សម្រង់ប្រសាសន៍​សម្តេចតេជោ ហ៊ុន សែន, ចែកសញ្ញាបត្រដល់និស្សិត នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

CNV:

វឌ្ឍនភាពសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប

ថ្ងៃនេះ គឺជាដើមសប្ដាហ៍ ហើយក៏ជាដើមខែ ដែលខ្ញុំនិយាយនៅទីនេះថា ថ្ងៃ(ទី) ៣១ កុម្ភៈ។ ឥឡូវនេះ ថ្ងៃទី ០២ មីនា ក៏វាចំថ្ងៃទី ៣១ កុម្ភៈ។ យើងចាប់ផ្ដើមជាមួយនឹងការមកចែកជូនសញ្ញាបត្រ(ដល់និស្សិត)សាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ចំនួន ១ ៥៨៩ នាក់ ដែលជាសមិទ្ធផលថ្មីមួយទៀត សម្រាប់សង្គមជាតិរបស់យើង។ អម្បាញ់មិញ ឯកឧត្តម ឌួង លាង បានធ្វើរបាយការណ៍ពាក់ព័ន្ធជាមួយវឌ្ឍនភាព នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ដែលខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ថ្លែងនូវការកោតសរសើរ ចំពោះវឌ្ឍនភាពទាំងឡាយ ដែលសាកលវិទ្យាល័យនេះ ទទួលបានក្នុងរយៈកន្លងទៅ។ ការស្ដាប់ដោយយកចិត្តទុកដាក់អម្បាញ់មិញនេះឃើញថា សាកលវិទ្យាល័យបានរៀបចំប្រព័ន្ធការរៀនសូត្រ ដែលឈានឆ្ពោះទៅរកដំណាក់កាលថ្មី គឺប្រព័ន្ធព័ត៌មានវិទ្យា ដែលទាក់ទងជាមួយនឹងសភាពការណ៍វិវឌ្ឍប្រែប្រួលនៅក្នុងសេដ្ឋកិច្ចពិភពលោករបស់យើង។

ខ្ញុំព្រះករុណាខ្ញុំ សូមយកឱកាសនេះ ដើម្បីថ្លែងនូវការកោតសរសើរ ចំពោះនិស្សិតជ័យលាភីទាំងអស់នូវគ្រប់កម្រិត (ទាំង)បរិញ្ញាបត្ររង ចំនួន ២៧០ នាក់ បរិញ្ញាបត្រ (ចំនួន) ១ ១៥៦ នាក់ បរិញ្ញាបត្រជាន់ខ្ពស់ (ចំនួន) ១៥៨ នាក់ និងថ្នាក់បណ្ឌិត ចំនួន៥ នាក់ ដែលជ័យលាភីទាំងអស់នឹងទទួលសញ្ញាបត្រនៅថ្ងៃនេះ ប៉ុន្តែ អ្វីដែល ខ្ញុំព្រះករុណា ខ្ញុំនៅតែបន្តនិយាយទាំងស្ថាប័ន ក៏ដូចជាបុគ្គលម្នាក់ៗខិតខំបន្តពង្រឹងគុណភាព នៃការសិក្សារបស់យើង តាមរយៈការធ្វើទំនើបកម្ម នៃប្រព័ន្ធអប់រំ សម្រាប់ការបណ្ដុះបណ្ដាល ក្នុងនោះ កត្តាដែលមិនអាចខ្វះបាន គឺកត្តាសាស្ត្រាចារ្យ ដែលមានបទពិសោធន៍នៅក្នុងការបង្រៀន។

គុណភាពអប់រំ ជាគោលដៅស្នូល ដើម្បីប្រសិទ្ធភាពក្នុងវិស័យអប់រំ

ប្រសិនបើយើងពុំមានសាស្ត្រាចារ្យដែលល្អ ហើយដែលមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីបង្រៀននោះទេ និស្សិតស្ដាប់នូវការឧទ្ទេសនាមរបស់គ្រូ ក៏មិនទទួលបានពេញលេញនោះដែរ។ វាក៏ចំណុះ​​ទៅលើនិស្សិតខ្លួនឯងផ្ទាល់ បើទោះបីជាគ្រូពូកែប៉ុណ្ណាក៏ដោយ បើនិស្សិតមិនពូកែទេ ច្បាស់ជាទៅមិនរួចដដែល។ ប៉ុន្តែប្រសិនបើនិស្សិតនោះពូកែ បើទោះបីថាសាស្ត្រាចារ្យអន់បន្តិច ក៏ប៉ុន្តែ តាមរយៈការស្រាវជ្រាវរបស់ខ្លួន ​គឺនៅតែផ្ដល់ឱកាសឱ្យនិស្សិតនោះបានឈានឡើង ព្រោះតាមធម្មតានៅថ្នាក់ក្រោយឧត្តមសិក្សា និស្សិតតែងធ្វើការស្រាវជ្រាវខ្លួនឯងជាសំខាន់។

យើងត្រូវបន្តការខិតខំ ដើម្បីពង្រឹងស្ថាប័នអប់រំ និងកីឡារបស់យើងបន្តទៅទៀត។ ក្រសួងអប់រំ យុវជន និងកីឡា បានដាក់ចេញនូវគោលដៅ សម្រាប់គ្រឹះស្ថានសិក្សារបស់រដ្ឋ/ឯកជន “គុណភាពអប់រំ ជាគោលដៅស្នូល/អាទិភាព និងគោលដៅចុងក្រោយ” ដើម្បីធ្វើឱ្យវិស័យអប់រំរបស់យើងទទួលបានប្រសិទ្ធភាព នៃការបណ្ដុះបណ្ដាល។ សម្រាប់និស្សិតជ័យលាភីនៅថ្ងៃនេះ មិនមែនជាទីបញ្ចប់ នៃការសិក្សារបស់យើងនោះទេ សូមរំលឹកថា “ការសិក្សាសុំធ្វើពេញមួយជីវិត ដរាបណានៅមានដង្ហើមចេញចូល គឺត្រូវតែបន្តការសិក្សា” មិនអាចថា (ខ្លួន)មានសញ្ញាបត្របណ្ឌិត ឬមានបរិញ្ញាបត្រជាន់ខ្ពស់ ហើយបែរជាពើងទ្រូងដោយមិនព្រមធ្វើការវិវឌ្ឍខ្លួនឱ្យទាន់សម័យកាលរីកចម្រើន។

ពិភពលោកវិវឌ្ឍ ទាមទារការសិក្សាស្រាវជ្រាវ និងតាមដានជាប្រចាំ 

ចំណុចនេះ វាមិនមែនសំរាប់តែនិស្សិតរបស់យើង ដែលរៀននៅតាមសាកលវិទ្យាល័យនោះទេ សូម្បីតែមេដឹកនាំប្រទេសនៅថ្នាក់នេះ/នោះ មេដឹកនាំគ្រប់ជាន់ថ្នាក់/កម្រិត ទាមទារការរៀនសូត្រសម្បើមណាស់។ ជាងនេះទៅទៀត ក្នុងសភាពការណ៍វិវឌ្ឍថ្មីៗ នៃពិភពលោក ដែលពោរពេញទៅដោយភាពជ្រួលច្របល់ អំពីទិសម្ខាង គឺពហុប៉ូល/ភាគីនិយម និងទិសម្ខាងទៀត គឺឯកប៉ូល និងការគាំពារនិយម ឆ្ពោះទៅរកការប្រទាំងប្រទើសគ្នាដ៏ស្រួចស្រាល នាំទៅដល់សង្គ្រាមពាណិជ្ជកម្ម និងនាំទៅដល់បញ្ហានយោបាយថែមទៀត ទាមទារឱ្យយើងស្រាវជ្រាវជាប់ជាប្រចាំ និងធ្វើការតាមដានឱ្យជាប់នូវបណ្ដាញព័ត៌មាន រាប់ទាំងពេលនេះពាក់ព័ន្ធជាមួយជំងឺថ្មីៗ (Covid-19) គ្រោះមហន្តរាយដែលបានកើតឡើងនៅលើពិភពលោកនេះស្មុគស្មាញខ្លាំងណាស់។ មិនអាចឱ្យយើងធ្វើការព្រងើយកន្តើយ តាមរយៈសញ្ញាបត្រមួយយកទៅព្យួរចោលនៅលើជញ្ជាំងនោះទេ។ អ្វីក៏ដោយ ប្រសិទ្ធភាពគឺជាបញ្ហាសំខាន់។ យុទ្ធសាស្ត្រចតុកោណ មុំចុងក្រោយរបស់វាទាក់ទិននឹងប្រសិទ្ធភាព ហើយអ្វីដែលខ្ញុំបាននិយាយអម្បាញ់មិញ គោលដៅនៃវិស័យអប់រំរបស់យើង ចុងក្រោយ គឺគុណភាព។ គុណភាពនោះសំដៅទៅរកបញ្ហាអ្វីៗទាំងអស់ នៃដំណើរការដ៏វែងឆ្ងាយក្នុងជីវិតរបស់យើង ក៏ដូចជាដំណើរការមួយដ៏វែងឆ្ងាយ សម្រាប់អភិវឌ្ឍក្រុមគ្រួសារ និងសង្គមជាតិរបស់យើង។

ទទួលបានអាហារូបករណ៍សរុប ៣៧០៧ កន្លែង សំរាប់ផ្តល់ឱ្យនិស្សិត

ខ្ញុំព្រះករុណាខ្ញុំ សុំយកឱកាសនេះ អរគុណចំពោះសាកលវិទ្យាល័យ ដែលបានផ្ដល់អាហារូបករណ៍ឱ្យខ្ញុំព្រះករុណាខ្ញុំកន្លងទៅ ដែលផ្ដល់លទ្ធភាពឱ្យខ្ញុំព្រះករុណាខ្ញុំបានផ្ដល់ជូនទៅដល់និស្សិតក្រីក្រ ក្នុងនោះ សរុបពីឆ្នាំ ២០០៣-២០២០ នេះ សាកលវិទ្យាល័យបានផ្ដល់ឱ្យខ្ញុំព្រះករុណាខ្ញុំ (នូវអាហារូបករណ៍រហូតទៅដល់) ១ ២៥៣ កន្លែង។ ប្រហែលជាអាចមាននិស្សិតមួយចំនួន ដែលបញ្ចប់ការសិក្សាមកទទួលសញ្ញាបត្រនៅថ្ងៃនេះផងដែរ។ ឆ្នាំនេះ ខ្ញុំព្រះករុណា ខ្ញុំទទួលបានអាហារូបករណ៍ ៣ ៧០៧ កន្លែង ពី​គ្រឹះស្ថានសិក្សាទាំងអស់ ទាំងរដ្ឋ/ឯកជន ដែលផ្ដល់ឱ្យនិស្សិតជាង ៣ ពាន់នាក់ តាមរយៈអាហារូបករណ៍នេះ ហើយជាមួយគ្នានេះ ការឧបត្ថម្ភរបស់ខ្ញុំព្រះករុណាខ្ញុំនៅតែបន្ត។ សង្ឃឹម​ថា និស្សិតដែលទទួលបានការឧបត្ថម្ភនេះ នឹងបន្តដំណើរទៅមុខជាមួយគ្នាបន្តទៅទៀត។ ប៉ុន្តែ សូមសួរបញ្ជាក់បន្តិច ថាទទួលបានទៀងទាត់ទេលុយ ៥ លានរៀល និងអង្ករ ២ តោន? ទៀងទាត់។ សព្វថ្ងៃនេះ ក្នុងមួយខែ មាន ៥ សាកលវិទ្យាល័យ (ដែលត្រូវឧបត្ថម្ភ)។ សម្រាប់សាកលវិទ្យាល័យដទៃទៀត គឺសរុបទាំងអស់ យើងចំណាយប្រហែលជាង ៥ ពាន់ដុល្លារ/ខែ សម្រាប់ផ្ដល់ជំនួយឧបត្ថម្ភសម្រាប់និស្សិតក្រីក្ររបស់យើងឱ្យទទួលបាននូវការសិក្សាផងដែរ។

Covid-19 ជាមូលហេតុចម្បង នៃការផ្អាកកិច្ចប្រជុំអាស៊ាន-អាមេរិក

អនុញ្ញាតឱ្យ ខ្ញុំព្រះករុណាខ្ញុំ យកវេទិកានេះ ដើម្បីជម្រាបជូនប្រជាពលរដ្ឋរបស់យើង។ ទី (១) ទាក់ទិនជាមួយការប្រជុំអាស៊ាន-អាមេរិក។ ចំណុចនេះ គេបានដឹងរួចហើយ ប៉ុន្តែ មួយចំនួនអាចមិនទាន់ដឹង។ ការគ្រោងប្រជុំអាស៊ាន-អាមេរិក ត្រូវធ្វើនៅថ្ងៃទី ១៤ មីនា នេះ។ ក៏ប៉ុន្តែ ក្នុងសភាពការណ៍ដ៏ពុះកញ្ជ្រោល នៃបញ្ហាជំងឺ Covid-19 ថ្មី តម្រូវឱ្យមានការលើកពេលដោយប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump។ បញ្ហានេះ មានតែសហរដ្ឋអាមេរិកមួយគត់ ហើយក៏មានតែប្រធានាធិបតីសហរដ្ឋអាមេរិក និងសហការីរបស់ពួកគាត់តែប៉ុណ្ណោះ ដែលមានលទ្ធភាព និងបញ្ចេញព័ត៌មានថា មានមូលហេតុអ្វី? មូលហេតុសំខាន់​ៗនៅទីនេះ គឺសហរដ្ឋអាមេរិក បានលើកអំពី ការប្រយុទ្ធប្រឆាំងទប់ស្កាត់ជាមួយការរីករាលដាលនៃ Covid-19 ដោយចាត់តាំងអនុប្រធានាធិបតី Mike Pence ទទួលបន្ទុកជាប្រធានដោះស្រាយបញ្ហា Covid-19។ មនុស្សមួយចំនួនបានវិភាគថា ដែលសហរដ្ឋអាមេរិក លើកឡើងអំពីការផ្អាកការប្រជុំអាស៊ាន-អាមេរិក មានមូលហេតុមួយចំនួនផ្សេងទៀត។

