ខ្លឹមសារ Press Briefing របស់ឯកឧត្តម ប៉ែន បូណា ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល សម្រាប់ថ្ងៃទី២១ ខែមេសា ឆ្នាំ២០២៦

ថ្ងៃនេះ អ្នកនាំពាក្យរាជរដ្ឋាភិបាលសូមជម្រាបជូនជនរួមជាតិជ្រាបអំពីការងារការទូត សង្គម សេដ្ឋកិច្ច របស់រាជរដ្ឋាភិបាលនៅតែបន្តសកម្មភាពរស់រវើកឥតបង្អែរបង្អង់ឡើយ ទោះបីជាដៃម្ខាងត្រូវដោះស្រាយបញ្ហាបូរណភាពទឹកដីក៏ដោយ។

ជាបឋម ខ្ញុំសូមជូនព័ត៌មានស្តីពីស្ថានភាពព្រះរាជសុខភាពរបស់ព្រះករុណាជាអម្ចាស់ តាមរយៈសាររបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ពីរដ្ឋធានីប៉េកាំង ប្រទេសចិនដែលមានអត្ថន័យដូចតទៅ៖ នៅវេលាម៉ោង៩និង៣០នាទី ម៉ោងនៅប៉េកាំងព្រឹកនេះ ខ្ញុំបានចូលគាល់សួរសុខទុក្ខព្រះមហាក្សត្រនៅមន្ទីរពេទ្យរយៈពេលប្រមាណ៨នាទី។ ជាទូទៅព្រះរាជសុខភាពព្រះអង្គបានប្រសើរឡើង ដោយព្រះអង្គមានរាជបន្ទូលឆ្លងឆ្លើយជាមួយខ្ញុំព្រះករុណាខ្ញុំជាធម្មតា ទោះបីព្រះអង្គផ្ទុំដាក់សេរ៉ូមដែលជាទម្លាប់ធម្មតានៃអ្នកជំងឺក្រោយការវះកាត់ក៏ដោយ។ តាមរយៈខ្ញុំព្រះករុណាខ្ញុំ ព្រះអង្គសូមផ្ញើការសាកសួរសុខទុក្ខ និងប្រគេនពរចំពោះព្រះសង្ឃ និងប្រជាពលរដ្ឋដោយការនឹករលឹក។

នៅលើវិស័យការទូត សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៦ បានអនុញ្ញាតឱ្យឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសកាណាដា ប្រចាំកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។ កិច្ចពិភាក្សាបានផ្តោតលើចំណងការទូតដ៏យូរអង្វែងរវាងកម្ពុជានិងកាណាដា ដែលកាន់តែរីកចម្រើនជាលំដាប់ ជាពិសេស ពាណិជ្ជកម្មនិងការវិនិយោគរបស់កាណាដានៅកម្ពុជា។

កាណាដាសន្យាជួយគាំទ្រកម្ពុជា ដើម្បីការរៀបចំធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ នាពេលខាងមុខនេះឱ្យទទួលបានជោគជ័យ ព្រមទាំងបានបញ្ជាក់ថា គណៈប្រតិភូជាន់ខ្ពស់របស់កាណាដាក៏នឹងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលនេះផងដែរ។ ភាគីទាំងពីរក៏បានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្របខ័ណ្ឌតំបន់ ដូចជាការជំរុញកិច្ចសហប្រតិបត្តិការ កាណាដា-អាស៊ាន លើវិស័យសេដ្ឋកិច្ច និងការចរចាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-កាណាដា (ACFTA) ដែលគ្រោងនឹងបញ្ចប់ និងចុះហត្ថលេខា នាពេលខាងមុខឆាប់ៗនេះ។ សម្ដេចធិបតីបានថ្លែងអំណរគុណដល់កាណាដា ដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងដំណើរស្វែងរកសន្តិភាព និងការស្តារនិងអភិវឌ្ឍសង្គម-សេដ្ឋកិច្ច នៅកម្ពុជា។

សម្រាប់ការបន្តនិរន្តរភាព និងការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា នៅក្នុងបរិបទនៃការការពារបូរណភាពទឹកដី រាជរដ្ឋាភិបាលនៅតែបន្តអនុវត្តយ៉ាងសកម្មនូវយុទ្ធសាស្ត្របញ្ចកោណ និងកម្មវិធីគោលនយោបាយអាទិភាព៦ចំណុច ដោយសម្លឹងឆ្ពោះទៅការសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ ក្លាយជាប្រទេសមានប្រាក់ចំណូលខ្ពស់ដោយឥតប្រែប្រួលឡើយ និងទទួលបានលទ្ធផលជាបន្តបន្ទាប់។ ជាក់ស្តែង តាមការព្យាករណ៍របស់ស្ថាប័នហិរញ្ញវត្ថុអន្តរជាតិ កម្ពុជានៅតែរក្សាបាននូវកំណើនសេដ្ឋកិច្ចល្អក្នុងឆ្នាំ២០២៦ នេះ ពោលគឺកម្ពុជាស្ថិតក្នុងចំណោមបណ្តាប្រទេស ដែលមានកំណើនសេដ្ឋកិច្ចខ្ពស់ក្នុងអាស៊ានបើទោះបីជាកម្ពុជាជួបប្រទះនឹងសង្គ្រាមឈ្លានពាន ហើយពិភពលោកកំពុងជួបប្រទះភាពមិនប្រាកដប្រជាដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ាយ៉ាងណាក្តី។

