ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជាស្នើសុំការគាំទ្រឱ្យមានសមាសភាពចៅក្រម ព្រះរាជអាជ្ញា និងបុគ្គលិកជប៉ុនធ្វើការនៅសាលាក្តីខ្មែរក្រហម

65

ក្នុង​ជំ​នួប​ពិភាក្សា​ការងារ​ជាមួយ​ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទី​ស្តី​ការ​គណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងាររបស់រាជរដ្ឋាភិបាលទទួលបន្ទុកដំណើរការអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក)​ និង​ឯកឧត្តម​ Horinouchi Hidehisa ឯកអគ្គ​រដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព​របស់​ជប៉ុនប្រចាំ​កម្ពុជា​នៅ​ព្រឹក​ថ្ងៃទី​១៨ ខែ​កក្កដា ឆ្នាំ​២០១៩នេះ នៅ​ទីស្តី​ការ​គណៈរដ្ឋមន្ត្រី​ ឯកអគ្គ​រដ្ឋទូត​ជប៉ុនប្រចាំនៅ​​កម្ពុជា បានវាយតម្លៃខ្ពស់អំពីវឌ្ឍន៍ភាពការងាររបស់អ.វ.ត.ក ជំនួយបន្តរបស់ជប៉ុនសម្រាប់មជ្ឈមណ្ឌល​តម្កល់​ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក និងការ​​ស្នើ​សុំ​ការ​គាំ​ទ្រ​ឱ្យ​មានវត្តមាន​ចៅក្រម​ ព្រះ​រាជ​អាជ្ញា និង​បុគ្គលិក​ជប៉ុនធ្វើ​ការ​នៅ អ.វ.ត.ក ហៅកាត់ថាសាលាក្តីខ្មែរក្រហម។

ជាការឆ្លើយ​តប ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី​ប្រចាំការ​ បាន​លើកឡើងអំពីកិច្ចសហប្រតិបត្តិការដ៏ល្អរបស់ជប៉ុនដែលបានជួយកម្ពុជាតាំងពីដំណាក់កាលបង្កើតសាលាក្តីខ្មែរក្រហម និងក៏បានផ្តល់ថវិកាច្រើនជាងគេដល់ដំណើរការរបស់អ.វ.ត.កផងដែរ។ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ឧបនាយករដ្ឋមន្ត្រី​ប្រចាំ​ការ ក៏​បាន​ថ្លែង​អំណរគុណ​ដល់​រដ្ឋាភិបាល​ប្រទេស​ជប៉ុន ដែល​បាន​សម្រេច​ផ្តល់​ថវិកាចំ​នួន​ជាង​២៥ម៉ឺន​ដុល្លារអាមេរិក​ ដើម្បី​ជួយ​ទ្រទ្រង់​គម្រោង​របស់​មជ្ឈមណ្ឌល​តម្កល់​ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.ក សម្រាប់      ​រយៈពេល​៣ឆ្នាំខាងមុខ។ ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត ក៏បាន​លើក​ឡើងផងដែរថា​ ក្រោយពីមានការណែនាំ និង​ការ​សម្រេច​ពី​សម្តេច​អគ្គ​មហាសេនាបតី​តេជោ ហ៊ុន សែន ក្នុងការប្រគល់អគារ​ចាស់​នៅ​ជាយក្រុង​ដែលត្រូវ​​បាន​ប្រគល់​ជូន​គណៈមេធាវី​នៃព្រះ​រាជាណា​ចក្រកម្ពុជា​ អគារ​មជ្ឈមណ្ឌល​តម្កល់​ឯកសារច្បាប់ពាក់ព័ន្ធនឹងអ.វ.ត.កថ្មី នេះដែលមានកម្ពស់​៥ជាន់​​ ​​បាន​និង​កំពុង​ជួស​ជុល​កែលម្អ ព្រមទាំងបានបំ​ពាក់​ឧបករណ៍ និង​បណ្តាញ​ខ្សែកាប​ ICT ដូចនឹងអគារចាស់ ហើយដែលគ្រោង​នឹង​បញ្ចប់​នៅ​អំ​ឡុង​ខែតុលា ឆ្នាំ​២០១៩​។​ ក្រៅពីមានបន្ទប់​សម្រាប់រក្សាបណ្ណ​សារ បន្ទប់​បណ្ណាល័យ និងបន្ទប់​ជន​រង​គ្រោះ​ អគារថ្មី​នេះ​ក៏មាន​បម្រុង​បន្ទប់​សវនាការគំ​រូពី​ អ.វ.ត.ក សម្រាប់​ទុកធ្វើ​ជា​ការ​កាត់​សេចក្តី​សាកល្បង ព្រម​ទាំង​បាន​ត្រៀម​បម្រុង​ទុកបន្ទប់​ធ្វើ​ការ​មួយ​ចំ​នួន​ទៀត​សម្រាប់​អនុវត្ត​មុខងារ​សេសល់​ក្រោយតុលាការ អ.វ.ត.ក ផងដែរ។ ​ពិធី​សម្ពោធ​អគារថ្មីនេះ អាច​ធ្វើ​ឡើង​នៅចុង​ឆ្នាំ​នេះ​។