ក្រៅពីមូលហេតុ Covid-19 គឺការមិនទៅចូលរួម នៃការប្រជុំរបស់ប្រធានាធិបតីហ្វីលីពីន និងនាយករដ្ឋមន្រ្តីម៉ាឡេស៊ី។ ឥឡូវនេះ មាននាយករដ្ឋមន្ត្រីថ្មី ដែលស្ថិតក្នុងស្ថានភាពប្រទាំងប្រទើសគ្នានៅឡើយ បើទោះបីជានាយករដ្ឋមន្ត្រីថ្មីនេះ ស្បថចូលកាន់តំណែងកាលពីម្សិលមិញ ក៏ប៉ុន្តែ រឿងនេះវាហាក់ដូចជាមិនទាន់ចប់ទេ។ អញ្ចឹង ស្ថានភាពដែលប្រធានាធិបតីហ្វីលីពីន ប្រធានាធិបតីឥណ្ឌូនេស៊ី និងបន្ថែមទៅដោយម៉ាឡេស៊ីមួយទៀត តំណាងឱ្យប្រជាជននៃពាក់កណ្តាលប្រជាជនអាស៊ានមិនទៅចូលរួមប្រជុំ អាចជាមូលហេតុមួយ ក្នុងចំណោមមូលហេតុនៃការផ្អាកការប្រជុំរវាងអាស៊ាន និងសហរដ្ឋអាមេរិក។ នេះគឺជាចំ​ណុច ដែលអ្នកវិភាគមួយចំនួនបានលើកឡើង។ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ នៅតែយល់ថា មូលហេតុទី ១ ស្តីអំពីការប្រយុទ្ធនៃ Covid-19 គឺជាមូលហេតុចម្បង  ព្រោះអាមេរិកក៏ឱ្យតម្លៃខ្ពស់ទៅលើសារៈសំខាន់ នៃទំនាក់ទំនង រវាងអាមេរិក និងអាស៊ានដែរ។

៣ ឆ្នាំ ជាប់គ្នា អាមេរិកមិនបានចូលរួមប្រជុំជាមួយអាស៊ាន

ដោយសារតែសហរដ្ឋអាមេរិក ជាពិសេស លោកប្រធានាធិបតី Donald Trump គឺបានខកខានមិនបានចូលរួមការប្រជុំអាស៊ាន ក្រៅពី(ឆ្នាំ) ២០១៧ នៅម៉ានីឡា (និងនៅឆ្នាំ)២០១៨ នៅឯ​សាំងហ្គាពួរ គឺបញ្ជូនអនុប្រធានាធិបតី Mike Pence មកចូលរួម។ បន្ទាប់ទៅ(ការប្រជុំ)នៅទីក្រុងបាងកក គឺបញ្ជូនទីប្រឹក្សាសន្តិសុខ។ ដល់ពួកអាស៊ានបានមើលឃើញថា ដោយសារទីប្រឹក្សាសន្តិសុខមិនសមហេតុសមផល ដល់កម្រិតដែលត្រូវអង្អុយជាមួយប្រមុខរដ្ឋ/រដ្ឋាភិបាលអាស៊ាននោះទេ។ ដូច្នេះ អាស៊ានបានបង្កើតឱ្យមានយន្តការ troika មួយ ដើម្បីឱ្យជួបជាមួយទីប្រឹក្សាសន្តិសុខរូបនេះ ដែលជាបេសកជនរបស់ប្រធានា​ធិបតី Donald Trump ។ troika នេះ រួមមានប្រធានបច្ចុប្បន្នពេលនោះ គឺថៃ។ អនាគតប្រធាន គឺវៀតណាមនៅពេលនោះ។ ឥឡូវ គឺប្រធាន ហើយនឹងអ្នកសម្របសម្រួល គឺឡាវ។ អញ្ចឹង តែ ៣ នាក់នេះទេ ដែលបានជួបជាមួយនឹងតំណាងអាមេរិក។

ខាងអាស៊ានគឺ យន្តការ troika ចូលរួមប្រជុំជាមួយនឹងបេសកជនពិសេសរបស់អាមេរិក … បានសេចក្តីថា សហរដ្ឋអាមេរិកមិនបានចូលរួមប្រជុំពេញលេញជាមួយអាស៊ានរយៈពេល ៣ ឆ្នាំ ជាប់ៗគ្នា … (ឆ្នាំ) ២០១៨ គឺមិនមែនប្រធានាធិបតីទេ។ (ឆ្នាំ) ២០១៩ គឺក៏មិនមែនប្រធានាធិបតីដែរ។ ដល់(ឆ្នាំ) ២០២០ នេះ គឺជាពេលវេលាប្រជុំអាស៊ាន ក៏ជាពេលវេលាបោះឆ្នោតនៅអាមេរិក។ ដូច្នេះ ៣ ឆ្នាំជាប់គ្នា នៃការដែលអាមេរិកមិនបានចូលរួមប្រជុំជាមួយអាស៊ាន។ (មានការ)ចាត់ទុកថា នយោបាយរបស់សហរដ្ឋអាមេរិកមកលើអាស៊ាន គឺហាក់ដូចជាស្រាល។

មិនមែនសហរដ្ឋអាមេរិក មិនយកចិត្តទុកដាក់ក្នុងទំនាក់ទំនងភាពជាដៃគូជាមួយអាស៊ាននោះទេ

… អាមេរិកមិនមែនមិនយកចិត្តទុកដាក់ទេ។ ប្រធានាធិបតី Donald Trump បានសរសេរលិខិតទៅកាន់ប្រមុខរដ្ឋ/រដ្ឋាភិបាលតាមប្រទេសនានា អញ្ជើញឱ្យមានការប្រជុំ ហើយក៏បានស្រុះស្រួលពេលវេលា។ ក៏ប៉ុន្តែ វាបានកើតនូវជំងឺ Covid-19 នេះ មិនមែនគ្រាន់តែប្រទេសអាមេរិកទេ ប្រទេសទាំងអស់នៅលើពិភពលោកមានបញ្ហាច្រើនណាស់។ ឥឡូវនេះ សូម្បីទំនាក់ទំនង រវាងមនុស្ស និងមនុស្ស រវាងប្រមុខរដ្ឋ និងប្រមុខរដ្ឋ រវាងនាយករដ្ឋមន្រ្តី ដែលធ្លាប់ធ្វើទស្សនកិច្ចនៅទីនេះ/នោះ​ គឺផ្អាកទស្សនកិច្ច។ នេះគឺជារឿងដែលគួរត្រូវមើលឃើញ។ ពិតហើយ ប្រធានាធិបតីអាមេរិក Donald Trump ទើបទស្សនកិច្ចនៅឥណ្ឌា។ ប៉ុន្តែ សភាពការណ៍នេះ គឺមានតែអាមេរិកទេ ដែលអាចបកស្រាយបាន។

ហេតុអីបានជាខ្ញុំត្រូវនិយាយយ៉ាងដូច្នេះ? ព្រោះកាលពីពេលមុន ខ្ញុំក៏បានប្រកាសអំពីកាលបរិច្ឆេទរបស់ខ្ញុំ ដែលត្រូវធ្វើដំណើរចេញពីកម្ពុជានៅថ្ងៃទី ១២ មីនា ហើយទៅដល់ Las Vegas ក៏នៅក្នុងថ្ងៃទី ១២ ដដែល ដោយសារយើងខុសត្រូវគ្នា ១២ ម៉ោងឯណោះ។ បន្ទាប់ទៅខ្ញុំហោះចេញទៅ Miami។ បញ្ចប់ថ្ងៃទី ១៦ ខ្ញុំចាកចេញទៅគុយបា។ ប៉ុន្តែ ត្រូវចុះចតនៅ Miami សិន។ ឥឡូវ ត្រូវលើកពេលទាំងអស់។ កម្មវិធីនានា រាប់ទាំងបុណ្យទន្លេនៅឯខេត្តបាត់ដំបង ដែលមុននេះប្រគល់ឱ្យ សម្តេចក្រឡាហោម ស ខេង ក៏ខ្ញុំត្រូវទៅចូលរួមវិញ និងកម្មវិធីមួយចំនួននៅក្នុងប្រទេស ក៏ត្រូវបានរៀបចំឡើងវិញ ដើម្បីធ្វើការនៅក្នុងប្រទេស។

រឿងនេះ គឺជារឿងមួយ ដែលខ្ញុំគ្រាន់តែរំលឹកថា​ ក្រៅពីកាលវិភាគខ្ញុំ ក៏ចង់ចង្អុលបង្ហាញទៅអ្នកវិភាគមួយចំនួនឱ្យបានយល់ អំពីគោលបំណងរបស់សហរដ្ឋអាមេរិក ចង់ពង្រឹងទំនាក់ទំនង រវាងអាមេរិក និងអាស៊ាន នេះគឺជាគោលដៅពិត។ ប៉ុន្តែ Covid-19 នេះ វារំខានទៅដល់ការងារនោះ។ មិនមែនបានសេចក្តីថា អាមេរិកមិនយកចិត្តទុកដាក់ ក្នុងទំនាក់ទំនងភាពជាដៃគូជាមួយអាស៊ាននោះទេ។ ដូច្នេះ សង្ឃឹមថា កុំឱ្យមានការភាន់ច្រឡំ ក្នុងចំណោមអ្នកវិភាគរបស់យើង …។

នៅកម្ពុជា មិនមានរឿងអ្វីផ្សេង ក្រៅតែពីការអនុវត្តច្បាប់សុទ្ធសាធ

ខ្ញុំព្រះករុណាខ្ញុំ សូមជម្រាប អាទិត្យកន្លងទៅ កាលពីថ្ងៃ ២៤ ពេលប្រជុំដាក់ផែនការសង្គ្រោះសេដ្ឋកិច្ចបណ្ដាលមកពី Covid-19 នេះ ខ្ញុំព្រះករុណាខ្ញុំ ក៏បាននិយាយទៅដល់ផលប៉ះពាល់របស់ Covid-19 នេះ។ ដោយសារតែបញ្ហាទាក់ទិនជាមួយនឹងព័ត៌មានពីគួអាឡាឡាំពួរ អំពីបញ្ហាមនុស្សម្នាក់នៅលើកប៉ាល់មានជំងឺ(Covid-19) ខ្ញុំព្រះករុណាខ្ញុំ បាននិយាយនៅពេលនោះថា ចាប់ផ្តើមមានការប្រែប្រួលហើយនៅក្នុងប្រទេសម៉ាឡេស៊ី។ ពិតមែនហើយ កិច្ចការផ្ទៃក្នុងនៅប្រទេសដទៃយើងមិនលូកលាន់ទេ ក៏ប៉ុន្តែ រឿងរ៉ាវពេញមួយអាទិត្យ គឺពិតជាស្មានមិនដល់។ ម្សិលមិញនេះ មានការស្បថចូលកាន់តំណែងនាយករដ្ឋមន្ត្រីថ្មី ក៏ប៉ុន្តែ រឿងនេះ ហាក់ដូចមិនទាន់ចប់ទេ ដោយសារត្រូវឆ្លងកាត់សភា នៅក្នុងថ្ងៃទី ៩ មីនា ខាងមុខនេះ។ ប៉ុន្តែ ហាក់ដូចជា​មានសញ្ញាចេញមកតាមដងផ្លូវពីការប្រឆាំងដើម្បីធ្វើបាតុកម្មនោះ … យើងនឹងតាមដានលើបញ្ហានេះទៅទៀត។ សង្ឃឹមថា ម៉ាឡេស៊ីនឹងមានស្ថិរភាព។ ឥឡូវ បេក្ខជននាយករដ្ឋមន្ត្រីឡើងដល់ ៣ … Mahathir Mohamad ខ្លួនឯង Anwar Ibrahim ហើយនឹង Muhyiddin Yassin។ ឥឡូវ ព្រះមហាក្សត្រតែងតាំងដោយព្រះរាជក្រឹត្យទៅលើនាយករដ្ឋមន្រ្តីនេះ ហើយស្បថចូលកាន់តំណែងទៀត។ អញ្ចឹង បើទៅដល់សភាៗបោះឆ្នោតមិនគាំទ្រ តើរឿងនេះវាទៅយ៉ាងម៉េច? …។

ក៏សុំផ្តាំទៅអ្នកដទៃថា មិនមែនមានបញ្ហាតែកម្ពុជាទេ។ គ្រប់តែប្រទេសហ្នឹងវាមានរឿង។ នៅបាងកកក៏មានបញ្ហាបន្ទាប់ ពីការរំលាយគណបក្សអនាគតថ្មី ក៏មានផ្ទុះឡើងនូវបាតុកម្មរាយប៉ាយកន្លែងនេះ/នោះ។ សង្ឃឹមថា ឯកឧត្តម Prayut Chan-o-cha នឹងគ្រប់គ្រងបានសភាពការណ៍នោះ។ ប៉ុន្តែ សម្រាប់ប្រទេសរបស់យើង រឿងមួយផ្សេងទៀត។ ប្រទេសរបស់យើង គឺប្រទេសអនុវត្តច្បាប់តែប៉ុណ្ណោះ។ អត់មានទាក់ទងរឿង(អ្វីផ្សេង)នោះទេ។ គឺរឿងអនុវត្តច្បាប់សុទ្ធសាធនៅទីនេះ។ ឯនៅប្រទេសដទៃ គេថា អ្នកឈ្នះទៅជាធ្វើបក្សប្រឆាំង អ្នកចាញ់ទៅជាធ្វើរដ្ឋាភិបាល។ ប៉ុន្តែ អាស៊ានយើងមិនលូកដៃទេ។

