សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការធ្វើជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហេ្គមបានលើកមុខមាត់ កិត្តិយស និងកិត្យានុភាពជាតិលើឆាកអន្តរជាតិ ជាពិសេសការរឹតចំណងការទូត និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អរវាងបណ្តាប្រទេសជាមិត្ត ដើម្បីលើកម្ពស់មិត្តភាព ពង្រឹង និងពង្រីកទំនាក់ទំនងអន្តរជាតិ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ឧត្តមប្រយោជន៍ជាតិដ៏ធំគឺការធ្វើឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនស្មារតីស្រលាញ់ជាតិមាតុភូមិ ពង្រឹង សាមគ្គីភាព និងមិត្តភាព ដែលនេះរួមចំណែកយ៉ាងសកម្មដល់ការពង្រឹងឯកភាពជាតិ និងសុខសន្តិភាពនៅកម្ពុជា។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «ប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលជូនដល់ជ័យលាភីមេដាយមាស មេដាយប្រាក់ និងមេដាយសំរឹទ្ធ គ្រូបង្វឹក និងគ្រូជំនួយ ពីការប្រកួតកីឡាជ្រើសរើសជើងឯកពិភពលោក, ជើងឯកអាស៊ីអាគ្នេយ៍, ជើងឯកអាស៊ី និងការប្រកួតជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ាន» នៅរសៀលថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤៕