកន្លែងគ្រោះថ្នាក់ទេ គេឲ្យកាតក្រហម ហើយគេយកប៉េណាំងទីមួយគ្រាប់ទៀត​ អញ្ចឹង​ឲ្យវាទាត់នៅខ្សែប្រយុទ្ធនៅនោះវិញទេ។ អញ្ចឹងប្រព័ន្ធលេងរបស់ខ្ញុំអញ្ចឹង កុំភ្លេចថា ៣, , ២ អា​ហ្នឹង​ជា​ប្រ​ព័ន្ធ​លេងរបស់ខ្ញុំ ឃើញថា ៥ នៅកណ្តាល ឡើងក៏បាន ចុះក៏បាន ប៉ុន្តែយកល្បឿនលឿន។ អញ្ចឹង​ចៅៗ​របស់ខ្ញុំឲ្យ ចេះតិចបំផុត ២ កីឡា បាល់ទះ និងបាល់ទាត់ ប៉ុន្តែអាចនឹងមានចៅមួយចំនួនទៅលើសពីនោះ​ ដោយ​សារ​មួយចំនួនចាប់ផ្តើមហាត់កូនហ្គោលហើយ អាមួយដេកលក់នោះ អាហ្នឹងគឺថា ពីរម៉ោងវ៉ៃ ៣០០ គ្រាប់​កូន​ហ្គោល។

អញ្ចឹងទេ គឺថាកូនរបស់ខ្ញុំម្នាក់ ប៉ុន្តែផ្នែកបាល់ទះដាច់ខាតត្រូវតែមានបាល់ទាត់មួយក្រុម បាល់ទះមួយក្រុម ក្រុមលេងបាល់ទះហ្នឹង វាក៏ជាបាល់ទាត់ អាក្រុមបាល់ទាត់វាក៏ជាបាល់ទះ ហើយមានមួយចំនួនអាចនឹងឈាន​ទៅលេងកូនហ្គោល។ ចំពោះចៅស្រី នឹងមានបាល់ទះចៅស្រីមួយទៀត ប្រសិនបើមិនអាចមានចៅស្រីបន្ថែម​ ប៉ុន្តែ​យ៉ាងណាក៏ដោយ យើងមានចៅទី ១៨ ហើយ សង្ឃឹមថា ខ្ញុំនឹងមានចៅមិនតិចជាង ២០។ ហើយចៅទាំង​អស់ត្រូវដើរតាមគន្លងរបស់ជីតាដែរ។ អម្បាញ់មិញខ្ញុំលឺថា គេដាក់អុកជាកីឡាដែរ យី! បើអុកជាកីឡាដែរ អញ្ចឹង​​ប្រ​ពន្ធ​ខ្ញុំឲ្យលេងរហូត អត់ទៅណា អាហ្នឹងលេងតាំងពីម៉ោង ៣ រសៀល ធ្លាក់មក ៣ ភ្លឺនោះ ហើយតែ ២ នាក់ ប៉ុន្តែ​អាហ្នឹងគ្រោះថ្នាក់សុខភាពរបស់យើង។

[ចប់ការធ្វើអត្ថាធិប្បាយ]

ជារួមថ្មីៗនេះ ខ្ញុំបានសម្រេចចិត្តជំរុញល្បឿនអភិវឌ្ឍវិស័យកីឡា និងចលនាអូឡាំពិកលើមូលដ្ឋានបីសំខាន់ គឺ (១) ការសម្រេចកំណត់យកឆ្នាំ ២០២៣ កម្ពុជាធ្វើជាម្ចាស់ផ្ទះក្នុងព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គេម លើកទី ៣២ (២) ការផ្តល់នូវអគារទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (៣) ការកសាងពហុកីឡាដ្ឋានជាតិ មរតកតេជោ រួមទាំងទីលានកីឡាក្នុងសាលធំ ១ ទីលានបាល់ទាត់នៅខាងក្រៅ មណ្ឌលកីឡាហែលទឹកធំ ១ កន្លែងស្នាក់នៅកីឡាករជម្រើសជាតិប្រមាណ ៣០០ នាក់ ដែលនឹងត្រូវបានសាងសង់រួចនា​ពេលដ៏ខ្លីខាង​មុខ​នេះ។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់នេះ បានធ្វើឱ្យប្រជាជនកម្ពុជាចាប់ឤរម្មណ៍កាន់តែខ្លាំងឡើងលើការលេងកីឡា ការហាត់ប្រាណ ហើយនាំដល់ការកើតឡើងនៃទីលានកីឡាតូចៗជាច្រើន ដែលបម្រើឱ្យកីឡាបាល់ទាត់ បាល់​ទះ បាល់បោះ កីឡាវាយកូនឃ្លីលើតុ កីឡាវាយសី ក្លឹបហាត់ប្រាណជាច្រើនដែលកំពុងរីកដុះដាល​ នៅទូទាំង​ប្រ​ទេស។

