ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — ដោយចាត់ទុកការអភិវឌ្ឍធនធានមនុស្សគឺជាអាទិភាពទីមួយនោះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានអះអាងពីការប្ដេជ្ញាសម្រេចឱ្យបាន នូវការពង្រឹងគុណភាពអប់រំ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា តាមរយៈការទាញយកប្រយោជន៍ពីកាលានុវត្តភាពនៅក្នុងតំបន់ ការចាប់យកបច្ចេកវិទ្យា និងឱកាសថ្មីៗ ព្រមទាំងលើកកម្ពស់ការប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងអន្តរជាតិ ដើម្បីធានាបានកំណើនសេដ្ឋកិច្ច ខ្ពស់ប្រកបដោយចីរភាព។
ក្នុងសារលិខិតបើកបវេសនកាលឆ្នាំសិក្សា ២០១៩-២០២០ នៅថ្ងៃសុក្រ ៥កើត ខែកត្ដិក ឆ្នាំកុរ ឯកស័ក ពុទ្ធសករាជ ២៥៦៣ ត្រូវនឹងថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោ នាយករដ្ឋមន្ត្រីបានថ្លែងថា កម្ពុជាបានធ្វើមូលដ្ឋានីយកម្មគោលដៅអភិវឌ្ឍន៍ប្រកបដោយ ចីរភាព ស្ដីពីការអប់រំឆ្នាំ២០៣០ ឆ្ពោះទៅធានាគុណភាពអប់រំប្រកបដោយបរិយាប័ន្ន និងលើក កម្ពស់ការសិក្សាពេញមួយជីវិត សំដៅធានាធានានូវសិទ្ធិ សេរីភាព និងសុភមង្គលសម្រាប់ បុគ្គល គ្រួសារ និងសង្គមជាតិ។ ជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបានខិតខំដោះស្រាយរាល់បញ្ហា និងសំណូមពរទាំងឡាយ ដើម្បីលើកកម្ពស់វិស័យអប់រំនៅកម្ពុជា បង្កើតធនធានមនុស្ស និង មូលធនបញ្ញា ទាំងអ្នកសិក្សា និងគ្រូបង្រៀនប្រកបដោយគុណភាព សមត្ថភាព ស្របតាម និន្នាការរីកចម្រើន និងបទដ្ឋានអប់រំនៅក្នុងតំបន់ និងពិភពលោក។ សម្ដេចតេជោបានរម្លឹកថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ បន្ទាប់ពីទទួលបានសុខសន្តិភាពពេញលេញនៅ ចុងឆ្នាំ១៩៩៨ តាមរយៈការអនុវត្តនយោបាយ «ឈ្នះ-ឈ្នះ» កម្ពុជា សម្រេចបាននូវការអភិវឌ្ឍ លើគ្រប់វិស័យគួរជាទីមោទនៈ។ សម្ដេចតេជោបានលើកឡើងថា បច្ចុប្បន្នសុខសន្តិភាពបានគ្របដណ្ដប់ពេញផ្ទៃប្រទេស កម្ពុជាមានហេរដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ស្ពានតភ្ជាប់គ្នាខ្វាត់ខ្វែងគ្រប់ច្រកល្ហក ប្រជាជនមានជីវភាពរស់នៅកាន់តែល្អប្រសើរ មានមធ្យោបាយធ្វើដំណើរគ្រប់គ្រាន់ មានសិទ្ធិ សេរីភាពជួបជុំក្រុមគ្រួសារដើរលេង កម្សាន្តទាំងក្នុង និងក្រៅប្រទេស ហើយបានចូលរួមប្រារព្ធគ្រប់ពិធីបុណ្យជាតិបានយ៉ាងទូលំទូលាយជាមួយនឹងភាពសប្បាយរីករាយ ជាមួយក្រុមគ្រួសារ និងញាតិមិត្ត ប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនាគ្រប់ជាតិ សាសន៍នៅទូទាំងប្រទេស។ ពេលនេះ រាជរដ្ឋាភិបាលបាននិងកំពុងខិតខំប្រឹងប្រែងក្នុងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចបន្តទៀតដើម្បីឱ្យកម្ពុជាក្លាយទៅជាប្រទេសមានប្រាក់ចំណូលមធ្យម កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងទៅជាប្រទេសមានប្រាក់ចំណូលខ្ពស់នៅឆ្នាំ២០៥០។ សម្ដេច តេជោនាយករដ្ឋមន្ត្រី ក៏បានអំពាវនាវឱ្យជនរួមជាតិទាំងអស់ មាតាបិតា អ្នកអាណាព្យាបាលសិស្ស និងសហគមន៍ ត្រូវនាំកូនចៅទៅចុះឈ្មោះចូលរៀននៅដើមបវេសនកាល ឆ្នាំសិក្សាថ្មីនេះឱ្យបានគ្រប់ៗគ្នា និងត្រូវយកចិត្តទុកដាក់តាមដានការសិក្សារបស់កូនចៅឱ្យបានជាប្រចាំ។
ជាមួយគ្នានេះ សូមបង្កើតបរិយាកាសល្អក្នុងក្រុមគ្រួសារ ក៏ដូចជាការផ្តល់ដំបូន្មានដល់កូនចៅទាំងផ្នែកសុខភាព ចំណេះដឹង និងសីលធម៌ ដើម្បីជួយឱ្យពួកគេក្លាយជាធនធាន មនុស្សពោរពេញដោយសមត្ថភាព ទេពកោល្យ ព្រមទាំងទទួលបានសម្បទាសម្រា ប់ការចាប់ យកវិជ្ជាបំណិន និងចរិយាឈានទៅកសាងអនាគតដ៏រុងរឿង ស័ក្តិសមជាកុលបុត្រខ្មែរ និងជាសសរទ្រូងនៃប្រទេសជាតិយើង។ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ព្រមទាំងសប្បុរសជន ទាំងក្នុង និងក្រៅប្រទេសត្រូវរួមគ្នាយកចិត្តទុកដាក់ចូលរួមគាំទ្របន្ថែមទៀត ក្នុងការអភិវឌ្ឍ ហេដ្ឋារចនាសម្ព័ន្ធសាលារៀន និងការគាំទ្រផ្សេងៗទៀតតាមគ្រប់លទ្ធភាព។ លើសពីនេះទៀត ត្រូវបង្កលក្ខណៈដល់សិស្ស និងយុវជនដែលមិនបានរៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យមានឱកាសបានការរៀន សូត្រជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈងាយស្រួលដល់សិស្ស និងយុវជនដែលមានពិការភាព ឱ្យទទួលបានលទ្ធភាពក្នុងការសិក្សារៀនសូត្រយ៉ាងតិច៩ឆ្នាំ និងគាំទ្រឱ្យពួកគេបានបន្តរៀនសូត្រចប់ភូមិសិក្សា និងរហូតដល់ចប់កម្រិតឧត្តមសិក្សាប្រកបដោយគុណភាពនិងប្រសិទ្ធភាព។
ក្រៅពីនេះ ដៃគូអភិវឌ្ឍ និងអង្គ ការមិនមែន រដ្ឋាភិបាលត្រូវរួមគ្នាបង្កើនកិច្ចសហការ និងពង្រឹងភាពជាដៃគូកាន់តែរឹងមាំនិងមានប្រសិទ្ធភាពថែមទៀតក្នុងការជួយឧបត្ថម្ភគាំទ្រដល់សិស្សជួបការលំបាក និងកម្មវិធីអប់រំនានាដែលស្ថិតនៅតំបន់ដាច់ស្រយាលនិងកន្លែងដែលសេវាអប់រំពិបាកទៅដល់។ ជាងនេះទៀត ប្រព័ន្ធ ផ្សព្វផ្សាយទាំងអស់នៅកម្ពុជា រួមមាន វិទ្យុ ទូរទស្សន៍ សារព័ត៌មាន ទស្សនាវដ្ដី ព្រឹត្តិបត្រ ព័ត៌ មានរបស់រដ្ឋ និងឯកជន ត្រូវរួមគ្នាជួយផ្សព្វផ្សាយ និងបព្រា្ជបឱ្យបានកាន់តែទូលំទូលាយ អំពី សារៈសំខាន់ នៃការអប់រំ ព្រមទាំងអំពាវនាវដល់មាតាបិតា អាណាព្យាបាលសិស្ស និងអ្នក ពាក់ព័ន្ធបានជ្រាបចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជានិងនាំកូនដល់អាយុមក ចុះឈ្មោះ ចូលរៀនឱ្យបានគ្រប់ៗគ្នា៕
ដោយ ជឹម ណារី