សម្ដេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ បានចេញសេចក្ដីសម្រេចស្ដីពីការបង្កើតគណៈកម្មការអន្ដរក្រសួង ដើម្បីសិក្សា និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ដ្រីរាជការស៊ីវិល មន្ដ្រីពន្ធនាគារ មន្ដ្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្ដេញចេញពីក្របខ័ណ្ឌ។
យោងតាមសេចក្ដីសម្រេចនេះ សម្ដេចធិបតី ហ៊ុន ម៉ាណែង បានចាត់តាំងឯកឧត្ដមសន្ដិបណ្ឌិត ម៉ៅ ច័ន្ទតារា រដ្ឋលេខាធិការប្រចាំការនៃក្រសួងមហាផ្ទៃ ជាប្រធាន និងមានអនុប្រធាន អនុប្រធានអចិន្ដ្រៃយ៍ចំនួន៨រូប ដែលកាន់តំណែងជារដ្ឋលេខាធិការមកពីក្រសួងមហាផ្ទៃ ទីស្តីការគណៈរដ្ឋមន្រ្តី ក្រសួងការពារជាតិ ក្រសួងយុត្តិធម៌ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសារធារណៈ និងមានសមាជិកចំនួន១១រូបផងដែរ។
គណៈកម្មការអន្ដរក្រសួងនេះ មានភារកិច្ចសហការដឹកនាំលើដំណើរការនៃការរៀបចំនិងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ។
បន្ថែមទៀតនោះ គណៈកម្មការនេះ ត្រូវពិនិត្យ ការរៀបចំ និងចងក្រងឯកសារគតិយុត្ត ដើម្បីកំណត់អំពីបែបបទ នីតិវិធីនៃការប្រើប្រាស់ប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ដែលត្រូវបានបណ្តេញចេញពីក្របខ័ណ្ឌ ក្នុងគោលបំណងធានាការអនុវត្តឱ្យបានត្រឹមត្រូវនិងការពារទិន្នន័យឯកជនភាពរបស់បុគ្គល។
លើសពីនេះ គណៈកម្មាការខាងលើ ក៏មានតួនាទីសម្របសម្រួល ដោះស្រាយរាល់បាតុភាពនានា ដែលកើតឡើងក្នុងកំឡុងពេលអនុវត្តការងារ និងធ្វើរបាយការណ៍អំពីលទ្ធផលនៃការងាររៀបចំ និងអភិវឌ្ឍប្រព័ន្ធគ្រប់គ្រងការផ្ទៀងផ្ទាត់ទិន្នន័យអតីតមន្ត្រីរាជការស៊ីវិល មន្ត្រីពន្ធនាគារ មន្ត្រីនគរបាលជាតិ និងកងយោធពលខេមរភូមិន្ទ ជូននាយករដ្ឋមន្ត្រី និងទទួលអនុវត្តភារកិច្ចផ្សេងទៀតតាមការប្រគល់ជូនពីនាយករដ្ឋមន្ត្រីជាដើម៕