សម្ដេចតេជោ ហ៊ុន សែន រំពឹងថា កិច្ចសហប្រតិបត្តិការរវាងព្រះរាជអាជ្ញា និងរដ្ឋអាជ្ញា នៃប្រទេស​អាស៊ាន-ចិន នឹងពង្រឹងបន្ថែមទៀតក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន

សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបង្ហាញក្ដីរំពឹងថា កិច្ច​ស​ហប្រតិបត្តិការរវាងព្រះរាជអាជ្ញា និងរដ្ឋអាជ្ញា នៃប្រទេសអាស៊ាន-ចិន នឹងពង្រឹងកាន់​តែខ្លាំ​ង​ និ​ង​រឹងមាំបន្ថែមទៀតក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដែលមានទៅលើប្រជាជន​ស្លូត​ត្រង់​នោះ។

នៅមុនការចាប់ផ្តើមពិធីបើកសន្និសីទ អគ្គព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ នៅទី​ក្រុ​ង​សៀមរាប នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩  សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នា​យករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ ប្រតិភូអគ្គព្រះរាជ​អាជ្ញា-រដ្ឋអាជ្ញាម​កពីបណ្ដាប្រទេសអាស៊ាន និងប្រទេសចិន ដឹកនាំដោយលោកជំទាវ ហាយ៉ាស ស៊ូរៃនី ចូ​ល​ជួ​បសម្តែងការគួរសម។

ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្តេច​តេ​ជោ​ បានឱ្យដឹងថា ក្នុងជំនួបនេះ ប្រតិភូ​អគ្គព្រះរាជ​អាជ្ញា-រដ្ឋអាជ្ញាម​កពីបណ្ដាប្រទេសអាស៊ាន និងចិន​បានគោរព​សម្ដែង​ការដឹងគុណ​សម្តេចតេជោ ដែល​បាន​ឆ្លៀ​​​ត​ពេលដ៏មមាញឹក មកធ្វើជាអធិបតីក្នុងសន្និសីទនេះ។ លោកជំទាវ ហាយ៉ាស ស៊ូរៃនី បានលើក​ឡើងថា សន្និសី​ទដែលរៀបចំឡើងនាពេលនេះ គឺ​ដើម្បីធ្វើការរួមគ្នា ពង្រឹងកិច្ចសហប្រតិបត្តិការ ឱ្យបានកាន់​តែ​ស៊ី​​ជម្រៅថែមទៀត ក្នុងការ​ប្រយុទ្ធ​ប្រឆាំងនឹងអំពើឧក្រិដ្ឋកម្មឆ្លងដែន ជាពិសេសលើការ​ជួ​ញ​ដូរ​មនុស្ស។

ជាការឆ្លើយតប សម្តេចតេជោ ហ៊ុន សែន បានសម្ដែងការស្វាគមន៍ ដល់ព្រះរាជ​អាជ្ញា-រដ្ឋអាជ្ញា​ទាំងអស់ ដែលបានមកកាន់ទីក្រុងសៀមរាប ដែលជាអតីត រាជធានីរបស់​កម្ពុជា កាលពីជាង១​ពា​ន់​ឆ្នាំមុន។ សម្ដេចតេជោបានលើកឡើងថា ប្រធានបទការប្រយុទ្ធ​ប្រឆាំងជួញដូរមនុស្ស នៅក្នុង​ឱ​កា​សនេះ គឺជាប្រធានបទដ៏ត្រឹមត្រូវមួយ ព្រោះថានេះគឺជាអ្វី​ដែលយើងត្រូវធ្វើ ដើម្បីជួយ​ដ​ល់​​ជនស្លូតត្រង់ ជាពិសេសពលករ ដែលកំពុងតែមានចលនា និងលំហូរ នៅក្នុងតំបន់អាស៊ាន ហើ​យតែងតែមានជនខិលខូច ឬក៏ឧក្រិដ្ឋជន កេងប្រវ័ញ្ចលើ​ជនស្លូតត្រង់ទាំងនេះ។ សម្ដេចតេ​ជោ​បានបន្តថា   តាម​រយៈវេទិកានេះ សម្ដេចតេជោបាន សូម​ផ្ដល់ក្តីសង្ឃឹមថា កិច្ចសហ​ប្រតិប​ត្តិ​ការ​រវាងប្រទេសទាំងអស់ ជាពិសេសរវាងព្រះរាជអាជ្ញា និងរដ្ឋអាជ្ញា នៃប្រទេ​សអាស៊ា​ន​ជា​មួយ​ចិន នឹងមានការពង្រឹងកាន់តែខ្លាំង និងរឹងមាំថែមទៀត ជាផលប្រយោជន៍ ដើម្បីទប់ស្កាត់​ឧ​ក្រិ​ដ្ឋកម្មឆ្លងដែនផង និងឧក្រិដ្ឋកម្មទាំងឡាយ ដែលមាន​ទៅ​លើប្រជាជនស្លូតត្រង់ នៅក្នុង​តំ​ប​ន់អាស៊ាន-ចិនផងដែរ៕

ដោយ ជឹម ណារី

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