សំណើមិនសមហេតុផល ធ្វើវិសោធនកម្មពី ៥០+១ ទៅ ២/៣ វិញ

ខ្ញុំគ្រាន់តែចង្អុលបង្ហាញ កុំឱ្យមនុស្សមួយចំនួនចេះតែបំភ្លៃ។ បំភ្លៃតែកម្ពុជាមួយថ្ងៃៗ រឿងវិបត្តិនយោបាយ។ ឥឡូវ សុំនិយាយពីរឿងវិបត្តិនយោបាយ។ សួរថា បើវិបត្តិនយោបាយស្រុកខ្មែរវានៅអញ្ចឹងទេ? … គួរឱ្យអស់សំណើចដែរ។ មានអ្នកខ្លះ ក្នុងប៉ុន្មានថ្ងៃនេះ លើកឡើងចង់ឱ្យយើងធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទៀត។ ចំណុចនៃការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ទី (១) សុំឱ្យធ្វើពីអា ៥០+១ ទៅអា ២/៣ វិញ។ តើអ្នកហ្នឹងឆ្កួត ឬក៏អីអញ្ចេះ? ដោយសារតែអា ២/៣ នេះ វាធ្វើការអត់កើត បានជាគេធ្វើវិសោធនកម្មពីអា ២/៣ មកអា ៥០+១ នេះ ដើម្បីផ្តល់ឱកាសឱ្យអ្នកឈ្នះ ដែលមានសម្លេងគ្រប់គ្រាន់បង្កើត(រាជ)រដ្ឋាភិបាល គេមានលទ្ធភាពបង្កើត​។

កាលពីមុននោះ សូម្បីប្រជុំសភា អ្នកឈ្នះត្រូវទៅអង្វរអ្នកចាញ់។ ព្រោះ(ត្រូវការ) quorum ៣/៤ ស្មើនឹង ៨៥ សម្លេង ទើបប្រជុំបាន។ ដល់អនុម័តបង្កើតរាជរដ្ឋាភិបាល ត្រូវការសម្លេង ២/៣ វាត្រូវ ៨២ នាក់ ក្នុងនោះ គណបក្សប្រជាជននៅឆ្នាំ ១៩៩៨ បាន ៦៤ អាសនៈ លើ ១២១។ អញ្ចឹង យើងមានលទ្ធភាពបង្កើត(រាជ)រដ្ឋាភិបាល ប៉ុន្តែអត់បង្កើតបាន។ ឆ្នាំ ២០០៣ បានដល់ ៧៣ កៅអី នៅតែបង្កើត(រាជ)រដ្ឋាភិបាលអត់បាន។ ដូច្នេះ ក្រោយមក (យើងបានកែ)ដើម្បីសម្រួលឱ្យទាំងអស់គ្នា​ អ្នកណាឈ្នះ អ្នកនោះបង្កើត(រាជ)រដ្ឋាភិបាលទៅ ដែលខ្ញុំនិយាយថា “អាមួយនោះស្រួលប្រើណាស់” …។

ពេលដែលកែរដ្ឋធម្មនុញ្ញរួចហើយ (រាជ)រដ្ឋាភិបាលឆ្នាំ ២០០៨ រាជរដ្ឋាភិបាលឆ្នាំ ២០១៣ និងរាជរដ្ឋាភិបាលឆ្នាំ ២០១៨ គឺពុំមានការរាំងស្ទះទេ។ ប៉ុន្តែ រឿងវាអញ្ចេះ។ កែរដ្ឋធម្មនុញ្ញឆ្នាំ ២០០៦ ពី ២/៣ មក ៥០+១ កាលហ្នឹងយើង ៧៣ កៅអីលើ ១២២ គិតជាភាគរយ គឺវាជាង ៦០% ប៉ុន្តែយើងនៅតែបង្កើតរាជរដ្ឋាភិបាល​បាន តែវាចៃដន្យអីដល់ឆ្នាំ ២០០៨ វាបែរជាផ្ទុយស្រឡះទៅវិញ។ (ឆ្នាំ) ២០០៨ គណបក្សប្រជាជនបានដល់ ៩០ អាសនៈ លើសពី ២/៣​ នោះទៅទៀត អញ្ចឹងវានៅសល់សម្លេងទៅវិញ។ នៅឆ្នាំ ២០០៨​ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានទៅដល់ ៩០ អាសនៈ ប៉ុន្តែ ទោះបី ៩០ អាសនៈក៏ដោយ សំខាន់បំផុត គឺ ៥០+១ គឺជារូបមន្តដែលស្រួល។​

សំណើមិនសមហេតុផល ចែងពីទាយាទនាយករដ្ឋមន្ត្រី ក្នុងរដ្ឋធម្មនុញ្ញ

ទី (២) គេចង់ឱ្យកែ (ដោយ)ដាក់នៅក្នុងរដ្ឋធម្មនុញ្ញតែម្ដង ឱ្យមានទាយាទរបស់នាយករដ្ឋមន្រ្តី។ វាហួសហេតុ។ ខ្ញុំកំពុងតែឆ្ងល់ថា គេមានចេតនាអ្វីឱ្យដាក់ក្នុងរដ្ឋធម្មនុញ្ញទៅ “អត់ពីអ្នកនេះធ្វើនាយករដ្ឋមន្រ្តី អ្នកមួយទៀតធ្វើជានាយករដ្ឋមន្រ្តី”? បើអញ្ចឹង ប្រទេសនេះវាមិនមែនជាប្រទេសប្រជាធិបតេយ្យទេ។ គេចង់សំដៅ​ថា “អត់ពីនាយករដ្ឋមន្រ្តី ហ៊ុន សែន ដាក់ ហ៊ុន ម៉ាណែត តែម្ដងទៅ” … សូម្បីតែតួអង្គព្រះមហាក្សត្រ ប្រទេសកម្ពុជារបស់យើង គឺជារាជានិយមជ្រើសតាំង។ បើព្រះមហាក្សត្រ រាជានិយមជ្រើសតាំង ព្រះមហាក្សត្រគ្មានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទ ឱ្យឡើងគ្រងរាជជំនួសទេ។ ខ្ញុំព្រះករុណាខ្ញុំ ក៏បានបញ្ជាក់នៅថ្ងៃមុននៅក្នុងពេលស្រោចស្រពសុគន្ធវារីប្រគេន ចំពោះសម្ដេចសង្ឃនាយករងទាំង ៣ ព្រះអង្គអំពីបញ្ហានេះ។ ព្រះមហាក្សត្រត្រូវជ្រើសតាំងដោយក្រុមប្រឹក្សារាជសម្បត្តិ ដែល ៣ នាក់ ចេញពីព្រឹទ្ធសភា, ៣ នាក់ចេញពីរដ្ឋសភា, ២ ព្រះអង្គចេញពីព្រះសង្ឃរាជទាំងពីរគណៈ និងចេញពីនាយករដ្ឋមន្រ្តី ដែលជាសមាជិកក្រុមប្រឹក្សារាជសម្បតិ្ត ហើយប្រធានព្រឹទ្ធសភា គឺជាប្រធាន នៃក្រុមបឹ្រក្សារាជសម្បត្តិតែម្ដង។

នៅក្នុងទិដ្ឋភាពទាក់ទងនឹង(ការតែងតាំង)ព្រះរាជ(ទាយាទ)៖ ប្រទេសជប៉ុនមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទ។ ប្រទេសថៃមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទ។ អង់គ្លេសមានព្រះរាជសិទ្ធិតែងតាំងព្រះរាជទាយាទ និងមានប្រទេសច្រើនណាស់នៅលើពិភពលោក។ ប៉ុន្តែ ប្រទេសកម្ពុជា​ គឺជាប្រទេសដែលព្រះរាជា មិនទទួលយកនូវព្រះរាជសិទ្ធិតែងតាំងទេ។ នេះគឺជាព្រះរាជតម្រិះព្រះករុណាបិតា សម្ដេចព្រះ នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ​ ព្រះអង្គទ្រង់សរសេរខ្លួនឯងតែម្ដង។ ពាក្យដែលថា “ព្រះមហាក្សត្រទ្រង់គ្រងរាជ តែមិនកាន់អំណាច” ក៏ព្រះអង្គទ្រង់សរសេរខ្លួន​ឯងទាំងអស់។ ទាក់ទិនទៅនឹងកថាខណ្ឌពាក់ព័ន្ធជាមួយនឹងព្រះរាជា គឺព្រះករុណាបិតា ព្រះអង្គសរសេរខ្លួនឯងនៅព្រះរាជដំណាក់ឆាងស៊ូអ៊ុន នៅកូរ៉េខាងជើងឯណោះ។ ហ្នឹងតាមដែលខ្ញុំព្រះករុណាខ្ញុំដឹង បាននាំសេចក្ដីព្រៀងរដ្ឋធម្មនុញ្ញពីភ្នំពេញ ធ្វើដំណើរទៅកាន់​កូរ៉េខាងជើងពេលនោះ ដើម្បីឆ្លងព្រះករុណាបិតា។ ពេលនោះ មានពីរទម្រង់៖ ទម្រង់មួយគឺសា​ធារណរដ្ឋ, ទម្រង់មួយទៀត គឺរាជានិយម។ ទៅដល់នោះ គឺយើងបានព្រមព្រៀងធ្វើរាជានិយម។ ដល់ធ្វើរាជានិយម ព្រះករុណាបិតា(សរសេរ) “ព្រះមហាក្សត្រគ្រងរាជ ប៉ុន្តែមិនកាន់អំណាច” ហើយ(សរសេរទៀត)ថា “ព្រះមហាក្សត្រ ទ្រង់ជាព្រះប្រមុខរដ្ឋអស់មួយជីវិត” ព្រោះបញ្ហានេះ ក៏បង្កាទៅលើបញ្ហាទាក់ទិនជាមួយនឹងរឿងការធ្វើរដ្ឋប្រហារ ដែលកើតចេញជាទម្លាក់ឆ្នាំ ១៩៧០ ប្ដូរពីរាជានិយម ទៅសាធារណរដ្ឋនិយម។

គួរសិក្សាអំពីនីតិរដ្ឋធម្មនុញ្ញ

(ខ្ញុំ)មិនយល់ អ្នកដែលមានគោលបំណង(ឱ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ)។ ខ្ញុំព្រះករុណាខ្ញុំ បានស្ដាប់(សំឡេងដែល) គេបញ្ជូនតាម Group Telegram ហើយគេយកសំឡេងហ្នឹងមកឱ្យស្ដាប់ ថាធ្វើអាហ្នឹងទៅ ដាក់អាហ្នឹងនៅក្នុងរដ្ឋធម្មនុញ្ញ “បើអត់ពីអ្នកនេះធ្វើនាយករដ្ឋមន្រ្តី អ្នកនេះធ្វើជំនួស” ក្នុងពេលដែលរដ្ឋធម្មនុញ្ញបានចែងថា “ប្រសិនបើតំណែងនាយករដ្ឋមន្រ្តីនៅទំនេរជាស្ថាពរ គណៈរដ្ឋមន្រ្តីមួយនឹងត្រូវរៀបចំឡើងវិញ តាមបែបបទនៃរដ្ឋធម្មនុញ្ញនេះ ប្រសិនបើជាការទំនេរម្ដងម្កាល ត្រូវតែងតាំងនាយករដ្ឋមន្រ្តីស្ដីទី” គេចែងអញ្ចឹង។ អានេះចង់ចែងថា បើ(កន្លែង)នាយករដ្ឋមន្រ្តី ហ៊ុន សែន ទំនេរហើយ គឺត្រូវតែទៅរក ហ៊ុន ម៉ាណែត (ឱ្យកាន់តំណែងជំនួស)។ ប្រទេសនេះ ជាប្រទេសបោះឆ្នោត។ (ការនិយាយដូចនេះ គឺ) វាសំដៅទៅរក … ដើម្បីនឹងវាយប្រហារមកលើខ្ញុំ។

អញ្ចឹងទេ គ្រាន់តែបញ្ជាក់ត្រឡប់ទៅវិញទៅ បើអ្ហែងស្ទើរភ្លើងណាស់ ហើយបើមិនទាន់ចេះច្បាប់ និងនីតិធម្មនុញ្ញទេ ទៅរៀន។ អាចនឹងសមាជិកក្រុមប្រឹក្សាធម្មនុញ្ញជួយបង្រៀនបាន ឬអ្នកច្បាប់ណាមួយ ដែលជំនាញខាងរដ្ឋធម្មនុញ្ញឱ្យបង្រៀនបាន។ វាមិនមែនអ្នកណាយករឿងបុគ្គលទៅដាក់ក្នុងរដ្ឋធម្មនុញ្ញនោះទេ ព្រោះគណៈរដ្ឋមន្រ្តីកំពូលទៅហើយ អាក្រោមក៏វាទៅដែរ។ ជាក់ស្ដែង Mahathir bin Mohamad គាត់លាលែង គណៈរដ្ឋមន្រ្តីរបស់គាត់ទាំងមូលត្រូវរលាយតែម្ដង។ ព្រះមហាក្សត្រទ្រង់ត្រូវតែងតាំង Mahathir bin Mohamad ជានាយករដ្ឋមន្រ្តីស្ដីទី ក្នុងពេលដែលសមាជិករដ្ឋាភិបាលរំលាយអស់រលីង។ អញ្ចឹង បានជារដ្ឋមន្រ្តីសុខាភិបាល ដែលប្រកាសអំពីមេរោគ Covid-19 ចេញពីយើងទៅនេះ បង្ហោះសារលាគ្នា បានសេចក្ដីថា នាយករដ្ឋមន្រ្តីលាលែងព្រឹប រដ្ឋមន្រ្តីទាំងអស់​ត្រូវអស់តំណែងតែម្ដង។ អាហ្នឹង គឺជាទម្លាប់។

