បាងកក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — បន្ទាប់ពីបញ្ចប់កិច្ចប្រជុំកំពូលអាស៊ាន-ចិន ដែលធ្វើឡើងនៅទីក្រុងបាងកកព្រះរាជាណាចក្រថៃនោះ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចអគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមក្នុង កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៦ ដែលបានប្រារព្ធពិធីបើកជាផ្លូវការរបស់ខ្លួន ក្រោមវត្តមាន របស់ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា ណារិនដ្រា ម៉ូឌី។
ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌាលើកទី១៦ ប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ាន និងឯកឧត្តមនាយករដ្ឋមន្រ្តីឥណ្ឌា បានធ្វើការពិភាក្សាគ្នាយ៉ាងស៊ីជម្រៅទាក់ទិនទៅវឌ្ឍនភាព និងការរីកចម្រើននានា នៃទំនាក់ទំនងរវាងអាស៊ាន-ឥណ្ឌា ក្នុងរយ:ពេលជាង១៦ឆ្នាំកន្លងមក។
នៅក្នុងកិច្ចប្រជុំកំពូល ប្រចាំឆ្នាំនេះដែរ មេដឹកនាំឥណ្ឌា បានលើកយកមកពិភាក្សាពីបញ្ហាឥណ្ឌូ-ប៉ាស៊ីហ្វិក ក្នុងនោះឥណ្ឌា បានលើកឡើងពីការជាប់ពាក់ព័ន្ធរបស់ខ្លួន ដោយមានការច្របាច់បញ្ចូលជាមួយគោលនយោបាយ ធ្វើសកម្មភាពឆ្ពោះទៅទិសខាងកើត (Act East Policy) តាមរយៈវិស័យចំនួន៤ គឺការការពារសន្តិសុខមហាសមុទ្រឥណ្ឌា សមាហរណកម្មជាមួយអាស៊ីអាគ្នេយ៍ ការធ្វើឱ្យស៊ីជម្រៅនូវភាពជាដៃគូ យុទ្ធសាស្រ្ត ជាមួយនិងការធ្វើឱ្យមានតុល្យភាពរវាងមហាអំណាចនានា និងការគ្រប់គ្រងជម្លោះជាមួយប្រទេសចិន។
ថ្លែងទៅកាន់មេដឹកនាំអាស៊ាន ឥណ្ឌា សម្តេចតេជោនាយករដ្ឋមន្រ្តីបានគូសបញ្ជាក់ថា កម្ពុជាសូមគាំទ្រដល់ការពិភាក្សា ដើម្បីរៀបចំនូវផែនការសកម្មភាពថ្មី ឆ្នាំ២០២១-២០២៥ ជាឯកសារសម្រាប់អនុវត្តសកម្មភាពកិច្ចសហប្រតិបត្តិការរួម ដែលនឹងផ្តល់ផលប្រយោជន៍ឱ្យអាស៊ាន និងឥណ្ឌា។
ជាមួយគ្នាកម្ពុជាសូមលើកទឹកចិត្តអាស៊ាន និងឥណ្ឌា ផ្តល់អាទិភាពខ្ពស់ ដល់ការពង្រឹងនិងពង្រីកពាណិជ្ជកម្ម និងការវិនិយោគ រវាងអាស៊ាន និងឥណ្ឌា បន្ថែមទៀត ដើម្បីសម្រេចឱ្យបាននូវគោលដៅពាណិជ្ជកម្ម២០០ពាន់លានដុល្លារនៅឆ្នាំ២០២២ ពិសេសទៅទៀតនោះ កម្ពុជាសូមលើកទឹកចិត្តជំរុញកិច្ចសហប្រតិបត្តិការបន្ថែម លើការតភ្ជាប់ជារូបវន្ត និងឌីជីថល រវាង អាស៊ាននិងឥណ្ឌា ជាពិសេសសម្រាប់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម តាមរយៈការផ្តល់ជំនួយហិរញ្ញប្បទាន និងជំនួយបច្ចេកទេសផ្សេងៗ។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើក ទី១៦នេះដែរ មេដឹកនាំអាស៊ាន ឥណ្ឌា បានឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន ឥណ្ឌា លើកទី១៦ ក្នុងបរិយាកាសរីករាយនិងរាក់ទាក់បំផុត៕