ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ — យោងតាមលទ្ធផលបានមកពីការផ្សងប្រផ្នូលតាមរយៈសម្រក់ទៀនជ័យ ដើម្បីចង់ដឹងនៅ ឧទកៈធារា ឬដំណើរទឹកភ្លៀងស្រាប់ឆ្នាំក្រោយ(ឆ្នាំ២០២០) បានបង្ហាញថា បណ្ដាខេត្ត រាជធានីទាំង២៥នៅទូទាំងព្រះរាជាណាចក្រកម្ពុជា នឹងមានទឹកភ្លៀងមធ្យមនៅដើមឆ្នាំ និងចុងឆ្នាំមានទឹកភ្លៀងធ្លាក់ច្រើន។
គួរបញ្ជាក់ដែរថា តាមទំនៀមទម្លាប់ខ្មែរយើង ជារៀងរាល់ឆ្នាំនៅរាត្រីថ្ងៃទី២ នៃព្រះ រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក បានរៀបចំព្រះរាជពិធីសម្រក់ទៀនជ័យ បួងសួងព្យាករណ៍អំពីដំណើរទឹកភ្លៀង ទៅតាមលក្ខណ:ជំនឿប្រពៃណីខ្មែរ ដោយធ្វើការទស្សន៍ទាយ តាមរយៈការបន្តក់ទៀនពីក្បាលទៅកន្ទុយនាគ ដែលមានតាំងពីបុរាណ កាលរៀងមក ដើម្បីផ្សងចង់ដឹងអំពីទឹកភ្លៀងនាឆ្នាំខាងមុខ។
ដោយឡែក នារាត្រីថ្ងៃដដែលនេះដែរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គបានសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសំពះព្រះខែ និងអកអំបុក នៅក្នុងព្រះបរមរាជវាំង ដោយមានការ យាងអមដង្ហែដោយ ព្រះរាជវង្សានុវង្ស នាម៉ឺនសព្វមុខមន្រ្តីព្រះបរមរាជវាំងផងដែរ៕
ដោយ ជឹម ណារី


