គាំទ្រការសម្រេចរបស់ប្រធានាធិបតី Donald Trump អំពីការលើកការប្រជុំអាស៊ាន-អាមេរិក

អញ្ចឹងទេ គ្រាន់តែបញ្ជាក់ទៅលើបញ្ហានេះបន្ដិច ដើម្បីជៀសវាងការភាន់ច្រឡំ។ ទី (១) ការភាន់ច្រឡំបញ្ហាការប្រជុំអាស៊ាន-អាមេរិក ដែលអាចវិភាគអញ្ចេះ/អញ្ចុះ ក៏ប៉ុន្តែ ខ្ញុំគាំទ្រនឹងទង្វើរបស់ប្រធានាធិបតី Donald Trump មិនថាគាត់ មិនថាពួកយើងអាស៊ានទេ មានកិច្ចការរវល់ដូចគ្នា ទៅលើការគ្រប់គ្រងសភាពការណ៍ទាក់ទងជាមួយនឹងជំងឺនេះ(Covid-19)។​​ ប៉ុន្តែ រឿងហេតុផលដទៃទៀត គឺប្រហែលជាមិនមែនជាហេតុផលដែលតម្រូវឱ្យមានការលើកទេ ព្រោះអាមេរិកក៏យល់ដែរ។ ការមិនអាចមានប្រធានាធិបតីចូលរួម ៣ ដងជាប់​ៗគ្នា៖ ឆ្នាំ ២០១៨ នៅសាំងហ្គាពួរ លើកទី ១។ ឆ្នាំ ២០១៧ ប្រធានាធិបតី Donald Trump ចូលខ្លួនឯង។ ឆ្នាំ ២០១៨ អនុប្រធានាធិបតី (ចូលរួមប្រជុំអាស៊ាន-អាមេរិក)។  ឆ្នាំ ២០១៩ បេសកជនពិសេស។ ឆ្នាំ ២០២០ ជាឆ្នាំបោះឆ្នោតនៅអាមេរិក ជួនពេលគ្នានឹងការប្រជុំអាស៊ាន-អាមេរិកនៅប្រទេសវៀតណាម។ ៣ ឆ្នាំជាប់គ្នា មិនមែនជារឿងលេងទេ នៅក្នុងភាពជាដៃគូ រវាងអាស៊ាន និងអាមេរិកនោះ។ ដូច្នេះ អាមេរិកក៏ស្ទាត់ជំនាញទៅលើការគិតគូរខាងនយោបាយ ទាក់ទងនឹងភូមិសាស្រ្តនយោបាយហ្នឹងថែមទៀតផង។ នេះគ្រាន់តែបញ្ជាក់កុំឱ្យមានការវិភាគទៅច្រើនហួស។ វិភាគចេះតែវិភាគទៅ ប៉ុន្តែ វិភាគខ្លះថា មកពីលោក ហ៊ុន សែន បានជាគេមិនប្រជុំ។ បើអញ្ចឹងគេឱ្យឱ្យតម្លៃខ្ពស់ណាស់ទៅដល់ ហ៊ុន សែន បានសេចក្ដីថា អាស៊ាន មាន ហ៊ុន សែន មួយ បំបិទមិនឱ្យប្រជុំជាមួយអ្នកណាក៏បានដែរ។ ប៉ុន្តែ ផលដែលអ្នកឯងវិភាគបែបនេះ គឺថាស្ទើរណាស់។

Covid-19 កំពុងឆ្លងរាលដាលទៅ ៤ ទ្វីប

ចំណុចមួយទៀត គឺចំណុចសំខាន់របស់យើង ដែលយើងកំពុងប្រឈម គឺបញ្ហា Covid-19 ដែលនាំមកទៅដល់ការប៉ះទង្គិចលើវិស័យសេដ្ឋកិច្ច។ នេះជាបញ្ហា ដែលកាលពីថ្ងៃទី ២៤ កន្លងទៅនេះ យើងបានដាក់ចេញនូវវិធានការ ដើម្បីឆ្លើយតបនឹងបញ្ហានេះ។ ព្រឹកមិញឃើញឯកឧត្តម ស្វាយ ស៊ីថា បញ្ជូនមក មានវិទ្យុណាមួយទើបក្រើនរំលឹកប្រជាជនឱ្យមានការប្រុងប្រយ័ត្ន។ តើពួកនេះសត្វ ឬជាអ្វី? ខ្ញុំព្រះករុណាខ្ញុំ បាន​អំពាវនាវឱ្យប្រជាជនមានការប្រុងប្រយ័ត្ននោះ តាំងពីខ្ញុំចាប់ផ្តើមចេញប្រជុំកាសែត (កាលពីថ្ងៃ ៣០ មករា នៅវិមានសន្តិភាពនៃទីស្តីការគណៈរដ្ឋមន្ត្រី) … ពេលដែលមានរឿងជ្រួលច្របល់ រហូតទៅដល់ម៉ាសឡើងថ្លៃនៅក្នុងប្រទេសរបស់យើង ខ្ញុំបានចេញមកបកស្រាយថា ជំងឺពិតប្រាកដរបស់ប្រទេសយើង មិនមែនជំងឺ Covid-19 ទេ គឺជំងឺភ័យខ្លាច។

ការពិត ពេលនោះ យើងមានតែមួយករណីជាជនជាតិចិនតែប៉ុណ្ណោះ ដែលយើងរកឃើញ ហើយយើងបំបែកគាត់មកព្យាបាល។ គាត់ក៏បានជាសះស្បើយត្រឡប់ទៅប្រទេសវិញ កាលពីថ្ងៃទី ១១ កុម្ភៈ កន្លងទៅហ្នឹង។ ឥឡូវ ពិភពលោក បើគិតពីម្សិលមិញ បន្ថែមដោយអង់គ្លេសមួយទៀត គឺឡើងដល់ ៥៤ ប្រ​ទេសហើយ ដែលឆ្លងនូវមេរោគ Covid-19 នេះ។ គឺរាលដាល ៣ ទ្វីបតែម្ដង។ ទ្វីបអាហ្វ្រិក ក៏បានទៅដល់ហើយនៅអេហ្ស៊ីប។ អ៊ីរ៉ង់ និងអ៊ីរ៉ាក់ ហើយនិងកាតា ដែលបានកើតជំងឺនេះនៅក្នុងតំបន់អាស៊ីទេ … និយាយពីអនុតំបន់វិញ គឺរវាងអ៊ីរ៉ាក់/អ៊ីរ៉ង់/កាតា គឺនៅក្នុងតំបន់មជ្ឈឹមបូព៌ាទៅវិញ​​ បានសេចក្ដីថា ទាំង ៤ ទ្វីប គឺបានចាប់ផ្ដើមឆ្លងជំងឺ Covid-19 នេះ។ បើអញ្ចឹងទេ ផលប៉ះពាល់របស់វា គឺធំធេង។

អង្គការសុខភាពពិភពលោកបានប្រកាសថា ឱកាសនៃការគ្រប់គ្រងជំងឺ Covid-19 កាន់តែរួមតូច

ម្សិលមិញ អង្គការសុខភាពពិភពលោកបាននិយាយថា ឱកាសនៃការគ្រប់គ្រងជំងឺ Covid-19 កាន់តែរួមតូចទៅហើយ។ នេះជាការព្រមានពីអង្គការសុខភាពពិភពលោក ដើម្បីរកវិធីទប់ទល់អំពីបញ្ហានេះ។ មកដល់ពេលនេះ វាមិនទាន់ដឹងច្បាស់ថា វាចេញមកពីអីពិតប្រាកដ ហ្នឹងទី​ (១)។ ទី (២) រកថ្នាំព្យាបាលនោះក៏មិនទាន់បានដែរ។ ក្នុងប្រទេសចិន ឥឡូវចំនួនអ្នកជាប្រចាំថ្ងៃ ច្រើនជាងអ្នកឆ្លង។ អញ្ចឹង បានសេចក្ដីថា ជាវឌ្ឍនភាពមួយ។ អ្នកឆ្លងក៏ឆ្លងបន្ត ប៉ុន្តែចំនួនអ្នកឆ្លងហើយត្រូវបាន(ព្យាបាល)ជា មានចំនួនច្រើនជាងអ្នកដែលឆ្លងថ្មី។ នេះជាកិច្ចខិតខំប្រឹងប្រែងរបស់សាធារណរដ្ឋប្រជាមានិតចិន ដែលមានការផ្ដល់ជំនួយសហប្រតិបត្តិជាមួយនឹងដៃគូដទៃទៀត ទាំងអង្គការសុខភាពពិភពលោក និងបណ្ដាប្រទេសនានា ដែលចូលរួមក្នុងការជួយទប់ស្កាត់។ ក៏ប៉ុន្តែ សម្រាប់ប្រទេសដែលធ្ងន់ធ្ងរ កើនឡើងក្រៅពីប្រទេសចិន មានកូរ៉េខាងត្បូង/ជប៉ុន។ នៅក្នុងអាស៊ីរបស់យើង​។ នៅអឺរ៉ុបដែលធ្ងន់ គឺនៅអ៊ីតាលី និងមជ្ឈឹមបូព៌ា ដែលជាទ្វីបអាស៊ីដែរ គឺនៅអ៊ីរ៉ង់។ ចំនួនអ្នកស្លាប់នៅអ៊ីរ៉ង់យប់មិញឡើងទៅដល់ ៥៣ នាក់។ ព្រឹកនេះឡើង ៥៤។

ខ្លួនឯង គ្រួសារនីមួយៗ ការពារខ្លួន ដោយការធ្វើអនាម័យ

ដូច្នេះ ចំណុចអស់ទាំងនេះ ជាចំណុចដែលយើងត្រូវបន្តការខិតខំ សម្រាប់យើង។ វិធីដែលល្អ ខ្ញុំព្រះករុណាខ្ញុំ នៅតែអំពាវនាវចំពោះប្រជាពលរដ្ឋ ចាប់ផ្ដើមពីមនុស្សម្នាក់ៗ គ្រួសារនីមួយៗ ត្រូវតែការពារខ្លួន។ ការភ័យខ្លាច មិនមែនជាជម្រើសល្អទេ តែជម្រើសក្លាហាននៅក្នុងការការពារខ្លួន ទើបជាជម្រើសដែលល្អ។ គ្មាននរណាទៅដុសសាប៊ូលាងដៃជំនួសយើងទេ វាទាល់តែយើងម្នាក់ៗនេះគឺខិតខំការពារដោយខ្លួនឯង។ ខ្ញុំព្រះករុណាខ្ញុំធ្លាប់បាននិយាយភាសា “ម៉ាសប្រើនៅពេលដែលចាំបាច់” បើចាំបាច់ប្រើទៅ បើមិនចាំបាច់ទេ ក៏មិនបាច់ប្រើដែរ។ ដូចជាយើងថ្ងៃនេះ បើនៅទីនេះមាននរណាម្នាក់ផ្ដាសាយ ក៏គួរតែប្រើម៉ាសទៅ ព្រោះកុំឱ្យឆ្លងទៅដល់អ្នកដទៃ។ មិនមែនទប់កុំឱ្យឆ្លងពីអ្នកដទៃមកយើងទេ។ ខ្ញុំព្រះករុណាខ្ញុំគិតថា គេគួរតែខ្លាច ខ្ញុំព្រះករុណាខ្ញុំ វិញនោះទេ។ ខ្ញុំព្រះករុណាខ្ញុំដឹង។

ហេតុអីបានគួរខ្លាចខ្ញុំព្រះករុណាខ្ញុំ? មាន ២ មូលហេតុ។ ទី (១) ខ្ញុំព្រះករុណាខ្ញុំទៅប្រទេសចិន ត្រឡប់មកវិញ តាមត្រូវគេឱ្យនៅ ១៤ ថ្ងៃដោយឡែកពីគេ។ ខ្ញុំព្រះករុណា ខ្ញុំអត់នៅទេ ហើយមុនពេលដែលឡើងពីប៉េកាំងមក ម៉ោងជិត ១០ យប់ហើយ វាត្រូវម៉ោង ៩ ស្រុកខ្មែរ។ ខ្ញុំព្រះករុណាខ្ញុំ មិនចង់ឱ្យបណ្ដាឧបនា​យករដ្ឋមន្រ្តីទៅទទួលទេ ក៏និយាយតាម Voice សម្លេងចូលក្នុង Group ហើយបញ្ជូនសារមកតាមមនុស្សផ្សេង​ៗទៀត​ ឱ្យប្រាប់ឧបនាយករដ្ឋមន្រ្តីទាំងអស់ មិនចាំបាច់ទៅទទួលទេ ព្រោះចុះចតនៅម៉ោង ២ (ទាបភ្លឺ)យ៉ាងឆាប់។ អញ្ចឹង យើងចុះចតនៅម៉ោង ២ ជាងបន្តិច។ ស្រាប់តែឃើញសម្ដេចក្រឡាហោម និងឧប​នាយករដ្ឋមន្រ្តីដទៃទៀតទៅទទួល។ មិនមែនខ្ញុំព្រះករុណាខ្ញុំខ្លាចអ្នកទាំងនេះឆ្លងទេ ប៉ុន្តែ គ្នាមិនបានដេក ព្រោះយើងមកដល់ម៉ោង ២ (ទាបភ្លឺ)នោះ។

ប្រធានាធិបតីប្រទេសម៉ុងហ្គោលី ទៅទស្សនកិច្ចនៅប្រទេសចិនអាទិត្យកន្លងទៅនោះ ត្រឡប់ពីប្រទេសចិនទៅវិញ ឥឡូវ កំពុងដាក់ខ្លួនឯងនៅ ១៤ ថ្ងៃ(ដោយឡែក) ទាំងប្រធានាធិបតី ទាំងអ្នកអមដំណើរ។ ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំមិនធ្វើបែបនោះទេ។ ធ្វើបែបអញ្ចឹងវាជាការបញ្ជូនសារការភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋទៅវិញទេ។ រឿងហ្នឹងជារឿងប្រធានាធិបតីម៉ុងហ្គោលីទេ។ រឿងខ្ញុំព្រះករុណាខ្ញុំអត់ទេ ត្រឡប់ពីប្រទេសចិនមកវិញ គឺធ្វើការធម្មតា។ បន្ទាប់ពីហ្នឹងទៅៗ ដល់ Westerdam ខ្ញុំព្រះករុណាខ្ញុំចាប់ដៃទាំង ១៣៩ នាក់ (និង)ជូនផ្កា។ អាហ្នឹង គឺអ្នកធ្វើដំណើរ។ បន្ទាប់ទៅចាប់ដៃប្រហែលជា ២០ នាក់ជាងទៀត សម្រាប់ពួកនាវិក និងអ្នកធ្វើការលើនាវានោះ។ អញ្ចឹង ប្រហែលជា ១៥០ នាក់ …។

