នៅព្រឹកថ្ងៃចន្ទ ៩រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវនឹង ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ នាយឧត្តមសេនីយ៍ផុតលេខផ្កាយមាស៥ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៃកងពលតូចលេខ៧០។
សម្តេចតេជោ ហ៊ុន សែន សូមអបអរសាទរចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ៧០ និងសូមកោតសរសើរ ចំពោះសកម្មភាពដ៏រស់រវើក និងស្មោះត្រង់របស់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ក្នុងបុព្វហេតុរួមចំណែកអភិវឌ្ឍកម្ពុជា ប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់ អង់អាចក្លាហាន មានវិន័យ និងសេចក្តីថ្លៃថ្នូរ ហើយនៅគ្រប់កាលៈទេសៈតែងទ្រទ្រង់ ថែរក្សាការពារដល់សុខសន្តិភាព ស្ថិរភាពជាតិ និងសណ្ដាប់ធ្នាប់សង្គម ដែលស័ក្តិសម ជាទីពឹងរបស់ប្រជាជន និងសង្គមជាតិកម្ពុជា ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានបន្តទៀតថា ក្នុងរយៈពេល ២៩ ឆ្នាំ កងពលតូចលេខ ៧០ បានកសាងអគាររាប់រយខ្នង កសាងហេដ្ឋារចនាសម្ព័ន្ធនានា កសាងសាលាហ្វឹកហ្វឺន ការបំពាក់សម្ភារៈកងទ័ពបានពេញលេញ លើកកម្ពស់ជីវភាព និងសុខភាពកងទ័ពបានយ៉ាងល្អប្រសើរ ។ ភាពរីកចម្រើនលូតលាស់ជាលំដាប់នៃកងទ័ពកម្ពុជា បានផ្ដើមចេញពីឆន្ទៈ និងកម្លាំងមហាសាមគ្គីរបស់រណសិរ្យសាមគ្គីសង្គ្រោះជាតិកម្ពុជា ដែលបានផ្តួលរំលំរបបប្រល័យពូជសាសន៍ប៉ុលពត ថ្ងៃ ៧ មករា ១៩៧៩ ។ ថ្ងៃ៧ មករា ជាចំណុចចាប់ផ្តើមនៃការកសាងឡើងវិញនូវរាល់សមិទ្ធផល គ្រប់បែបយ៉ាងរបស់ប្រជាជន និងសង្គមកម្ពុជា រួមទាំងអាយុជីវិត សិទ្ធសេរីភាពប្រពៃណីទំនៀមទម្លាប់ ជំនឿសាសនា លទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍន៍លើគ្របវិស័យ ដូចសមិទ្ធផលដែលយើងទាំងអស់គ្នាកំពុងឃើញនាពេលនេះ ។ ពិធីសម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានា នៅថ្ងៃនេះមិនត្រឹមតែឆ្លុះបញ្ចាំងអំពីឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋភិបាល ក្នុងការបន្តគាំទ្រ និងលើកទឹកចិត្តខ្ពស់ដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាន នៃកងពលតូចលេខ ៧០ ប៉ុណ្ណោះទេ ប៉ុន្តែក៏ជាឱកាស ក្រើនរំលឹកពីភាពចាំបាច់ខានពុំបាននៃការពង្រឹងផែនសាមគ្គីជាតិ ឯកភាពជាតិ ការពួតដៃគ្នាជាធ្លុងមួយ ក្នុងស្មារតីរួមចំណែកបន្តលើកកម្ពស់ដល់ការថែរក្សាឱ្យបានគង់វង្ស នូវកត្តាសុខសន្តិភាព ភាពសុខដុមរមនា និងសុខុមាលភាពប្រជាជាតិយើង ។ កត្តាសុខសន្តិភាពពិតជាមានសារៈសំខាន់ មិនអាចខ្វះបាននៃកិច្ចអភិវឌ្ឍ និងភាពរីកចម្រើននៃប្រជាជាតិ នីមួយៗ ជាពិសេសការធ្វើឱ្យជីវភាពប្រជាជនកាន់តែល្អប្រសើរឡើងពីមួយថ្ងៃទៅមួយថ្ងៃ ។ តាមរយៈនេះ យើងអាចមើលឃើញអំពីគុណបំណាច់ដ៏ធំធេង មិនអាចកាត់ថ្លៃបានរបស់កងយោធពលខេមរភូមិន្ទ ដែលតែងបានបូជាសាច់ស្រស់ ឈាមស្រស់ ហ៊ានធ្វើពលីកម្មដល់ជីវិត ក្នុងការបំពេញបេសកកម្ម ដ៏ឧត្តុង្គឧត្តម របស់ខ្លួនក្នុងបុព្វហេតុដើម្បី ជាតិ សាសនា ព្រះមហាក្សត្រ នៅគ្រប់ ដំណាក់កាល ។