កាលពីដើមឆ្នាំ២០២៦ ថ្មីៗនេះ មន្ត្រីជំនាញអង្គការសហប្រជាជាតិបានវាយតម្លៃថា កម្ពុជានៅតែអាចបំពេញបាននូវលក្ខខ័ណ្ឌចាំបាច់នានា ដើម្បីចាកចេញពីបណ្តាប្រទេសដែលមានការអភិវឌ្ឍន៍តិចតួច(LDC) នៅឆ្នាំ២០២៩ ដូចការគ្រោងទុក។ ភាពសប្បាយរីករាយ និងចលនាទេសចរក្នុងស្រុក ក៏ដូចជាទេសចរបរទេសយ៉ាងច្រើនសន្ធឹកសន្ធាប់ក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិកន្លងទៅនេះ ក៏បានបង្ហាញពីសកម្មភាពសង្គម-សេដ្ឋកិច្ច យ៉ាងរស់រវើក ខណៈដែលការដោះស្រាយវិបត្តិប្រេងឥន្ធនៈបានល្អក៏ដូចជាការផ្តល់មធ្យោបាយដឹកជញ្ជូនដោយឥតគិតថ្លៃក្នុងអំឡុងបុណ្យចូលឆ្នាំ បានបង្ហាញពីភាពធន់នៃសេដ្ឋកិច្ចកម្ពុជា ដោយរាជរដ្ឋាភិបាលបាននិងកំពុងបន្តចំណាយថវិកាយ៉ាងសន្ធឹកសន្ធាប់ដើម្បីជួយសម្រាលជីវភាពប្រជាពលរដ្ឋ និងដែលអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចកម្សាន្តសប្បាយក្នុងអំឡុងពេលបុណ្យចូលឆ្នាំថ្មី ក៏ដូចជារក្សាលំនឹងជីវភាពរបស់ខ្លួន។

ការរក្សាបាននូវដំណើរការប្រក្រតីនៃសង្គម-សេដ្ឋកិច្ច ក្នុងស្ថានភាពដ៏លំបាកបែបនេះមិនមែនកើតឡើងដោយចៃដន្យទេ ប៉ុន្តែ វាគឺជាលទ្ធផលនៃការដឹកនាំ ចាត់ចែងត្រឹមត្រូវ ប្រកបដោយទស្សនៈវិស័យវែងឆ្ងាយរបស់រាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំកម្ពុជា។ នៅក្រោយពិធីបុណ្យចូលឆ្នាំថ្មីបិទបញ្ចប់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់អាជ្ញាធររាជធានី-ខេត្ត ក្រុមការងារថ្នាក់ជាតិ ក្រសួង/ស្ថាប័ន និងក្រុមការងារពាក់ព័ន្ធទាំងអស់ ដែលបានចូលរួមនិងបំពេញភារកិច្ចរបស់ខ្លួន ដើម្បីធ្វើឱ្យពិធីបុណ្យចូលឆ្នាំខ្មែរប្រព្រឹត្តទៅដោយភាពសប្បាយរីករាយ និងសេចក្តីសុខសុវត្ថិភាពសម្រាប់ប្រជាជនខ្មែរនិងភ្ញៀវទេសចរណ៍។

សម្តេចធិបតីបញ្ជាក់ថា ការរៀបចំព្រឹត្តិការណ៍នគរសង្ក្រាន្តនៅរាជធានីភ្នំពេញ និងសង្ក្រាន្តទូទាំងប្រទេសគឺដើម្បីលើកកម្ពស់វប្បធម៌ ប្រពៃណី ថែរក្សាអត្តសញ្ញាណជាតិខ្មែរ និងបម្រើដល់ស្នាមញញឹមមហាគ្រួសារខ្មែរ ជាពិសេសក៏បានផ្សារភ្ជាប់ជួរក្រោយជាមួយនឹងជួរមុខជាប់ជានិច្ច ដែលជាកម្លាំងចិត្តមិនអាចខ្វះបាន។ សម្តេចនាយករដ្ឋមន្ត្រី ក៏បានថ្លែងអំណរគុណដល់វីរកងទ័ពទាំងអស់ ដែលនៅកំពុងបន្តឈរជើងយ៉ាងរឹងមាំតាមតួនាទី និងភារកិច្ចរបស់ខ្លួននៅគ្រប់ទីតាំង ដើម្បីបុព្វហេតុបូរណភាពជាតិយ៉ាងអង់អាចក្លាហាន និងបងប្អូនជនភៀសសឹកដែលកំពុងស្នាក់នៅតាមផ្ទះបណ្តោះអាសន្នដែលរាជរដ្ឋាភិបាលបានរៀបចំ។

ជារួម រាជរដ្ឋាភិបាលបានយកចិត្តទុកដាក់ និងគិតគូរគ្រប់ជ្រុងជ្រោយ គ្រប់វិស័យ ទាំងការទូត សេដ្ឋកិច្ច សង្គម វប្បធម៌ ទេសចរណ៍ និងវិស័យផ្សេងៗទៀតដោយមិនបានទុកចោលវិស័យណាមួយឡើយ។ ទន្ទឹមនឹងនោះ កិច្ចការពារបូរណភាពទឹកដី និងប្រជាជន នៅតែជាអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលជានិច្ច។

សូមអរគុណ!

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សុន្ទរកថា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងពិធីបើកសន្និសីទពិភពលោក WAGGGS ...

ថ្ងៃនេះ ខ្ញុំពិតជាមានសេចក្តីសោមនស្សរីករាយយ៉ាងក្រៃលែង ដែលបានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបើក សន្និសីទពិភពលោក WAGGGS លើកទី៣៩ និង កិច្ចប្រជុំប្រចាំឆ្នាំលើកទី៤២ នៃ
beylikdüzü escort escort beylikdüzü beylikdüzü escort