ភ្នំពេញ ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩–ប្រភពពីទូរទស្សន៍ជាតិកម្ពុជាបានឱ្យដឹងថា បន្ទាប់ពីបានបញ្ចប់កិច្ចប្រជុំកំពូលពេញអង្គអាស៊ានលើកទី៣៥(35th ASEAN Summit Plenary) សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងបណ្តាប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានយាង និងអញ្ជើញជាអធិបតី ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណ:នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក(FIFA) ដែលចុះហត្ថលេខាដោយ ឯកឧត្តមអគ្គលេខាធិការអាស៊ាន ជាមួយនឹងប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក កាលពីរសៀលថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅព្រះរាជាណាចក្រថៃ។
នៅក្នុងពិធីនោះ ឯកឧត្តម អគ្គលេខាធិការ អាស៊ាន និងលោកប្រធានសមាគមសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសម្ដែងនូវការប្តេជ្ញាចិត្តរួមគ្នា ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យកីឡាបាល់ទាត់ ក្នុងចំណោមប្រទេសជាសមាជិកអាស៊ានដែលមាន ប្រជាជនរស់នៅជាង៦៥០លានាក់។ លោកប្រធានសមាគមសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានសម្ដែងនូវការវាយតម្លៃខ្ពស់ និងបានចាត់ទុកថា នេះគឺជាលើកទី១ហើយ ដែលសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នារវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក ក្នុងការរួមចំណែកបណ្តុះបណ្តាលធនធានមនុស្សលើវិស័យកីឡាបាល់ទាត់ ក្នុងចំណោមបណ្តាប្រទេសក្នុងតំបន់អាស៊ាន ឱ្យកាន់តែមានភាពប្រកួតប្រជែងទ្វេឡើងថែមទៀត ពិសេសជាមួយនឹងបណ្តាប្រទេសក្នុងតំបន់អឺរ៉ុប និងប្រទេសក្នុងទ្វីបដទៃទៀត ក្នុងពិភពលោក។ លោកប្រធានសមាគមសហព័ន្ធបានសម្ដែងនូវការវាយតម្លៃខ្ពស់ចំពោះបណ្តាមេដឹកនាំអាស៊ានដែលបានធ្វើជាសាក្សីនៅថ្ងៃនេះ ក្នុងការជំរុញលើកកម្ពស់វិស័យកីឡាបាល់ទាត់ឱ្យកាន់តែមានការរីកចម្រើនថែមទៀត ក្នុងបណ្តាប្រទេសនៃតំបន់អាស៊ាន។
នៅក្នុងពិធីនេះដែរ បន្ទាប់ពីពិធីចុះហត្ថលេខាលើអនុស្សរណ: នៃការយោគយល់គ្នា ក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកីឡាបាល់ទាត់ រវាងអាស៊ាន និងសមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោករួចមក លោកប្រធានសហព័ន្ធកីឡាបាល់ទាត់ពិភពលោក បានក៏អញ្ជើញថ្វាយនិងជូនអាវកីឡាករភ្ជាប់ដោយព្រះកិត្តិនាម និងនាម នៃប្រមុខរដ្ឋ-ប្រមុខរដ្ឋាភិបាលអាស៊ានទាំង១០ប្រទេស ព្រមទាំងបានថតរូបអនុស្សាវរីយ៍ ក្នុងព្រឹត្តិការណ៍ជាប្រវត្តិសាស្រ្តនេះផងដែរ៕