សុន្ទរកថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីមីទ្ទីងរំឭកខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨.០៦.១៩៥១ – ២៨.០៦.២០២២)

CNV:

សូមក្រាបថ្វាយបង្គំ សម្តេចព្រះសង្ឃរាជ សម្តេចព្រះរាជាគណៈ និងព្រះថេរានុថេរៈគ្រប់ព្រះអង្គ ជាទីសក្ការៈ
គណៈចាងហ្វាងជាន់ខ្ពស់ និងថ្នាក់ដឹកនាំនៃសាសនិកឥស្លាម ថ្នាក់ដឹកនាំនៃគ្រឹះស្ដសាសនិក
សម្តេច ឯកឧត្តម លោកជំទាវ លោក លោកស្រី ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ
សមាជិក សមាជិកានៃអង្គមីទ្ទីង បងប្អូនជនរួមជាតិ ទាំងនៅក្នុងប្រទេស និងនៅក្រៅប្រទេសជាទីគោរពស្រឡាញ់ដ៏ជ្រាលជ្រៅបំផុត!

ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២នេះ ជាថ្ងៃគម្រប់ខួប ៧១ឆ្នាំ នៃការបង្កើតគណបក្សប្រជាជនកម្ពុជា ដែលមានឈ្មោះដើមថា បក្សប្រជាជនបដិវត្តន៍ខ្មែរ មានប្រភពពីចលនាតស៊ូស្នេហាជាតិរបស់ប្រជាជនកម្ពុជាប្រឆាំងពួកអាណានិគមនិយមដើម្បីឯករាជ្យជាតិ។ ចាប់ពីថ្ងៃបដិសន្ធិមក គណបក្សប្រជាជនកម្ពុជាបានរក្សាខ្ជាប់ឥតប្រែប្រួលនូវអត្តសញ្ញាណរបស់ខ្លួន ជាគណបក្សរបស់ប្រជាជន អាស្រ័យដោយប្រជាជន និងដើម្បីប្រជាជន ពុះពារឆ្លងកាត់រាល់ឧបសគ្គនៅគ្រប់ដំណាក់កាល សម្រេចបានសមិទ្ធផលជាប្រវត្តិសាស្រ្តយ៉ាងធំធេងដែលមានអត្ថន័យជ្រាលជ្រៅបំផុតចំពោះការឋិតថេរគង់វង្ស និងចម្រើនរុងរឿង​នៃមាតុភូមិកម្ពុជា។ គឺប្រការនេះហើយដែលធ្វើឱ្យប្រជាជនស្រឡាញ់ ជឿជាក់ និងបោះឆ្នោតគាំទ្រគណបក្សឱ្យដឹកនាំប្រទេសជារៀងរហូតមកទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។

