សម្រង់​ប្រសាសន៍ សម្តេច​តេជោ ហ៊ុន សែន នៅព្រំដែន​កម្ពុជា-វៀតណាម ដែលជាទីតាំង​ស្លាក​ស្នាម​អនុស្សាវរីយ៍នៃ​ដំណើរឆ្ពោះ​ទៅផ្តួល​រំលំរបបប្រល័យ​ពូជសាសន៍ ប៉ុល ពត (២)

CNV: 21 ខែ​មិថុនា, 2017

ត្រៀមធ្វើអត្តឃាត មិនឲ្យ ប៉ុល ពត សម្លាប់ បើសិនវៀតណាមមិនជឿ ហើយបញ្ជូនមកវិញ

ទីតាំងដែលខ្ញុំចាកចេញគឺនៅខាងនោះ ប៉ុន្តែយើងយកកន្លែងនេះធ្វើជានិមិត្តរូប។ នៅទីកន្លែងនេះហើយដែលខ្ញុំ ងាកបែរក្រោយ ហើយគិតក្នុងចិត្តថា អាយុ ១៣ ឆ្នាំ បែកពីគ្រួសារ ដោយអត់សាលារៀន អាយុ ២៥ ឆ្នាំត្រូវ​បែក​ពីស្រុកកំណើត ពីប្រទេស។ នេះជាការមើលមកក្រោយដ៏ឈឺចាប់បំផុត។ មុនមកដល់ទីនេះ សំណួរចាក់​ស្រេះសម្រាប់ខ្លួនខ្ញុំ ក៏អាចថាអ្នករួមដំណើរជាមួយខ្ញុំផងដែរ។ ពេលនេះ ២ នាក់ បានស្លាប់ទៅហើយ ហើយ ២ នាក់នៅរស់នៅឡើយ។ សម្រាប់ខ្ញុំ ខ្ញុំគិតថា តើខ្ញុំអាចស្លាប់ដោយគេបាញ់សម្លាប់នៅតាមផ្លូវ ឬស្លាប់ដោយ​ការ​ផ្ទុះ​មីន ឬត្រូវវៀតណាមចាប់បញ្ជូនត្រឡប់មក ប៉ុល ពត វិញ ឬត្រូវជាប់គុក ឬវៀតណាមមិន​ជឿយ៉ាង​ណា​នោះ។ សួរថា ហេតុអ្វីបានជាខ្ញុំជំនះឆ្លងកាត់ទល់ដែន ដើម្បីទៅរកប្រទេសវៀតណាម ក្នុងពេលដែល​កន្លែង​មួយ​ចំនួន ប៉ុល ពត បានវាយប្រហារទៅលើវៀតណាមរួចស្រេចហើយក៏ដោយ រាប់ទាំងម្តុំទន្លេចាម ដែលជា​ការ​រំកិលបង្គោលព្រំដែនមួយចូលទៅក្នុងទឹកដីវៀតណាម។ ខ្ញុំជំនះឆ្លងកាត់ចូលទៅក្នុងប្រទេសវៀតណាម ក្នុង​ពេលដែលជម្លោះប្រដាប់អាវុធបង្កដោយពួក ប៉ុល ពត បានបង្កើតជាហូរហែ ក្នុងពេលដែលវៀតណាម​កំពុង​មាន​ទំនាក់ទំនងជាមួយកម្ពុជាប្រជាធិបតេយ្យរបស់ ប៉ុល ពត។ ខ្ញុំបានត្រៀមបម្រុងម្ជុល ១២ ដើម្បីត្រៀមធ្វើ​អត្ត​ឃាត​ បើសិនជាវៀតណាមចាប់បញ្ជូនខ្ញុំមក ប៉ុល ពត។ ម្ជុលនោះទើបនឹងបាត់​ក្រោយចុះ​ហត្ថ​លេខា​កិច្ច​ព្រម​ព្រៀងទីក្រុងប៉ារីស ដែលខ្ញុំត្រូវរើ​ផ្ទះ មិនដឹងថាម្ជុលនៅទីណា កំពុងស្វែងរក។ ការធ្វើអត្តឃាត​គឺជា​ជម្រើស​ចុង​ក្រោយ នៅពេលដែលវៀតណាមមិនព្រមទទួល ហើយចាប់បញ្ជូនខ្ញុំមកកម្ពុជា។

មិនអាចនាំកម្លាំងធំចូលទឹកដីវៀតណាមបានទេ

… បើទោះបីដឹងថា មានរឿងរ៉ាវបានកើតឡើងបង្កដោយពួក ប៉ុល ពត និងវៀតណាមក៏ធ្លាប់​បញ្ជូនជន​ជាតិ​កម្ពុជា​ត្រឡប់មក ប៉ុល ពត វិញ ហើយស្លាប់ តែយើងនៅតែជំនះ។ ការតាំងចិត្តមួយនេះ វាបាននាំ​មកនូវ​ផល​ប្រ​យោជន៍ធំណាស់សម្រាប់កម្ពុជា។ ថ្នាក់ដឹកនាំវៀតណាមទទួលបានព័ត៌មាននេះ ការចាកចេញពីកោះថ្មមក​ដល់​កន្លែងនេះ។ យើងធ្វើដំណើរអម្បាញ់មិញត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ យើងបានមកដល់។ ក៏ប៉ុន្តែ រាត្រីថ្ងៃទី ២០ (៤០ ឆ្នាំមុន) នៅពេលដែលចាកចេញពីបន្ទាយ ខ្ញុំដើរផ្លូវវាង។ ហេតុអីបានជាខ្ញុំត្រូវធ្វើផ្លូវវាង? បន្ទាយ​អម្បាញ់​មិញដែលបានឃើញ គឺទីតាំងសាលានោះ ប៉ុន្តែបន្ទាយមាន ៤ ជ្រុងទ្រវែង។ បងប្អូននៅក្នុង​អង្គភាព​ មួយចំនួនទារ(ទៅ)តាម។ ត្រូវគិតយ៉ាងច្បាស់ថា កម្លាំងធំមិនអាចនាំចូលទឹកដីវៀតណាមបានទេ។ ខ្ញុំបាន​ប្រាប់​បងប្អូនទាំងនោះថា … ខ្ញុំទៅរៀន។ នៅពេលដែលធ្វើដំណើរចេញទៅផ្លូវលេខ ៧ ខ្ញុំក៏បានឆ្លៀតពេល ដោយសារបន្ទាយវាវែងធំ … មើលក្នុងផែនទី អាចយល់អំពីចំណុចដែលយើងត្រូវឆ្លងកាត់នៅទីនេះ។

ដំណើរឆ្លងទៅប្រទេសវៀតណាម

ការធ្វើដំណើរផ្លូវវាងនេះ ឆ្កែដែលកសិដ្ឋានភូមិទា … វាព្រុសយ៉ាងខ្លាំង។ ឆ្កែនេះវាធ្លាប់ខាំជើងខ្ញុំ ដែលសំឡាក​ដល់​​សព្វ​ថ្ងៃ ដោយសារវាការពារកូនរបស់វា។ ពេលដែលឆ្កែខាំជើងខ្ញុំហើយ ដែលខ្ញុំបាននិយាយថា ឆ្កែមាន​សិទ្ធិ​ជាងមនុស្ស។ ឆ្កែមានសិទ្ធិការពារកូនរបស់វា ក៏ប៉ុន្តែខ្ញុំគ្មានសិទ្ធិស្មើនឹងឆ្កែនោះទេ។ … ការធ្វើដំណើរ​ប្រ​ហែល​ជាម៉ោង ១០ យប់ យើងបានមកដល់ទីតាំងមួយ … ភ្លៀងក៏ចាប់ផ្តើមធ្លាក់។ ភ្លៀងធ្លាក់នោះ វាក៏ជា​ឧប​សគ្គ តែវាក៏ជួយបិទបាំងយើងផងដែរ។ ខ្ញុំនៅអាឡោះអាល័យចំពោះពាក្យសម្តីរបស់មិត្តខ្ញុំ ៤ នាក់ផ្សេងទៀត។ មកដល់ផ្លូវបំបែក ដំបូងពួកគាត់បាននិយាយថា «បងទៅយកបងស្រីសិន បើសិនជាគាត់មិនអាចដើរបានទេ ពួកខ្ញុំជួយសែង»។ នេះជាសំដីដែលចេញពីបេះដូងយុទ្ធមិត្តខ្ញុំ ៤ នាក់ផ្សេងទៀត។ ខ្ញុំបានប្រាប់ពួកគេថា មិន​បាន​ទេ ពេលនោះភរិយារបស់ខ្ញុំនៅឯមន្ទីរពេទ្យ​យោធានៅឯសំរោងឯណោះ។ ឆ្ងាយណាស់។ វាជាគ្រោះថ្នាក់​មួយ​បើសិនជាយើងធ្វើតាមសំណូមពររបស់យុទ្ធមិត្ត។ តែនេះជាសំណូមពរដ៏ស្មោះត្រង់មួយរបស់មិត្តរបស់ខ្ញុំ។ ពេលនេះពួកគេចែកឋានទៅអស់ ២ នាក់ បន្សល់ទុកនូវកូន ដែលជាអ្នកបន្តវេន។

បន្ទាប់ទៅ យើងក៏បានពិភាក្សាគ្នា តើយើងត្រូវទៅតាមផ្លូវណា? នុច ថន នៅទីនេះស្រាប់។ គាត់ចង់ទៅ​តាម​ខ្សែ​ត្រៀម ដែលពេលនោះកំាភ្លើងរបស់ នុច ថន ទុកនៅឯខ្សែត្រៀមឯណោះទេ បានជាដំណើររបស់ នុច ថន ពុំ​មាន​កំាភ្លើងជាប់នៅនឹងខ្លួនទេ គឺមានកំាបិតផ្គាក់ទៅវិញ។ មិនមែនបានសេចក្តីខ្វះកំាភ្លើងទេ។ អង្គភាពកង​អនុ​សេ​នា​ធំគាំទ្រ មិនមែនគ្រាន់តែត្រឹមអាវុធតូចតាចទេ គឺមានរហូតទៅដល់ក្បាល ១២០ មីលី​ម៉ែត្រ ក្បាល ៨២ មីលី្លម៉ែត្រ និងកំាភ្លើង BK75។ ខ្ញុំបានប្រាប់អ្នកទំាងអស់គ្នាថា មិនបាន។ ទោះបីយើងកាត់ផ្តាច់​ខ្សែទូរ​ស័ព្ទ​ទំ​នាក់​ទំនងភ្ជាប់មកកាន់ខ្សែត្រៀមជួរមុខក៏ដោយ ក៏គេក៏អាចមានលទ្ធភាពដើម្បីតភ្ជាប់ ដើម្បីទប់ស្កាត់យើង​ជា​មុន។ តែរឿងនេះខ្ញុំមិនបារម្ភខ្លំាងពេកទេ … អ្វីដែលខ្ញុំបារម្ភធំជាងគេនៅពេលនោះ គឺការឆ្លងកាត់។ បងប្អូន​តាម​ទៅ​ជាមួយជៀសមិនផុត … ដូច្នេះ គ្មានជម្រើសអ្វីផ្សេងក្រៅពីឆ្លងកាត់នូវចម្ការមីន។ ខ្ញុំអាចនិយាយបានថា នៅ​តំ​បន់នេះ គឺជាតំបន់សម្លាប់ភូមិសាស្រ្តតែម្តង ប៉ុន្តែមានពេលមួយ ខ្ញុំបានធ្វើដំណើរមកតាមផ្លូវ តាមតំបន់នេះ ពិនិត្យខ្សែព្រំដែន បែរជាឃើញដានជើងរបស់សត្វខ្ទីង គោព្រៃ​ វាមិនដែលផ្ទុះមីននៅតាមហ្នឹងទេ រាប់ទាំងប្រើស ឬ​ក៏​ឈ្លូស។

ខ្ញុំបានប្រាប់ថា ឥឡូវ យើងត្រូវឆ្លងកាត់នូវតំបន់ដែលគ្មានកងទ័ព ប៉ុន្តែ វាលំបាកទៅលើ​បញ្ហាការ​ដោះមីន​នេះ​ឯង។ យើងធ្វើដំណើរពីចំណុចដែលយើងពិភាក្សាគ្នានេះមកកាន់ទល់ដែន ឆ្លងកាត់ព្រំដែន ខ្ញុំស្រណោះសម្តី​របស់​មិត្តខ្ញុំ ជាពិសេស ញឹក ហួន, សន សាញ់ ដែលគាត់បានរៀបចំថា គាត់ទាំង ២ នាក់ នៅជួរមុខ ប៉ោអ៊ាន នៅក្រោយខ្នងខ្ញុំ។ នុច ថន នៅខាងក្រោយគេ។ អ្វីដែលព្រួយ នុច ថន លីកាំបិត តែកាលណាទាក់ជើង គឺច្បាស់ជាកាំបិតផ្គាក់ហ្នឹងមកកាប់យើងហើយ។ នេះជារបៀបដាស់តឿន ​កុំដើរជិតអ្នកដែលមានកាំបិត​ពី​ក្រោយ។ អញ្ចឹងឲ្យ នុច ថន នៅក្រោយ បើសិនជា នុច ថន ទាក់ជើង ត្រូវកាប់ ប៉ោអ៊ាន ខ្ញុំនៅកណ្តាល។ សម្តី​របស់ពួកគេបាននិយាយថា បើទោះបីពួកខ្ញុំស្លាប់ ក៏សូមចម្លងបងឲ្យចេញផុតពីព្រំដែន។ នេះជាសម្តីនៃ​យុទ្ធ​មិត្ត​ទាំងអស់ដែលរួមដំណើរជាមួយខ្ញុំ ទោះស្ថានភាពបែបណាក៏ដោយ។ ដំណើររឿងបែបនេះ តើមានប៉ុន្មាន​ទៅដែលអាចមានរឿងបែបនេះកើតឡើង?