មិនមានភ្ញៀវបរទេសណាម្នាក់ខ្លាច លុបចោលជំនួបជាមួយ ហ៊ុន សែន

ប៉ុន្តែ យើងសង្កេតឃើញអញ្ចេះ។ ការរៀបចំជំនួបទាំងអស់របស់ខ្ញុំព្រះករុណាខ្ញុំ ជាមួយនឹងជនជាតិបរទេស អត់មាននរណាមួយសុំលុបទេ។ ទូតអាមេរិកសុំជួប មិនមែនសុំលុបទេ គាត់សុំជួបថ្មីៗ ដើម្បីគាត់ថ្លែង​អំ​ណរគុណផ្ទាល់ និងជម្រាបព័ត៌មានទាក់ទងនឹងការទៅ Las Vegas ប្រជុំអាស៊ាន​-អាមេរិក។ នាយកគ្រប់​គ្រងនៅក្រុមហ៊ុននាវា Westerdam ក្រុមហ៊ុន Holland America ​គាត់សុំជួប។ មេបញ្ជាការកងទ័ពជើងគោករបស់ជប៉ុន និងភ្ញៀវដទៃទៀត អត់មានអ្នកណាសុំលុបទេ។ (តាមត្រូវ) គេគួរតែខ្លាចខ្ញុំព្រះករុណាខ្ញុំនេះវិញទេ។ អ្នកទី ១ ដែលទៅស្រុកចិន​ ត្រឡប់មកវិញធម្មតា។ ដល់ទី ២ ខ្លាំងមែនទែន គឺអ្នកនៅទីនេះ រហូតទៅដល់មានការបង្ហោះហ្វេសប៊ុកថា ខ្ញុំព្រះករុណាខ្ញុំកំពុងស្ថិតនៅក្នុងមន្ទីរពេទ្យ ត្រូវបញ្ជូនដោយសម្ងាត់លឿនបំផុតទៅមន្ទីរពេទ្យសិង្ហបុរី។ ដល់ខ្ញុំព្រះករុណាខ្ញុំបង្ហោះហ្វេសប៊ុក វាយកូនហ្គោលនៅ City Golf សារព័ត៌មានកងទ័ពថៃ ជួយផ្សាយថា លោក ហ៊ុន សែន កំពុងតែវាយកូនហ្គោលជាមួយនឹងសម្ដេចពិជ័យសេនា ទៀ បាញ់ មិនមែននៅក្នុងមន្ទីរពេទ្យដូចគេថានោះទេ។

១៤ ថ្ងៃក្រោយ ហ៊ុន សែន មិនឈឺ អ្នកដំណើរក៏មិនមាននរណាឈឺ ឬស្លាប់ដោយសារជំងឺ

រឿងនេះ គឺជារឿងការភ័យខ្លាច។ មិនដឹងថា អនាគតវាទៅជាយ៉ាងណា។ ក៏ប៉ុន្តែ បើនិយាយពីពេលដែលជួបមនុស្សនៅ Westerdam តាំងពីថ្ងៃទី ១៤ (កុម្ភៈ) រហូតឥឡូវ វាផុត ២ អាទិត្យហ្នឹងបាត់ទៅហើយ ហ៊ុន សែន នៅឈរធ្វើជ្រងោៗ វាមានទាន់ងាប់ទៅណា។ បើមនុស្សនៅលើនាវាហ្នឹងទាំងអស់ទៅដល់ប្រទេស(ខ្លួនវិញ) អត់មាននរណាងាប់/ឆ្លងមួយ។ មុននេះ បងប្អូនយើងមួយចំនួនថា រដ្ឋមន្រ្តីក្រសួងសុខាភិបាលរបស់ម៉ាឡេស៊ី គួរតែត្រូវសុំទោស។ ខ្ញុំព្រះករុណាខ្ញុំចូលទៅ comment ក្នុងហ្វេសប៊ុករបស់ ខែក ខេមរា ថា បើខ្ញុំព្រះករុណាខ្ញុំ ជានាយករដ្ឋមន្រ្តីម៉ាឡេស៊ី (ខ្ញុំ)នឹងដកចោលរដ្ឋមន្រ្តីសុខាភិបាល។ ប៉ុន្តែ ចាំដកអី បើ Mahathir bin Mohamad លាគ្រឹប អ្នកនោះអស់ដំណែងបណ្ដោយ។ ចប់មិនបាច់សុំទោសសុំពៃរ៍អីទេ។ តែរឿងនេះ បង្កើតនូវការរើសអើងសម្រាប់កម្ពុជា។

រឿង ២ បង្កភាពវិលវល់ដល់អ្នកដំណើរនៃនាវា Westerdam  

ភ្ញៀវនៅលើនាវាទាំងប៉ុន្មានត្រូវគេហាមឃាត់ ដែលខ្ញុំព្រះករុណាខ្ញុំតក់ស្លុតរឿង ២។ រឿងទី ១ គឺនៅពេលដែលប្រកាសនៅគួអាឡាឡាំពួរ ថ្ងៃទី ១៥ (កុម្ភៈ) យន្តហោះ ដែលគេជួលមកដឹកអ្នកចេញពីនាវាឡើងទៅគួអាឡាឡាំពួរ ត្រូវបានទៅទទេ អត់ដឹកមនុស្ស។ អញ្ចឹង មនុស្សហ្នឹងត្រូវដាក់នៅលើកប៉ាល់តទៅទៀត។ អ្នកដែលមកដល់ភ្នំពេញហើយ អត់ចេញទៅណារួច។ អញ្ចឹង ត្រូវបង្ខំចិត្តដើម្បីជួលភ្លាមៗនូវសណ្ឋា​គារសុខា​។ បញ្ជូនទៅដាក់នៅសណ្ឋាគារសុខា។ ដល់ក្រោយមកទៀត កើតរឿងអី? (រឿងទី ២) យន្តហោះទួរគី ៧៧៧ មួយគ្រឿង ដឹកជាង ២០០ នាក់ ពេលដែលកំពុងហោះទៅទួរគី ខាងទួរគី មិនឱ្យចុះ។ អញ្ចឹង ត្រូវបកក្បាលមកចុះនៅប៉ាគីស្ថាន ហើយបានទាក់ទងមក ម៉ៅ ហាវណ្ណាល់ ដើម្បីសុំហោះត្រឡប់មកកម្ពុជាវិញ ក្នុងករណីមិនអាចរកកន្លែងទៅបាន។ គេមើលឃើញថា មានតែកម្ពុជាទេ ដែលអនុញ្ញាតខាងផ្នែកមនុស្សធម៌ទទួលគេ។ ប៉ុន្តែ ម៉ៅ ហាវណ្ណាល់ ក៏បានបញ្ជាក់ទៅវិញថា (កម្ពុជា)អនុញ្ញាតហើយ ប៉ុន្តែអ្នកឯងគួរតែប្រើឱ្យអស់លទ្ធភាព ដើម្បីទាក់ទងប្រទេសផ្សេង។ ទីចុងបំផុត យន្តហោះនោះត្រូវបានអនុញ្ញាតឱ្យចុះនៅហូឡង់។ ក្នុងករណីដែលប្រទេសហូឡង់គេមិនឱ្យចុះ គឺត្រូវត្រឡប់មក​កម្ពុជាវិញ។ អញ្ចឹង គ្នាវិលវល់ៗនៅហ្នឹង។

ដល់ទៅចាប់ផ្ដើមប្រកាសចេញពីគួអាឡាឡាំពួរថា អត់មានឃើញជំងឺផង បានចាប់ផ្ដើមត្រូវពិនិត្យ​​សំណាកអ្នកនៅលើនាវានេះ ត្រូវយកឧទ្ធម្ភាគចក្រទៅយកសំណាកហ្នឹងភ្លាមៗមកធ្វើ ដោយមានការទទួលខុសត្រូវ ព្រោះយើងមានទាំងវិទ្យាស្ថានប៉ាស្ទ័រ មានអង្គការសុខភាពពិភពលោក ហើយមានផ្នែកបច្ចេកទេសប្រឆាំងជំងឺឆ្លង CDC របស់អាមេរិកថែមទៀត។ អត់មានឃើញអីផង។ ឥឡូវ បើដល់ពេលនេះ អ្នកដែលទៅដល់ស្រុក(រៀងខ្លួន)អត់ទាន់មាននរណាឃើញមានជំងឺនេះទេ ហើយក៏មិនទាន់មាននរណាងាប់ដែរ។ យើងចោទចេញជាសំណួរថា បើយើងមិនទទួលទេ តើអ្នកណាទទួល? ឃើញនាវាមួយដូចជាឱ្យចូលចតនៅម៉ិចស៊ិច រួចហើយគ្រាន់តែចូលចតហ្នឹង គឺមនុស្សកញ្ជ្រោល ព្រោះខាងនាវិកហ្នឹងថាមិនទាន់ឱ្យ​ចុះ ..។

ជនទុច្ចរិតទាំងឡាយ ទទួលបានអីមកវិញ ដែលអ្នកឯងបំផុសព័ត៌មានក្លែងក្លាយ?

ប៉ុន្តែ នៅពេលដែលខ្ញុំព្រះករុណាខ្ញុំ សម្រេចចិត្តធ្វើកម្មវិធីមនុស្សធម៌ បែរជាគេថា យើងបើកឱ្យជំងឺចូលកម្ពុជា​។ វាទៅអញ្ចេះ។ ឥឡូវពលរដ្ឋកម្ពុជាយើងប៉ុន្មាននាក់ហើយដែលបានឆ្លង? ការបំផុសព័ត៌មានដ៏អា​ក្រក់ពីជនទុច្ចរិត នៅ(ពេល)ខាងមុខខ្ញុំនឹងចាត់ទុកថា អ្នកឯងជាពួកភេរវករ ព្រោះការបំផុសព័ត៌មានដូចជាការដួលស្លាប់ដោយសារជំងឺ Covid-19 នេះ។ អត់មានអ្នកណាទៅប្រកាច់ងាប់ទេ។ មនុស្សគង់តែងាប់ តែខ្លះងាប់ ក៏ទម្លាក់ទៅលើ Covid-19។ ជំងឺត្រូវងាប់ ទោះបីអត់មាន Covid-19 ក៏ត្រូវងាប់ដែរ។ ខ្ញុំសុំអំពាវនាវជនទុច្ចរិតទាំងឡាយ អ្នកឯងទទួលបានអីមកវិញ ដែលអ្នកឯងបំផុសព័ត៌មាននេះ? អ្នកឯងត្រឹមតែបង្កការភ័យខ្លាចសម្រាប់ប្រជាពលរដ្ឋ និងក្រុមគ្រួសាររបស់អ្នកឯង។ ខ្ញុំព្រះករុណាខ្ញុំ នៅមានជំនឿចិត្តអញ្ចេះ ប្រ​ជាពលរដ្ឋកម្ពុជាយើងមិនមែនតក់ស្លុត ដែលមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ។ ពិតមែនហើយ ពេលដំបូងនោះ ធ្វើឱ្យម៉ាសឡើងថ្លៃ។ អាហ្នឹងរឿងមួយសា។ ឥឡូវ ប្រជាពលរដ្ឋរបស់យើងស៊ាំហើយ។

ប្រជាពលរដ្ឋម្នាក់ៗ ជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយ

ប្រជាពលរដ្ឋម្នាក់ៗ មុននឹងជឿ ត្រូវដឹងខ្លួនឯងថា អញឈឺឬអត់។ បើម្នាក់ៗតាំងខ្លួនថា អត់មានឈឺទេ ហើយខ្លួននៅតែបន្តអនាម័យដុសសាប៊ូ ឬក៏លាងអាល់កុលនឹងដៃ អនាម័យផ្ទះសំបែង គឺវាជារឿងល្អ។ យើងយកម្នាក់ៗ គឺជាគោលដៅ នៃការជំនះទៅលើព័ត៌មានក្លែងក្លាយ។ បើទុកឱ្យតែក្រសួងសុខាភិបាល ទុកឱ្យតែអ្នកនាំពាក្យ(រាជ)រដ្ឋាភិបាល ទុកឱ្យនាយករដ្ឋមន្ត្រីនិយាយអត់គ្រប់គ្រាន់ទេ ម្នាក់ៗត្រូវធ្វើជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយ ព្រោះអាហ្នឹងសុខភាពផ្ទាល់ខ្លួន។ បើគេថាខ្មែរឈឺអស់ហើយ អញ្ចឹង ព្រះ​តេជព្រះគុណបង្ហោះទៅ អាត្មាអត់មានឈឺអីទេ។ ប្រជាជនកម្ពុជាឆ្លងអស់ហើយ យើងមានហ្វេសប៊ុក​បង្ហោះ អញអត់មានឈឺអីទេ។ លេងអញ្ចេះវិញ។ ចុះបើយើងអត់ឈឺមែន ហើយផ្តាសាយធម្មតា ក៏កុំបង្ខំថា Covid-19 ដែរនោះ ព្រោះបើទោះបីអត់មាន Covid-19 ក៏មានជំងឺផ្តាសាយធម្មតាដែរនោះ។