ថ្ងៃនេះ យើងជួបជុំគ្នាដើម្បីប្រារព្ធពិធីដ៏ឧឡារិកនេះឡើង ក្នុងស្មារតីគោរពដឹងគុណដ៏ជ្រាលជ្រៅបំផុតចំពោះបុព្វការីជន ថ្នាក់ដឹកនាំ សមាជិក សមាជិកាគណបក្ស យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់ ដែលបានតស៊ូពុះពារធ្វើពលិកម្មប្រកប​ដោយវីរភាពនៅគ្រប់ដំណាក់កាល ដើម្បីឯករាជ្យ សន្តិភាព សេរីភាព អធិបតេយ្យ បូរណភាពទឹកដី និងវឌ្ឍនភាពរបស់ប្រជាជាតិខ្មែរ។ ពិធីនេះ ក៏ត្រូវបានប្រព្រឹត្តឡើងក្នុងសភាពការណ៍ដែលព្រះរាជាណាចក្រកម្ពុជាបានងើបឡើងវិញពីវិបត្តិជំងឺកូវីដ-១៩ បន្ទាប់ពីរយៈពេល ២ឆ្នាំ នៃការឆ្លងរាតត្បាតនៃជំងឺដ៏កាចសាហាវ នេះហើយកំពុងសម្រេចបានសមិទ្ធផលថ្មីៗទៀត ក្នុងការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម និងក្នុងសភាពការណ៍ដែលទូទាំងប្រទេសកំពុងអបអរសាទរយ៉ាងក្លៀវក្លាចំពោះជោគជ័យនៃការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងទៅ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ទូលព្រះបង្គំយើងខ្ញុំទាំងអស់គ្នា សូមសម្តែងគារវភក្តីភាព និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅបំផុត ថ្វាយព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដែលបាននិងកំពុងគង់ប្រថាប់ក្នុងព្រះបរមសិរីរាជសម្បត្តិ ជាម្លប់នៃប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទី។ សូមថ្វាយព្រះពរព្រះករុណាជាអម្ចាស់ជីវិតលើត្បូង និងសម្តេចព្រះវររាជមាតាជាតិ ជាទីសក្ការៈ សូមមានព្រះរាជសុខភាពល្អបរិបូរណ៍ ព្រះកាយពលមាំមួន ព្រះបញ្ញាញាណភ្លឺថ្លា និងព្រះជន្មាយុយឺនយូរ ដើម្បីគង់ប្រថាប់ជាម្លប់ដ៏ត្រជាក់នៃប្រជារាស្រ្តខ្មែរគ្រប់ៗរូប​ជារៀងដរាប។

អង្គមីទ្ទីង ជនរួមជាតិជាទីគោរពស្រឡាញ់ !
រយៈពេល ៧១ឆ្នាំមកនេះ កម្ពុជាបានឆ្លងកាត់ដំណាក់កាលជាប្រវត្តិសាស្រ្តយ៉ាងច្រើន ទាំងដំណាក់កាលប្រកបដោយមោទនភាពផង ទាំងដំណាក់កាលប្រកបដោយភាពបត់បែន លំបាកស្មុគស្មាញ និងគ្រោះថ្នាក់ជាទីបំផុតផង។ ប៉ុន្តែទោះបីស្ថិតក្នុងកាលៈទេសៈណាក្តីក៏គណបក្សប្រជាជនកម្ពុជានៅតែរក្សាខ្ជាប់នូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដើម្បីកសាង និងការពារប្រទេសកម្ពុជាមួយឯករាជ្យ សន្តិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត និងវឌ្ឍនភាពសង្គម។ ពេលប្រទេសជាតិត្រូវធ្លាក់ទៅក្នុងគ្រោះមហន្តរាយដែលរបបប្រល័យពូជសាសន៍ ប៉ុល ពត បានបង្កឡើង មានតែសមាជិកគណបក្សប្រជាជនកម្ពុជាដ៏បរិសុទ្ធដែលស្មោះត្រង់នឹងគោលបំណង និងឧត្ដមគតិរបស់គណបក្សប៉ុណ្ណោះ ដែលបានក្រោកឈរឡើងធ្វើការតស៊ូ និងប្រមូលផ្ដុំរាល់កម្លាំងស្នេហាជាតិ បង្កើតរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីប្រយុទ្ធផ្តួលរំលំរបបដ៏យង់​ឃ្នងនេះរហូតទទួលបានជ័យជម្នះជាប្រវត្តិសាស្ត្រនៅ ថ្ងៃ៧ ខែមករា ឆ្នាំ១៩៧៩ ដែលបានសង្គ្រោះជាតិឱ្យរស់រានមានជីវិតឡើងវិញទាន់ពេលវេលា នាំយកសិទ្ធិសេរីភាពដែលត្រូវបាត់បង់ទាំងស្រុងក្នុងរបបប៉ុល ពត មកជូនប្រជាជនវិញ បញ្ចប់សករាជដ៏ខ្មៅងងឹតបំផុត ហើយបើកឡើងនូវសករាជថ្មីរបស់កម្ពុជាប្រកបដោយពន្លឺ និងក្តីសង្ឃឹម។ ប្រជាជនកម្ពុជា ទាំងអ្នកធ្លាប់រងទុក្ខវេទនាក្នុងរបបប្រល័យពូជសាសន៍ក៏ដូចយុវវ័យជំនាន់ក្រោយ តែងចងចាំជានិច្ចនូវ​​អត្ថន័យដ៏ធំធេងនៃជ័យជម្នះជាប្រវត្តិសាស្រ្តនេះដែលធ្វើឱ្យយើងមានអ្វីៗនៅថ្ងៃនេះ។ ព្រមជាមួយនេះ លើមូលដ្ឋានជ័យជម្នះ ៧ មករា បក្សប្រជាជនបដិវត្តន៍ខ្មែរក៏ត្រូវបានកសាងឡើងវិញដោយមានឈ្មោះថាបក្សប្រជាជនបដិវត្តន៍កម្ពុជា ​និងបន្ទាប់មកត្រូវបានប្ដូរឈ្មោះថាគណបក្សប្រជាជនកម្ពុជា ដើម្បីធានាការដឹកនាំប្រទេសក្នុងដំណាក់កាលថ្មី។