នៅក្នុងការធ្វើដំណើរនេះ អ្នកទាំងអស់គ្នាមានអាយុច្រើនជាងខ្ញុំ។ ញឹក ហួន និង នុច ថន គាត់មានអាយុ​ប្រ​ហាក់​ប្រហែលគ្នា ដែលពេលនោះ គេមានអាយុប្រហែលជា ៣០ ឆ្នាំជាង។ សម្រាប់ សាញ់ ខ្ញុំនៅចាំបានថា សាញ់ កើតឆ្នាំខាល។ ទោះបីជាខ្ញុំក្មេង ក៏ប៉ុន្តែ ពួកគេគោរពខ្ញុំ ស្រឡាញ់ខ្ញុំ តាមខ្ញុំ។ សម្តីអម្បាញ់មិញ តើអ្នក​ដែលមិនបានឆ្លងកាត់ដូចពួកខ្ញុំ គឺរន្ធត់ក្នុងចិត្តបែបណា? សម្រាប់ខ្ញុំ ខុសពីយុទ្ធមិត្តដទៃទៀត នៅត្រង់ថា … ខ្ញុំនេះ (មាន)ទុក្ខធ្ងន់លើសអ្នកណាទាំងអស់ ក្នុងចំណោមអ្នកដែលត្រូវធ្វើកិច្ចការងារនេះ។ ខ្ញុំមិនស្វះស្វែងរត់ ដើម្បី​ទៅរកជីវភាពឲ្យបានប្រសើរទេ ហើយខ្ញុំក៏មិនបានរត់ចោលមាតុភូមិជារៀងរហូតនោះដែរ។ តែនេះគឺជា​ការ​រៀបចំ ទោះបីជារបៀបផ្សងព្រេង ក៏ត្រូវតែទៅ។ ការស្លាប់លែងគិតដល់ហើយ។ ការជាប់ចំណង ឬជាប់គុក ក៏​លែង​គិតដែរ។ សេចក្ដីត្រូវការធំជាងគេរបស់ខ្ញុំ គឺជូនសារអោយដល់មេដឹកនាំវៀតណាម យ៉ាងហោចក៏​កុំ​អោយ​វៀត​ណាមចាប់បញ្ជូនជនជាតិកម្ពុជាយើង ដែលភៀសខ្លួនទៅវៀតណាម ត្រឡប់មកកាន់កម្ពុជាវិញ។ ខ្ញុំគិតថា​ បើសិនជាចង(ដៃ)ខ្ញុំទៅក្រោយ ខ្ញុំមានលទ្ធភាពលូកហោប៉ៅយកម្ជុល ១២ ដើម មកចាក់បំពង់ករបស់ខ្ញុំ។ ក្នុង​ស្ថានភាពនោះ តិច ឬច្រើន មេដឹកនាំវៀតណាមនឹងទទួលនូវសារដែលចេញពីការធ្វើអត្តឃាតមួយ។​

យកជីវិតជាដើមទុន ដើម្បីសង្រ្គោះប្រទេស មិនមែនដើម្បីយករួចខ្លួនម្នាក់ឯង

យើងមកដល់ទីនេះ ម៉ោងប្រហែលជិត ១២ ​ហើយ។ ប៉ុន្តែការត្រូវដោះមីន គឺមិនមែនជារឿង​ត្រូវប្រ​ញាប់​ប្រ​ញាល់​នោះទេ។ ពេលនោះហើយ ខ្ញុំមានឱកាសឈរបែរក្រោយ ដោយក្ដីឈឺចាប់​ គេចពីប្រទេស និងក្នុង​ពេល​ដែល​ភរិយាមានផ្ទៃពោះ តើជីវិតរបស់ភរិយាខ្ញុំនឹងទៅជាយ៉ាងណា?

អស់លោក និងជនរួមជាតិកម្ពុជា ដែលបានរួចផុតពីការកាប់សម្លាប់របស់ ប៉ុល ពត សុំជ្រាបថា ដំណើររឿង​វា​មិន​ងាយស្រួលទេ។ ខ្ញុំពិតជាបានយកជីវិតនេះ ធ្វើដើមទុន។ បើគ្រាន់តែយកមួយរួចខ្លួន អត់លំបាកទេ​។ វៀត​ណាម​មិនបានជឿខ្ញុំភ្លាមទេ។ គ្រាន់តែជឿត្រឹមតែកម្រិតថា មិនមែនជាកងវាយឆ្មក់តែប៉ុណ្ណោះ។ វៀតណាមក៏​ធ្លាប់​បានបញ្ជូនថ្នាក់ឧត្តមសេនីយម្នាក់ និងវរសេនីយមួយចំនួន មកបញ្ចុះបញ្ចូលពួកខ្ញុំនៅឯខេត្តសុងប៊ិញ​។ នេះមិនមែនជារឿងលេងសើចទេ។ នៅចាំទេ នៅក្នុងទីបញ្ជាការមួយនៅខេត្តសុងប៊ិញ គេបានមកប្រាប់យើង អស់លោកចង់ទៅអូស្រ្តាលី ចង់ទៅជប៉ុន ចង់ទៅថៃ ទៅអាមេរិក​ កាណាដា ឬបារាំង គេនឹងរៀបចំអោយទៅ។ ចម្លើយរបស់ខ្ញុំ ខ្ញុំបានប្រាប់ថា ខ្ញុំមកនេះ ដើម្បីស្វែងរកជំនួយសង្រ្គោះប្រទេសរបស់ខ្ញុំ ប្រសិនបើអស់​លោក​មិន​អាច​ជួយខ្ញុំបានទេ សុំប្រគល់អាវុធអោយខ្ញុំៗ មកស្លាប់ជាមួយប្រជាជនរបស់ខ្ញុំ។ ខ្ញុំមិនបានស្វះស្វែងរក​សេច​ក្ដី​សុខផ្ទាល់ខ្លួននោះទេ។

