ប្រមុខរាជរដ្ឋាភិបាល បន្តដាស់តឿនឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅតែ​បន្តដាស់តឿនឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នចំពោះជំងឺឆ្លងកូវីដ-១៩ ព្រោះថា ជំងឺឆ្លងរលាក​ផ្លូវដង្ហើមកូវីដ-១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់។

នៅលើផេកផ្លូវការ នាថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២០ សម្ដេចតេជោបានសរសេរថា  ជា​រៀងរាល់ថ្ងៃសូមបងប្អូនជនរួមជាតិមានការប្រុងប្រយ័ត្នថែរក្សាសុខភាពឱ្យបានល្អចូលរួមទប់ស្កាត់កុំឱ្យឆ្លងរោគកូវីដ-១៩ ទាំងពីយើងទៅគេ និងពីគេមកយើង។ ជំងឺឆ្លងរលាកផ្លូវ​ដង្ហើម​កូវីដ-១៩នេះ គឺឆ្លងរាតត្បាតលឿនសាហាវខ្លាំងណាស់ ដូចបងប្អូនបានឃើញស្រាប់ហើយ​មានប្រទេសជាច្រើននៅលើពិភពលោកកំពុងបិទប្រទេស បិទព្រលានយន្តហោះ បិទសាលា​រៀនរួមទាំងនៅកម្ពុជាយើងផងដែរ។ សម្ដេចតេជោបានបន្តថា ទោះបីកម្ពុជាយើងចំនួនអ្នក​បានព្យាបាលជាមានចំនួនច្រើន ហើយអត្រាឆ្លងរោគក៏មិនបានកើនឡើងខ្លាំងក៏ពិតមែន ប៉ុន្តែ​មិនត្រូវធ្វេសប្រហែសមើលស្រាលបណ្តែតបណ្តោយខ្លួនឱ្យងាយរងគ្រោះថ្នាក់ដែរ។

មកទល់ពេលនេះជំងឺឆ្លងកូវីដ-១៩ គ្មានថ្មាំព្យាបាលទេ។ អង្គការសុខភាពពិភពលោក (WHO) បានបញ្ជាក់ថា នៅលើ២១៦ ប្រទេសគឺមានអ្នកឆ្លងរោគបានកើនឡើងប្រមាណ ៧,០៣៩,៩១៨នាក់ហើយ និងចំនួនអ្នកស្លាប់ក៏បានកើនឡើងប្រមាណ ៤០៤,៣៩៩នាក់ដែរ។ សម្ដេចតេជោនាយករដ្ឋមន្ត្រីបានគូសបញ្ជាក់ទៀតថា ដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺ​កូវីដ-១៩ សូមបងប្អូនជនរួមជាតិឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ ចែល ឬទឹក​អាល់កុល ហើយពាក់ម៉ាស់ការពារដោយមិនត្រូវខ្មាស់អៀន ឬស្មានៗគិតថាមិនមានអ្វីឆ្លងទេ ឬគិតថាស្រុកយើងសីតុណ្ហភាពក្តៅខ្លាំងអាចសម្លាប់មេរោគកូវីដនេះបាន គឺគិតបែបនេះ​មិន​ត្រឹម​ត្រូវទេ គឺកំពុងប្រថុយខ្លួននឹងជំងឺឆ្លងរាតត្បាតនេះហើយ។

សម្ដេចតេជោបានបន្ថែមថា សំខាន់ពេលនេះត្រូវថែរក្សាសុខភាពខ្លួនឯង កូនចៅ និងសមាជិកក្នុងគ្រួសារកុំឱ្យឆ្លងរោគកូវីដ-១៩នេះ ទោះបីរស់នៅទីក្រុង​ឬរស់នៅតាមជនបទ​ស្រុកស្រែចម្ការគឺត្រូវតែប្រុងប្រយ័ត្នទាំងអស់គ្នាជាប់ជានិច្ច។ ជាមួយគ្នានេះ សូមស្តាប់តាមការ​ណែនាំរបស់ក្រសួងសុខាភិបាល ហើយប្រសិនបើមានចម្ងល់ ឬការសង្ស័យអ្វីមួយ​អំពីជំងឺ​ឆ្លងកូវីដ-១៩ សូមទូរស័ព្ទទាក់ទងទៅលេខ ១១៥ ជាបន្ទាន់៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