ក្រោយថ្ងៃជ័យជម្នះ ៧ មករា គណបក្សប្រជាជនកម្ពុជាបានជ្រោងទង់មហាសាមគ្គីជាតិដឹកនាំការស្តារ និង​កសាងប្រទេសឡើងវិញដែលត្រូវចេញដំណើរពីចំណុចសូន្យ និងក្នុងស្ថានភាពដែលមានសន្តិភាពផង និងសង្គ្រាមផងថែមទៀត។ ទោះបីត្រូវប្រឈមមុខនឹងឧបសគ្គរាប់ម៉ឺនជំពូក និងការប៉ុនប៉ងឥតឈប់ឈរពីសំណាក់កម្លាំងអមិត្តដើម្បីផ្ដួលរំលំគណបក្សប្រជាជនកម្ពុជាយ៉ាងណាក្ដី ក៏គណបក្សប្រជាជនកម្ពុជានៅតែឈររឹងមាំជាមួយនឹងការគាំទ្រដ៏ធំធេងពីប្រជាជន ព្រមទាំងការជួយឧបត្ថម្ភពីប្រទេសជាមិត្តជិតឆ្ងាយទាំង​ឡាយ រាំងស្កាត់បានការប៉ុនប៉ងវិលត្រឡប់មកវិញនៃរបបប្រល័យពូជសាសន៍ ស្ដារ និងកសាងជាតិឡើងវិញឱ្យចេញផុតពីដំណាក់កាលដ៏សែនលំបាកបំផុត មកកាន់ដំណាក់កាលពង្រឹងពង្រីកខ្លួនបាន ហើយបន្តធ្វើដំណើរទៅមុខប្រកបដោយជោគជ័យលើមាគ៌ាសន្តិភាព បង្រួបបង្រួមជាតិ ប្រជាធិបតេយ្យ និងអភិវឌ្ឍន៍ ជាពិសេសការបញ្ចប់សង្គ្រាមដ៏រ៉ាំរ៉ៃបង្កើតបានសន្តិភាពពេញលេញ និងការឯកភាពជាតិ ឯកភាពទឹកដីទាំងស្រុង តាមរយៈនយោបាយឈ្នះឈ្នះ ចាប់ពីថ្ងៃទី២៩ ខែធ្នូ ឆ្នាំ ១៩៩៨មក។