ពាក់ព័ន្ធទៅនឹងសំណើខាងលើរបស់ជប៉ុនដែលចង់​ឱ្យ​មាន​សមាសភាព​ចៅក្រម​ ព្រះ​រាជ​អាជ្ញា និង​បុគ្គលិក​​ជប៉ុន ​​ធ្វើ​ការ​នៅអ.វ.ត.ក ឯកឧត្តម​កិត្តិនីតិកោសល​បណ្ឌិត បាន​ប្រសាសន៍ថាកម្ពុជាត្រៀម​ខ្លួន​ជា​ស្រេចដើម្បី​​គាំ​ទ្របេក្ខជន​ជប៉ុន​ ​និង​បានសូមស្នើឱ្យ​រដ្ឋាភិបាល​ជប៉ុន​រៀប​ចំ​ដាក់​សំ​ណើជា​ផ្លូវ​ការ និង​តាម​នីតិវិធី ជូន​ទៅ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​ ដើម្បីស្នើសុំចាត់តាំង​សម្រាប់តួនាទីដែលនៅទំនេររបស់ភាគីអន្តរជាតិនៃ   អ.វ.ត.ក។ ​បន្ទាប់មក រាជ​រដ្ឋាភិបាលកម្ពុជា​នឹងជួយ​សម្រប​សម្រួល​ជាមួយស្ថាប័នពាក់ព័ន្ធនានា ដើម្បី​ធ្វើការ​តែង​តាំង​ជា​ផ្លូវ​ការ​។​

ក្នុង​ជំ​នួបនេះ​ដែរ ឯកអគ្គ​រដ្ឋទូត​ជប៉ុន​ ក៏បាន​ស្នើ​សុំ​កិច្ច​សហការ​ឱ្យ​កម្មសិក្សាការី​ ជា​និស្សិត​របស់​ប្រទេស​ជប៉ុន​មក​ធ្វើ​ការ​នៅ​ក្នុង អ.វ.ត.ក ដែល​សំ​ណើនេះ​ ឯកឧត្តម​កិត្តិនីតិ​កោសល​បណ្ឌិតឧប​នាយករដ្ឋមន្ត្រី​ បានសម្តែង​នូវ​ការ​​ស្វាគមន៍​ និង​សហការ​។ មន្ត្រី​សាលាក្តី អ.វ.ត.ក បាន​ឱ្យដឹង​ថា សកលវិទ្យាល័យ​មួយ​របស់ជប៉ុនឈ្មោះ Keio University នឹង​ចុះ​កិច្ចព្រម​ព្រៀង​គ្នាជាមួយ​រដ្ឋបាល​សាលាក្តីនៅ​ពេល​ខាង​មុខនេះ ដើម្បី​ទទួល​កម្មសិក្សាការី​ជប៉ុន មកធ្វើ​ការ​នៅ​ អ.វ.ត.ក​។

សូម​រំ​លឹក​ថា ជប៉ុន​ គឺជាប្រទេសផ្តល់ជំ​នួយ​ធំ​ជាង​គេ ដែលបានផ្តល់ថវិកាប្រមាណ​ជា​៨៧លាន​ដុល្លារ​អាមេរិក​ លើ​ចំ​នួន​សរុប​៣០៣លាន​ដុល្លារ​ ដែលទទួលបានដោយ អ.វ.ត.ក.។ កាល​ពី​រយៈពេល​ដំ​បូងនៃដំ​ណើរការ​សាលាក្តី​កាត់​ទោសមេដឹកនាំខ្មែរក្រហម​ ជប៉ុន​ក៏មាន​ចៅក្រម​ និង​បុគ្គលិក​តំ​ណាង​ប្រទេស​របស់​ខ្លួន​ធ្វើ​ការ​នៅ​ អ.វ.ត.ក. ផង​ដែរ ប៉ុន្តែ​ក្រោយ​មក​ក៏ត្រូវ​បាន​ប្តូរ​ទៅ​បំ​ពេញ​ភារកិច្ចនៅ​ប្រទេស​ផ្សេង​ៗវិញ​ ហេតុ​នេះ​ហើយ ទើប​រដ្ឋាភិបាល​ជប៉ុន​ស្នើ​សុំបន្តឱ្យ​មានសមាសភាព​ចៅក្រម​ ឬសហព្រះ​រាជ​អាជ្ញា​ និង​បុគ្គលិករបស់ខ្លួន​ធ្វើ​ការ​នៅសាលាក្តី​ខ្មែរក្រហមជា​ថ្មី​​ឡើង​វិញ​៕