ម្សិលមិញ និងព្រឹកនេះ ខ្ញុំអត់ហ៊ានចូលទៅក្នុងបន្ទប់ម្តាយក្មេកខ្ញុំទេ។ ព្រឹកមិញកំពុងតែលាងឈាម។ សុខចិត្តនៅពីក្រៅកញ្ចក់ រួចហើយហៅប្រពន្ធមកក្រៅ ដោយសារតែប៉ុន្មានថ្ងៃហ្នឹងរាងតឹងច្រមុះ ហើយតឹងហ្នឹងមិនមែនមកពីអីទេ យើងទៅវាយកូនហ្គោលក្តៅ រួចត្រឡប់មកវិញចូលប៉ះម៉ាស៊ីនត្រជាក់ក្នុងឡាន។ តិចលែងហ៊ានមកទទួលសញ្ញាបត្រ។ អត់មានស្អីទេ។ កុំស្អីឡើងសុទ្ធតែ Covid-19 ទាំងអស់ ព្រោះបើយោងតាមព័ត៌មានទិន្នន័យរបស់អង្គការសុខភាពពិភពលោក គ្រាន់តែជំងឺផ្តាសាយធំ ដែលបានសម្លាប់ជីវិតមនុស្សក្នុងមួយឆ្នាំៗមិនតិចជាង ២៥ ម៉ឺននាក់ទេ អាហ្នឹងត្រូវចាំ។ អញ្ចឹងទេ ត្រូវខិតខំរកវិធី ដើម្បីការពារ។

គ្រប់មាត់ច្រក កំពុងត្រូវបានត្រួតពិនិត្យ, មិនទាន់បិទសាលាណាមួយដោយសារ Covid-19 …

យើងមិនទាន់ប្រកាសឱ្យសាលារៀនណាមួយត្រូវបិទទេ ក្នុងពេលដែលប្រទេសមួយចំនួនបិទសាលា បណ្ដោះអាសន្ន ហើយតាមក្រុមហ៊ុនប្រទេសនានាមួយចំនួន គេអនុញ្ញាតឱ្យធ្វើការពីផ្ទះតាមអនឡាញ។ សាកលវិទ្យាល័យមួយចំនួននៅក្នុងប្រទេសចិន រៀនតាមអនឡាញហើយឥឡូវនេះ ដែលនិស្សិតរបស់យើងចាប់ផ្តើមរៀន(តាម)អនឡាញ។ មួយចំនួនមកចូលឆ្នាំចិនស្រុកខ្មែរ ក៏ចាប់ផ្តើមរៀនតាមអនឡាញទៅដែរ។ អញ្ចឹង ក្រសួងអប់រំក៏ត្រូវធ្វើទំនាក់ទំនងទៅលើបញ្ហាហ្នឹង ដើម្បីកុំឱ្យស្ទះនូវដំណើរការរៀនសូត្រ សម្រាប់យើងអត់ទាន់មានដល់ដំណាក់កាលហ្នឹងទេ។ ការជួបជុំនៅតែធ្វើ មិនទាន់ដល់កម្រិតបំបែកមិនឱ្យមានការជួបជុំនោះទេ។ តែយើងទាំងអស់គ្នាត្រូវតែមានការប្រុងប្រយ័ត្ន។

គ្រប់មាត់ច្រកទាំងអស់ត្រូវតែបានត្រួតពិនិត្យមនុស្សចេញចូល។ ប៉ុន្តែ ក៏សុំបញ្ជាក់ដែរ សោកស្តាយប្អូនម្នាក់ ដែលទៅទទួលកូននៅឯពោធិ៍ចិនតុង រួចហើយបែរជាបង្ហោះសារថា ខ្លួនខ្ញុំ កូនស្រីខ្ញុំ មកពីរៀនអត់មានអ្នកណាទៅពិនិត្យ។ ប្រហែលជាប្អូនប្រុសនោះ ហើយក្មួយស្រីនោះ គាត់គិតថា ទាល់តែគេយកដូចកាំភ្លើងមកស្ទង់កំដៅ។ ប៉ុន្តែ សុំបញ្ជាក់ នៅគ្រប់កន្លែងនៅច្រកចេញចូលទាំងអស់ ស្កេនទាំងអស់។ មនុស្សដើរមក គេថតនៅក្នុងបន្ទប់មួយ គេពិនិត្យនៅក្នុងបន្ទប់មួយ ហើយថតទាំងមនុស្សហ្នឹងទៅទៀត។ ត្រូវចាំ។ បើសិនជាប្អូនប្រុសនេះ ហើយនឹងក្មួយស្រីនេះស្តាប់លឺ សុំត្រឡប់ទៅពោធិ៍ចិនតុង ហើយខាងផ្នែកចត្តាឡីស័ករបស់ក្រសួងសុខាភិបាល គឺគប្បីអនុញ្ញាតឱ្យមើល …។

ហ្នឹងមិនមែនជារឿងថ្មីថ្មោងរប​ស់កម្ពុជាទេ។ តាំងពី ២០០៣ កើតឡើងជំងឺសារស៍ ឯកឧត្តម ម៉ម ប៊ុនហេង ដាក់មុនអង្គការសុខភាពពិភពលោកប្រកាសទៅទៀត។ (នៅ)គ្រប់ច្រក តែដើរមកអ្នកណាមានកំដៅ គឺថាគេចាប់ផ្តើមយកអ្នកហ្នឹងចូលបន្ទប់មួយផ្សេង។ ចាប់ផ្តើមវាស់កំដៅ ហើយចាប់ផ្តើមយកសំណាកទៅត្រួតពិនិត្យ។ អត់មានរួចមួយទេ។ ក្នុងហ្នឹង គឺគេមានស្កេន។ ធម្មតាស្កេន គឺគេមានប្រដាប់ថតហើយ ដូចកាំមេរ៉ាសុវត្ថិភាពអញ្ចឹង​។ តែអ្នកណាមានកំដៅលើសពី ៣៧ គឺចាប់ផ្តើមគេឱ្យសញ្ញាទៅលើមនុស្សហ្នឹងតែម្តង។ អញ្ចឹង ទោះបីមនុស្សដើរទៅបាន ២០ (ឬ) ៣០ ម៉ែត្រ ឬ ១០០ ម៉ែត្រ ឬចេញទៅក្រៅ ក៏គេតាមរកមកវិញដែរ។

ផលប៉ះពាល់ ចាប់ផ្តើមអង្រួនសេដ្ឋកិច្ចពិភពលោក

ផលប៉ះពាល់អំពីសេដ្ឋកិច្ច បានចាប់ផ្តើមអង្រួនសេដ្ឋកិច្ចពិភពលោកហើយ។ ទីផ្សារនៅគ្រប់ទ្វីបទាំងអស់អត់មានទីផ្សារណាឡើងទេ ដាំក្បាលចុះទាំងអស់។ សង្វាក់ផលិតកម្មនៅក្នុងប្រទេសមួយចំនួនត្រូវបានបិទតែម្តង ព្រោះវត្ថុធាតុដើមភាគច្រើន គឺនាំចេញពីប្រទេសចិន។ បើនិយាយពីវិស័យកាត់ដេរក្នុងប្រទេសយើង ផ្គត់ផ្គង់វត្ថុធាតុដើម ៦០% សាច់ក្រណាត់មកពីប្រទេសចិន នៃរោងចក្រកាត់ដេរ។ អញ្ចឹង បានជាយើងស្នើសុំឱ្យមិត្តចិនជួយ ក្នុងការបញ្ជូនវត្ថុធាតុដើមមកកម្ពុជាឱ្យបានឆាប់បំផុត ដែលអាចធ្វើទៅបាន ដើម្បីចៀសវាងព្យួរការងារកម្មករនៅក្នុងដំណាក់កាលនេះ។ ទទួលព័ត៌មានពីខាងកំពង់សោម ប៉ុន្តែដូចជារោងចក្រតូចៗទេ។ ឃើញអភិបាលខេត្តព្រះសីហនុ វាយមកថា មានរោងចក្រពីរ៖ មួយគឺកម្មករដូចជា ១៨០ នាក់ មួយទៀតដូចជា ១៧០ នាក់ប៉ុណ្ណឹងទេ។ ប៉ុន្តែ គេឱ្យបៀវត្សរ៍ ៥០% នៅពេលព្យួរ(ផលិតកម្ម)ដោយការខ្វះវត្ថុធាតុដើម។ យើងមិនចង់ឱ្យមានការព្យួរទេ (ទើប)បានជាយើងសំណូមពរមិត្តចិន។ កន្លងទៅមិត្តចិនក៏បានបញ្ជូនអគ្គនាយករង និងមន្ត្រីជំនាញ ដែលគិតគូរទៅលើបញ្ហានាំវត្ថុធាតុដើមនេះ មកទស្សនកិច្ចនៅកម្ពុជា ហើយទើបត្រឡប់ទៅវិញនៅថ្ងៃអាទិត្យកន្លងទៅនេះ។

គួរបង្កើនទេសចរក្នុងស្រុក, ស្រាយការងារធ្វើរបស់មគ្គុទេ្ទសក៍ទេសចរ

នេះជាការឆ្លើយតបភ្លាមៗពីខាងភាគីចិនមកលើយើង។ អញ្ចឹងទេ ខាងមុខនេះ ច្បាស់ណាស់ថា បញ្ហាប្រឈមធំជាងគេ គឺវិស័យទេសចរណ៍។ អញ្ចឹង ចំណុចនេះ ខ្ញុំសុំស្នើអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង មុននេះ ឆ្នាំកន្លងទៅ យើងមានទេសចរខ្មែរយើងចេញទៅលេងបរទេសជាង ១ លាននាក់ ពេលនេះគួរតែបង្វែរទិសថា មកស្គាល់ស្រុកខ្មែរឱ្យអស់សិន។ ផ្អាកទៅលេងនៅក្រៅប្រទេស ព្រោះទៅលេងនៅក្រៅប្រទេស គេក៏មិនមក យើងក៏ពិបាក។ ប៉ុន្តែ និយាយអញ្ចឹងមិនមែនបានសេចក្តីថា យើងរើសអើងគេទេ។ ប៉ុន្តែ tour ទេសចរណ៍នៅក្នុងស្រុក ដូចជាមិនពិបាកប្រាប់ប៉ុន្មានទេ ព្រោះថ្ងៃ សៅរ៍-អាទិត្យ ចេញអស់ពីក្រុងរលីង។ អញ្ចឹងទេ យើងដើរកំសាន្តក្នុងស្រុក ស្គាល់ឱ្យអស់ក្នុងស្រុករបស់យើងសិន។ សង្ឃឹមថា តាមសណ្ឋាគារមួយៗ ជាពិសេស ក្នុងខេត្តសៀមរាប ក្នុងពេលដែលរដ្ឋបង់ពន្ធជំនួស បានសេចក្តីថា រដ្ឋអត់យកពន្ធទេ ហើយពេលវេលានេះ ក៏អាចឱ្យប្រជាពលរដ្ឋយើងអាចទៅដេកផ្កាយ ៥ ផ្កាយ ៤ គ្រាន់បើជាងទុកទទេ​។ ចុះថ្លៃ ៣០% ឬ ៥០% ទៅ ថោកបន្តិច នាំគ្នាទៅសាកផ្កាយ ៥ ផ្កាយ ៤ ផ្កាយ ៣ អីមើល។

ម្យ៉ាងទៀត ក៏គួរខិតខំជួយដល់ពួកមគ្គុទេ្ទសក៍ទេសចរណ៍។ ខ្មែរយើងដើរមើលអង្គរ ដើរមើលប្រាង្គប្រាសាទ ដើរត្រឹមតែមើលទេ អត់ដឹងថាអាហ្នឹងប្រវត្តិវាទាក់ទងអី? ពីត្រង់ណាមកទេ? អត់មានទេ។ បរទេសបានគេជួលមគ្គុទេ្ទសក៍។ អញ្ចឹង បានជាបរទេសខ្លះស្គាល់ប្រាង្គប្រាសាទនេះមកពីអី ដំណាក់កាលណា ហើយមានរឿងស្អី។ ឯខ្មែរយើង គឺដើររហូត ចេះតែមើលអញ្ចឹងទៅ តែអត់ដឹងថាប្រវត្តិវាចេញពីស្អីៗ។ ដូច្នេះ ប្រសិនបើចង់យល់ខ្មែរឱ្យបានច្បាស់ យល់ប្រាង្គប្រាសាទមួយៗឱ្យបានច្បាស់ គប្បីជួយផ្តល់ការងារឱ្យមគ្គុទេ្ទសក៍ៗ នាំយើងមើលពីជ្រុងណាទៅជ្រុងណា ដើម្បីជួយទៅដល់មគ្គុទេ្ទសក៍ទេសចរណ៍ ដែលពេលនេះ ទេស​ចរបរទេសអត់មក ត្រូវបានជួលដោយទេសចរក្នុងស្រុករបស់យើង។ ឯយើងក៏បាននាំត្រឡប់មកវិញ គឺការយល់ដឹងអំពីប្រាសាទ។ អញ្ចឹង បានយើងថា ឥឡូវស្រីៗស្លៀកខើច គេថាមិនមែនស្លៀកខើចឥឡូវ(នោះទេ) តាំងពីជំនាន់អង្គរឯណោះ ព្រោះមិនមានអប្សរាមួយសំពត់ខ្លី។ អញ្ចឹង ពេលដែលយើងនិយាយបកត្រឡប់ ស្រីឥឡូវម៉េចបានស្លៀកខើចម្ល៉េះ? ថាអត់ទេ មិនមែនខើចឥឡូវ(នោះទេ) ខើចតាំងពីជំនាន់អង្គរវត្ត។ បើមិនជឿទៅមើលអប្សរាទៅមើល? មានអប្សរាមួយ គឺថាសំពត់ខ្លី។

