ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦

ថ្ងៃនេះអ្នកនាំពាក្យរាជរដ្ឋាភិបាលសូមធ្វើបច្ចុប្បន្នភាពជូនជនរួមជាតិជ្រាបអំពីព្រឹត្តិការណ៍សំខាន់ៗដូចតទៅ៖

ទី១. នយោបាយការទូតសកម្ម ប្រកបដោយយុទ្ធសាស្ត្រ៖ កិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ ២+២ រវាងរដ្ឋមន្ត្រីការបរទេស និងរដ្ឋមន្ត្រីការពារជាតិកម្ពុជា-ចិន ប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦នេះ នៅរាជធានីភ្នំពេញ។ កិច្ចប្រជុំពិសេសនេះធ្វើឡើងតបតាមការអញ្ជើញរបស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ និងឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិនៃព្រះរាជាណាចក្រកម្ពុជា ដោយមានឯកឧត្តម វ៉ាង យី រដ្ឋមន្ត្រីការបរទេស និងឯកឧត្តម តុង ជុន រដ្ឋមន្ត្រីការពារជាតិនៃសាធារណរដ្ឋប្រជាមានិតចិនធ្វើជាសហប្រធាន។

កម្ពុជានិងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនាយុទ្ធសាស្ត្រនេះឡើង ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ឯកឧត្តម ស៊ី ជីនពីង ប្រធានាធិបតីនៃសាធារណរដ្ឋប្រជាមានិតចិននៅកម្ពុជា កាលពីខែមេសា ឆ្នាំមុន ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ និងធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ សន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះ គឺជាវេទិកាដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។ ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ ឥស្សរជនជាន់ខ្ពស់ចិនទាំងពីររូបក៏នឹងចូលជួបសម្តែងការគួរសមដាច់ដោយឡែកពីគ្នាជាមួយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បន្ទាប់ពីកិច្ចសន្ទនា “២+២” ឯកឧត្តម វ៉ាង យី ក៏នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦។ ប្រមុខការទូតចិននិងកម្ពុជានឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានាដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍទាំងក្នុងនិងក្រៅតំបន់។

ទី២. ការកសាងសន្តិភាព និងការអភិវឌ្ឍន៍នៅកម្ពុជា៖ នៅពេលដែលសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍន៍ កំពុងក្លាយជាប្រធានបទសំខាន់ក្នុងជំនួបពិភាក្សានានាក្នុងក្របខណ្ឌតំបន់ និងពិភពលោក អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមរម្លឹកជូនជនរួមជាតិមេត្តាជ្រាបថា៖ ដំណើរជាតិកម្ពុជា ក្នុងប្រវត្តិសាស្ត្រសម័យទំនើបរយៈពេលជាង ៥០០ឆ្នាំចុងក្រោយ បានហែលឆ្លងកាត់ការបែកបាក់និងសង្គ្រាមវិនាសកម្មឆ្អែតឆ្អន់ហើយ ជាពិសេសរបបប្រល័យពូជសាសន៍ដ៏គួរឱ្យតក់ស្លុតរន្ធត់បំផុតដែលយើងបានជួបប្រទះ។ ប៉ុន្តែ ទោះជាយ៉ាងនេះក្តី ថ្នាក់ដឹកនាំរាមច្បងរបស់យើង ដែលមានសម្តេចតេជោ ហ៊ុន សែន និងឥស្សរជនគណបក្សប្រជាជនកម្ពុជាផ្សេងទៀតនៅតែអាចដឹកនាំកម្លាំងស្នេហាជាតិទាញប្រទេសឱ្យផុតពីជ្រោះមរណៈនិងស្វែងរកបាននូវសន្តិភាព ស្ថិរភាព និងស្តាប្រទេសនេះឱ្យរីកស្រស់បំព្រងដូចសព្វថ្ងៃ។

