សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន ម៉ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី

នៅថ្ងៃអង្គារ ៥រោច ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹងថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៣ វេលាម៉ោង ១៣០០ នាទីរសៀល, នៅរដ្ឋធានីហ្សាការតា នៃសាធារណរដ្ឋឥណ្ឌូណេស៊ី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានជួបសម្ដែងការគួរសមជាមួយ ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម (Dato’ Seri Anwar_bin Ibrahim)នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ។
នៅក្នុងជំនួបនេះ, ឯកឧត្តម ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៊ីប្រាហ៊ីម បានសម្តែងនូវការអបអរសាទរ ចំពោះ សម្តេចមហាបវរធិបតី ដែលត្រូវបានជ្រើសតាំងជានាយករដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី ៧ នៃរដ្ឋសភា ហើយភាគីម៉ាឡេស៊ី មានជំនឿថាទំនាក់ទំនង និង កិច្ចសហប្រតិបត្តិការរវាង ប្រទេសទាំងពីរ នឹងបន្តនិរន្តរភាពយ៉ាងល្អ និងរីកលូតលាស់បន្ថែមទៀត ក្រោមដឹកនាំរបស់ សម្ដេចមហាបវរធិបតី ។ ទន្ទឹមនេះ, ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានសម្តែងនូវការគោរពកោត សរសើរចំពោះ សម្ដេចតេជោ ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ដែលជាមិត្តភ័ក្តិដ៏ល្អ របស់ម៉ាឡេស៊ី ហើយរូប ឯកឧត្តម ផ្ទាល់ ក៏ដូចជាប្រទេសម៉ាឡេស៊ី តែងចាត់ទុក សម្ដេចតេជោ ជាមេដឹកនាំដ៏កំពូលនៃប្រទេសកម្ពុជា ។ ជាកិច្ចឆ្លើយតប, សម្តេចមហាបវរធិបតី បានថ្លែងអំណរ គុណយ៉ាងជ្រាលជ្រៅ ចំពោះការអបអរសាទរ និង បានសម្តែងនូវការវាយតម្លៃខ្ពស់ ចំពោះចំណង មិត្តភាព និង កិច្ចសហប្រតិបត្តិការដែលប្រទេសទាំងពីរបានអនុវត្ដកម្លងមក ជាពិសេសចំពោះកិច្ចសម្របសម្រួលដែលប្រទេសម៉ាឡេស៊ីបានផ្ដល់ជូនដល់ពលករកម្ពុជា ដែលកំពុងបំពេញការងារនៅក្នុង ប្រទេសម៉ាឡេស៊ី ។
បន្ទាប់ពីការអបអរសាទរ និង កិច្ចស្វាគមន៍ទៅវិញទៅមក, ថ្នាក់ដឹកនាំទាំងពីរបានពិភាក្សា បន្ថែមអំពីការបង្កើនកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និង ម៉ាឡេស៊ី ក្នុងទិដ្ឋភាពនយោបាយ, ពាណិជ្ជកម្មការវិនិយោគការអប់រំសន្តិសុខថាមពល, ការងារនិង ការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ។ ចំពោះវិស័យសន្តិសុខថាមពល, សម្តេចមហាបវរធិបតី បានស្នើសុំកិច្ចគាំទ្រពីរដ្ឋាភិបាលម៉ាឡេស៊ី ដល់គម្រោងនៃការសាងសង់ខ្សែបញ្ជូនថាមពលក្រោមសមុទ្រ ពីប្រទេសឡាវ កាត់តាមប្រទេសថៃ និង ឆ្ពោះទៅប្រទេសសិង្ហបុរី ដែលត្រូវឆ្លងកាត់ព្រំដែនសមុទ្រម៉ាឡេស៊ី ។ ជាមួយគ្នានេះ, ប្រមុខរដ្ឋាភិបាលទាំងពីរ ក៏បានប្តេជ្ញាចិត្តក្នុងការពង្រឹងនូវកិច្ចសហប្រតិបត្តិការក្នុងការ ប្រយុទ្ធប្រឆាំងនឹងបទឧក្រិដ្ឋកម្មឆ្លងដែន និងបទឧក្រិដ្ឋកម្មសាយប័រ (Cyber Crime)បង្កើនបន្ថែមទៀត នូវការធ្វើពាណិជ្ជកម្ម និង លើកទឹកចិត្តចំពោះការវិនិយោគពីប្រទេសម៉ាឡេស៊ី នៅកម្ពុជា ។
ជាចុងបញ្ចប់សម្តេចមហាបវរធិបតី ក៏បានសម្តែងនូវអំណរគុណ ចំពោះរាជរដ្ឋាភិបាល ម៉ាឡេស៊ី ដែលបានគាំទ្របេក្ខភាពរបស់កម្ពុជា សម្រាប់ជាសមាជិកក្រុមប្រឹក្សាសេដ្ឋកិច្ច និងសង្គម (ECOSOC) សម្រាប់អាណត្តិ ២០២៨-២០៣០ និង សមាជិកគណៈកម្មាធិការកសាងសន្តិភាព (OCPBC) សម្រាប់អាណត្តិ ២០២៥-២០២៦ នៅក្នុងក្របខណ្ឌអង្គការសហប្រជាជាតិ ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