អញ្ចឹងទេ ចំណុចអស់ទាំងនេះ សុទ្ធតែវិធីដោះស្រាយសេដ្ឋកិច្ចក្នុងស្រុក។ ចំណាយរបស់យើងដែលមុននេះ យកចំណាយទៅក្រៅប្រទេស។ ឥឡូវ ត្រូវចំណាយនៅក្នុងស្រុក ក្នុងវិស័យទេសចរណ៍ ដែលជួយឱ្យអ្នកធ្វើវិស័យទេសចរណ៍តាមរម្មនីយដ្ឋាននេះ/នោះ បានទទួលនូវប្រាក់ចំណូល និងសេវាបន្តទៅទៀតដែលផ្តល់សេវា ហើយផ្តល់ឱ្យយើងបានស្គាល់នូវរមណីយដ្ឋាននេះ/នោះជាជាងស្គាល់នៅប្រទេសក្រៅ។ នៅក្នុងកាលៈទេសៈនេះ យើងអាចជួយដោះស្រាយទៅដល់មគ្គុទេ្ទសក៍ទេសចរណ៍ ដែលកំពុងតែអត់មានការងារធ្វើ។ ក្រសួងទេសចរណ៍ជម្រុញការរៀបចំបែបនេះ។ និយាយអញ្ចឹង មិនមែនបានសេចក្តីថា ចាប់បង្ខំក្រុមគ្រួសារដែលដើរលេង ឬមួយក្រុមទៅដើរលេង ត្រូវតែជួលមគ្គុទេ្ទសក៍ទេសចរណ៍ទេ ប៉ុន្តែ នេះជាការរួមចំណែកជួយដោះស្រាយការងារ​​ធ្វើរបស់មគ្គុទេ្ទសក៍ទេសចរណ៍ ដែលកំពុងតែខ្វះភ្ញៀវ។ ឯយើងក៏បានត្រឡប់មកវិញ នូវចំណេះដឹងទាក់ទងជាមួយនឹងប្រវត្តិតំបន់ហ្នឹងវាយ៉ាងម៉េចអីយ៉ាងម៉េច ភាគច្រើនមគ្គុទេ្ទសក៍ទេសចរណ៍របស់យើងនៅតាមប្រាង្គប្រាសាទ។ អញ្ចឹង បើសិនជាបានជ្រុលទៅលេងអង្គរវត្ត ទៅលេងបន្ទាយស្រី ទៅលេងសំបូរព្រៃគុក ទៅលេងប្រាសាទកោះកេរ្តិ៍ យើងគួររកមគ្គុទេ្ទសក៍ទេសចរណ៍នេះ ជាការល្អ។

ខ្ញុំនិយាយតាមត្រង់ទៅចុះ ឱ្យខ្ញុំទៅនិយាយពីអង្គរវត្ត ខ្ញុំចាញ់គេហើយ។ ប្រហែលជាពីដើមខ្ញុំព្រះករុណាខ្ញុំត្រូវគេកែនឱ្យធ្វើអង្គរ ឬឱ្យធ្វើប្រាង្គប្រាសាទណាមួយ ហើយមិនសប្បាយចិត្ត។ ដល់អញ្ចឹងឥឡូវឱ្យតែទៅកន្លែងអង្គរ ទៅកន្លែងប្រាង្គប្រាសាទ អត់សូវបានដើរនឹងគេទេ ឈរមើលពីចម្ងាយ ហើយមើលកន្លែងកូតទ្រមួយជូន Gareth Evans  ទៅ ប្រពន្ធខ្ញុំ Gareth Evans ប្រពន្ធ Gareth Evans គេនាំគ្នាទៅមើល។ ខ្ញុំនៅអង្គុយកូតទ្រនៅខាងក្រៅ។ អត់បានមើល។

ថ្ងៃមុន ​ឃើញនៅក្នុងហ្វេសប៊ុកអ្នកណាមួយ បង្ហោះពីបញ្ហាទួលបាសាន យើងស្វែងយល់តាមអាហ្នឹងក៏ម្យ៉ាងដែរ។ ទូរទស្សន៍ខ្លះគេទៅធ្វើ(បទយកការណ៍)ពីប្រាសាទនេះ ទីតាំងនេះ/នោះ។ យើងស្រាវជ្រាវពីអាហ្នឹង។ ចូលចិត្តស្រាវជ្រាវពីអាហ្នឹងវិញ។ អញ្ចឹង ឱ្យតែពេលមើលពិព័រណ៍ បើជំនាន់ដើម ទៅគណៈប្រតិភូជាមួយបង ហេង សំរិន ខ្ញុំព្រះករុណាខ្ញុំ រដ្ឋមន្រ្តីការបរទេស តែងតែជាមនុស្សទី ២ ជាប់ជានិច្ច។ ប៉ុន្តែ គេមិនដែលឃើញអាមនុស្សទី ២ ហ្នឹងទៅមុខក្បែរប្រធានទេ នៅខាងក្រោយគេរហូត។ ពិព័រណ៍អីអ្នកណាមើលអីមើលទៅ បង ហេង សំរិន គាត់ត្រូវតែទៅជាប់ហើយ បើយើងជាប្រធានប្រតិភូវិញក៏អញ្ចឹងដែរ ត្រូវតែជាប់ទៅគេ។ ប៉ុន្តែ តែងតែខ្សឹបប្រាប់គេថា កុំយូរពេកចុកជើងណាស់។ បើមានសៀវភៅ ឱ្យសៀវភៅយកមកមើលផង។ អញ្ចឹងទេ នៅទីនេះ នេះជាការរួមគ្នាស្រោចស្រង់សេដ្ឋកិច្ចក្នុងប្រទេសរបស់យើង ដើម្បីកាត់បន្ថយការប៉ះពាល់ចេញពី Covid-19 នេះ តាមរយៈយកវិធានការក្នុងស្រុក បង្កើនចំណាយក្នុងស្រុកពីសំណាក់ប្រជាពលរដ្ឋយើងដែលធ្លាប់យកប្រាក់កាសទៅ ដែលជាង ១ លានអ្នកទៅចាយ នៅក្រៅប្រទេស មកលេងក្នុងស្រុករបស់យើងវិញ។

បង្កើនការប្រុងប្រយ័ត្ន តែមិនត្រូវមានការរើសអើង

ក្នុងស្រុករបស់យើង ក៏មានអាកាសចរណ៍ដែរ។ ការហោះហើរពីភ្នំពេញ-សៀមរាប, ពីភ្នំពេញ-ក្រុងព្រះសីហនុ, ពីក្រុងព្រះសីហនុ-សៀមរាប, សៀមរាប-ក្រុងព្រះសីហនុ ក៏យើងហោះបានក្នុងកម្រិតប៉ុណ្ណឹង។ យើងអាចរួមចំណែកដើម្បីដោះស្រាយការងារក្នុងស្រុក និងចំណាយក្នុងស្រុក ដែលជាផ្នែកទ្រទ្រង់កំណើនសេដ្ឋកិច្ចរបស់ប្រទេសមួយដែរ ហើយការរើសអើងត្រូវតែបានបញ្ចប់។ ឥឡូវ នៅប្រទេសចិនចាប់ផ្តើមចូលដល់អញ្ចេះ ហើយអ្នកណាទៅពិនិត្យសុខភាព គឺឱ្យលុយ ហើយបើ ពិនិត្យថាមាន Covid-19 អាហ្នឹងគេឱ្យលុយថែមទៀត។ ឱ្យយកទៅព្យាបាល។ ឯនៅប្រទេសយើងសុំកុំមានការរើសអើង រវាងអ្នកឈឺនេះ/នោះ ហើយមិនហ៊ានចូលទៅជិតនោះ មិនមែនជារឿងល្អទេ … ក្រោយពេលដែលខ្ញុំទៅជួប Westerdam ហើយ តើទៅណា បើមិនឱ្យយើងនៅផ្ទះ? អញ្ចឹង មានតែយកខ្ញុំព្រះករុណាខ្ញុំទៅឃុំនៅវត្តលោកសិន។

ខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវ ចំពោះប្រជាពលរដ្ឋរបស់យើង បង្កើនការប្រុងប្រយ័ត្ន តែក៏មិនត្រូវមានការរើសអើងដែរ។ ប្រុងប្រយ័ត្នចេះតែប្រុងប្រយ័ត្នហើយ កុំភ្លេច ឱ្យសោះរឿងអនាម័យ។ និយាយរួម កុំថា Covid-19 ជំងឺអីក៏វាមកដល់ដែរ បើសិនជាយើងគ្មានអនាម័យនោះ ដូចជារាគ។ បើមិនស្រួលរាគក៏ Covid-19។ ឈឺពោះក៏ Covid-19។ ឈឺក្បាលក៏ Covid-19។ អាជំងឺត្រូវងាប់ ទោះបីវាមិនដល់ Covid-19 ក៏វាងាប់ដែរ។ ឥឡូវ រឿងគួរឱ្យភ័យខ្លាច មិនមែន Covid-19 ទេ គឺរឿងគ្រោះថ្នាក់។ ចរាចរណ៍មួយថ្ងៃងាប់ ៥-៦ (នាក់) យ៉ាងនេះ។ ឥឡូវ ក្នុងប្រទេសអាស៊ាន ដែលអត់មានជំងឺ(Covid-19)នេះនៅក្នុងប្រទេស រួមមាន៖ កម្ពុជា ឡាវ ប៊្រុយណេ ឥណ្ឌូនេស៊ី ម៉ីយ៉ាន់មា (គឺ) ៥ ប្រទេស(ហ្នឹង) ក្រៅពីនោះ គឺមានទាំងអស់។ វៀតណាម ថៃ ហ្វីលីពីន សាំងហ្គាពួរ ម៉ាឡេស៊ី ហើយយើង គឺក្រៅតែពីចិនម្នាក់ ដែលគាត់ទៅបាត់ហើយមានទាន់មានណា? ប៉ុន្តែ ការបំពុលវាជារឿងបានកើត។

ម្នាក់ៗប្រឆាំងការបំពុលព័ត៌មាន, បើមាន Covid-19 សូមកុំតក់ស្លុត

ប៉ុន្តែ ដើម្បីប្រឆាំងការបំពុល(ព័ត៌មាន)គឺមានតែមនុស្សម្នាក់ៗចេញមកអះអាងថា អត់មានទេ។ គួរឱ្យខ្មាសអៀនណាស់ ដែលយើងជឿទៅលើព័ត៌មានក្លែងបន្លំ បានសេចក្តីថា សមត្ថភាពរបស់យើងវាខ្សោយពេក ទើបគេបំភ្លៃបាន។ ខ្លះថា Covid-19 នៅស្រុកខ្មែរច្រើនណាស់។ អញ្ចឹង បើច្រើនណាស់សួរថា ក្នុងហ្នឹងមានឬអត់? បើអត់មានទេ វាអត់មានហើយ។ វាចប់ហើយ។ អាច្រើនហ្នឹងវាអស់រលីងហើយ។ បើច្រើនណាស់វាច្បាស់ជាជាង ១ ០០០ នាក់ ក៏មានដែរ … ហ្នឹងនិយាយឱ្យច្បាស់អញ្ចឹង។ សមត្ថភាព(របស់យើង)នៃការព្យាបាលមិនទាន់បានស្មើជាមួយនឹងជប៉ុន កូរ៉េខាងត្បូង ជាមួយចិន ជាមួយអ៊ីតាលី ជាមួយប្រទេសដែលមានប្រជាពលរដ្ឋស្លាប់ទេ។ យើងសព្វថ្ងៃនេះ អ្វីដែលយើងការពារបាន (គឺ)តាមរយៈដែលយើងការពារកុំឱ្យឆ្លងប៉ុណ្ណឹង។

និយាយយ៉ាងដូច្នេះ មិនមែនបានសេចក្តីថា យើងមិនរៀបចំទេ។ នៅភ្នំពេញរៀបចំមន្ទីរពេទ្យខ្មែរ-សូវៀត។ ឥឡូវ ត្រូវខិតខំម្ខាង គឺការពារកុំឱ្យមានរោគនេះចូលក្នុងប្រទេស។ ក្នុងករណីដែលមានការចូលមកហើយ ក៏សុំកុំតក់ស្លុតឱ្យសោះ អាជំងឺតក់ស្លុត គឺនាំទៅដល់ការអាមិនគួរងាប់ ក៏ងាប់បានដែរ។ ជួន​កាលបេះដូងឯងវាមិនសូវចំណាប់ ចេះតែភ័យៗដេកទៅងាប់ ហើយថា Covid-19។ តាំងចិត្តឱ្យក្លា​ហាន អត់មានអ្នកណាប្រឡូករឿងហ្នឹងជាង ហ៊ុន សែន ទេ ព្រោះទៅប្រទេសចិន ត្រឡប់មកវិញធ្វើការធម្មតា។ អត់មានអ្នកណាឆ្លងពី ហ៊ុន សែន មួយសោះ។ ទៅជាមួយ Westerdam ១៥០ នាក់ប្លាយ ត្រឡប់មកវិញនៅជាមួយប្រពន្ធ/កូន/ចៅ តែអត់មានអ្នកណាឆ្លងពីខ្ញុំទេ។

វិធានការ ២ ចំពោះមុខ៖ (១) បង្ការការឆ្លង និង (២) ពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុក

… ប្រជុំក្នុងគណៈរដ្ឋមន្រ្តី កាលពីថ្ងៃទី ២៤ កន្លងទៅ ពីថ្ងៃ ១៤-២៤ តែ ១០ ថ្ងៃក្រោយទេ ខ្ញុំចូលទៅប្រជុំគណៈរដ្ឋមន្រ្តី ហើយនិយាយជាមួយនិស្សិតរាប់រយ/ពាន់នាក់ តើវាមានស្អីទៅ? បើខ្ញុំត្រូវគេរើសអើងទៀត ហើយបើដាក់ខ្លួនឱ្យ(នៅ)ដាច់ពីគេ ១៤ ថ្ងៃទៀត អញ្ចឹង ដឹកនាំប្រទេសរបៀបម៉េចទៅ? ទី ១ អំពាវនាវឱ្យប្រជាពលរដ្ឋរបស់យើងទប់ស្កាត់ការឆ្លង តាមវិធានការអនាម័យ/ប្រុងប្រយ័ត្នផ្ទាល់ខ្លួន និងក្រុមគ្រួសារនីមួយ​ៗ។ ទី ២ ខិតខំពង្រឹងសមត្ថភាពសេដ្ឋកិច្ចក្នុងស្រុក ដែលក្នុងនោះវិធានការទាក់ទងនឹងផលប៉ះពាល់លើវិស័យទេសចរណ៍ ដែលជាវិស័យមួយ នៃការជម្រុញកំណើនការលូតលាស់ខាងសេដ្ឋកិច្ច ដែលធ្លាប់តែចំណាយនៅក្រៅស្រុក ទៅជាចំណាយក្នុងស្រុក រួមចំណែកដោះស្រាយការងារធ្វើនៅតាមភោជនីយដ្ឋាន/រមណីយដ្ឋាន និងតាមប្រាង្គប្រាសាទនានា ដែលជួយដោះស្រាយទៅដល់មគ្គុទេ្ទសក៍ទេសចរណ៍ផងដែរ។

