សម្រង់ប្រសាសន៍ សម្តេចតេជោ ហ៊ុន សែន៖ សារសំឡេងពិសេសផ្ញើជូនជនរួមជាតិពាក់ព័ន្ធស្ថានភាពកូវីដ-១៩ នៅ កម្ពុជាដែលបានកំពុងរីករាលដាលខ្លាំងឡើងៗ

CNV:8 ខែ​មីនា, 2021

បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់

ថ្ងៃនេះ សភាពការណ៍ក្នុងប្រទេសយើងពិតជាមិនធម្មតា។​​ រហូតមកដល់ម៉ោងនេះ ការរកឃើញអ្នកឆ្លងថ្មី កូវីដ-១៩ រហូតដល់ ៤៩ នាក់ គិតតែនៅទី​ក្រុង​ភ្នំពេញ ខេត្ដព្រះសីហនុ និងមកពីខេត្តព្រៃវែង និងអាចមានផ្នែកខ្លះនៅក្នុងខេត្តកណ្ដាលតែប៉ុណ្ណោះ​។ សភាពការណ៍នេះ បានដាក់ចេញជាចំណោទធំៗសម្រាប់យើងក្នុងការបន្ដជំហាន​ប្រយុទ្ធ​ជាមួយជំងឺដ៏កាចសាហាវនេះ​។ ក្នុងស្ថានភាពបែបនេះ ខ្ញុំសូមអំពាវនាវផង និងចេញបញ្ជាផង។​

ការចេញបទបញ្ជា គឺសុំឲ្យស្ថាប័ននីមួយរបស់រាជរដ្ឋាភិបាល និងសុំអំពាវនាវស្ថាប័ននីតិបញ្ញតិ្ដ សុំផ្អាកបណ្ដោះអាសន្ននៅស្ថាប័ន​​​ តែយ៉ាងហោចណាស់យើងត្រូវមានមនុស្សធ្វើការតិចតួច ដោយ(ឲ្យ)មនុស្សភាគច្រើនធ្វើការតាមផ្ទះ ក្នុងរយៈពេលយ៉ាងតិច ៧ ថ្ងៃ។ ក្រោយ ៧ ថ្ងៃ ខ្ញុំព្រះ​ករុណាខ្ញុំនឹងជូនដំណឹងទៅស្ថាប័នទាំងនោះ។ ធ្វើយ៉ាងដូច្នេះ យើងនឹងប​ញ្ចៀសបាននូវហានិភ័យ ដែលយើងមិនទាន់ស្គាល់នូវអ្នកដែលមានការពាក់ព័ន្ធ ព្រោះមានការច្របូកច្របល់ខ្លាំងណាស់​នៅពេលនេះ។ មានការឆ្លងនៅក្នុងក្របខណ្ឌនគរបាល មន្ដ្រីរាជការ រហូតដល់សិល្បករ សិល្បការិនីផងដែរ។ ដូចនេះ ការបិទស្ថាប័នជាបណ្ដោះអាសន្ននេះ មិនមែនជាការបិទទាំងស្រុង​ទេ​ ក៏ប៉ុន្ដែសុំឲ្យកាត់បន្ថយចំនួនមនុស្សយ៉ាងតិច ៩០% ហើយមានមនុស្សមួយចំនួនតួចតែប៉ុណ្ណោះ​ ដែលនៅប្រចាំការធ្វើការតាមស្ថាប័ន។ សម្រាប់វិស័យឯកជន ខ្ញុំសូមស្នើឲ្យមានការយកចិត្តទុកដាក់ បើអាចធ្វើបានសុំកាត់បន្ថយបុគ្គលិក​(មកធ្វើការ ដោយ)ផ្លាស់ប្ដូរវេនគ្នា ដើម្បីបញ្ចៀសភាពកកកុញរបស់មនុស្សនៅតាមកន្លែងធ្វើការ​ផង ​និងតាមផ្លូវផង។

ខ្ញុំសូមអំពាវនាវក្រុមគ្រួសារ សុំកុំអោយកូនៗ ចេញក្រៅផ្ទះ គ្រប់គ្រងកូនឲ្យនៅក្នុង​ផ្ទះ សម្រាប់មនុស្សចាស់ មនុស្សពេញវ័យ ប្រសិនមិនមានការចាំបាច់ទេ កុំចេញក្រៅផ្ទះ ហើយបើចេញ​ក្រៅផ្ទះសូមពាក់ម៉ាស់ឲ្យបានម៉ត់ចត់ ព្រោះពេលនេះ យើង​មិនដឹងថាជំងឺ​ពិតប្រាកដ​នៅ​កន្លែងណា​ នេះជាបញ្ហាប្រឈមដ៏ធំ។ ខ្ញុំគិតថា នេះជាវិធានការចាំបាច់ដើម្បីការ​ពារ​នូវ​សុខភាពបុគ្គលម្នាក់ៗ ក៏ដូចជាក្រុមគ្រួសារនី​មួយៗ ព្រមទាំងសង្គមជាតិរបស់យើងផងដែរ។​ ពិតមែនហើយ នៅសល់ច្បាប់មួយដែលព្រឹទ្ធសភាមិនទាន់បានអនុម័ត។ ខ្ញុំស្នើឯកឧត្តម​​ប្រធាន​ព្រឹទ្ធ​សភាស្ដីទី រកវិធីណាដើម្បីឲ្យច្បាប់ដែលសភាអនុម័តនោះចូលជាធរមាន អាចបើកការប្រជុំតាម​អនឡាន ហើយមានការជួបជុំក្នុងទម្រង់ដែលមានមនុស្សតិចតាមដែលអាចធ្វើទៅបាន ព្រោះច្បាប់នេះ វាត្រូវការបន្ទាន់។ យើង​មិនអាចប្រើច្បាប់ក្នុងគ្រាអាសន្នសម្រាប់សភាពការណ៍នេះ​ទេ​ តែយើងត្រូវការច្បាប់គ្រប់គ្រង ទាក់ទងជាមួយកូវីដ-១៩ និងជំងឺដ៏កាចសាហាវផ្សេងទៀត។