សម្តេចតេជោបានបន្តថា តាមរយៈការអភិវឌ្ឍសមត្ថភាពជាបន្តបន្ទាប់ កងទ័ពកម្ពុជាមិនត្រឹមតែជាកម្លាំងស្នូល ទទួលរ៉ាប់រងការងារថែរក្សា ការពារបូរណភាពទឹកដី និងរួមចំណែកក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចជាតិប៉ុណ្ណោះទេ ប៉ុន្តែបានក្លាយខ្លួនជាកម្លាំងយ៉ាងរឹងមាំជួយរក្សាសន្តិភាពនៅបណ្តាប្រទេសមួយចំនួន តាមការស្នើរបស់អង្គការសហប្រជាជាតិទៀតផង។ ជាមួយនេះ ដោយមានការជួយជ្រោមជ្រែងបន្ថែម និងការគាំទ្រពីបណ្តាប្រទេសជាមិត្ត ធ្វើឱ្យ កងពលតូចលេខ ៧០ ក្លាយជាកងទ័ពជំនាញមួយរបស់ កងយោធពលខេមរភូមិន្ទ ដោយត្រូវបានលើកកម្ពស់សមត្ថភាពជាប្រចាំ ហើយមានសមត្ថភាពឯកទេសជំនាញច្រើន ដែលអាច និងបំពេញកិច្ចការពារបូរណភាពដែនដីបានយ៉ាងពេញលេញ មានកិច្ចសហប្រតិបត្តិការជាតិ-អន្តរជាតិ និងសម្រេចបាននូវសមទ្ធិផលយ៉ាងច្រើនគួរឲ្យកត់សម្គាល់ ។
ក្នុងស្មារតីនេះ កងពលតូចលេខ ៧០ និយាយដោយឡែក និងកងយោធខេមរភូមិន្ទ និយាយរួមត្រូវបន្តការងារអភិវឌ្ឍសមត្ថភាព កងទ័ពឱ្យបានជាប់ជាប្រចាំត្រៀមកម្លាំងស្មារតី ដោះស្រាយនៅគ្រប់ សភាពការណ៍ ជាពិសេសគ្រោះមហន្តរាយធម្មជាតិអាចនឹងកើតឡើង ជាយថាហេតុ និងបង្កឱ្យខូចខាតទ្រព្យសម្បត្តិ ប្រយោជន៍ជាតិ និងប្រជាជន ។
សម្តេចតេជោបន្តទៀតថា កងទ័ពយើងត្រូវត្រៀមមធ្យោបាយដឹកជញ្ជូនសម្រាប់ដឹកជញ្ជូនសម្ភារៈ និងជនរងគ្រោះផ្តល់ជំនួយ ផ្តល់សេវាថែទាំ ព្យាបាលសុខភាព បង្កើនកិច្ចសហការសម្របសម្រួលជាមួយសមភាគីផ្នែកស៊ីវិលក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចដែលកងទ័ព យើងបានអនុវត្តរួចមកហើយ ក្នុងប្រតិបត្តិការសង្គ្រោះនានា ដូចជា គ្រោះទឹកជំនន់ គ្រោះរាំងស្ងួត គ្រោះអគ្គីភ័យ ការដោះមីន រំដោះ ដីស្រែ ជូនប្រជាជនសម្រាប់បង្កបង្កើនផល និងការបញ្ជូនក្រុមគ្រូពេទ្យ ស្ម័គ្រចិត្ត ចុះពិនិត្យព្យាបាលជំងឺជូនប្រជាជននៅតាមជនបទ ជាដើម ។
សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ទៀតថា សមត្ថភាពកងទ័ពត្រូវតែទទួលបានការជឿទុកចិត្ត ក្នុងការចូលរួមបំពេញភារកិច្ច ទាំងកម្រិតជាតិ និងអន្តរជាតិ ដូចអ្វីដែលកម្ពុជាបានទទួលរួចមកហើយ គឺការប្រែក្លាយកម្ពុជា ដែលធ្លាប់ល្បីថាជាវាលពិឃាត ពុំមានសន្តិសុខ រងការហ៊ុមព័ទ្ធ និងឯកោ ទាំងផ្នែកនយោបាយការទូត