នៅរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានទទួលជួបពិភាក្សាការងារជាមួយសាស្ត្រាចារ្យ ក្លាស ស្វាប់ (Klaus Schwab) ប្រធានវេទិកាសេដ្ឋកិច្ចពិភពលោក ។
ក្នុងជំនួបនេះ សាស្ត្រាចារ្យ ក្លាស ស្វាប់ (Klaus Schwab) បានគោរពវាយតម្លៃខ្ពស់ចំពោះការរៀបចំកិច្ចប្រជុំនៅរាជធានីភ្នំពេញ ហើយបានគោរពជម្រាបជូនសម្តេចតេជោថា លោកបានជួបនិស្សិតកម្ពុជា ហើយបានឃើញនូវសក្កដានុពលយ៉ាងខ្លាំងលើយុវជនកម្ពុជា ជាពិសេសគឺចំណាប់អារម្មណ៍របស់ពួកគេលើបដិវត្តន៍ឧស្សាហកម្មទី៤ ក្នុងន័យនេះ សាស្ត្រាចារ្យ ក្លាស ស្វាប់ សូមគោរពសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោនាយករដ្ឋមន្ត្រីចំពោះការអភិវឌ្ឍន៍កម្ពុជាយ៉ាងឆាប់រហ័ស និងសក្កានុពលសម្រាប់ការអភិវឌ្ឍន៍កម្ពុជាកាន់តែខ្លាំងថែមទៀត។
ជាការឆ្លើយតប សម្តេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណជូនចំពោះ សាស្ត្រាចារ្យ ក្លាស ស្វាប់ ដែលបានយល់ព្រមអញ្ជើញមកចែករំលែកធាតុចូលនៅពេលដែលកម្ពុជាកំពុងតែស្តារសេដ្ឋកិច្ចឡើងវិញស្របពេលដែលពិភពលោកកំពុងប្រឈមនឹងបញ្ហាសង្គ្រាមនៅអ៊ុយក្រែន និងបញ្ហាជាច្រើនដ៏ទៃទៀត៕