ប្រមុខដឹកនាំអាស៊ានបូកបី ចេញសេចក្តីប្រកាសរួម នៃកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីអំពីបញ្ហាជំងឺកូវីដ-១៩

ភ្នំពេញ ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ — បន្ទាប់ពីកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីអំពីបញ្ហាជំងឺកូវីដ-១៩ តាមរយៈប្រព័ន្ធវីដេអូ (Video Conference) នារសៀលថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ ដែលមានកាចូលរួមរបស់ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ាន ជាមួយមេដឹកនាំនៃសាធារណរដ្ឋប្រជាមានិតចិន ជប៉ុន និងសាធារណរដ្ឋកូរ៉េ ដែលជាការតបតាមការអញ្ជើញរបស់ ឯកឧត្ដម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ដែលជាប្រធានអាស៊ាន ឆ្នាំ២០២០នោះ ប្រមុខដឹកនាំអាស៊ានបូកបី ចេញសេចក្តីប្រកាសរួមនៃកិច្ចប្រជុំកំពូលអាស៊ានបូកបីពិសេស ស្ដីអំពីបញ្ហាជំងឺកូវីដ-១៩ ដែលមានចំណុចសំខាន់ៗចំនួន១៣។

ខ្លឹមសារនៃសេចក្ដីប្រកាសរួមនោះមាន ១.លើកទឹកចិត្តឲ្យមានការផ្លាស់ប្ដូរព័ត៌មានជាទៀងទាត់ដោយសេរី និងបើកចំហរ និងមានតម្លាភាពស្ដីពីស្ថានភាពជាក់ស្ដែង និងវិធានការដែលបានអនុវត្តដោយប្រទេសនីមួយៗ ចែករំលែកបទពិសោធន៍ និងពង្រីកការគាំទ្រផ្នែកបច្ចេកទេសទៅវិញទៅមកក្នុងការបង្ការទប់ស្កាត់ និងតាមដានការចម្លងក៏ដូចជាការព្យាបាលផងដែរ។ ២.ប្ដេជ្ញាកសាងសមត្ថភាពសម្រាប់ប្រព័ន្ធសុខាភិបាលជាតិ និងតំបន់ ដើម្បីពង្រឹងការត្រៀមលក្ខណៈ និងការឆ្លើយតបទៅនឹងការរាតត្បាត ការការពារបុគ្គលិកសុខាភិបាលជួរមុខ និងធានាការចែកចាយ ផ្គត់ផ្គង់គ្រឿងវេជ្ជសាស្ត្រឱ្យបានគ្រប់គ្រាន់ ជាពិសេសឧបករណ៍ធ្វើរោគវិនិច្ឆ័យ ឧបករណ៍ការពារផ្ទាល់ខ្លួន និងឧបករណ៍វេជ្ជសាស្ត្រនានាដែលប្រកាន់ខ្ជាប់នូវគោលបំណងនៃប្រសិទ្ធភាពសុវត្ថិភាព និងភាពងាយស្រួល។ ៣.ពិចារណារៀបចំការបម្រុងទុក ការផ្គត់ផ្គង់វេជ្ជសាស្ត្រសំខាន់ៗ របស់អាស៊ានបូកបី ដែលអាចជួយឆ្លើយតបយ៉ាងឆាប់រហ័សចំពោះតម្រូវការបន្ទាន់។ លើកទឹកចិត្តការប្រើប្រាស់កន្លែងបម្រុងបន្ទាន់ក្នុងតំបន់ដែលមានស្រាប់ រួមមានឃ្លាំងដែលគ្រប់គ្រងដោយមជ្ឈមណ្ឌលសម្របសម្រួលអាស៊ានសម្រាប់ជំនួយមនុស្សធម៌ និងបង្កបម្រុងបន្ទាន់របស់អាស៊ាន៣ សម្រាប់តម្រូវការបន្ទាន់ផ្នែកសុខភាពសាធារណៈ។ ៤. លើកទឹកចិត្តការគាំទ្រ និងជួយគ្នាទៅវិញទៅមករវាងប្រទេសអាស៊ានបូកបី ក្នុងការអភិវឌ្ឍធនធានមនុស្សសម្រាប់វិស័យសុខាភិបាលសាធារណៈ រួមមានការបណ្ដុះបណ្ដាលបុគ្គលិកសុខាភិបាលសាធារណៈ ការផ្ដល់អាហារូបករណ៍ និងកម្មវិធីសិក្សាសម្រាប់និស្សិតមកពីប្រទេសសមាជិកអាស៊ាន ដើម្បីសិក្សានៅសាលាពេទ្យនៃប្រទេសបូកបី។ ៥.ព្យាយាមធានាឲ្យបាននូវការផ្ដល់ហិរញ្ញប្បទានគ្រប់គ្រាន់ ក្នុងការទប់ទល់នឹងការរាតត្បាត និងការការពារប្រជាជនរួមទាំងស្វែងរកលទ្ធភាពនៃការបង្កើតមូលនិធិពិសេស ដែលអាចធ្វើទៅបានក្នុងការឆ្លើយតបទៅនឹងភាពបន្ទាន់នៃសុខភាពសាធារណៈ តាមរយៈការស្នើសុំមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកមួយ និងមូលនិធិនៃកិច្ចសហប្រតិបត្តិការអាស៊ានបូកបី និងការគាំទ្របន្ថែមពីបណ្ដាប្រទេសបូកបី។ ៦.