ហេតុអ្វីបានជាយើងរកឃើញនូវទីតាំងនេះ? អរគុណអ្នកទាំងឡាយដែលបានធ្វើកិច្ចការងារនេះ។ ឧត្តម ណុប សុវត្ថិ រួមជាមួយសហការី, ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់។ នៅ​​ក្នុង​ចំ​ណុច​នេះ យើងឆ្លងដែនផុតទល់ដែន អាចនិយាយបានថាក្នុងរង្វង់ម៉ោង ១ ព្រោះយើងត្រូវធ្វើការដោះមីន … ចូល​ទៅ​ខាង(វៀតណាម) ប្រមាណ ២០០ ម៉ែត្រ យើងត្រូវប្រើពេលដល់ទៅ ២ ម៉ោង ព្រោះបញ្ហាធំរបស់យើង គឺមីន។ ម្ខាងទៀត យើងក៏ត្រូវគិតទៅដល់ថា តើមានកងទ័ពវៀតណាម ឬអត់? ពេលយប់មិនអាចមើលគ្នាឃើញទេ។ ចូលផុតទៅខាងវៀតណាម ខ្ញុំក៏នាំយុទ្ធមិត្តសម្រាកនៅក្បាលដំបូកមួយ។ នុច ថន​ គ្មានប្រពន្ធទេ ក៏ប៉ុន្តែគឺជា​អ្នក​ដែលយំច្រើនជាងគេ។ ខ្ញុំឯណេះទៅវិញ ជាអ្នកត្រូវយំ តែខ្ញុំមិនអាចអោយអ្នកទាំង​ឡាយបាន​ឃើញទឹក​ភ្នែក​ខ្ញុំ បង្កើតជាការបាក់ស្មារតីនោះទេ។​ ខ្ញុំអាយុ ១៣ ឆ្នាំ បែកពីស្រុកកំណើត ព្រោះអត់សាលា ពេលនោះ បើគិតតាមពេលវេលា ខ្ញុំមិនទាន់គ្រប់អាយុ ២៥ ឆ្នាំទេ។ គំនិតផ្ដួចផ្ដើមអំពីការសង្រ្គោះជាតិ ហើយអញ្ជើញ​អ្នក​ទាំង​ឡាយមកជួយ (ហើយដែល)ពួកគេបានប្រគល់ជីវិតអោយអង្គការទៅហើយ បានប្រាប់ថា នេះជាអំពើក្បត់​ជាតិ ក្បត់ប្រជាជន ជាការសម្លាប់ផ្ដាច់ពូជ។ ពេលនោះ ខ្ញុំមិនទាន់ប្រើពាក្យ ប្រល័យពូជសាសន៍ទេ។ ខ្ញុំដក​ខ្លួន​ចេញ និងរៀបចំការតស៊ូឡើងវិញ ក្រោយការឯកភាព ទើបយើងចាកចេញមកទីនេះ គោលដៅរបស់យើង​គឺ​ឆ្ពោះ​ទៅវៀតណាម។

ខ្ញុំនឹងទៅនិយាយខាងក្នុងបន្តទៀត ពិតមែនតែបងប្អូនមួយចំនួន រាប់ទាំងអ្នកការទូតនឹងវិលត្រឡប់ តែ​បន្តិច​ទៀត (យើងនឹង)ទៅដល់ទីតាំងដែលយើងបានសម្រាកនៅទីនោះ ចាប់ពីម៉ោង ២ រហូតដល់ម៉ោង ៨ ព្រឹក។ ហេតុ​អ្វីបានជាត្រូវរង់ចាំបែបនេះ? យប់ហ្នឹងវាភ្លៀង មា​នផ្គរ មានផ្លេកបន្ទោរ។ ផ្លេកបន្ទោរនោះហើយ ធ្វើអោយ​ខ្ញុំ​ឃើញដើមទ្រយឹង។ ការពិតយើងឆ្លងនៅខាងណោះទេ តែយើងយកកន្លែងនេះធ្វើជានិមិត្តរូបទៅចុះ។ ក្នុង​ឋានៈ​ជានាយទាហានកងពិសេសម្នាក់ បានហ្វឹកហាត់សព្វគ្រប់អំពីរបៀបវាស់វែង តាំងពីរវាងល្បឿន​នៃសំ​ឡេង តើមួយវិនាទីប៉ុន្មានម៉ែត្រ នៅពេលដែលយើងឃើញគ្រាប់ហោះឡើង។ យើងហ្វឹកហាត់តាំងពី​ការមើល​ចម្ងាយ។ នៅពេលដែលយើងមើលឃើញទាំងកែវភ្នែក ទាំងឡេវអាវរបស់មនុស្ស តើវាមានចម្ងាយប៉ុន្មាន​ម៉ែត្រ? បច្ចេកវិទ្យាបច្ចុ​ប្បន្ន ចុចភ្លាមដឹងថានៅកន្លែងណា ហើយចម្ងាយប៉ុន្មាន ប៉ុន្តែ​​ ​ពេលនោះ គឺអត់ដូច្នេះទេ។ ដោយសារផ្លេកបន្ទោរនោះ យើងបានឃើញដើមទ្រយឹងដ៏ធំមួយ។ អញ្ចឹង ការប៉ាន់ស្មានរបស់ខ្ញុំ យើងបាន​ឆ្លង​ឃ្លាត​ពីដើមទ្រយឹងនេះប្រមាណ ១០០ ទៅ ១២០ ម៉ែត្រ​ …។

ការចាកចេញពោរពេញដោយការឈឺចាប់ និងទឹកភ្នែករាប់លានដំណក់

ខ្ញុំចាកចេញពោរពេញទៅដោយការឈឺចាប់ និងទឹកភ្នែករាប់លានដំណក់ ហើយក៏មិនដឹងថា តើខ្ញុំនឹងជួប ប្រទះអ្វីទេ? ត្រង់នេះហើយដែលនៅក្នុងអត្ថន័យនៃលិខិត នៃការចាប់ផ្តើម ខ្ញុំបានប្រាប់ភរិយាខ្ញុំថា បងនៅ​សែន​ឆ្ងាយៗ រហូតដល់ខ្លួនងាប់ មិនដឹងថានៅទីណាផង។ ភាសានេះវាត្រឹមត្រូវណាស់ នៅពេលដែល យើង​ធ្វើ​ដំណើរគ្មានគោលដៅ។ ខុសពីថ្ងៃនេះ។ ភរិយាខ្ញុំអាចកំពុងមើលការផ្សាយបន្តផ្ទាល់​ តាមរយៈនៃ Page Facebook​ របស់ខ្ញុំ ឬក៏អាចតាម Fresh News និង Page ដទៃទៀត។ ប៉ុន្តែ ពេលនោះ បើសិនផ្ទុះមីន​តើ​យើង​ហ៊ានប្រាប់នៅក្នុងលិខិតថា យើងស្លាប់ដោយសារផ្ទុះមីន បើយើងមិនទាន់ទាំងចេញដំណើរផងនោះ។ ឈឺចាប់ណាស់បងប្អូន។ ការបែកប្តីប្រពន្ធក្នុងប្រទេសវាជារឿងមួយហើយ តែការបែកប្តីប្រពន្ធ ជាពិសេស ប្រ​ពន្ធ​ដែលកំពុងមានផ្ទៃពោះ មិនដឹងថាជោគវាសនារបស់ខ្លួនយ៉ាងណាទៀតផង។ ប្រជាជននៅទូទាំងប្រទេស​កំ​ពុង​ស្ថិតនៅក្នុងជ្រោះមរណៈ។ ការសម្លាប់រង្គាលដោយគ្មានរើសមុខ កំពុងប្រព្រឹត្តទៅយ៉ាងគគ្រឹកគគ្រេង តើ​យើង​សុខចិត្តសម្ងំអោយពួកគេសម្លាប់យើងតទៅទៀត ឬយើងរកផ្លូវតស៊ូ? គ្មានជម្រើសទេបងប្អូន ជម្រើស​មាន​តែ​ពីរទេ គឺស្លាប់ ឬរស់។

