ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយពីសក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគនៅកម្ពុជា ជូនដល់សហគ្រាសរបស់ជប៉ុននៅក្នុងបេសកកម្មកៀរគរការវិនិយោគនៅប្រទេសជប៉ុន នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍ បានគូសរំលេចអំពីសក្តានុពលវិជ្ជមានរបស់កម្ពុជាមានជាអាទិ៍ ស្ថិរភាពនយោបាយ, ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចដែលមានលំនឹងវិជ្ជមាន, កម្លាំងពលកម្មវ័យក្មេងប្រកបដោយថាមវន្ត, រាជរដ្ឋាភិបាលដែលមានទំនោរគាំទ្រដល់ការរីកលូតលាស់នៃធុរកិច្ច, របបវិនិយោគដែលមានភាពទាក់ទាញ និងអនុគ្រោះ និងហេដ្ឋារចនាសម្ព័ន្ធអន្តរមធ្យោបាយ ដែលបាននិងកំពុងអភិវឌ្ឍឱ្យកាន់តែមានភាពតភ្ជាប់ និងប្រទាក់ក្រឡា។
សិក្ខាសាលានេះដែរ ត្រូវបានសហការរៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) និងអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន (JETRO) និងមានការអញ្ជើញចូលរួមពីតំណាងស្ថានទូតប្រចាំប្រទេសជប៉ុន ក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្មនៃប្រទេសជប៉ុន សម្ព័ន្ធសភាមិត្តភាពកម្ពុជា-ជប៉ុន សមាគមជប៉ុន-កម្ពុជា និងវិស័យឯកជនសរុបប្រមាណ១៥០រូប។
ក្នុងឱកាសនោះដែរ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបង្ហាញសុទិដ្ឋិនិយមយ៉ាងមុតមាំថា វិនិយោគិន និងធុរជនដែលបានអញ្ជើញចូលរួមនាពេលនោះ នឹងអញ្ជើញសិក្សាស្វែងយល់ដោយផ្ទាល់នៅកម្ពុជា ក៏ដូចជាពាំនាំនូវបច្ចុប្បន្នភាពនៃបរិយាកាសវិនិយោគនៅកម្ពុជាទៅកាន់សហគមន៍ធុរកិច្ចជប៉ុនឱ្យកាន់តែទូលំទូលាយបន្ថែមមួយកម្រិតទៀត។
ក្នុងសិក្ខាសាលានោះ វាគ្មិនមកពីវិស័យឯកជននានា ក៏បានចូលរួមវេទិកាពិភាក្សា ស្តីពីសក្តានុពលវិនិយោគលើវិស័យថ្មីៗនៅកម្ពុជា ដោយបានគូសបញ្ជាក់អំពីភាពងាយស្រួលក្នុងការប្រកបអាជីវកម្មនៅកម្ពុជា ពិពិធកម្មនៃសកម្មភាពវិនិយោគដែលពោរពេញដោយឱកាស និងការគាំទ្រផ្នែក គោលនយោបាយប្រកបដោយបុរេសកម្មពីសំណាក់រាជរដ្ឋាភិបាលលើអនុវិស័យថាមពលកកើតឡើងវិញ ខ្សែច្រវាក់ផលិតកម្មបៃតង និងសេដ្ឋកិច្ចឌីជីថលដែលកំពុងតែដើរស្របនឹងនិន្នាការតំបន់ និងសកល។
សូមបញ្ជាក់ថា ក្នុងសិក្ខាសាលានោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានអញ្ជើញបើកកម្មវិធីផ្គូរផ្គងធុរកិច្ចរវាងសមាគមឧកញ៉ាកម្ពុជា សភាពាណិជ្ជកម្មកម្ពុជា និងសមាគមកម្ពុជា-ជប៉ុន ព្រមទាំងអញ្ជើញផ្តល់កិច្ចសម្ភាសន៍ជូនសារព័ត៌មាន Nikkei ផងដែរ៕