(ហ្សាកាតា, ឥណ្ឌូនេស៊ី)៖ នៅព្រឹកថ្ងៃពុធ ទី៦ ខែកញ្ញា ឆ្នាំ២០២៣នេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង)លើកទី២៤ ដែលប្រារព្ធធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។
កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ដឹកនាំកិច្ចប្រជុំដោយលោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី និងជាប្រធានអាស៊ាន និងលោក យូន ស៊ុកយុល (Yoon Suk-yeol) ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ។
កិច្ចប្រជុំដ៏មានសារៈសំខាន់នេះ ក៏មានការយាង និងអញ្ជើញចូលរួមពីសំណាក់ព្រះចៅស៊ុលតង់ ហាជី ហាសិនណល់ ប៊ូលហ្កះ ព្រះមហាក្សត្រនៃប្រទេសប្រ៊ុយណេដារូសាឡឹម, លោក លី ស៊ានឡុង នាយករដ្ឋមន្ត្រីសិង្ហបុរី, លោក ផាម មីងជិញ នាយករដ្ឋមន្ត្រីវៀតណាម, លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ, លោក ហ្វេដីណេន ម៉ាកូស ប្រធានាធិបតីហ្វីលីពិន និងលោក អាន់វ៉ា អ៉ីប្រាហ៉ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី។ រីឯប្រទេសអញ្ជើញជាតំណាងដោយមន្ត្រីជានខ់្ពស់ ខណៈមេដឹកនាំមីយ៉ាន់ម៉ា មិនត្រូវបានអនុញ្ញាតឱ្យចូលរួមនោះឡើយ។
កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ ក៏ដូចជាកិច្ចប្រជុំកំពូលនានានៅឆ្នាំនេះ លោក កៃ រ៉ាឡា ហ្សាណាណា ហ្គូសម៉ៅ (Kay RaLa Xanana Gusmao) នាយករដ្ឋមន្ត្រីទីម័រខាងកើត ត្រូវបានអនុញ្ញាតឱ្យចូលរួមផងដែរ ក្នុងឋានៈជាអ្នកសង្កេតការណ៍។
លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះផងដែរ។
សូមបញ្ជាក់ថា អាស៊ាន និងសាធារណកូរ៉េ បានក្លាយជាដៃគូសន្ទនានឹងគ្នានៅឆ្នាំ១៩៨៩។ សាធារណរដ្ឋកូរ៉េ ក៏ជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏ធំមួយរបស់អាស៊ានផងដែរ។
សេចក្តីថ្លែងការណ៍រួម ស្តីពីកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន និងសាធារណរដ្ឋកូរ៉េ រៀបចំឡើងកាលពីថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២ នៅខេត្តសៀមរាប បានឱ្យដឹងថា ផ្អែកលើស្ថិតិរបស់អាស៊ាន សម្រាប់ឆ្នាំ២០២១ ទំហំពាណិជ្ជកម្មរវាងអាស៊ាន និងសាធារណរដ្ឋកូរ៉េ បានឈានដល់ ១៨៩.៥ប៊ីលានដុល្លារ កើនឡើង ២២.៣ភាគរយធៀបនឹងឆ្នាំ២០២២។ ការវិនិយោគដោយផ្ទាល់ពីសាធារណរដ្ឋកូរ៉េ ទៅកាន់អាស៊ាន ក្នុងឆ្នាំ២០២១ មានប្រមាណ ៧.១ប៊ីលានដុល្លារ ឬកើនឡើង ៦.០ភាគរយ ធៀបនឹងឆ្នាំ២០២០៕