សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យរដ្ឋមន្ត្រីការបរទេសជប៉ុន ជួបសម្តែងការគួរសម និងពិភាក្សាការងារ

(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ ១០ព្រឹកថ្ងៃសៅរ៍ ទី២២ ខែសីហា ឆ្នាំ២០២០នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​កម្ពុជា អនុញ្ញាត​ឱ្យឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ រដ្ឋមន្ត្រីការបរទេសជប៉ុន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ​មួយចំនួននៅវិមានសន្តិភាព។

ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានអញ្ជើញមកដល់ប្រទេសកម្ពុជានៅល្ងាច​ថ្ងៃទី២១ ខែសីហា ឆ្នាំ​២០២០​នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការជាលើក​ដំបូង​នៅកម្ពុជា ក្នុងតំណែងរដ្ឋមន្ត្រីការ​បរទេស​របស់លោករយៈ​ពេល៣ថ្ងៃ ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៣ ខែសីហា។

ក្រៅ​ពីអញ្ជើញ​ជួ​បសម្តែងការគួរសមជាមួយសម្តេចតេជោ ហើយនោះ នៅពេលរសៀលថ្ងៃដដែល​នេះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ នឹងជួបពិភាក្សាការងារទ្វេភាគីជាមួយឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

បញ្ហាទ្វេភាគី និងពហុភាគីមួយចំនួនដែលជាចំណាប់អារម្មណ៍រួមនៃភាគីទាំងពីរ ត្រូវបានរំពឹងថា នឹងលើកយកមកជ​ជែក​ពិភាក្សានៅក្នុងជំនួបនេះ។

ប្រមុខការទូតជប៉ុនរូបនេះ បានគូសបញ្ជាក់ក្នុងសារជូនពលរដ្ឋកម្ពុជា មុនដំណើរមកដល់របស់ឯកឧត្តម កាលពី​ម្សិលមិញថា ឯកឧត្តមទន្ទឹងរង់​ចាំជួប​ពិភាក្សា​យ៉ាង​ស្មោះ​អស់​ពីចិត្តជា​មួយ​សម្តេចតេជោ ហ៊ុន សែន និងឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី ដើម្បីបន្តភាព​ជា​ដៃគូ​យុទ្ធសាស្ត្រ​របស់​ប្រទេសទាំ​ងពីរ​កាន់តែរីកចម្រើនថែមទៀត។

ក្នុងសារផ្ញើជូនពលរដ្ឋ​កម្ពុជា​នោះ  ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានបង្ហាញនូវជំហររបស់រដ្ឋាភិបាលជប៉ុន ក្នុងការគាំទ្ររាជរដ្ឋាភិបាលកម្ពុជា ដើម្បីសម្រេចនូវគោលដៅអភិវឌ្ឍន៍ផងដែរ។

ព្រោះតែការរាតត្បាតនៃជំងឺកូវីដ១៩ មកដល់ខែសីហា ឆ្នាំ២០២០នេះ កម្ពុជាមិនទាន់បានទទួលមន្ត្រីជាន់ខ្ពស់នៃបណ្តាប្រទេសជាមិត្តណាមួយនៅឡើយនោះទេ។ ដំណើរទស្សនកិច្ចរបស់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ អាចចាត់ទុកជាដំណើរទស្សនកិច្ចរបស់មន្ត្រីជាន់ខ្ពស់ប្រទេសជាមិត្តដំបូងគេហើយ ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជាក្នុងកំលុងនៃវិបត្តិកូវីដ១៩នេះ។ ដំណើរទស្សនកិច្ចនេះ ក៏ត្រូវបានចាត់ទុកជាដំណើរបំពេញទស្សនកិច្ចដ៏ពិសេស និងមានសារៈសំខាន់ផងដែរ។

ក្រសួងការបរទេសកម្ពុជា បានគូសបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោករដ្ឋមន្ត្រីការបរទេសជប៉ុន ជាដំណើរទស្សនកិច្ចមួយជួយពង្រឹងពង្រីកថែមទៀតនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដែលមានស្រាប់ រវាងកម្ពុជា និងជប៉ុននៅលើគ្រប់វិស័យទាំងនៅក្នុងក្របខ័ណ្ឌទេ្វភាគី និងពហុភាគី។ ដំណើរទស្សនកិច្ចនេះ ក៏ជាការបង្ហាញនូវសាមគ្គីភាព ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតសកលកូវីដ-១៩ ក៏ដូចជាកិច្ចសហប្រតិបត្តិការក្នុងការស្តារសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩ផងដែរ។

សូមបញ្ជាក់ថា កម្ពុជា និងជប៉ុន បានភ្ជាប់ទំនាក់ទំនងនឹងគ្នាជាផ្លូវការនៅថ្ងៃទី០៩ ខែមករា ឆ្នាំ១៩៥៣។ ទំនាក់ទំនងកម្ពុជា និងជប៉ុន មានភាពល្អប្រសើរឡើងជាបន្តបន្ទាប់រហូតក្លាយទៅជាទំនាក់ទំនងដៃគូយុទ្ធសាស្ត្រនៅខែធ្នូ ឆ្នាំ២០១៣។ ក្រោយសង្គ្រាមស៊ីវិលនៅកម្ពុជា ប្រទេសជប៉ុនបានរួមដំណើរជួយគាំទ្រដល់ដំណើរការស្វែងរកសន្តិភាព ការស្តារឡើងវិញក៏ដូចជាការអភិវឌ្ឍជាបន្តបន្ទាប់របស់ប្រទេសកម្ពុជា ដែលនេះគឺជាមូលដ្ឋានគ្រឹះនៃចំណងមិត្តភាពនៃប្រទេសទាំងពីរ ហើយទំនាក់ទំនងនេះមានភាពស៊ីជម្រៅថែមទៀតក្នុងវិស័យផ្សេងៗដូចជា នយោបាយ សន្តិសុខ សេដ្ឋកិច្ច វប្បធម៌ និងការផ្លាស់ប្តូរធនធានមនុស្សជាដើម។

មុនការអញ្ជើញមកដល់ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ ក៏បានចេញសារមួយផ្ញើជូនពលរដ្ឋកម្ពុជាផងដែរ។ នៅក្នុសារនេះ ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានគូសរំលេចពីការរីកចម្រើន និងការវិវឌ្ឍដ៏ល្អប្រសើរនៃទំនាក់ទំនងរវាងកម្ពុជា និងជប៉ុន។

ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ ធ្លាប់បានអញ្ជើញមកកាន់ប្រទេសកម្ពុជាច្រើនលើកហើយតែក្នុងតំណែង និងតួនាទីផ្សេង។ កាលពីឆ្នាំ២០១៤ ក្នុងនាមជារដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច ពាណិជ្ជកម្ម និងឧស្សាហកម្ម ឯកឧត្តម ម៉ូតេហ្គី តូស៊ីមីត្សឹ បានមកបំពេញទស្សនកិច្ចនៅកម្ពុជា ហើយបាននាំមកជាមួយនូវនាយកប្រតិបត្តិនៃក្រុមហ៊ុនជប៉ុនជាច្រើន ដើម្បីជំរុញការផ្លាស់ប្តូរសេដ្ឋកិច្ចកម្ពុជា។

ក្នុងសារជូនពលរដ្ឋកម្ពុជា ឯកឧត្តម បានលើកឡើងថា បើប្រៀបធៀបជាមួយឆ្នាំ២០១៤ ដែលលោកបានធ្វើដំណើរទស្សនកិច្ចលើកមុន ចំនួនប្រជាជនជប៉ុននៅកម្ពុជាបានកើនឡើង ២.២ដង (ពី១,៧៩៣នាក់ ដល់៣,៩៣៤នាក់) រីឯក្រុមហ៊ុនជប៉ុនកើន ២.៧ដង (ពី១៤២ក្រុមហ៊ុន ដល់៣៨៨ក្រុមហ៊ុន)។ ចំណែកឯពាណិជ្ជកម្មទ្វេភាគីកើន ២.៣ដង (ពី ១០០លានដុល្លាអាមេរិករហូត ដល់ ២៣០លានដុល្លាអាមេរិក)។

ឯកឧត្តមបន្តថា ប្រជាជនកម្ពុជាដែលកំពុងរស់នៅប្រទេសជប៉ុនកើន៤.៣ដង (ពី៣,៤៣៦នាក់ ដល់១៥,០២០នាក់)៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort