ប្រមុខការទូតកម្ពុជា និងសាធារណរដ្ឋកូរ៉េ គូសបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិកា ររវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត

ភ្នំពេញ ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ​អន្ត​រ​ជា​តិ នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ កាង យៀង វា (Kang Kyung-wha) រដ្ឋ​មន្រ្តី​ការ​បរទេស​នៃសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិការររវាង​ប្រទេ​ស​ទាំងពីរ​ឱ្យកាន់តែប្រសើរឡើងថែមទៀត។

យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្ដរជាតិ​បានឱ្យដឹងថា នៅរសៀ​ល​ថ្ងៃ​ទី ២៥ ខែវិច្ឆិកា ឆ្នាំ ២០១៩ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្រ្ដីក្រសួងការបរទេស និងសហប្រតិបត្តិការ​អន្ដរជាតិ​បានជួបពិភាក្សាទ្វេ​ភា​​គីជាមួយ​លោកជំទាវ កាង យៀង វា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេសនៃ​សាធារ​ណ​រដ្ឋ​កូរ៉េ។

ក្នុងជំនួបនោះ លោកជំទាវ កាង យៀង វ៉ា បានស្វាគមន៍ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងសម្តែង​កា​រ​សោ​ក​ស្តាយដែលសម្តេចតេជោនាយករដ្ឋមន្ត្រី មិនអាចអញ្ជើញមកចូល​រួមកិច្ច​ប្រជុំកំពូល​រម្លឹ​ក​​ខួបអនុស្សាវរីយ៍អាស៊ាន-សាធារណដរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សាធារណរដ្ឋកូរ៉េលើកទី១ នៅទីក្រុងប៊ូ​សា​ន​ បានដោយសារតែមាតាក្មេករបស់សម្តេច​មាន​ជំងឺ​ធ្ងន់ធ្ងរដែលត្រូវការចាំបាច់នូវកម្លាំងចិត្ត និ​ង​​ការយកចិត្តទុកដាក់ពីក្រុមគ្រួសារ។ លោកជំទាវ បានពាំនាំនូវការជូនពរជ័យ ពីឯកឧត្តម​ប្រ​ធា​នាធិបតី មូន ចែអ៊ុន សូមឱ្យ​មាតាក្មេករបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ឆាប់ជាសះ​ស្បើ​យ​ពី​ជំងឺ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះលោកជំទាវ កាង ឈៀង វ៉ា  ស​​ម្រាប់បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងការជូនពររបស់ឯកឧត្តមប្រធានាធិបតី មូន ចៃអ៊ុន។ ឯក​ឧ​ត្ត​មបានគូសបញ្ជាក់បន្ថែមថា សម្តេចតេជោនាយករដ្ឋមន្ត្រីបានផ្តល់សារៈ​សំខាន់យ៉ាង​ខ្លាំ​ង​ចំ​ពោះកិច្ចប្រជុំកំពូលទាំងពីរនេះ ពីព្រោះសម្តេចតេជោ គឺជាបុគ្គលដែលជំរុញយ៉ាងខ្លាំង​ក្នុង​កា​​រ​ឱ្យមានកិច្ចប្រជុំកំពូលរម្លឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងជាអ្នកដែលផ្ដួច​ផ្ដើមឱ្យ​កិច្ចសហប្រតិបត្តិការមេង្គ-សាធារណរដ្ឋកូរ៉េ ឈានឡើងដល់កម្រិតកិច្ចប្រជុំកំពូល។

ឯ​ក​ឧត្តមឧបនាយករដ្ឋមន្រ្ដីក៏បានរម្លឹកដែរថា ទស្សនកិច្ចផ្លូវរដ្ឋរបស់ ឯកឧត្តមប្រធានា​ធិបតី មូន ចៃអ៊ុន នៅ​កម្ពុ​ជា​ កាលពីដើមឆ្នាំកន្លងមកនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់ និងបានរួម​ចំណែកធ្វើ​ឱ្យទំនាក់ទំ​ន​ង​​ទ្វេភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ កាន់តែស៊ីជម្រៅថែម​ទៀត។​ឯកឧត្តមមានជំនឿថា កិច្ចប្រជុំនៅ​ក្នុង​ពេលនេះ នឹងរួមចំណែកធ្វើឱ្យកិច្ចសហប្រតិបត្តិការ​ទ្វេភាគី និងពហុភាគីខ្ពស់​ឡើងមួយ​ក​ម្រិ​ត​ថែមទៀត។ ជាមួយគ្នានេះ រដ្ឋមន្ត្រីការបរទេស​ទាំងពីរក៏បានពិភាក្សា និងផ្លាស់ប្តូរយោបល់គ្នា លើកិច្ចស​ហ​ប្រតិបត្តិការនៅក្នុងវិស័យជាច្រើន រួមមាន វិនិយោគ ពាណិជ្ជកម្ម ការតភ្ជាប់ និងការផ្លាស់​ប្តូរ​រវាង​ប្រជាជននិងប្រជាជន។ សម្រាប់​កិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម រដ្ឋមន្ត្រីការ​បរទេ​ស​ទាំងពីរ បង្ហាញនូវក្ដីរីករាយ និង​បានស្វាគមន៍ការចុះហត្ថលេខាដោយរដ្ឋមន្រ្តីកសិកម្មនៃប្រទេសទាំងពីរលើ​អនុស្សរណៈនៃ​ការ​យោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម។

ឯកឧត្តម​ឧប​នាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានស្នើសុំការគាំទ្រ និងមានកិច្ចសហប្រតិ​បត្តិការពីសាធារណរដ្ឋកូរ៉េ នៅ​ក្នុង​វិស័យកសិ-ឧស្សាហកម្ម និងដំណើរការវេចខ្ចប់កសិកម្ម។ ទន្ទឹមនេះ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីបានស្នើ​សុំឱ្យមានការគាំទ្រលើគម្រោងព្រៃឈើចំនួនពីរ រួមមាន ការបង្កើតស្ថានីយ៍ដើមព្រៃឈើ​ឡើង​វិញ​​នៅខេត្តសៀមរាប និងការបង្កើនការគាំទ្រ​សម្រាប់ប្រតិបត្តិការមជ្ឈមណ្ឌល​កិច្ចសហ​ប្រតិ​ប​ត្តិ​ការព្រៃឈើមេគង្គ-សាធារណរដ្ឋកូរ៉េ។

លើសពីនេះទៀត ចំពោះកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម រដ្ឋ​មន្ត្រីការ​បរទេស​ទាំងពីរ  បានស្វាគមន៍ការចុះហត្ថលេខាស្តីពីការសិក្សារួមគ្នាលើ​តំបន់ពា​ណិ​​ជ្ជកម្មសេរី​កម្ពុជា-សាធារណរដ្ឋកូរ៉េ ដែលនឹងជួយពាណិជ្ជកម្មរវាងប្រទេសទាំងពីរកាន់​តែ​កើ​​ន​ឡើងថែម​ទៀត។ ក្នុងឱកាសនោះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីបានថ្លែងអំណរគុណ​ដល់​សាធារណរដ្ឋ​កូរ៉េ សម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ តា​ម​​រយៈការ​បង្កើន​កម្ចីសម្បទានពី៣៥០លានដុល្លារអាម៉េរិក ដល់៧០០លានដុល្លារអាម៉េរិក ស​ម្រា​ប់ឆ្នាំ​២០១៩-២០២៣។ ឯកឧត្តមបានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ សម្រាប់​ជំ​នួ​យ​ចំនួន ១០លានដុល្លារអាម៉េរិក ដើម្បីប្រតិបត្តិការដោះមីននៅខេត្តចំនួនបី​ដែលរងគ្រោះដោ​យ​​សារ​គ្រាប់មីនធ្ងន់ធ្ងរ គឺខេត្តបាត់ដំបង ប៉ៃលិន និងខេត្ដបន្ទាយមានជ័យ។ ចំពោះវិស័យ​ការងារ​វិ​ញ​ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីក៏បានថ្លែងអំណរគុណដល់សាធារណរដ្ឋកូរ៉េ ដែលបានបង្កើន​ចំនួន​កូ​តាពលករ​ខ្មែ​រ​ទៅធ្វើការនៅសាធារណរដ្ឋកូរ៉េ ដែលមិនត្រឹមតែបានជួយឱ្យមានចំណូ​ល ខ្ពស់សម្រាប់​ព​ល​ករ និងគ្រួសាររបស់ពលករប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយឲ្យពួកគេ​មាន ជំនាញខ្ពស់​ស​ម្រា​​ប់ប្រកបរបរនៅពេលត្រលប់ទៅកម្ពុជាវិញ។

ជាការឆ្លើយតប លោកជំទាវ កាង ឈៀង-វ៉ា ទទួ​លយកសំណើរបស់កម្ពុជាពាក់ព័ន្ធ នឹងគម្រោងព្រៃឈើ ដើម្បីដាក់ជូនឯកឧត្តម​ប្រធានាធិ​ប​តី​។ សម្រាប់វិស័យពាណិជ្ជកម្មទ្វេ ភាគីកម្ពុជា-សាធារណរដ្ឋកូរ៉េ លោកជំទាវបានបញ្ជាក់ថា បា​ន​ឈានដល់ប្រមាណជិតមួយ ប៊ីលាន​ដុល្លារអាម៉េរិក។ លោកជំទាវក៏បានគូសបញ្ជាក់ផង​ដែ​រ​​ថា ពលករខ្មែរនៅសាកូរ៉េ បាន​រួម​ចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់សាធារណរដ្ឋ​កូ​រ៉េ​។ ទន្ទឹមនេះ លោកជំទាវបានធានា អំពី​ការបន្តជួយដល់វិស័យដោះមីននៅកម្ពុជា។ លោកជំទាវ បានជម្រាបជូន ឯកឧត្តមឧប នាយករដ្ឋមន្ត្រី អំពីគម្រោង​រៀបចំកិច្ច​ប្រជុំ​កំពូលភាពជាដៃគូសម្រាប់កំណើតបែតង (Partnership for Green Grow) នៅពាក់​កណ្តា​ល​ ឆ្នាំ ២០២០។

បន្ទាប់ពីជំនួបរបស់ប្រមុខការទូតនៃប្រទេសទាំងពីរ កម្ពុជានិងសាធារណរដ្ឋ​កូរ៉េបាន​ចុះ​ហត្ថ​លេខាលើឯក​សារសារសំខាន់ៗចំនួន៥ ដែលក្នុងនោះឯកសារចំនួន៣ត្រូវបានចុះ​ហត្ថ​លេ​ខានៅក្រោយកិច្ចប្រជុំរវាងរដ្ឋមន្ត្រីក្រសួងការបរទេសទាំងពីរ។ ឯកសារចំនួនពីរផ្សេង​ទៀ​ត​ចុះ ហត្ថលេខានៅក្រៅជំនួប ដែលឯកសារសំខាន់ៗទាំង៥នោះរួមមាន ១. កិច្ចព្រមព្រៀង​ស្តី​ពី​ការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេសពន្ធ និង​ការចៀសវាងពន្ធ។ ២. សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមក​ផ្នែកច្បាប់ក្នុងវិស័យព្រហ្ម    ​ទ​​ណ្ឌ​។ ៣. អនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។ ៤. អនុស្សរណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យបច្ចេកវិទ្យា គមនាគមន៍ និ​ង ​ព័ត៌​មាន។ ៥. សេចក្តីថ្លែងការណ៍រួមស្តីពីការចាប់ផ្តើមការសិក្សារួម​គ្នាលើលទ្ធភាព​បង្កើ​ត​កិច្ច​​ព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-សាធារណរដ្ឋកូរ៉េ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