បច្ចុប្បន្ន រាជរដ្ឋាភិបាលបន្តវេនរបស់គណបក្សប្រជាជនកម្ពុជាដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបាននិងកំពុងបន្តដឹកនាំប្រទេសលើមូលដ្ឋានគ្រឹះដ៏រឹងមាំ គឺសន្តិភាព និងស្ថិរភាពនយោបាយ ដែលជាឱកាសមាសសម្រាប់ការអភិវឌ្ឍន៍ប្រទេស។ ដូច្នេះ បញ្ហាដែលកំពុងកើតឡើងនៅតាមព្រំដែនជាមួយថៃនាពេលនេះ មិនមែនជារឿងដែលធ្វើឱ្យពលរដ្ឋខ្មែរបាក់ទឹកចិត្តនោះឡើយ។ ផ្ទុយទៅវិញ វាគឺជាវិញ្ញាសាមួយដែលជំរុញឱ្យខ្មែរយើងរួបរួមគ្នាកាន់តែខ្លាំងដើម្បីការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី តាមមធ្យោបាយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ ដែលរាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងធ្វើក្រោមយុទ្ធសាស្ត្រឈ្នះឈ្នះ ដើម្បីរក្សាបាននូវសន្តិភាពសម្រាប់ប្រទេសជាតិនិងប្រជាជនផង និងឈានទៅរកដំណោះស្រាយពិតប្រាកដ និងយូរអង្វែងក្នុងបញ្ហាព្រំដែនផង។

ទី៣. រាជរដ្ឋាភិបាលជួយចេញថ្លៃធ្វើដំណើរជូនប្រជាពលរដ្ឋប្រមាណ ៣លានដុល្លារក្នុងពេលចូលឆ្នាំថ្មី៖ ក្រោមការយកចិត្តទុកដាក់ និងចង្អុលបង្ហាញដោយផ្ទាល់របស់សម្តេចធិបតីនាយករដ្ឋមន្ត្រី រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំសេវារថយន្តក្រុងដឹកជញ្ជូនឥតគិតថ្លៃជូនប្រជាពលរដ្ឋដែលធ្វើដំណើរទៅលេងស្រុកកំណើត អំឡុងពេលបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរកន្លងទៅនេះ។ រយៈពេល៦ថ្ងៃ គិតចាប់ពីថ្ងៃទី១២-១៧ ខែមេសា ឆ្នាំ២០២៦ មានប្រជាពលរដ្ឋចំនួនជិត ១២ ម៉ឺននាក់ បានទទួលសេវាដឹកជញ្ជូនដោយឥតគិតថ្លៃនេះ។ ចំនួននេះបានកើនឡើង ៣៩% ធៀបនឹងឆ្នាំកន្លងទៅ។

ជាមធ្យម ពលរដ្ឋម្នាក់ត្រូវចំណាយថវិកាប្រមាណ ១០ម៉ឺនរៀល ឬ២៥$ សម្រាប់ការធ្វើដំណើរទៅមកក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី។ ដូច្នេះ ការប្រើប្រាស់រថយន្តក្រុងដោយឥតគិតថ្លៃនេះ បានជួយសម្រួលបន្ទុកចំណាយសរុបប្រមាណ ១២ពាន់លានរៀល ឬស្មើនឹងប្រមាណ ៣លានដុល្លារសហរដ្ឋអាម៉េរិក។ ទឹកប្រាក់នេះត្រូវបានចាក់បញ្ចូលទៅក្នុងសេដ្ឋកិច្ចមូលដ្ឋាន តាមរយៈការចំណាយនានារបស់ប្រជាពលរដ្ឋនៅស្រុកកំណើត ជំនួសឱ្យការចំណាយទៅលើការធ្វើដំណើរដែលរដ្ឋជាអ្នកចេញជំនួស។

ដូច្នេះ វិធានការអន្តរាគមន៍របស់រាជរដ្ឋាភិបាលក្នុងការផ្តល់សេវាដឹកជញ្ជូនឥតគិតថ្លៃ មិនត្រឹមបានជួយសម្រាលបន្ទុកចំណាយរបស់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែ វាក៏ជាកាតាលីករជំរុញជួយលើកកម្ពស់ចំណូលរបស់ប្រជាពលរដ្ឋនៅឯមូលដ្ឋានទាំងមូល។ មកដល់ចំណុចនេះ បងប្អូនជនរួមជាតិបានយល់កាន់តែច្បាស់អំពីអត្ថន័យនៃប្រសាសន៍របស់ថ្នាក់ដឹកនាំនៃយើងដែលថា យើងមិនត្រូវបណ្តោយឱ្យបញ្ហាព្រំដែនធ្វើឱ្យរាំងស្ទះដល់វិស័យផ្សេងៗទៀតដែលជាចរន្តសង្គម-សេដ្ឋកិច្ចនោះឡើយ៕

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsush...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម អឹអិណុ អាហ្សឹហ្ស៊ី (H.E. Mr. UENO Atsushi) ឯកអគ្គរាជទូតជប៉ុន ប្រចាំកម្ពុជា
beylikdüzü escort escort beylikdüzü beylikdüzü escort