សៀមរាប ថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ — ក្នុងខណៈដឹកនាំគណៈប្រតិភូមកចូលរួម វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) និងអបអរសាទរ ការប្រកាសបើកជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) នៅកម្ពុជានោះ ឯកឧត្ដម Ilyas Umakhanov អនុប្រធានក្រុមប្រឹក្សាសហព័ន្ធ នៃសហព័ន្ធរុស្ស៊ី ត្រូវបាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃពុធ ១១កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ Lotus Blanc ខេត្តសៀមរាប។
ឯកឧត្ដម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោបានឱ្យដឹងថា ឯកឧត្ដម Ilyas បានគោរពថ្លែងអំណរគុណចំពោះ សម្តេចតេជោនាយករដ្ឋមន្ត្រី ដែលបានទទួលស្វាគមន៍យ៉ាងរាក់ទាក់បំផុតចំពោះរូបឯកឧត្ដមផ្ទាល់ ក៏ដូចជាប្រតិភូជាន់ខ្ពស់របស់ឯកឧត្ដមដែលបានមកកាន់ព្រះរាជាណាចក្រកម្ពុជា ដើម្បីចូលរួមក្នុង វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ (APPF-27) និងអបអរសាទរ ការប្រកាសបើកជាផ្លូវការ ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) កាលពីថ្ងៃម្សិលមិញនេះ។
ឯកឧត្ដម ក៏បានអបអរសាទរយ៉ាងខ្លាំងចំពោះការរៀបចំវេទិកា (APPF-27) និង ការប្រកាសបើក ក្រុមប្រឹក្សា (ACC) នៅលើទឹកដីកម្ពុជាជាលើកដំបូង។ ទន្ទឹមនឹងនេះ ឯកឧត្ដម Ilyas បានមានប្រសាសន៍ជម្រាបជូនសម្តេចតេជោថា នៅប្រទេសរុស្ស៊ីឆ្នាំនេះចាត់ទុកថាជាឆ្នាំនៃវប្បធម៌របស់កម្ពុជា ដែលប្រតិភូជាន់ខ្ពស់របស់ឯកឧត្ដមទាំងអស់នឹងខិតខំប្រឹងប្រែងធ្វើយ៉ាងណាឱ្យព្រឹត្តិការណ៍ឆ្នាំនៃវប្បធម៌កម្ពុជានៅប្រទេសរុស្ស៊ីឆ្នាំនេះ ទទួលបានជោគជ័យ ដើម្បីរួមចំណែកក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឱ្យកាន់តែល្អ ព្រោះប្រទេសយើងទាំងពីរធ្លាប់មានប្រវត្តិទំនាក់ទំនងជាយូរមកហើយ។ ទន្ទឹមនឹងនេះ ឯកឧត្ដម Ilyas បានជម្រាបផងដែរថា ក្រោយពេលដែលសម្តេចតេ ជោ បានអញ្ជើញជួបមេដឹកនាំរុស្សីកាលពីខែ តុលាក្នុងឆ្នាំកន្លងទៅ គឺបានរឹតបន្តឹងនូវទំនាក់ទំនងទ្វេភាគីកម្ពុជា-រុស្សី កាន់តែល្អរឹងមាំឡើងជាលំដាប់។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះឯកឧត្ដម Ilyas និងប្រតិភូជាន់ខ្ពស់ទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងវេទិកា APPF-27 និងព្រឹក្តិការណ៍ ACC កាលពីថ្ងៃម្សិលមិញនេះ។ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានមានប្រសាសន៍បញ្ជាក់ថា ក្រុមប្រឹក្សាវប្បធម៌អាស៊ី (ACC) ដែលត្រូវបានបង្កើតឡើងនេះ ក៏ត្រូវបានទទួលស្គាល់ជាសកលដោយអង្គការយូណេស្កូ(UNESCO)ផងដែរ។
សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា ទំនាក់ទំនងរវាងកម្ពុជា និងរុស្សី គឺជាទំនាក់ទំនងប្រវត្តិសាស្រ្តជាយូរមកហើយ ជាពិសេសមិត្តរុស្ស៊ីបានជួយដល់កម្ពុជានៅពេលដែលប្រទេសកម្ពុជាជួបការលំបាកបំផុត ក្រោយពីទើបរំដោះប្រទេសចេញរួចពីរបបប្រល័យពូជសាសន៍ប៉ុលពត។ ជាងនេះទៅទៀត ប្រទេសរុស្ស៊ី ក៏បានបន្សល់ទុកនូវស្នាដៃប្រវត្តិសាស្ត្រមួយចំនួននៅប្រទេសកម្ពុជា ដូចជា មន្ទីរពេទ្យរុស្ស៊ី និងសាលាតិចណូជាដើម។ ទន្ទឹមនឹងនេះ មិត្តរុស្ស៊ីក៏បានជួយដល់កម្ពុជាក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សនៅប្រទេសរុស្ស៊ីផ្ទាល់ ដែលសព្វថ្ងៃនេះ បញ្ញវន្តទាំងនោះបាននឹងកំពុងបំពេញការងារនៅក្នុងជួររាជរដ្ឋាភិបាលកម្ពុជា។
សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាលនិងប្រជាពលរដ្ឋរុស្ស៊ី ដែលបានជួយដល់កម្ពុជាលើវិស័យផ្សេងៗជាច្រើនទៀតនៅកម្ពុជា៕