ថ្នាក់ដឹកនាំសមាជិកសមាជិការដ្ឋសភាទាំង១២៥រូប ចេញញត្តិរួមគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ

ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ទាំង១២៥រូប នៅថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៤នេះ បាន ប្រកាសគាំទ្រយ៉ាងពេញទំហឹង ចំពោះការអនុវត្តគម្រោង ព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីក ប្រវត្តិសាស្ត្រ លើកទី១ នៅកម្ពុជា ដែលជាគំនិតផ្តួចផ្តើមរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋ មន្ត្រី និងជាប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ហើយបច្ចុប្បន្នសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តអនុវត្តស្នាដៃ និងជំរុញបន្ថែមក្នុងការអភិវឌ្ឍគម្រោង ព្រែកជីក ហ្វូណនតេជោ ឱ្យសម្រេចបាននាពេលអនាគត។
 
ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា ទាំង១២៥រូបបានបញ្ជាក់ថា គម្រោងព្រែកជីកហ្វូណនតេជោ តភ្ជាប់ផ្លូវទឹករវាងទន្លេបាសាក់ទៅកាន់សមុទ្រកម្ពុជា ដោយឆ្លងកាត់ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រវែង១៨០គីឡូម៉ែត្រ។ ព្រែកជីកហ្វូណនតេជោ នឹងផ្តល់អត្ថប្រយោជន៍ដ៏មហាសាលដល់ព្រះរាជាណាចក្រកម្ពុជា ជាអាទិ៍ ទី១-កាត់បន្ថយរយៈពេល ចម្ងាយ និង តម្លៃនៃការដឹកជញ្ជូននាពេលបច្ចុប្បន្ន ទី២-បង្កើតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែ រណបថ្មីៗជាច្រើន ទី៣-ពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្ត្រ វារីវប្បកម្ម និងចិញ្ចឹមសត្វ ទី៤-ដោះស្រាយ និងកាត់បន្ថយបញ្ហាគ្រោះទឹកជំនន់ ទី៥-ជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើត ការងារបន្ថែមនៅកំពង់ផែ ស្វយ័តក្រុងព្រះសីហនុ កំពង់ផែ ស្វយ័តភ្នំពេញ និងកំពង់ផែផ្សេងទៀត ការជំរុញការ អភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងទី៦-ជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យ។ និយាយជារួម គម្រោងព្រែកជីក
 
ហ្វូណនតេជោនេះ គឺជាគម្រោងបម្រើផលប្រយោជន៍ជាតិដ៏ធំធេង ជាពិសេស ផ្នែកសេដ្ឋកិច្ចសង្គមនៅកម្ពុជា។ រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា សូមប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះគម្រោងព្រែកជីកហ្វូណន តេជោ ដែលធ្វើឡើងត្រឹមត្រូវតាមបទប្បញ្ញត្តិនៃរដ្ឋធម្មនុញ្ញ និងច្បាប់នៃព្រះរាជាណាចក្រកម្ពុជា និងច្បាប់អន្តរជាតិ ពាក់ព័ន្ធ ហើយគម្រោងព្រែកជីកហ្វូណនតេជោនេះ នៅក្នុងដែនដីនៃព្រះរាជាណាចក្រកម្ពុជា និងសូមអំពាវនាវ ដល់ប្រជាពលរដ្ឋទាំងអស់ សូមមេត្តាចូលរួមគាំទ្រប្រកបដោយឆន្ទៈ និងស្មារតីក្នុងការរួមចំណែកជាមួយរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា បន្តអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ ប្រកបដោយជោគជ័យយ៉ាងត្រចះត្រចង់ និងជាមោទនភាពនៃមាតុភូមិកម្ពុជាដ៏រុងរឿង។
 

ថ្នាក់ដឹកនាំ សមាជិក សមាជិការដ្ឋសភា សូមយកឱកាសដ៏វិសេសវិសាលនេះ បួងសួងដល់គុណ បុណ្យព្រះរតនត្រ័យ កែវទាំងបី វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក និងទេវតាថែរក្សាទឹកដីនៃព្រះរាជាណាចក្រ កម្ពុជា សូមជួយប្រសិទ្ធពរជ័យបវរ សួស្តី សិរីមង្គល វិបុលសុខ មហាប្រសើរជូនសម្តេចតេជោ ហ៊ុន សែន សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង លោកជំទាវ បណ្ឌិត ពេជ្រ ច័ន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងក្រុមគ្រួសារជាទីគោរពស្រឡាញ់ សូមប្រកបនូវពុទ្ធពរទាំង បួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