លើកកម្ពស់កិច្ចសហប្រតិបត្តិការ ដើម្បីផ្ដល់ការគាំទ្រ និងជំនួយសមស្រប ដល់ប្រជាជននៃបណ្ដាប្រទេសអាស៊ានបូកបី ដែលកំពុងស្នាក់នៅ បំពេញការងារ និងសិក្សាក្នុងបណ្ដាប្រទេសអាស៊ានបូកបី ដោយធានាសុវត្ថិភាព និងសមភាពចំពោះអ្នកដែលរងផលប៉ះពាល់ដោយជំងឺកូរវីដ១៩។ ៧.ជំរុញបន្ថែមការលើកកម្ពស់ទំនាក់ទំនងសាធារណៈ ប្រកបដោយប្រសិទ្ធភាព ធានាតម្លាភាព និងផ្ដល់ព័ត៌មានជាក់លាក់ដល់សាធារណជន។ ៨. បញ្ជាក់សាជាថ្មីនូវការប្ដេជ្ញាចិត្តរក្សាការបើកច្រកទីផ្សារ រក្សាលំហូរពាណិជ្ជកម្ម សេវាកម្ម និងការវិនិយោគ ពង្រឹងសេដ្ឋកិច្ចក្នុងតំបន់ឱ្យរឹងមាំ ធានាការចាត់វិធានការបន្ទាន់សម្រាប់ការឆ្លើយតបចំពោះសុខភាពសាធារណៈ និងចំគោលដៅសមាមាត្រ ប្រកបដោយតម្លាភាព និងមានលក្ខណៈជាបណ្ដោះអាសន្ន ព្រមទាំងមិនបង្កើតរបាំងមិនចាំបាច់ដល់ការធ្វើពាណិជ្ជកម្ម ឬបង្កើតការរំខានដល់ខ្សែសង្វាក់ផលិតកម្មពិភពលោក។ ៩.បញ្ជាក់សារជាថ្មីការប្ដេជ្ញាចិត្តដើម្បីពង្រឹងកិច្ចខិតខំប្រឹងប្រែងរួមគ្នា ឆ្ពោះទៅរកផែនការស្ដារឡើងវិញក្រោយការរាតត្បាត ជំរុញការអភិវឌ្ឍសេដ្ឋកិច្ច ស្ដាកំណើនឡើងវិញ រក្សាស្ថិរភាពទីផ្សារ និងទប់ស្កាត់ហានិភ័យនៃវិបត្តិសេដ្ឋកិច្ច។ ១០.ពង្រឹងកិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានស្ថេរភាពផលិតកម្ម និងស្ថេរភាពផ្គត់ផ្គង់ទំនិញ និងសេវាកម្មសំខាន់ៗ រួមបញ្ចូលទាំងការផ្គត់ផ្គង់សម្ភារៈបរិក្ខាពេទ្យសំខាន់ៗ ផលិតផលកសិកម្ម ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទាំងក្នុង និងក្រៅតំបន់។ ១១.ប្ដេជ្ញាធ្វើការសហការយ៉ាងជិតស្និទ្ធជាមួយអង្គការសុខភាពពិភពលោក អង្គការអន្តរជាតិ និងសហគមន៍អន្តរជាតិដទៃទៀត ក្នុងការប្រយុទ្ធប្រឆាំងជាសកល ដើម្បីទប់ស្កាត់ការរីករាលដាល និងបញ្ឈប់ការរាតត្បាត ខណៈដែលកំពុងដោះស្រាយនូវផលវិបាកសង្គម និងវិបត្តិសេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដែលបណ្ដាលមកពីជម្ងឺកូវីដ-១៩ ការពារសុខមាលភាពរបស់ប្រជាជន និងរក្សាកំណើនប្រកបដោយចីរភាព។ ១២.រក្សាការរួបរួមគ្នាដោយមានការប្រុងប្រយ័ត្នខ្ពស់ និងត្រៀមលក្ខណៈដើម្បីចាត់វិធានការផ្សេងទៀតតាមតម្រូវការ។ ១៣.ណែនាំឱ្យកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ានបូកបី ធ្វើជាអង្គភាពសម្របសម្រួលជាស្នូល ដោយសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នពាក់ព័ន្ធក្នុងក្របខ័ណ្ឌអាស៊ានបូកបី ដើម្បីតាមដានការអនុវត្តការប្ដេជ្ញាចិត្ត និងកិច្ចព្រមព្រៀងនានា ដែលបានគូសបញ្ជាក់ក្នុងសេចក្តីប្រកាសនេះ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ

សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃ...

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ឯកឧត្តម វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេស នៃសាធារណរដ្ឋប្រជាមានិតចិន
beylikdüzü escort escort beylikdüzü beylikdüzü escort