ក្រោមពន្លឺនៃសន្តិភាព ប្រជាជនកម្ពុជាសម្រេចបាននូវការផ្លាស់ប្តូរធំៗជាវិជ្ជមានប្រកបដោយមោទន-ភាពបំផុត ជាពិសេសនៅក្នុងវិស័យសេដ្ឋកិច្ច សង្គមកិច្ច។ ការសម្រេចបាន​កំណើនសេដ្ឋកិច្ចខ្ពស់ប្រកបដោយចីរភាពក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ បានធ្វើឱ្យកម្ពុជាចេញផុតពីប្រទេសមានចំណូលទាប ទៅជាប្រទេស​មានចំណូលមធ្យមកម្រិតទាប ហើយកំពុងខិតខំពុះពារសម្រេចនូវចក្ខុវិស័យរបស់ខ្លួន ជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០។ ភាពក្រីក្ររបស់ប្រជាជនត្រូវបានកាត់បន្ថយជាបន្តបន្ទាប់ ជីវភាពរបស់ប្រជាជន​ត្រូវបានលើកកម្ពស់ជាលំដាប់ សន្តិសុខ សណ្ដាប់ធ្នាប់ សុខសុវត្ថិភាពសង្គមមានភាពល្អប្រសើរ លទ្ធិប្រជាធិបតេយ្យចាក់ឫសកាន់តែរឹងមាំក្នុងសង្គមខ្មែរ។ ព្រមជាមួយនោះ កិត្តិយសជាតិក៏ត្រូវបានស្ដារ និងលើកស្ទួយឡើងវិញលើឆាកអន្តរជាតិ កម្ពុជាបាននិងកំពុងចូលរួមដោយស្មើភាព និងស្មើសិទ្ធិក្នុងកិច្ចការអន្តរជាតិនានាទាំងក្របខណ្ឌតំបន់ និងសកល។ បច្ចុប្បន្ន ប្រជាជនយើងកំពុងរស់នៅប្រកបដោយភាពសុខដុមរមនា មានក្តីសង្ឃឹម និងមានឱកាសសម្រាប់មនុស្សគ្រប់រូប ជាពិសេសសម្រាប់ក្មួយៗជាយុវជនជំនាន់ក្រោយ។ សន្តិភាពដែលសម្រេចបានយ៉ាងលំបាកបំផុតដោយខ្មែរខ្លួនឯងនេះ និងសមិទ្ធផលដ៏ធំធេងនៃការស្ដារ កសាង និងអភិវឌ្ឍសង្គមជាតិ បានបញ្ជាក់ច្បាស់នូវសច្ចធម៌មួយ គឺខ្មែរអាចធ្វើបាននូវអ្វីៗគ្រប់យ៉ាង ឱ្យតែយើងមានសាមគ្គីភាព មានភាពជឿជាក់លើបុព្វហេតុរបស់ខ្លួន ហើយរួមគ្នាដើរទៅមុខលើវិថីមួយដ៏ត្រឹមត្រូវ។ និយាយរួម​​មករាល់សមិទ្ធផលដែលគណបក្សបានសម្រេចជូនជាតិក្នុងរយៈពេល ៤៣ឆ្នាំ មកនេះ គឺអាស្រ័យដោយគណបក្សមានភាពត្រឹមត្រូវខាងនយោបាយ មានការគាំទ្រពេញទំហឹងពីប្រជាជន មានរចនាសម្ព័ន្ធរឹងមាំ និងធនធានមនុស្សប្រកបដោយគុណធម៌ និងសមត្ថភាព មានសាមគ្គីភាពឯកភាពផ្ទៃក្នុងរឹងមាំ និងរបៀបរបបធ្វើការងារត្រឹមត្រូវ។ ប៉ុន្តែក្នុងដំណើរទៅមុខទៀត យើងក៏មិនត្រូវភ្លេចនូវសោកនាដកម្ម ការបែកបាក់ព្រាត់ប្រាស និងការបាត់បង់ដ៏ធំធេងដែលប្រជាជាតិយើងបានជួបប្រទះពីអតីតកាលនោះឡើយ។ លើមូលដ្ឋាននេះ យើងត្រូវរួបរួមគ្នាក្នុងធ្លុងសាមគ្គីជាតិតែមួយ ដើម្បីរក្សាឱ្យបាននូវសមិទ្ធផលធំៗ ដែលយើងសម្រេចបានមកដោយលំបាកបំផុតនេះ ដោយមិនត្រូវភ្លេចខ្លួន ដើរជាន់ដានប្រវត្តិសាស្ត្រដ៏ខ្មៅងងឹតទោះដោយចេតនា​ ឬដោយអចេតនាក្ដី។ ក្នុងន័យនេះ គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក និងមន្ត្រីគណបក្សគ្រប់រូប ត្រូវបង្កើនការខិតខំបំពេញភារកិច្ចរបស់ខ្លួនឱ្យបានល្អ ជាពិសេស ត្រូវអនុវត្តគោលការណ៍ និងអភិក្រមនានានៃការកែទម្រង់របស់គណបក្ស ដើម្បីធ្វើឱ្យគណបក្សនៅតែរឹងមាំទាំងខាងនយោបាយ សតិអារម្មណ៍ និងចាត់តាំង ហើយទទួលបានការស្រឡាញ់គាំទ្រពីប្រជាជនជានិច្ច។

អង្គមីទ្ទីង ជនរួមជាតិជាទីគោរពស្រឡាញ់!
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២កន្លងទៅនេះដែលមានគណបក្សនយោបាយចំនួន ១៧ ចូលរួម បានប្រព្រឹត្តទៅដោយជោគជ័យក្នុងបរិយាកាស​នយោបាយ អព្យាក្រឹត សេរី និងសុខសុវត្ថិភាព។ ប្រជាពលរដ្ឋដ៏ច្រើនកុះករបានទៅបោះឆ្នោតតាមការិយាល័យនីមួយៗ ប្រកប​ដោយភាពថ្លៃថ្នូរ សប្បាយរីករាយ និងតាមឆន្ទៈរបស់ខ្លួន ដើម្បីជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ឱ្យបន្តដឹកនាំក្នុងមូលដ្ឋានរបស់ខ្លួន។ ការបោះឆ្នោតនេះ ត្រូវបានអ្នកសង្កេតការណ៍ជាតិ អ្នកសង្កេតការណ៍អន្តរជាតិ ក៏ដូចប្រជាជនទូទាំងប្រទេសវាយតម្លៃថា ជាការបោះឆ្នោតដោយសេរី ត្រឹមត្រូវ និងយុត្តិធម៌ពិតប្រាកដ។ ជោគជ័យនៃដំណើរការបោះឆ្នោតនេះ គឺជាសមិទ្ធផលជាប្រវត្តិ​សាស្រ្តថ្មីមួយទៀតរបស់ប្រជាជនកម្ពុជា ក្នុងការពង្រឹងសន្តិភាព ពង្រឹងមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យ និងជំរុញដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ច សង្គម ឱ្យបានកាន់តែលឿនខ្លាំងក្លាថែមទៀត ជាពិសេសការអភិវឌ្ឍនៅមូលដ្ឋាន។