និងសេដ្ឋកិច្ចបច្ចុប្បន្នបានក្លាយទៅជាប្រទេសមានសុខសន្តិភាពពេញលេញគោលដៅទេសចរណ៍ប្រកបដោយប្រជាប្រិយភាពក្នុងតំបន់ឤស៊ីអាគ្នេយ៍ និងបានប្រែក្លាយដីមីនទៅជាដីមាស ជាប្រទេស ដែលបាន និងកំពុងសមាហរណខ្លួនកាន់តែជ្រៅទៅក្នុងរចនា-សម្ព័ន្ធនិម្មាបនកម្មសកល និងកំពុងដើរតួនាទីយ៉ាងសកម្ម ដោយស្មើសិទ្ធិ និងស្មើភាព ក្នុងគ្រប់កិច្ចការតំបន់ និងនៅលើឆាកអន្តរជាតិ ហើយជាកន្លែង ដែលទទួលរៀបចំកិច្ចប្រជុំធំៗជាអន្តរជាតិ មានមេដឹកនាំប្រទេសមហាអំណាចពិភពលោកបានមកចូលរួមប្រជុំ និងទទួលបានលទ្ធផលប្រកបដោយផ្លែផ្កាដ៏ត្រចះត្រចង់ ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្តទៀតថា រាជរដ្ឋាភិបាលនៅតែប្រកាន់ជំហរបន្តគាំទ្រឥតងាករេចំពោះការពង្រឹង និងពង្រីកបន្ថែមទៀតនូវកិច្ចសហការរបស់អង្គភាព កងទ័ពនីមួយៗជាមួយនឹងស្ថាប័នស៊ីវិលផ្សេងៗទៀត ក្នុងគោលដៅ រួមចំណែកលើកកម្ពស់សមត្ថភាពវិស័យកងទ័ពកម្ពុជា ។
សម្តេចសូមជំរុញ និងលើកទឹកចិត្តខ្ពស់ដល់ការចូលរួម ចំណែករបស់សប្បុរសជន ព្រមទាំងដៃគូអភិវឌ្ឍ និងអង្គការជាតិ-អន្តរជាតិនានា ដើម្បីរួមចំណែកដោះស្រាយត្រូវរាល់ការលំបាកខ្វះខាតរបស់បងប្អូនកង-កម្លាំងប្រដាប់អាវុធ ក្នុងគោលដៅរក្សាឱ្យបាននូវសុខុមាលភាព កម្លាំងពលំមាំមួន ស្មារតីភ្លឺថ្លាប្រកបដោយថាមពល សម្រាប់បន្តរួមចំណែកប្រកបដោយប្រសិទ្ធភាព ក្នុងការធានាបាននូវសុខសន្តិភាព សុវត្ថិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ ។
សម្តេចតេជោសូមស្នើដល់មេបញ្ជាការ មេបញ្ជាការរង និងពលទាហាននៃកងពលតូចលេខ ៧០ ត្រូវបន្តអនុវត្តកិច្ចសហការដ៏ល្អប្រសើរ ជាមួយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ស្ថាប័ន អង្គភាពពាក់ព័ន្ធ រួមជាមួយនឹងបងប្អូន ប្រជាជននៅតាមតំបន់នីមួយៗ ក្នុងគោលដៅ ពង្រឹងសាមគ្គីជាតិ ទប់ស្កាត់ឲ្យបាននូវនិន្នាការបង្កអរិភាពជាតិសាសន៍ សាសនា ការទប់ស្កាត់ឲ្យទាន់ពេលវេលានូវរាល់និន្នាការ សំដៅបង្កចលាចល និងបង្កអស្ថិរភាពសង្គម ។ ចំណុចនេះ គឺជាកិច្ចការទទួលខុសត្រូវមួយរបស់កងយោធពលខេមរភូមិន្ទនៃយើង ពិសេសកងពលពលតូចលេខ ៧០ ។
ជាថ្មីម្តងទៀត សម្តេចតេជោ ហ៊ុន សែន សូមវាយតម្លៃខ្ពស់ចំពោះ មេបញ្ជាការ មេបញ្ជាការរង និងពលទាហានកងពលតូចលេខ ៧០ នៃកង-យោធពលខេមរភូមិន្ទកម្ពុជា ដែលបានខិតខំប្រឹងប្រែង និងធ្វើពលិកម្ម ប្រកបដោយវិរភាពអង់អាចក្លាហានក្នុងការបំពេញភារកិច្ច ការពារបូរណភាពទឹកដី ថែរក្សាសុខសន្តិភាព សុវត្ថិភាព និង សណ្តាប់ធ្នាប់បានល្អប្រសើរជូនប្រជាជន និងសង្គមជាតិយើង និងថ្លែងអំណរគុណដល់សប្បុរសជនជាតិ អន្តរជាតិ ដែលបានរួមគ្នាជួយឧបត្ថម្ភគាំទ្រ ដើម្បីការរីកចម្រើននៃកងពលតូចលេខ ៧០ ជាបន្តបន្ទាប់មក៕