ក្នុងជំនួបពិភាក្សាការងារជាមួយឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) និងឯកឧត្តម Horinouchi Hidehisa ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនប្រចាំកម្ពុជានៅព្រឹកថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៩នេះ នៅទីស្តីការគណៈរដ្ឋមន្ត្រី ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកម្ពុជា បានវាយតម្លៃខ្ពស់អំពីវឌ្ឍន៍ភាពការងាររបស់អ.វ.ត.ក ជំនួយបន្តរបស់ជប៉ុនសម្រាប់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក និងការស្នើសុំការគាំទ្រឱ្យមានវត្តមានចៅក្រម ព្រះរាជអាជ្ញា និងបុគ្គលិកជប៉ុនធ្វើការនៅ អ.វ.ត.ក ហៅកាត់ថាសាលាក្តីខ្មែរក្រហម។
ជាការឆ្លើយតប ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ បានលើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ជប៉ុនដែលបានជួយកម្ពុជាតាំងពីដំណាក់កាលបង្កើតសាលាក្តីខ្មែរក្រហម និងក៏បានផ្តល់ថវិកាច្រើនជាងគេដល់ដំណើរការរបស់អ.វ.ត.កផងដែរ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ឧបនាយករដ្ឋមន្ត្រីប្រចាំការ ក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលប្រទេសជប៉ុន ដែលបានសម្រេចផ្តល់ថវិកាចំនួនជាង២៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយទ្រទ្រង់គម្រោងរបស់មជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក សម្រាប់ រយៈពេល៣ឆ្នាំខាងមុខ។ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ក៏បានលើកឡើងផងដែរថា ក្រោយពីមានការណែនាំ និងការសម្រេចពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងការប្រគល់អគារចាស់នៅជាយក្រុងដែលត្រូវបានប្រគល់ជូនគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អគារមជ្ឈមណ្ឌលតម្កល់ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.កថ្មី នេះដែលមានកម្ពស់៥ជាន់ បាននិងកំពុងជួសជុលកែលម្អ ព្រមទាំងបានបំពាក់ឧបករណ៍ និងបណ្តាញខ្សែកាប ICT ដូចនឹងអគារចាស់ ហើយដែលគ្រោងនឹងបញ្ចប់នៅអំឡុងខែតុលា ឆ្នាំ២០១៩។ ក្រៅពីមានបន្ទប់សម្រាប់រក្សាបណ្ណសារ បន្ទប់បណ្ណាល័យ និងបន្ទប់ជនរងគ្រោះ អគារថ្មីនេះក៏មានបម្រុងបន្ទប់សវនាការគំរូពី អ.វ.ត.ក សម្រាប់ទុកធ្វើជាការកាត់សេចក្តីសាកល្បង ព្រមទាំងបានត្រៀមបម្រុងទុកបន្ទប់ធ្វើការមួយចំនួនទៀតសម្រាប់អនុវត្តមុខងារសេសល់ក្រោយតុលាការ អ.វ.ត.ក ផងដែរ។ ពិធីសម្ពោធអគារថ្មីនេះ អាចធ្វើឡើងនៅចុងឆ្នាំនេះ។
ពាក់ព័ន្ធទៅនឹងសំណើខាងលើរបស់ជប៉ុនដែលចង់ឱ្យមានសមាសភាពចៅក្រម ព្រះរាជអាជ្ញា និងបុគ្គលិកជប៉ុន ធ្វើការនៅអ.វ.ត.ក ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត បានប្រសាសន៍ថាកម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីគាំទ្របេក្ខជនជប៉ុន និងបានសូមស្នើឱ្យរដ្ឋាភិបាលជប៉ុនរៀបចំដាក់សំណើជាផ្លូវការ និងតាមនីតិវិធី ជូនទៅអគ្គលេខាធិការអង្គការសហប្រជាជាតិ ដើម្បីស្នើសុំចាត់តាំងសម្រាប់តួនាទីដែលនៅទំនេររបស់ភាគីអន្តរជាតិនៃ អ.វ.ត.ក។ បន្ទាប់មក រាជរដ្ឋាភិបាលកម្ពុជានឹងជួយសម្របសម្រួលជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បីធ្វើការតែងតាំងជាផ្លូវការ។
ក្នុងជំនួបនេះដែរ ឯកអគ្គរដ្ឋទូតជប៉ុន ក៏បានស្នើសុំកិច្ចសហការឱ្យកម្មសិក្សាការី ជានិស្សិតរបស់ប្រទេសជប៉ុនមកធ្វើការនៅក្នុង អ.វ.ត.ក ដែលសំណើនេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិតឧបនាយករដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ និងសហការ។ មន្ត្រីសាលាក្តី អ.វ.ត.ក បានឱ្យដឹងថា សកលវិទ្យាល័យមួយរបស់ជប៉ុនឈ្មោះ Keio University នឹងចុះកិច្ចព្រមព្រៀងគ្នាជាមួយរដ្ឋបាលសាលាក្តីនៅពេលខាងមុខនេះ ដើម្បីទទួលកម្មសិក្សាការីជប៉ុន មកធ្វើការនៅ អ.វ.ត.ក។
សូមរំលឹកថា ជប៉ុន គឺជាប្រទេសផ្តល់ជំនួយធំជាងគេ ដែលបានផ្តល់ថវិកាប្រមាណជា៨៧លានដុល្លារអាមេរិក លើចំនួនសរុប៣០៣លានដុល្លារ ដែលទទួលបានដោយ អ.វ.ត.ក.។ កាលពីរយៈពេលដំបូងនៃដំណើរការសាលាក្តីកាត់ទោសមេដឹកនាំខ្មែរក្រហម ជប៉ុនក៏មានចៅក្រម និងបុគ្គលិកតំណាងប្រទេសរបស់ខ្លួនធ្វើការនៅ អ.វ.ត.ក. ផងដែរ ប៉ុន្តែក្រោយមកក៏ត្រូវបានប្តូរទៅបំពេញភារកិច្ចនៅប្រទេសផ្សេងៗវិញ ហេតុនេះហើយ ទើបរដ្ឋាភិបាលជប៉ុនស្នើសុំបន្តឱ្យមានសមាសភាពចៅក្រម ឬសហព្រះរាជអាជ្ញា និងបុគ្គលិករបស់ខ្លួនធ្វើការនៅសាលាក្តីខ្មែរក្រហមជាថ្មីឡើងវិញ៕