ជ័យជម្នះដ៏ត្រចះត្រចង់របស់គណបក្សប្រជាជនកម្ពុជាក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ នេះ កាន់តែបានបង្ហាញឱ្យឃើញច្បាស់ថា ប្រជាជនកម្ពុជាត្រូវការចាំបាច់នូវតួនាទីដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាទាំងនៅថ្នាក់ជាតិ ទាំងនៅថ្នាក់មូលដ្ឋាន ឃុំ ភូមិ សង្កាត់។ តាមរយៈជ័យជម្នះនេះ នឹងធ្វើឱ្យគណបក្សប្រជាជនកម្ពុជា​មាន​មូលដ្ឋានកាន់តែរឹងមាំសម្រាប់ឈានទៅដណ្តើមជ័យជម្នះក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ នៅឆ្នាំ២០២៣ខាងមុខ ហើយបានធ្វើឱ្យបរាជ័យនូវឧបាយកល និងសកម្មភាពប្រទូសរ៉ាយទាំងឡាយរបស់ពួកប្រឆាំងជ្រុលនិយម និងពួកអគតិដែលដើរផ្ទុយពីឆន្ទៈ និងផលប្រយោជន៍របស់ប្រជាជន។ ក្នុងនាមគណៈអចិន្រ្តៃយ៍នៃគណៈកម្មាធិការ-កណ្តា​ល សម្ដេចប្រធានកិត្តិយសគណបក្ស និងខ្លួនខ្ញុំផ្ទាល់ សូម​សម្តែងការគោរព និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនសមាជិក សមាជិកាគណបក្ស យុវជន យុវនារី បងប្អូនជនរួមជាតិនៅគ្រប់ទិសទី ដែលមានជំនឿមុតមាំលើការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ហើយបានបោះឆ្នោតគាំទ្រគណបក្សប្រជាជនកម្ពុជាយ៉ាងច្រើនលើសលប់។ ឆ្លើយតបទៅនឹងជំនឿទុក​ចិត្តនេះ គណបក្សសូមប្តេជ្ញាខិតខំប្រឹងប្រែងពេញទំហឹងដើម្បីអនុវត្តគោលនយោ​បាយអភិវឌ្ឍន៍ឃុំ សង្កាត់ ឆ្នាំ២០២២-២០២៧ ដែលបានប្រកាសជូនបងប្អូនជនរួមជាតិរួចហើយនោះ ឱ្យបានសម្រេចជោគជ័យ ធ្វើឱ្យឃុំ សង្កាត់នៅទូទាំងប្រទេស កាន់តែមានការរីកចម្រើនឡើងលើគ្រប់វិស័យ ប្រជាជនមានជីវភាពកាន់តែធូរធារ ហើយបន្តរស់នៅយ៉ាងសុខដុមរមនាទាំងក្នុងគ្រួសារ ក្នុងសហគមន៍ ក៏ដូចសង្គមជាតិទាំងមូល។

ខ្ញុំក៏សូមយកឱកាសនេះ ថ្លែងអំណរគុណយ៉ាងក្រៃលែងចំពោះក្រុមការងាររបស់គណបក្សចុះមូលដ្ឋាន គណៈកម្មាធិការនៃគណបក្សគ្រប់ថ្នាក់ គ្រប់ផ្នែក មន្ត្រី និងសកម្មជនរបស់គណបក្សទាំងអស់ដែលបានយកអស់កម្លាំងកាយ កម្លាំងចិត្ត លះបង់ពេលវេលា និងធនធានរបស់ខ្លួនធ្វើការបម្រើប្រជាជន និងអនុវត្តរាល់ភារកិច្ចដើម្បីបុព្វហេតុរបស់គណបក្ស។ គឺផ្ដើមពីសកម្មភាពទាំងនេះហើយ ដែលធ្វើឱ្យគណបក្សយើងទទួលបានជ័យជម្នះ ហើយយើងនឹងទទួលបានជ័យជម្នះបន្តទៀត។

នៅលើផ្លូវឆ្ពោះទៅមុខទៀត គណបក្សប្រជាជនកម្ពុជាបន្តប្រកាន់ខ្ជាប់នូវគោលការណ៍សាមគ្គីប្រជាជាតិទាំងមូលក្រោមដំបូលរដ្ឋធម្មនុញ្ញ និងអង្គព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាទីសក្ការៈដ៏ខ្ពង់ខ្ពស់បំផុតដើម្បីការពារឯករាជ្យ អធិបតេយ្យ បូរណភាពទឹកដីឱ្យបានគង់វង្ស បន្តអភិវឌ្ឍសេដ្ឋកិច្ច សង្គមឱ្យមានការរីកចម្រើនដូចអរិយប្រទេសនានានៅក្នុងតំបន់ ជាសង្គមប្រកបដោយភាពសុខដុមរមនា និងសេចក្តីស្រឡាញ់ ដោយគ្មានការកើតឡើងវិញជាថ្មីនូវអំពើប្រល័យពូជសាសន៍ សង្គ្រាម និងការបែកបាក់ផ្ទៃក្នុងជាតិដូចពេលមុនទៀត។