ឥឡូវនេះ ការសម្រេចចិត្តរបស់ខ្ញុំនេះ មិនត្រឹមតែក្លាយជាគោលនយោបាយរបស់រាជរដ្ឋាភិបាលក្នុងការ​លើក​កម្ពស់​សុខុមាលភាពប្រជាជនប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជំរុញទឹកចិត្ត ឱ្យវិស័យកីឡាជំនាញ​ និងស្ថាប័ន​ពាក់​ព័ន្ធ​បង្កើនការយកចិត្តទុកដាក់ ខិតខំពង្រឹងប្រសិទ្ធភាពការងារកីឡា ដើម្បីឆ្ពោះទៅទទួលបាន​ជោគជ័យ​ក្នុង​ការរៀបចំការប្រកួតកីឡាស៊ីហ្គេមលើក ទី ៣២ ឆ្នាំ ២០២៣ ទៀតផង។ ទោះបីយ៉ាងណា ខ្ញុំយល់ថា ភាព​ជោគជ័យនៃវិស័យកីឡា និងចលនាអូឡាំពិកនៅកម្ពុជា ក៏នឹងឤស្រ័យដោយការរួមសហការគ្នា រវាង​រាជ​រដ្ឋា​ភិបាល និងចលនាអូឡាំពិកជាតិ និងអន្តរជាតិ ព្រមទាំងស្ថាប័នជំនាញពាក់ព័ន្ធ ទើបឤចឈានដល់ការ​អភិ​​វឌ្ឍ​វិស័យកីឡាប្រកបដោយនិរន្តរភាព ពីញ្រេះកីឡាគឺជាអន្តរវិស័យដែលពាក់ព័ន្ធគ្រប់វិស័យ​។

កីឡា​មិន​មែន​គ្រាន់តែរឿងឈ្នះចាញ់ប៉ុណ្ណោះទេ ប៉ុន្តែកីឡាក៏ពាក់ព័ន្ធដល់សន្តិសុខ សុវត្ថិភាពសង្គម ដែលគេ​ហៅ​ថាកី​ឡា​​នាំ​មក​នូវ​សុខ​ដុមរមនាសង្គម ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចទៀតផង។ ទន្ទឹមនេះ ការអភិវឌ្ឍ​វិស័យ​កីឡា​​នឹង​នាំដល់ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ និងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាព និងការ​រួមចំណែកថែរក្សា ការពារបរិស្ថានសង្គម តាមរយៈកីឡាស្អាតស្អំ កីឡាបៃតង ពិសេសកីឡាដើរតួនាទី​យ៉ាង​សំខាន់ក្នុងការអប់រំ ដែលរួមមានអប់រំកាយ អប់រំបញ្ញា អប់រំស្មារតី បណ្តុះឆន្ទៈ ព្យាយាមតស៊ូ ដើម្បីឱ្យ​យុវជន​ទទួលនូវគុណភាពជីវិត។

[ចាប់ផ្តើមធ្វើអត្ថាធិប្បាយ]

អំពាវនាវឲ្យប្រជាជនលេងកីឡា ឬធ្វើការហាត់ប្រាណដើម្បីសុខភាព

ក្នុងរយៈពេលកន្លងទៅនេះ ខ្ញុំក៏បានអំពាវនាវដើម្បីឲ្យប្រជាជនយើងម្នាក់ ហាត់កីឡាមួយយ៉ាងតិច ហើយប្រ​សិន​បើមិនអាចហាត់កីឡាបាន ក៏សូមអំពាវនាវប្រជាពលរដ្ឋរបស់យើងហាត់ប្រាណដើម្បីសុខភាព។ ម្យ៉ាង​ទៀត ការជម្រុញបញ្ហាកីឡា វាក៏កាត់បន្ថយជាមួយនឹងបញ្ហាទាក់ទងនឹងយុវជន និងកុមារប្រើប្រាស់​គ្រឿង​​ញៀន ក៏ដូចជាអំពើអបាយមុខផ្សេងៗផងដែរ តាមរយៈយកសកម្មភាពកីឡាបម្រើឲ្យសុខុមាលភាព បង្កើននូវ​សុខុ​មាលភាព​ និងការសាមគ្គីភាពនៅក្នុងសង្គមរបស់យើង។

[ចប់ការធ្វើអត្ថាធិប្បាយ]

ជាថ្មីម្តងទៀត ខ្ញុំនិងភរិយា ក្រុមគ្រួសារគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាករ-កីឡាការិនី​កម្ពុជា និង​ប្រជា​​ជនកម្ពុជាទាំងមូល សូមថ្លែងអំណរគុណដល់លោកបណ្ឌិតថូម៉ាស់ បាច ប្រធានគណៈកម្មាធិការ​អន្តរ​ជាតិ ដែលបានផ្តល់ពានរង្វាន់ដ៏មានតម្លៃជាប្រវត្តិសាស្ត្រនេះដល់រូបខ្ញុំ និងសូមអរគុណលោក ស៊ា មៀង ដែល​បាន​នាំ​មកផ្ទាល់នូវពានរង្វាន់នេះ។

ជាទីបញ្ចប់ ខ្ញុំសូមជូនពរសម្តេច ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី កីឡាករ-កីឡាការិនីទាំងអស់ សូមប្រកបដោយពុទ្ធពរទាំងបួនប្រការ ឤយុ  វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