ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ — បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ រួចមក សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសមេគង្គទាំងប្រាំរួមមាន ព្រះរាជាណាចក្រកម្ពុជា ឡាវ មីយ៉ាន់ម៉ា ថៃ និងវៀតណាម បានអញ្ជើញ ចូលរួមកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១ ជាមួយឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន អាបេ សិនហ្សូ ដែលធ្វើឡើង កាលពីថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។
ក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុនលើកទី១១ មេដឹកនាំនៃប្រទេសមេគង្គ ជប៉ុន បានធ្វើការ ពិភាក្សាគ្នាយ៉ាងស៊ីជម្រៅ ទាក់ទិនទៅនឹងវឌ្ឍនភាព និងបញ្ហាប្រឈមនានា ក្នុងចន្លោះនៃកិច្ចប្រជុំកំពូល មេគង្គ ជប៉ុន លើកទី១០។ មេដឹកនាំនៃប្រទេសមេគង្គ បានថ្លែងនូវអំណរគុណចំពោះឯកឧត្តមនាយករដ្ឋមន្រ្តីជប៉ុន និងឯកឧត្តមនាយករដ្ឋមន្រ្តីថៃ ដែលបានរៀបចំឱ្យមានកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១ ដ៏មានសារៈសំខាន់នេះ។ មេដឹកនាំទាំងអស់ ក៏បានវាយតម្លៃខ្ពស់ចំពោះក្របខ័ណ្ឌ កិច្ចសហប្រតិបត្តិការមេគង្គ ជប៉ុន ដែលតាមរយៈសសរស្តម្ភទាំងបីរបស់យុទ្ធសាស្រ្តទីក្រុងតូក្យូ ឆ្នាំ២០១៨ រួមមានការតភ្ជាប់រស់រវើក និងមានប្រសិទ្ធភាព សង្គមដែលផ្តោតលើមនុស្សជាចម្បង និងការសម្រេចបាននូវមេគង្គបៃតង បានផ្តល់ជាថាមពលបន្ថែមសំដៅលើកកម្ពស់ភាពប្រកួតប្រជែង ក្នុងតំបន់ និងប្រែក្លាយអនុតំបន់មេគង្គឱ្យទៅជាមជ្ឈមណ្ឌល នៃកំណើនសេដ្ឋកិច្ចសកល។ នៅក្នុងកិច្ចប្រជុំកំពូលមេគង្គ ជប៉ុន លើកទី១១នេះដែរ មេដឹកនាំនៃប្រទេសមេគង្គ បានអបអរសាទរចំពោះជប៉ុន ដែលទទួលបានជោគជ័យក្នុងការធ្វើជាម្ចាស់ផ្ទះ នៃការរៀបចំកិច្ចប្រជុំកំពូលលើកទី១៤ នៅអូសាកា ដែលបានឆ្លុះបញ្ចាំងពីតួនាទីដ៏សំខាន់របស់ជប៉ុន ក្នុងការរៀបចំរបៀបវារ:សកល។ ដូចគ្នានឹងបណ្តាមេដឹកនាំមេគង្គដទៃទៀត សម្តេចតេជោនាយករដ្ឋមន្រ្តីមានប្រសាសន៍លើកឡើងថា ខណ:ដែល ពិភពលោកកំពុងឆ្លងកាត់ភាពមិនច្បាស់លាស់ យើងត្រូវរួមគ្នាពង្រឹងពហុភាគីនិយមបន្ថែមទៀត ដែលជាធាតុផ្សំដ៏សំខាន់សម្រាប់សន្តិភាព សន្តិសុខ និងវិបុលភាពក្នុងតំបន់ ក្នុងស្មារតីនេះ កម្ពុជាសូមស្វាគមន៍ចំពោះការប្តេជ្ញាចិត្តរបស់ជប៉ុន ក្រោមយុទ្ធសាស្រ្តសេរី និងបើកទូលាយឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីធានាសន្តិភាព ស្ថិរភាព វិបុលភាព និងការតភ្ជាប់សម្រាប់តំបន់៕