មូលហេតុយកអាវុធតាមខ្លួន និងមិនយកអាវុធតាមខ្លួន

… ជាភ័ព្វសំណាង ​ដែលពួកខ្ញុំបានធ្វើដំណើរដោយសុវត្ថិភាព។ ពេលចាប់ផ្តើមភ្លឺរហូតដល់ម៉ោង ៨ ក្រោយ​ការ​ភ្លៀង ពេលនោះ គឺមេឃចុះអ័ព្ទខ្លាំងណាស់។ យើងគ្មានត្រីវិស័យជាប់នឹងខ្លួនទេ ដូច្នេះ តើយើងធ្វើដំណើរ​ទៅ​ទិស​ណា? មុនពេលយើងសម្រាក យើងអត់បានកំណត់ទិសដៅច្បាស់លាស់នោះទេ។ ម៉ោង ៨​ ព្រឹក បាន​យើង​បន្តដំណើរតទៅទៀត ដោយមានកាំភ្លើងជាប់នឹងខ្លួន។ ហេតុអ្វីបានជាត្រូវយកអាវុធតាម? តំបន់ទាំងនេះ គឺ​ជាតំបន់ដែលពួកខ្មែរក្រហមបានគ្រោងនឹងទន្ទ្រានទៅហើយ ដូច្នេះ​ភាពចាំបាច់ នៃការកាន់អាវុធចូល​ក្នុងទឹក​ដី​វៀតណាម នៅតែចាំបាច់។ តែទៅដល់ទីកន្លែងមួយ ដែលខ្ញុំនឹងឧទ្ទេសនាមបន្ថែម អាវុធបានលាក់ទុក​នៅទី​នោះ ដោយសារគ្មានពួក ប៉ុល ពត ណា តាមទៅដល់ទីនោះទៀតទេ​ ហើយក៏មិនត្រូវអោយខាង​វៀត​ណាម​ភ័ន្ត​ច្រ​ឡំដែរ… ខ្ញុំមិនប្រយុទ្ធជាមួយកងទ័ពវៀតណាមទេ តែនោះគឺជាអាវុធដើម្បី​ការពារកុំអោយពួក ប៉ុល ពត តាម​វ៉ៃប្រហារដោយគ្មានអ្វីតដៃ។

អរគុណ! អារុក្ខអារក្សអ្នកតាព្រៃភ្នំក្រំថ្ម ដែលបានជួយថែរក្សាពួកយើងខ្ញុំ។ ការជួយនោះ មិនមែនគ្រាន់តែជួយ អោយខ្ញុំរស់ទេ ឥឡូវ កូនចាប កូនព្រាប ដែលអារុក្ខអារក្សអ្នកតា ទេវតាព្រៃភ្នំក្រំថ្ម បានជួយកាលពីពេល ៤០ ឆ្នាំមុននេះ ក៏បានជួយដល់ប្រជាជនកម្ពុជារាប់លាននាក់។ កូនចាប កូនព្រាប ដែលលោកអ្នក​មាន​គុណ​ទាំង​ឡាយ​បានជួយ ក៏បាននាំប្រទេសនេះអោយចាកផុតពីសង្គ្រាម និងការបែកបាក់ ហើយកូនចាប កូនព្រាបនេះ ក៏បានរួមចំណែកដើម្បីកសាងនូវប្រទេសនេះ។ មិនមែនជាតួនាទីផ្តាច់មុខរបស់ខ្ញុំទេ តែនេះជាចំណែក​ដ៏សំ​ខាន់​មួយ ដែលយើងបានកសាងកងទ័ព។ ២៣ កងវរសេនាតូច​ ដែលក្នុងនោះ ខ្ញុំក៏គួរតែបង្ហាញអោយហើយ ព្រោះ​មិន​មានពេលបង្ហាញទេ។

ការចាប់ផ្តើមនៃក្រុមប្រតិបត្តិការប្រដាប់អាវុធដំបូង​

សូមអញ្ជើញមេបញ្ញាការ និងមេបញ្ជាការរងវរសេនាតូចរបស់នារី មាស សំអា​ន, ឆាយ វ៉ាន់នី, រ៉េត ស៊ីណា។ ពួកយើងខ្ញុំមិនមែនមានត្រឹមតែកងទ័ពជាបុរសទេ ក៏ប៉ុន្តែយើងមានកងទ័ពជានារីមួយកងវរសេនាតូច​…។ ក្រៅ​ពី​វរសេនាតូចប្រយុទ្ធ យើងនៅមាន ១០០ ក្រុមប្រតិបត្តិការប្រដាប់អាវុធជួរផ្ទៃក្នុងប្រទេស។ ប៉ោអ៊ាន គឺជា​មនុស្ស​ម្នាក់ ក្នុងចំណោមអ្នកដែលចូលផ្ទៃក្នុងប្រទេសជាមួយនឹង សាញ់។ អ៊ុង សំខាន់ ថ្ងៃនេះ មិនដឹងថាមក​ឬ​អត់? អ៊ុង សំខាន់​ បានចូលរួមជាអគ្គបញ្ជាការរងបច្ចុប្បន្ននេះ។ នេះហើយគឺជាក្រុម​ប្រតិបត្តិការ​ប្រដាប់​អាវុធ​ដំ​បូង ដែលចូលផ្ទៃក្នុងប្រទេស ដើម្បីឆ្លើយតបជាមួយនឹងសភាពការណ៍នៅពេលនោះ។ ក្រៅពីកម្លាំងប្រយុទ្ធ ២៣ កងវរសេនាតូចនេះ យើងនៅមានកងអនុសេនាធំផ្សេងទៀត ហើយរហូតទៅដល់មានក្រុមសិល្បៈ ដែល​សិល្បៈ​កងទ័ពបច្ចុប្បន្ននេះជាការបន្តវេន នៃសិល្បៈពេលនោះ។

