នៅរសៀលថ្ងៃទី១០ ខែវិច្ឆិកាឆ្នាំ២០២០នេះ អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស នៃទីស្តីការគណៈរដ្ឋមន្ត្រី បានបញ្ចេញផ្សាយនូវវីដេអូផ្លូវការមួយ ដែលមានរយៈពេលប្រមាណ១៥នាទី មានចំណងជើងថា «កម្ពុជាចង់រួមរស់ដោយសុខសាន្ត និងដោយសន្តិសហវិជ្ជមានជាមួយមិត្តបរទេសទាំងអស់» ។
វីដេអូរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បានផលិត និងផ្សព្វផ្សាយភ្លាមៗ ទន្ទឹមគ្នានឹងការរិះគន់ វាយប្រហាររបស់មជ្ឈដ្ឋានបរទេសមួយចំនួនបាននិងកំពុងប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយដើម្បីបន្តធ្វើយុទ្ធនាការមួលបង្កាច់និងបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជាក្នុងគោលដៅដណ្តើមឥទ្ធិពល និងផលប្រយោជន៍ ភូមិសាស្ត្រនយោបាយដោយចោទថា «កម្ពុជាមាន កិច្ចព្រមព្រៀងសម្ងាត់អនុញ្ញាតិអោយចិនមានមូលដ្ឋាននយោធានៅកម្ពុជា។
ទោះយ៉ាងណា ខ្លឹមសារនៅក្នុងវីដេអូពិសេសនេះ បានលាតត្រដាងបង្ហាញ អំពីការពិតនៅកម្ពុជា និងសច្ខធម៌ប្រវត្តិសាស្ត្រនៃការតស៊ូរំដោះប្រទេស នុងបទពិសោធន៍ឆ្លងកាត់ភ្លើងសង្គ្រាម ទាំងសង្គ្រាមស៊ីវិល និងទាំងសង្គ្រាម ដែលបណ្តាលមកពីការលូកដៃចូលជ្រៀតជ្រែកពីបរទេស ដោយសារតែផលប្រយោជន៍ភូមិសាស្ត្រនយោបាយ និងមនោគមវិជ្ជា បាននាំឱ្យថ្នាក់ដឹកនាំខ្មែរពិតជាមានមេរៀនគ្រប់គ្រាន់ក្នុងការកាច់ចង្កូតនាវាកម្ពុជាឆ្ពោះទៅកាន់ត្រើយសុខសាន្ត ដែលជាបំណងប្រាថ្នាដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋខ្មែរ។
ជាមួយនឹងការរំលេចនូវខ្លឹមសារសំខាន់ៗជាច្រើនក្នុងវីដេអូពិសេសនេះ ក៏បានបញ្ជាក់ផងដែរថារាជរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ ពិតជាបានទាញយកមេរៀនប្រវត្តិសាស្ត្រពីអតីតកាលយ៉ាងច្បាស់លាស់ មកធ្វើជាត្រីវិស័យ ក្នុងការកសាងគោលនយោបាយជាតិ ទាំងនយោបាយក្នុងប្រទេស និងនយោបាយការបរទេស ដោយផ្តោតលើសេចក្តីសុខចម្រុងចម្រើនរបស់ប្រជាពលរដ្ឋខ្មែរជាធំ។
សូមទស្សនាវីដេអូផ្លូវការរបស់អង្គភាពព័ត៌មាន និងប្រតិកម្មរហ័សដូចតទៅ៖