គណបក្សប្រជាជនកម្ពុជា និងប្រជាជនកម្ពុជាទាំងមូល ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ និងសន្តិសុខរបស់ជាតិ ដែលជាលក្ខខណ្ឌជាសារវន្តដើម្បីធានានូវជីវភាពដ៏សុខសាន្តរបស់ប្រជាជនប្រកបដោយសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូរ និងការអភិវឌ្ឍសេដ្ឋកិច្ច សង្គមប្រកបដោយចីរភាព មិនឱ្យអនុភាពប្រតិកិរិយាណា ទោះបីជាអសិរពិសយ៉ាងណាក៏ដោយមកបំផ្លាញបានឡើយ។ ជាមួយគ្នានេះ យើងបន្តចូលរួមយ៉ាងសកម្មដើ​ម្បីបុព្វហេតុសន្តិភាព ស្ថិរភាព សន្តិសុខ និងការប្រយុទ្ធប្រឆាំងនឹងបញ្ហាប្រឈមនានារបស់តំបន់ និងពិភពលោក។

គណបក្សប្រជាជនកម្ពុជា បន្តដើរទៅមុខឥតងាករេលើមាគ៌ាប្រជាធិបតេយ្យសេរី ពហុបក្ស និងនីតិរដ្ឋដែលស្របទៅនឹងបរិបទនៃសង្គមកម្ពុជា និងឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាជន។ ព្រមជាមួយនេះ គណបក្សបដិសេធនូវរាល់សកម្មភាពទាំងឡាយទោះចេញពីប្រភពណាក្ដីដែលប៉ុនប៉ងនាំកម្ពុជាឱ្យឃ្លាតចេញពីម៌ាគានេះ ឬកៀបសង្កត់មកលើអធិបតេយ្យរបស់កម្ពុជា។

គណបក្សប្រជាជនកម្ពុជាបន្តពង្រឹងកិច្ចសហការយ៉ាងស្មោះសរជាមួយបណ្តាគណបក្សនយោបាយ អង្គការសង្គមស៊ីវិលនានា និងមជ្ឈដ្ឋានផ្សេងៗទៀតក្នុងសង្គម ដែលមានភាពស្មោះត្រង់ និងសុឆន្ទៈពិតប្រាកដ ក្នុងគោលបំណងថែរក្សានូវបរិយាកាសនយោបាយល្អប្រសើរប្រកប​ដោយចីរភាព ជាពិសេសបរិយាកាសឆ្ពោះទៅកាន់ការបោះឆ្នោតជាតិ នីតិកាលទី៧ នាឆ្នាំ២០២៣ខាងមុខ និងបង្កើនជំនឿទុកចិត្តរបស់អ្នកវិនិយោគទុ​នទាំងក្នុង និងក្រៅប្រទេស ដើម្បីបន្តជំរុញការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ជីវភាពរបស់ប្រជាជន។