ខ្ញុំសូមបង្ហាញនាយឧត្តមសេនីយ ម៉ឹង សំផន ដែលទទួលបន្ទុកភស្តុភា ហិរញ្ញវត្ថុពេលនោះ ហើយក៏​បន្ដ​ទទួល​រហូត​ដល់ពេលខ្លួនចូលនិវត្តន៍។ អ្នកដទៃទៀត ជា ផន, សៅ សុខា ពួកគេក្មេងណាស់ … ខ្ញុំគ្រាន់​តែ​បង្ហាញ​ត្រួសៗ តែប៉ុណ្ណោះ ហើយក៏ខ្ញុំសុំបង្ហាញ សុទ្ធតែអ្នកក្មេងៗ ដែលទៅនៅជាមួយខ្ញុំ។ ខ្ញុំសុំបង្ហាញអ្នក​បើក​រថយន្តរបស់ខ្ញុំ នួន សុភា ហើយរថយន្តនោះកំពុងរក្សាទុកនៅឯទីបញ្ជាការដ្ឋានអង្គរក្ស ដាក់ក្នុង​សារ​មន្ទីរ​របស់​កង​ទ័ព។ នៅមានម៉ាញ៉េតូហ្វូនមួយ ដែលនៅរក្សាទុក។ នេះ សៅ សុខា ពួកគេនៅក្មេងៗណាស់ ដោយសារ​តែ​ក្មេងហ្នឹងហើយបានយើងមិនអនុញ្ញាតអោយទៅណា។ ខ្ញុំបានគិតទុកថា ពួកគេនៅថ្ងៃក្រោយនឹង​មាន​អនា​គតល្អ។ នៅពេលរណសិរ្សចាប់ផ្ដើម យើងក៏បានបញ្ជូនពួកគេទៅតាមវរសេនាតូច។​ ឥឡូវពួកគេ​រីកធំ​ធាត់​អស់​ហើយ។

អណ្ដាតអ្នកវិភាគផ្ដេសផ្តាស គឺជាមូលហេតុនៃសង្រ្គាម

ខ្ញុំបានប្រាប់តាមអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ដើម្បីពេលនោះ ប្រាប់ទៅសម្ដេចក្រុមព្រះថា កុំសាកល្បង​កម្លាំង​យោ​ធា​ជាមួយខ្ញុំអោយសោះ។ អ្នកវិភាគខ្លះគិតថា លោក ហ៊ុន សែន និយាយពីសង្រ្គាម ប្រហែលក្នុង​យោ​ធា​បែកបាក់។ ខ្ញុំអាចជំរាបជូនអស់លោកថា បើអស់លោកស្ទើរភ្លើង មិនយល់ការ អស់​លោក​កុំវិភាគ​ផ្ដេស​ផ្ដាស​អោយ​សោះ។ កម្លាំងប្រដាប់អាវុធបច្ចុប្បន្នជាកម្លាំងប្រដាប់អាវុធដើម្បីការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋា​ភិ​បា​ល​ស្របច្បាប់ ការពាររាជបល្ល័ង្គ ការពារព្រះមហាក្សត្រ។ បើអស់លោកអ្នកវិភាគមិនយល់ការទេ បិទមាត់អោយ​ជិត​ទៅ។ សេរីភាពរបស់អស់លោកពិតប្រាកដហើយ ប៉ុន្តែអស់លោកនឹងធ្លាក់ទៅជាមនុស្សអវិជ្ជា។ នាយ​ទា​ហាន​បែបខ្ញុំ មិនមែនជានាយទាហានលម្អទីក្រុងទេ តែគឺជានាយទាហានដែលបានកសាងទាហានតែម្ដង។ ឆ្នាំ ១៩៧០ នៅពេលដែលខ្ញុំមានអាយុ ១៨ ឆ្នាំ ខ្ញុំគ្រាន់តែធ្វើទាហានតែប៉ុណ្ណោះ និងធ្វើនាយទាហាន​ក្រោម​បញ្ជា​ ក៏ប៉ុន្តែចាប់ពីថ្ងៃទី ២០ ខែ មិថុនា ១៩៧៧ ខ្ញុំមិនស្ថិតនៅក្រោមបញ្ជារបស់គេទេ។

ពិតមែនតែ​ខ្ញុំកាន់​រដ្ឋ​មន្រ្តី​ការបរទេសនៅពេលនោះ ក៏ប៉ុន្តែគេមិនត្រូវភ្លេចថា ទាហានទាំងឡាយ គេស្គាល់ ហ៊ុន សែន ជាមេរបស់​គេ​ពិត​ប្រាកដ។ ការចាប់ផ្ដើមពីកម្លាំងតូចតាច ក្លាយទៅជាកម្លាំងដ៏ធំ។ កងវរសេនាតូច​សម្រាប់​ការពារទីក្រុងភ្នំពេញ ពេលនោះមាន ៤-៥ វរសេនាតូច។ ដូច្នេះ គ្រាន់តែអ្នកវិភាគដែលចូលចិត្តថា ហ៊ុន សែន និយាយពីសង្រ្គាម ប្រហែលក្នុងកងទ័ពមានការបែកបាក់ តែខ្ញុំនៅតែបញ្ជាក់ថា អណ្ដាតរបស់​ពួកអ្នក គឺជាមូលហេតុនៃសង្រ្គាមហើយ។ បើសិនជាអស់លោកនៅតែនិយាយអំពីការប្រមាថ ការគំរាមសម្លាប់ អស់លោកត្រូវត្រៀមក្ដារមឈូសទុកអោយហើយ​។ ខ្ញុំសុំព្រមាន។ កម្ពុជាមិនអោយរបូតផុតពីដៃនូវសន្ដិភាពទេ ដោយតម្លៃណាក៏ដោយ កម្លាំងប្រដាប់អាវុធត្រូវក្ដាប់អោយជាប់។

អ្នកណាចង់បំផ្លាញសន្ដិភាព​ អ្នកនោះជាអ្នកដែលត្រូវកម្ចាត់

មានអ្នកអោយខ្ញុំបញ្ជាក់ថា តើគេជាមនុស្សស្ថិតនៅក្នុងចំណោម ១០០ ឬ ២០០ នាក់ ដែលត្រូវកម្ចាត់ឬទេ? ខ្ញុំបាននិយាយថា ដើម្បីការពារសន្ដិភាព ការពារប្រជាជនរាប់លាននាក់ បើចាំបាច់ត្រូវកម្ចាត់ ១០០ ឬ ២០០ នាក់ ក៏ត្រូវតែកម្ចាត់ដែរ។ អញ្ចឹងសុំអ្នកស្ដាប់អោយច្បាស់។ បើអ្នកមិនចូលរួមបំផ្លាញសន្ដិភាពទេ អ្នកមិនមែន​ជា​គោលដៅនៃការកម្ចាត់ទេ។ អ្នកណាក៏ដោយ អោយតែមានគោលដៅបំផ្លាញសន្ដិភាពរបស់ប្រទេសនេះ អ្នក​នឹង​ទទួលផលតាមអ្វីដែលអ្នកចង់។ អ្នកដកខ្លួនចេញទៅ។ អ្នកចង់មកប្រទេស ខ្ញុំបានដកបទបញ្ជាហើយ។ មិន​បាច់ថា តើជាអ្នកណាទេ ប៉ុន្តែបញ្ជាក់បានថា អ្នកណាក៏ដោយ អោយតែចង់បំផ្លាញសន្ដិភាព គឹទទួលរង​ទាំង​អស់។ អ្នកស្ដាប់អោយបាន អ្នកប្រកាសទៅថា អ្នកអត់បាន ឬអត់ចង់បំផ្លាញសន្ដិភាពទេ អ្នកមិន​ស្ថិត​នៅ​ក្នុង​បញ្ជីទេ។ តែបើអ្នកប្រកាសថា អ្នកនឹងដណ្ដើមអំណាចតាមរបៀបបដិវត្តពណ៌ គឺខ្លួនអ្នកនៅក្នុងបញ្ជីនោះ​ហើយ។ តម្លៃនៃសន្ដិភាពធំណាស់។ ការសង្រ្គោះជាតិ គឺលំបាកណាស់។ មនុស្សប៉ុន្មាននាក់ទៅដែលស្លាប់។ យុទ្ធមិត្តរបស់ខ្ញុំ ៤៩ នាក់ ឥឡូវនេះ កំពុងសិ្ថតនៅក្នុងផ្នូរក្នុងទឹកដីវៀតណាមនៅឡើយ ក្រៅពីយុទ្ធមិត្ត​​ផ្សេង​ទៀតដែលបានពលី​ជីវិត។ ទម្រាំយើងសព្វថ្ងៃ មិនមែនជារឿងលេងសើច។ ការសង្រ្គោះដំណាក់កាលនៃរបប ប៉ុល ពត គឺជាដំណាក់កាលត្រឹមត្រូវ។