បើសិនជាមានការព្យួរការងារ ថៅកែរោងចក្រចេញ ៤០% រាជរដ្ឋាភិបាលចេញ ២០% នៃប្រាក់អប្បបរមា

យើងនឹងបន្តការខិតខំ ដើម្បីធ្វើការជាមួយសមាគមរោងចក្រកាត់ដេរ និងតាមរោងចក្រនីមួយៗ ដើម្បីដោះស្រាយបញ្ហាអ្នកដែលព្យួរ(ការងារ)។ យើងត្រូវបណ្តុះបណ្តាលគេយ៉ាងម៉េច? គេផ្តល់ប្រាក់យ៉ាងម៉េច? យើងក៏ផ្តល់ប្រាក់បន្ថែម។ បើសិនជាមានការព្យួរ(ការងារ) ឱ្យថៅកែរោងចក្រដោះស្រាយ ៤០% (រាជ)រដ្ឋាភិបាលចេញ ២០% នៃប្រាក់អប្បបរមា ១៩០ (ដុល្លារ) អញ្ចឹង ​វាបាន ១២០ (ដុល្លារ)ដែរ។ ប៉ុន្តែ នៅឯខេត្តព្រះសីហនុ គឺម្ចាស់រោងចក្រចេញដល់ ៥០(%) ដូច្នេះ យើងចេញតែ ១០(%)ទេ ព្រោះបើសិនមានអ្នកឱ្យខ្ពស់/ខ្វះ វាបង្កើតការទាមទារ។ រឿងនេះ នឹងមានការធ្វើការដោយក្រសួងការងារ (បណ្តុះបណ្តាលវិជ្ជាជីវៈ) និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុជាបន្តទៀត។

កម្មវិធីការងារ បានដាក់មុនរាប់ខែ

នៅមានរឿងច្រើន ដែលយើងត្រូវដោះស្រាយ ក៏ប៉ុន្តែ ខ្ញុំព្រះករុណាខ្ញុំ និយាយបន្ថែមលើថ្ងៃមុន ខ្ញុំព្រះករុណាខ្ញុំលែងគិតពីរឿងស្អីហើយ ប្រើពាក្យអាខ្លះតែម្តង។ អាខ្លះថា លោក ហ៊ុន សែន ឱ្យសាររាល់ថ្ងៃ។ ចុះអ្ហែងមានគិតដល់អញ ថាអញដាក់កម្មវិធីប៉ុន្មានខែហើយទេ? មានអាស្អីគេណានោះគេវិភាគថា លោក ហ៊ុន សែន ឱ្យសាររាល់ថ្ងៃ។ ប៉ុន្តែ ឌួង លាង កម្មវិធីនេះទទួលចំណារខ្ញុំប៉ុន្មាន(ខែហើយ)? ២ ខែមុន។ ឥឡូវ បើ ២ ខែមុន មិនឱ្យអញនិយាយ អ្ហែងឱ្យអញធ្វើម៉េច? អញមិនដូចពួកអ្ហែងរកស៊ីកញ្ឆក់កណ្តៀតទេ។ ថ្ងៃនេះ អញនិយាយនៅអាស៊ី-អឺរ៉ុប ចែកសញ្ញាបត្រ ដែលកំណត់កាលបរិច្ឆេទតាំងពី ២ ខែមុនឯណោះ។ ថ្ងៃស្អែក ជាភាពទៀងទាត់ ដែលត្រូវនិយាយ(ក្នុង)ជំនួប រវាងនាយករដ្ឋមន្ត្រីជាមួយសិល្បករ/ការិនី នៅក្នុងទិវាវប្បធម៌ជាតិ ៣ មីនា ដែលកំណត់ប្រចាំឆ្នាំ … ដល់ថ្ងៃខានស្អែក ត្រូវចូលរួមសន្និបាតសុខាភិបាល ដែលកំណត់ ២ ខែមុនឯណោះ …។

អាមួយហ្នឹងធ្វើជាសង្ឃទេ តែចង់បានប្រពន្ធ។ សង្ឃអត់សីលចង់បានប្រពន្ធ។ សម្លេងខ្ញុំព្រះករុណាខ្ញុំមាន (សម្លេង)។ និយាយពីរដងជាមួយ លី ឡាយស្រេង។ រុញ លី ឡាយស្រេង ឱ្យចេញតស៊ូ ព្រោះអាត្មាអត់ទាន់ស្គាល់ជាតិព្រះមេផង។ អានេះខ្លាចជាប់គុក។ អញ្ចឹងថាភាសាអសុរោះ អត់អសុរោះទេ មកពីលោកឯងនិយាយអញ្ចឹង … អាទិត្យនេះ(កម្មវិធី)ជាប់។ ថ្ងៃទី ៣ (កម្មវិធី) វប្បធម៌។ ថ្ងៃទី ៤ (កម្មវិធី)សុខាភិបាល​។ ព្រឹកថ្ងៃទី ៥ ត្រូវជួបជាមួយក្រុមហ៊ុន VINCI Airport។ ហ្នឹង តឹករ៉េត សំរេច ត្រូវនាំគ្នាប្រជុំរៀបចំឱ្យ​ហើយ រឿងព្រលានយន្តហោះថ្មី/ចាស់។ ដល់ទៅថ្ងៃទី ៦ (កម្មវិធី)ទិវាសិទ្ធិនារីទៀតហើយ។ កម្មវិធីវាអញ្ចឹង ម៉េចក៏ពួកឯងថាអញជូនសាររាល់ថ្ងៃ បើកម្មវិធីអញវាអញ្ចឹង? … (តែ)និយាយ(ទៅ)ថាអសុរោះ។ បើសិនជាយើងមិននិយាយអញ្ចឹងទេ វានៅតែប៉ុណ្ណឹង។ ដោយសារតែពួកហ្នឹងអញ្ចឹងហើយ បានជារត់ចោលស្រុក … ខ្លះជាប់គុក …។

គ្រប់ស្ថានីយទូរទស្សន៍/Fresh News បើតារាណាស្លៀកពាក់មិនសមរម្យ កុំធ្វើការឡាយវ៍

ក្រុមប្រឹក្សាជាតិដើម្បីស្ត្រី សុំអំពាវនាវយ៉ាងម៉េចកុំឱ្យ(ស្លៀកពាក់សិចស៊ី) ព្រោះវាកើតចេញពីអនឡាញស្អីៗនេះ។ ខ្ញុំបាននិយាយ រកស៊ីទៅអាអនឡាញហ្នឹង អាណិតសុំតែកុំឡាយវ៍(live)លក់(សិចស៊ី)។ រួចហើយគេថា យើងហ្នឹងរំលោភសិទ្ធិមនុស្ស។ អ្នកឯងបានមើលច្បាប់ អំពីបញ្ហាទាក់ទងនឹងការជួញដូរមនុស្ស ការការពាររក្សាប្រពៃណីទំនៀមទម្លាប់ទេ? សូម្បីតែនៅក្នុង Fresh News ថ្ងៃមុននោះ ម៉ែអើយ! ចេះបើកទាន់ពេល អី! អាថ៌កំបាំងក្រៅឆាករបស់តារា។ ទៅអង្គុយមើល … អានេះចំហខាងលើ អាខាងក្រោមខ្លីខ្ទេចទាំងអស់។ រួចអាអ្នកចាប់កាំមេរ៉ាហ្នឹង វាចាប់យឺតទៀតអាខាងក្រោមហ្នឹង … ជិតដល់ទិវាវប្បធម៌ផង ហើយក៏កំពុងតែអំពាវនាវផង។ ឥឡូវ មុនពេលឡាយវ៍ បើថាតារាហ្នឹងពាក់មិនសមរម្យទេ កុំឡាយតែម្តង …។ អញ្ចឹង បានជាប្រធាន Fresh News ក៏វាឱ្យដកចេញប្រឹបៗពី YouTube/Facebook ស្អីៗ ដកចេញទាំងអស់។ រួចទៅអង្គុយគងអន្ទាក់ខ្លា លើកដៃសំពះប្រជាពលរដ្ឋ។ អស់ទាស់តែម្តង។ ដល់ថ្នាក់ស្ត្រីខ្មែរគងអន្ទាក់ខ្លា ហើយលើកដៃសំពះប្រជាពលរដ្ឋ (វា)ចប់ហើយ។ បើសិនវាអង្គុយដាក់ជើងទាំងពីរវាចំហ អញ្ចឹង ត្រូវតែគងអន្ទាក់ខ្លា លើកដៃសំពះ។ អញ្ចឹង បានថា អ្នកធ្វើការនៅ Fresh News ក៏យកចិត្តទុកដាក់ដែរ អាអាថ៌កំបាំងក្រៅឆាករបស់តារានោះ។ អប់រំតែគ្រប់ទូរទស្សន៍ហ្នឹង កុំឱ្យវាសិចស៊ីលើក្រោមជ្រុល។ និយាយឡើងថា វប្បធម៌ខ្មែររលំរលាយហើយ ចុះបើឯងទៅធ្វើអញ្ចឹងវាមិនរលំរលាយ? … ដល់តែពេលយើងធ្វើ(ការណែនាំ មានវិធានការ)អញ្ចឹង គេថាយើងហ្នឹងរំលោភសិទ្ធិ នៃការបង្ហាញរូបភាព។ អញ្ចឹង បានជាផ្តាំ … ជាពិសេស ពួកវិទ្យុបរទេសនិយាយភាសាខ្មែរ អ្ហែងជាជនជាតិខ្មែរ អ្ហែងថតមកប្រពន្ធ/កូន/ប្អូន/បងស្រីអ្ហែងៗថតយកមក ​… (ជួយ)យកទៅបិទនៅហ្នឹងដើមអម្ពិលឱ្យគេមើល …។

អំណោយកំដរដៃជូននិស្សិតជ័យលាភី បុគ្គលិក សាស្ត្រាចារ្យ និងសាកលវិទ្យាល័យ

ថ្ងៃនេះ បាននាមក សម្រាប់ជូននិស្សិតជាជ័យលាភី ដែលត្រូវទទួលសញ្ញាបត្រ(នៅថ្ងៃនេះ) ចំនួន ១ ៥៨៩ នាក់ ក្នុងនោះ មាននិស្សិតពិការ ចំនួន ៣ នាក់ ពិការភ្នែក ១ នាក់ និងគរថ្លង់ ១ នាក់ ឯណាក្មួយៗ ពិការ? ចប់បរិញ្ញា(បត្រ) ឬចប់ស្អីគេ? បរិញ្ញាបត្ររង។ ហើយរកការងារបានធ្វើហើយឬនៅ? មានហើយ។ ហើយខាងនេះមាន(ការងារធ្វើ)ហើយឬនៅ? (បើនៅ)បន្តការខិតខំ។ ក្នុងចំណោមនិស្សិត ១ ៥៨៩ នាក់នេះ ក្នុងម្នាក់ៗ ទទួលបានថវិកា ៥ ម៉ឺនរៀល។ ហើយបន្ថែមជូននិស្សិតពិការ ចំនួន ៣ នាក់ ក្នុងម្នាក់ៗថវិកា ១ លានរៀល។ សង្ឃឹមថា និស្សិតទាំងអស់អត់មានការច្រណែនអីទេ ព្រោះយើងឱ្យអាទិភាពទៅលើជនពិការ។ ជូនបុគ្គលិក និងសាស្ត្រាចារ្យ ចំនួន ៦៧៧ នាក់ ក្នុងម្នាក់ៗ ទទួលបានថវិកា ១០ ម៉ឺនរៀល។ ជូនសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ថវិកា ៥ លានរៀល។ ជូនវិទ្យាស្ថានជាតិអប់រំ ថវិកា ៥ លានរៀល។

គម្រោងកសាងអគារថ្មីនៅទីតាំងអគារចាស់ មិនធ្វើទេ

សុំបញ្ជាក់ឡើងវិញបន្តិច ថ្ងៃមុនឱ្យគេមកសិក្សាដើម្បីធ្វើអគារនេះ។ ឥឡូវ សុំជម្រាបថា មិនធ្វើទេ ដោយ​សារតែធ្វើទៅវាអាចប៉ះពាល់ដាល់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងហ្នឹង ដែលជាតំបន់ត្រូវការពារដោយអង្គការយូណេស្កូ។ បើយើងធ្វើវាច្រើនជ្រុល វាអាចមានការបាក់អានេះ/នោះ នាំទៅដល់បញ្ហាទៀត។ អញ្ចឹង រក្សាត្រឹមប៉ុណ្ណឹងទៅបានហើយ។ បើយើងត្រូវការចែកសញ្ញាបត្រច្រើនជាងហ្នឹង យើងទៅវិទ្យាស្ថានបច្ចេកវិទ្យាក៏បាន យើងទៅកោះពេជ្រក៏បាន។ ដូច្នេះ យើងមានកន្លែងហើយ។ ជាមួយនឹងការអបអរសាទរ ចំពោះវឌ្ឍនភាព នៃសាកលវិទ្យាល័យ អាស៊ី-អឺរ៉ុប ជាមួយនឹងការអបអរសាទរ ចំពោះជ័យលាភី ដែលទទួលសញ្ញាបត្រនៅថ្ងៃនេះ ខ្ញុំព្រះករុណាខ្ញុំ សូមប្រគេនពរ ចំពោះព្រះតេជព្រះគុណ ព្រះសង្ឃគ្រប់ព្រះអង្គ ជូនពរ ឯកឧត្តម លោកជំទាវ អស់លោក/ស្រី នាងកញ្ញា សូមប្រកបដោយពុទ្ធពរ និងពរទាំងប្រាំប្រការ៖ អាយុ វណ្ណៈ សុខៈ ពលៈ និងបដិភាណៈ កុំបីឃ្លៀងឃ្លាតឡើយ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