ខ្ញុំសូមយកឱកាសនេះធ្វើការអំពាវនាវ សូមផ្អាករាល់ការជួបជុំទាំងឡាយដែលមិនមានការ​ចាំបាច់។ ​ខ្ញុំសូមអរគុណចំពោះបងប្អូនដែលបានផ្អាកនូវពិធីអាពាហ៍ពិពាហ៍ ឬក៏ធ្វើអាពាហ៍ពិពាហ៍តែ​បន្ថយចំ​នួនមនុស្សដែលធ្វើឲ្យហានិភ័យមានការធ្លាក់ចុះ ប៉ុន្តែសភាពការណ៍នៅពេលនេះទាមទារឲ្យមានការប្រុងប្រយ័ត្នលើសមុន ហើយអ្វីដែលមិនចាំបាច់ ហើយវាមិនទាន់ចាំបាច់ និងអាចផ្អាកបាន គប្បីផ្អាក គប្បីពន្យារ រង់ចាំធ្វើពេលក្រោយក៏មិនទាន់យឺតពេលដែរ។ នេះជាសភាពការណ៍ដ៏បន្ទាន់ហើយដែលត្រូវយកចិត្តទុក ដាក់កុំឲ្យជំងឺនេះសាយភាយចេញក្រៅ។ សុំឲ្យខេត្តព្រះសីហនុធ្វើការរឹតត្បិតបន្ថែមទៀតទៅលើការចេញចូលរបស់មនុស្សចរាចរណ៍របស់មនុស្ស ប៉ុន្តែមិនត្រូវធ្វើឲ្យមានការរាំងស្ទះទៅលើការដឹកទំនិញចេញ ដឹកទំនិញចូលនោះទេ ព្រោះជាច្រកសេដ្ឋកិច្ចតែមួយគត់របស់យើងសម្រាប់ការនាំចេញតាមផ្លូវទឹក។ ការធ្វើដំណើរការដឹកជញ្ជូនទំនិញ ទាំងទំនិញក្នុងប្រទេស និងទំនិញឆ្លងកាត់ព្រំដែននៅតែត្រូវធ្វើជាធម្មតា ដើម្បីបន្តជម្រុញទៅលើការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ពិសេសគឺពាណិជ្ជកម្មទ្វេភាគី​រវាងប្រទេសយើងជាមួយប្រទេសជិតខាង ក៏ដូចជាប្រទេសយើងជាមួយនឹងប្រទេសដទៃទៀត។

អ្វីដែលជាការខិតខំរបស់យើងគឺត្រូវនៅបន្ត ហើយអ្វីដែលខ្ញុំប្រកាសជូនជាបទបញ្ជានេះ គឺធ្វើឡើងសម្រាប់តែស្ថាប័នស៊ីវិលតែប៉ុណ្ណោះ សម្រាប់កងកម្លាំងប្រដាប់អាវុធ ទាំងកងទ័ព ទាំងនគរបាល ទាំងអាវុធហត្ថនៅធ្វើប្រតិបត្តិការធម្មតា។ ក្រុមគ្រូពេទ្យនៅធ្វើប្រតិបត្តិការធម្មតា។ ការបន្ថយចំនួនមនុស្សធ្វើការនៅតាមស្ថាប័ននេះ គឺមិនសំដៅឆ្ពោះទៅរកកម្លាំងប្រដាប់អាវុធ និងក្រុមគ្រូពេទ្យនោះទេ។ ត្រូវទាក់ទងជាមួយបុគ្គលិកធ្វើការនៅក្រសួងសុខាភិបាល គឺគប្បីកាត់បន្ថយឲ្យនៅសល់ចំនួនតូច ក៏ប៉ុន្តែក្រុមគ្រូពេទ្យមិនអាចបំព្រួញបានទេ ដោយសារតែនៅទីក្រុងភ្នំពេញខេត្តកណ្តាល ក្រុងព្រះសីហនុ សាលារៀនបានបិទទៅហើយនោះ។ ដូច្នេះ ចំនួនសិស្សសាលា លោកគ្រូអ្នកគ្រូ ហើយយើងបូកបន្ថែមដោយមន្រ្តីរាជការគ្រប់ស្ថាប័នមិនទៅបំពេញការងារទៀត នឹងធ្វើឲ្យតាមដងផ្លូវរបស់យើងមានការស្រឡះល្អ មិនកកកុញទៅដោយមនុស្ស។