មានអង្គការចាត់តាំងនយោបាយ យោធា និងអន្តរាគមន៍ពីវៀតណាម  ដើម្បីរំដោះប្រទេស

ខ្ញុំសប្បាយរីករាយជាមួយនឹងអ្វីដែលជាការគិតទុករបស់ពួកខ្ញុំ។ កងទ័ពកើតមុន រណសិរ្សកើតក្រោយ សុំមើល​អោយ​ច្បាស់។ កងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា អ្នកណាអ្នកផ្តើមគំនិត គឺ ហ៊ុន សែន។ ខ្ញុំ​បា​រម្ភ​ក្រែងលោក្រុមដទៃទៀត ដែលចូលរួមជាមួយគ្នាក្នុងការបង្កើតរណសិរ្ស មិនព្រមទទួលយកនូវឈ្មោះរណ​សិរ្ស ដែលខ្ញុំបានត្រៀមបម្រុងទុក ថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា។ មិនមែនជារឿងច្នៃប្រឌិតទេ តែ​នេះ​គឺ​ជាប្រវត្តិសាស្រ្ត។ សូមមើលក្នុងរូបភាព រូបថត គឺពាក្យកងកម្លាំងប្រដាប់អាវុធសាមគ្គីសង្គ្រោះជាតិកម្ពុជា អង្គភាព ១២៥។ យើងប្រើពាក្យនេះ​។ នោះគឺជាការចាប់ផ្តើមនៃអង្គភាពផ្លូវការយើងទាំងមូល។ អញ្ចឹងទេ ដែលខ្ញុំនិយាយថា ឆ្នាំ ១៩៧០ មានអង្គការចាត់តាំងខាងនយោបាយមុន ដឹកនាំដោយសម្តេចព្រះនរោត្តម សីហនុ ​​ប៉ុន្តែ (លើកនេះ)អង្គការចាត់តាំងខាងយោធា មានឈ្មោះថា កងកម្លាំងប្រដាប់អាវុធសាមគ្គី​សង្គ្រោះ​ជាតិ​កម្ពុជា ត្រូវ​​បានចាប់កំណើតមុន ហើយជាមូលដ្ឋានសម្រាប់ឲ្យរណសិរ្សសាមគ្គីស​ង្គ្រោះជាតិកម្ពុជា កាន់​ទង់​ខាងនយោបាយ​ មានកម្លាំងដើម្បីធ្វើសកម្មភាព។

នោះហើយ គឺជាការចាប់​ផ្តើមដ៏ល្អសម្រាប់ប្រជាជនកម្ពុជារបស់យើង។ យើងមានអង្គការចាត់តាំងខាងនយោ​បាយ ​ហើយមានអង្គការចាត់តាំងខាងយោធា​ និងការសុំអន្តរាគមន៍ពីកងទ័ពវៀតណាម។ គ្មានអ្វីខុសទេ។ អា​មេរិកធ្លាប់វាយចូលស្រុកយើងតើ។ យើងមានបានសុំទេ? យើងអត់បានសុំទេ ប៉ុន្តែម៉េចបានគេមកវាយយើង? ខាងបារាំង​មកត្រួតត្រាប្រទេសយើង យើងមានបានសុំប្រទេសបារាំងទេ?  ព្រះករុណាបិតា ព្រះអង្គបានធ្វើព្រះ​រាជ​បូជ​នីយ​កិច្ច ដើម្បីឯករាជ្យ ទោះបីថា ព្រះបាទនរោត្តម បានស្នើសុំឲ្យបារាំងជួយការពារ ពីការការពារទៅជា​អា​ណានិគម។ ប្រទេសដទៃម៉េចក៏គេធ្វើបាន? អាមេរិកលើកកងទ័ពវាយអ៊ីរ៉ាក់ ក្រោមហេតុផលថា សាដាម ហ៊ូសេន មានអាវុធប្រល័យលោក ដែលនាំទៅដល់សង្គ្រាមនៅអ៊ីរ៉ាក់សព្វថ្ងៃ។ ហេតុអ្វីក៏គេធ្វើបាន? ឯកងទ័ព​វៀត​ណាមដែលជួយរំដោះប្រជាជនកម្ពុជា ហេតុអ្វីបានក្លាយទៅជាអ្នកមានទោស រាប់ទាំងចោទខ្ញុំដែលជាអ្នក​កសាង​កងទ័ព (ថា)នាំវៀតណាមចូលស្រុក។

នាំគ្នាគិតទៅមើល អ្នកទាំងឡាយដែលរស់រានមានជីវិត រាប់ទាំងអ្នកដែលបានជេរយើង តើអាចរស់បានទេ បើសិនជាគ្មាន ៧ មករា។ ២៣ កងវរសេនាតូច បូកជាមួយនឹងកម្លាំងដទៃទៀត ដឹកនាំដោយសម្តេច ហេង សំរិន សម្តេច ជា ស៊ីម ដឹកនាំដោយឯកឧត្តម សាយ ភូថង និងឯកឧត្តម ទៀ បាញ់ ដឹកនាំដោយ ឯកឧត្តម ប៊ុន នី, ប៊ូ ថង និង សឺយ កែវ ក៏មានត្រឹមតែជាង ១ ម៉ឺននាក់តែប៉ុណ្ណោះ មិនគ្រប់គ្រាន់ទេ។ កងទ័ពរៀបរយ ដែលហ្វឹកហាត់តាមរបៀបកងទ័ពស្រួច ២៣ កងវរសេនាតូច បានចែកទៅទីក្រុងភ្នំពេញ ៤ កងវរសេនាតូច, ខេត្តកំពង់ចាមគឺជាខេត្តធំ ទទួលបាន ២ កងវរសេនាតូច, ខេត្តដែលមិនមានកងទ័ពដែលកសាងដោយខ្ញុំ មានខេត្តកោះកុង រតនគិរី មណ្ឌលគិរី និងស្ទឹងត្រែង។ សុទ្ធតែមានកងកម្លាំងប្រដាប់អាវុធទៅតាម​បណ្តាខេត្ត​ទាំង​អស់ …។

