ភ្នំពេញ ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១៩ — ឯកឧត្ដម Wang Yajun អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនីស្តចិន បានគូសបញ្ជាក់ថា ចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ដោយជំរុញការវិនិយោគ និងការបើកទីផ្សារដល់កសិផល និងផលិតផលរបស់កម្ពុជាបន្ថែមទៀត។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានថ្លែងដូច្នេះប្រាប់អ្នកសារព័ត៌មាន បន្ទាប់ពីសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ កម្ពុជា បានអនុញ្ញាតឱ្យឯកឧត្ដម Wang Yajun អនុរដ្ឋមន្ត្រីក្រសួងទំនាក់ទំនងអន្តរជាតិគណបក្សកុម្មុយនីស្តចិន ចូលជួបសម្ដែងការគួរសម នាព្រឹកថ្ងៃទី ២៤ ខែឧសភា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ក្នុងខណៈដែលឯកឧត្ដមដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជា។
ឯកឧត្ដម Wang Yajun បានមានប្រសាសន៍ ពាំនាំនូវពាក្យផ្ដាំផ្ញើសាកសួរសុខទុក្ខអំពីសំណាក់ថ្នាកដឹកនាំចិនជូនចំពោះសម្ដេចតេជោនាយករដ្ឋមន្ត្រី ហើយបានជម្រាបជូនសម្ដេចតេជោថា ដំណើរទស្សនកិច្ចរបស់ឯកឧត្ដមមកកាន់ព្រះរាជាណាចក្រកម្ពុជានាពេលនេះ គឺដើម្បីជំរុញ និងធ្វើរាល់កិច្ចការទាំងឡាយដែលថ្នាក់ដឹកនាំកំពូល ជាពិសេសសម្ដេចតេជោ និង ឯកឧត្ដមប្រធានាធិបតី ស៊ី ជិនពីង បានចុះហត្ថលេខាជាមួយគ្នានាពេលកន្លងមក។ ឯកឧត្ដម បានបន្ដថា កម្ពុជា និងចិន គឺជាមិត្តដែកថែប ដោយទំនាក់ទំនងរវាងកម្ពុជា និងចិន នាពេល នេះ គឺស្ថិតនៅលំដាប់ល្អជាទីបំផុត ហើយអ្វីដែលបានចុះហត្ថលេខារួមគ្នានៅវេទិកា BRI ក្នុង ប្រទេសចិននាពេលកន្លមកនេះ គឺជំរុញទំនាក់ទំនងរវាប្រទេសទាំងពីរកាន់តែរឹងមាំថែមទៀត ព្រមទាំងនាំមកជាមួយផងដែរនូវផលប្រយោជន៍រួមសម្រាប់ប្រជាជននៃប្រទេសទាំងពីរ និងការអភិវឌ្ឍ ហើយពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។ ឯកឧត្ដម ក៏បានរាយ ការណ៍ ជូនសម្ដេចតេជោនាយករដ្ឋមន្ត្រីដែរថា ក្នុងពេលដែលឯកឧត្ដមបានចុះចតយន្តហោះ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ហើយធ្វើដំណើរក្នុងទីក្រុងភ្នំពេញ ឯកឧត្ដមបាន សង្កេតឃើញថា ទីក្រុងភ្នំពេញ គឺជាទីក្រុងមួយមានភាពរស់រវើក ស្អាត ប្រិមប្រិយ៍ និងមានសក្ដានុពលយ៉ាងច្រើនផងដែរ។ ឯកឧត្ដម នឹងបន្តធ្វើទស្សនកិច្ចទៅកាន់ខេត្តព្រះសីហនុ ដើម្បីសិក្សាលើហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការវិនិយោគ និងឧស្សាហកម្ម ដោយពិចារណាធ្វើយ៉ាងណា ដើម្បីឱ្យការវិនិយោគ និងហេដ្ឋារចនាសម្ព័ន្ធឧស្សាហកម្ម នៅទីក្រុងព្រះសីហនុមានការអភិវឌ្ឍប្រកបដោយចីរភាព។ ឯកឧត្ដម Wang Yajun បានគូសបញ្ជាក់ទៀតថា ចិន នឹងបន្តជួយកម្ពុជាលើគ្រប់វិស័យ ដោយជំរុញការវិនិយោគ និងការបើកទីផ្សារមកកាន់កម្ពុជា បន្ថែមទៀត។
ជាការឆ្លើយតប សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងអំណរគុណចំពោះការផ្ដាំផ្ញើសាកសួរសុខទុក្ខរបស់ថ្នាក់ដឹកនាំចិន និងបានយល់ស្របទាំងស្រុង ជាមួយនឹងការលើកឡើងរបស់ឯកឧត្ដម Wang Yajun ពាក់ព័ន្ធនឹងទំនាក់ទំនង ព្រមទាំងសក្ដានុពល ក្នុងការពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ជាពិសេសឈរលើឯកសារដែលបានចុះហត្ថលេខា ដែលជាឯកសារប្រវត្តិសាស្ត្រពាក់ព័ន្ធទៅ នឹងសហគមន៍មួយ ជោគវាសនាមួយ ដែលបានចុះហត្ថលេខាកន្លងមក។ សម្ដេចតេជោ ក៏បានថ្លែងអំណរគុណចំពោះការជំរុញការវិនិយោគចិនមកកាន់កម្ពុជា និងការបើកចំហទីផ្សារដល់កសិផល និងផលិតផលរបស់កម្ពុជា បន្ថែមទៀត៕