អង្គមីទ្ទីង ជនរួមជាតិជាទីគោរពស្រឡាញ់ !
រយៈពេលជាងពីរឆ្នាំមកនេះ វិបត្តិនៃការផ្ទុះឡើងជំងឺកូវីដ-១៩ បានជះឥទ្ធិពលយ៉ាងធ្ងន់ធ្ងរដល់ពិភពលោកទាំងមូល ដោយពុំមានប្រទេសណាមួយអាចគេចផុតបានឡើយ ក្នុងនោះ ព្រះរាជាណាចក្រកម្ពុជាយើងក៏ទទួលរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដែរ។ ប៉ុន្តែដោយមានការដឹកនាំដ៏ត្រឹមត្រូវ និងឈ្លាសវៃ មានការចូលរួមដ៏សកម្មពីប្រជាជន និងពីគ្រប់កម្លាំងក្នុងសង្គម ព្រមទាំងការជួយឧបត្ថម្ភគាំទ្រពីសហគមន៍អន្តរជាតិ យើងអាចគ្រប់គ្រង និងដោះស្រាយវិបត្តិនេះបានយ៉ាងល្អប្រសើរ ការពារអាយុជីវិតប្រជាជនមិនឱ្យធ្លាក់ក្នុងជ្រោះមរណៈ រក្សាបានលំនឹងសេដ្ឋកិច្ច និងជីវភាពរស់នៅ ហើយបង្កភាពអនុគ្រោះឱ្យយើងអាចដំណើរការបើកប្រទេសឡើងវិញលើគ្រប់វិស័យបានចាប់ពីចុងឆ្នាំ ២០២១ មក។ ដោយហេតុនេះ ទើបនៅថ្ងៃនេះយើងអាចធ្វើមីទ្ទីងរំឭកខួបទី ៧១ របស់គណបក្សបានយ៉ាងឧឡារិកក្នុងបរិវេណនៃវិមាន ៧មករា នេះប្រកបដោយសុវត្ថិភាព។ យើងមានជំនឿយ៉ាងមុតមាំថា យើងនឹងអាចជម្នះនូវផលវិបាកផ្នែកសេដ្ឋកិច្ច និងសង្គមកិច្ច ដែលបង្កឡើងដោយជំងឺកូវីដ-១៩ ទោះបីជំងឺនេះមិនទាន់រលាយសាបសូន្យពីផែនដីនេះក៏ដោយ។ ជាក់ស្ដែង កំណើនសេដ្ឋកិច្ចកម្ពុជាបានវិលមកកាន់កំណើនវិជ្ជមានវិញ ហើយរំពឹងថានឹងកាន់តែមានភាពប្រសើរឡើងថែមទៀតនៅឆ្នាំ ២០២២ នេះ និងឆ្នាំ ២០២៣ ខាងមុខ។ ប៉ុន្តែ ដើម្បីបន្តយកឈ្នះលើការរាតត្បាតនៃជំងឺកូវីដ-១៩ សូមបងប្អូនជនរួមជាតិយកចិត្តទុកដាក់បន្តការពារខ្លួនតាមវិធានការសុវត្ថិភាពដែលរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានដាក់ចេញ ជាពិសេសសូមអញ្ជើញទៅចាក់វ៉ាក់សាំងដូសទី៣ ដូសទី៤ និងបន្តទៅដូសទី៥ឱ្យបានគ្រប់ៗគ្នា។

នៅក្នុងឱកាសនេះដែរ ក្នុងនាមប្រជាជនកម្ពុជា ខ្ញុំសូមថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះបណ្តា​ប្រទេសជាមិត្ត ដៃគូអភិវឌ្ឍន៍ និងអង្គការអន្តរជាតិនានា ដែលបានរួមវិភាគទានយ៉ាងថ្លៃថ្លាជួយឧបត្ថម្ភគាំទ្រចំពោះបុព្វហេតុដ៏ត្រឹមត្រូវរបស់ប្រជាជនកម្ពុជា និងកំពុងបន្តពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការល្អប្រកប​ដោយផ្លែផ្កាជាមួយព្រះរាជាណាចក្រកម្ពុជា ដែលជាការរួមចំណែកដ៏សំខាន់មិនអាចខ្វះបាន ដើម្បីសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។

ជាទីបញ្ចប់ ជាមួយនឹងអំណរសាទរខួបទី ៧១ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ទូលព្រះបង្គំ ខ្ញុំព្រះករុណាខ្ញុំ សូមថ្វាយព្រះពរ ប្រគេនពរ សម្តេចព្រះសង្ឃរាជ ព្រះរាជាគណៈ ព្រះថេរានុថេរៈគ្រប់ព្រះអង្គ និងសូមប្រសិទ្ធពរជូនសម្តេច ឯកឧត្តម លោកជំទាវ គណៈដឹកនាំសាសនិកឥស្លាម និងគ្រឹស្ដសាសនិក ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិ សមាជិក សមាជិកានៃអង្គមីទ្ទីង និងបងប្អូនជនរួមជាតិទាំងនៅក្នុងប្រទេស ទាំងនៅក្រៅប្រទេស សូមបានប្រកបនូវពុទ្ធពរ និងពរទាំងប្រាំប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈកុំបីឃ្លៀងឃ្លាតឡើយ៕

សូមអរព្រះគុណ សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