សំណូមពរវិទ្យុបាយ័នផ្សាយ ដំណើររឿងទាំង ១៨ ភាគ ១ អាទិត្យពេញ

រំលឹកឡើងវិញ ការឈឺចាប់នៃការព្រាត់ប្រាស់ពីប្រទេសជាតិរបស់ខ្លួន ពីភរិយាដ៏គួរឲ្យអាណិត ដើម្បីរកផ្លូវរំដោះ​សង្គ្រោះ​ជាតិនេះ គឺឈឺចាប់ខ្លោចផ្សា។ ទោះបី ៤០ ឆ្នាំ បានកន្លងផុត តែនៅពេលនឹកដល់រឿងនេះ ខ្ញុំត្រូវ​តែ​ស្រក់ទឹកភ្នែក។ វិទ្យុបាយ័នបានចាក់ផ្សាយ​ ៣ ថ្ងៃ រួចមកហើយ នូវវគ្គចុងក្រោយដែលមាន ១៨ ម៉ោង។ ថ្ងៃខ្លះ អ្នកនិពន្ធបានបញ្ចូលរឿងត្រឹមត្រូវនៅក្នុងទីនោះតាមរបៀបសិល្បៈ។ វិទ្យុបាយ័នមិនបានផ្សាយអ្វីផ្សេង ហើយខ្ញុំ​ស្នើ​ឲ្យផ្សាយគ្រប់មួយអាទិត្យតែម្តង ទាំង ១៨ ភាគនេះ។ រឿងរ៉ាវវាឈឺចាប់ប៉ុណ្ណា នោះគ្រាន់តែជាផ្នែក​តូច​មួយ​នៃ​ការឈឺចាប់នៅក្នុងដំណើររឿង ប៉ុន្តែ រឿងធំជាងនេះ វាលើសលប់ជាងអ្វីដែលមាននៅក្នុងរឿងភាគនិទាន ដែលលោក ហ៊ុយ វាសនា បានធ្វើ។ សង្ឃឹមថា នឹងលឺទៅដល់វិទ្យុបាយ័ន ចាក់បន្ថែម ៤ ថ្ងៃទៀត ដដែល ពីម៉ោង ៥ ភ្លឺ ទៅដល់ម៉ោង ២ យប់ ព្រោះវាត្រូវដំណើរដល់ទៅ ១៨ ភាគ គេមានដំណើររឿងរបស់គេ។

ខ្ញុំអរគុណព្រះជាម្ចាស់ អរគុណសាជាថ្មីម្តងទៀតនូវព្រះធរណី អារុក្ខ អារក្ស អ្នកតា គុណបុណ្យទាំងឡាយ​ដែល​មាននៅក្នុងតំបន់នេះ ឲ្យយើងខ្ញុំបានឆ្លងផុតពីគ្រោះថ្នាក់ ជាពិសេសគឺចម្ការមីននៅតំបន់នេះតែម្តង ផ្តល់​សុវត្ថិ​ភាព​ដល់​ខ្ញុំ ហើយឲ្យខ្ញុំបានរួមវិភាគទានជាមួយនឹងប្រជាជនកម្ពុជា មេដឹកនាំគណបក្សប្រជាជន នាំប្រ​ទេស​ចេញពីសង្គ្រា​ម ចេញពីរបបប្រល័យពូជសាសន៍ បញ្ចប់សង្គ្រាម និងកំពុងអភិវឌ្ឍ។ ទោះបីថា​អ្នកខ្លះ​គាត់​មិន​ជឿ​អបិយជំនឿ តែខ្ញុំគិតថា សូម្បីតែអ្នកតានៅកោះថ្ម ក៏បានស្រែកលឺចូលក្នុងត្រចៀករបស់ខ្ញុំ ឲ្យខ្ញុំចាក​ចេញ …។

អរគុណណាស់ដែលបានរៀបចំនៅកន្លែងនេះ។ ប្រិយមិត្តបរទេស និងបងប្អូនខ្លះក៏ត្រូវវិលត្រឡប់។ សម្តេ​ច​ក្រ​ឡា​ហោម ស ខេង ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង និងបងប្អូនមួយចំនួនទៀត វិលត្រឡប់ តែមួយចំនួនទៀត គឺបន្តដំណើរជាមួយខ្ញុំទៅមុខទៀត ដើម្បីយើងអាចដឹងបានថា តើប្រវត្តិសាស្រ្តវាយ៉ាងម៉េច។ កងទ័ពបានយកចំណុចថ្ងៃ ២០ ជាការចាប់ផ្តើមនៃដំណើរសង្គ្រោះជាតិ ក៏ព្រោះតែបានទទួលស្គាល់​តួនាទី​ប្រវត្តិ​សាស្រ្តរបស់ខ្ញុំ របស់មិត្តខ្ញុំ របស់កងទ័ពដែលខ្ញុំបានកសាងដោយផ្ទាល់ដៃ។ នេះជាចលនាដ៏ធំមួយ​ នៅ​ក្នុង​ចលនាដើម្បីសង្គ្រោះប្រទេស ដោយគួបផ្សំកម្លាំង​ទាំងអស់នេះ មានគោលដៅរួមគឺរំដោះប្រទេស។ សូមមិត្ត​បរទេសមានការអធ្យាស្រ័យ ព្រោះការធ្វើដំណើរនេះ​ហាក់ដូចជាគ្រាន់តែបង្ហាញតួនាទីរបស់ ហ៊ុន សែន ម្នាក់​ទេ។ តែរឿងរ៉ាវវាចាប់ផ្តើមពីអ្វី? បើគ្មានអង្គការចាត់នយោបាយ និង​យោធានោះទេ វៀតណាមមិន​អាច​ធ្វើ​អន្ត​រា​គមន៍​ក្រៅ​ប្រទេសនោះទេ។

សូមអរគុណជាថ្មីម្តងទៀត ហើយសូមគោរពលា។ តែលាលើកនេះខុសពីលាលើកមុន ​ដែល ៤០ ឆ្នាំមុន ខ្ញុំបែរ​ទៅក្រោយលាហើយ លាទាំងទឹកភ្នែករាប់លានតំណក់ លាដើម្បីជួបវិញដោយគ្មានពេលកំណត់។​ ប៉ុន្តែ លា​លើក​នេះ ថ្ងៃស្អែកខ្ញុំនឹងជិះយន្តហោះពិសេសពីព្រលានយន្តហោះទីក្រុងហូជីមិញទៅកាន់ទីក្រុងភ្នំពេញ។ នេះ​ជា​ស្ថានភាពខុសគ្នា៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