សម្រាប់ទីផ្សារ និងរោងចក្រ យើងមិនប្រកាសបិទនោះទេ ព្រោះមិនទាន់មានហានិភ័យទៅដល់កន្លែងនោះទេ តែសុំឲ្យបង្កើនការប្រុងប្រយ័ត្ន ជាមួយនឹងការការពារនៅតាមបណ្តារោងចក្រ ដោយធ្វើការវាស់កំដៅ អាល់កុលលាងដៃ និងការតាមដានសុខមាលភាពរបស់កម្មករជាប្រចាំ។ នៅតាមទីផ្សារ គឺត្រូវតែយកចិត្តទុកដាក់ពិនិត្យទៅលើស្ថានភាពដែលបាននិងកំពុងកើត ហើយក៏ពិនិត្យទៅលើអ្នកទៅលក់ អ្នកដែលត្រូវទៅទិញផងដែរ។ នេះជាភាពបន្ទាន់មួយទៀត ដែលយើងត្រូវដោះស្រាយ។ គិតត្រឹមម៉ោងប៉ុណ្ណេះយើងមាន ៤៩ នាក់ ដែលឆ្លង តើយើងនឹងមានអ្នកនៅឆ្លងប៉ុន្មានទៀត? ដោយសារតែម៉ាស៊ីននៅវិទ្យាស្ថានប៉ាស្ទ័រកំពុងតែដំណើរការ ហើយនៅវិទ្យាស្ថានសុខភាពសារធារណៈក៏នៅតែកំពុងដំណើរការដូច្នេះសភាពការណ៍នេះចាត់ទុកថាភាពធ្ងន់ធ្ងរមួយសម្រាប់យើង។

ខ្ញុំមិននិយាយទៅដល់ការបិទខេត្តព្រៃវែងទេ ក៏ប៉ុន្តែសុំឲ្យអភិបាលខេត្តព្រៃវែងពិនិត្យអំពីស្ថានភាពនៅតំបន់កើតហេតុទៅលើគ្រូពេទ្យម្នាក់ដែលបានឆ្លងជំងឺ ហើយបានឆ្លងថែម ១១ នាក់ នៅព្រៃវែង តើគប្បីត្រូវបិទសាលារៀននៅក្នុងតំបន់នោះឬទេ? ខ្ញុំទុកលទ្ធភាពនេះឲ្យឯកឧត្តមអភិបាលខេត្តព្រៃវែង ធ្វើការពិនិត្យជាក់ស្តែងតើគប្បីបិទឬយ៉ាងណានៅក្នុងតំបន់នោះ។ ពិតមែនហើយច្បាស់ជាមានការបិទ នូវផ្នែកខ្លះ ក៏ប៉ុន្តែដោយសារមានការឆ្លងរហូតទៅដល់ ១១ នាក់ក្នុងថ្ងៃនេះ ពីគ្រូពេទ្យម្នាក់ដែលមានរោគឆ្លងពីតំបន់ N8 ក៏ត្រូវយកចិត្តទុកដាក់ថា តើគួរនឹងបិទតំបន់ផ្ទុះមួយនៅព្រៃវែងដែលបណ្តាលពីគ្រូពេទ្យម្នាក់ និងឆ្លងដល់ ១១ នាក់ គិតត្រឹមពេលនេះឬទេ។

នេះជាការអំពាវនាវដ៏ទទូចហើយសុំឲ្យបងប្អូនប្រជាពលរដ្ឋរបស់យើងយកចិត្តទុកដាក់ យើងត្រូវឲ្យមានស្មារតីប្រុងប្រយ័ត្នជាប់ជានិច្ចទោះបីថាជំងឺនេះវាកើតហើយវាមិនទាន់ស្លាប់ភ្លាមៗ ក៏ប៉ុន្តែក្នុងករណីដែលវាកើតហើយនោះ វាមិនដឹងថាតើវាបំផ្លាញយើងដល់កម្រិតណានោះទេ។ ការមិនឲ្យកើតជំងឺគឺជារឿងល្អបំផុត នេះជាអ្វីដែលខ្ញុំចង់និយាយបន្ទាន់ហើយសូមឲ្យគ្រប់ផ្នែកសារព័ត៌មានបន្តការផ្សព្វផ្សាយនូវសារសំលេងរបស់ខ្ញុំនេះឲ្យបានឆាប់តាមដែលអាចធ្វើទៅបាន។ សូមអរគុណ៕

 

 

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សេចក្តីប្រកាសព័ត៌មាន ស្តីពី លទ្ធផលនៃការអញ្ជើញចូលរួមកិច្ចប្រជុំកំពូលមហាអនុតំបន់មេ...

េះជាដំណើរទស្សនកិច្ចក្រៅប្រទេស លើកទី១៧ របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ក្នុងនាមជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា