ភ្នំពេញ ថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលអមដំណើរដោយមន្ត្រីជាន់ខ្ពស់ជាច្រើនរូបទៀត បានបន្តបេសកម្មកលើកទី៦២ ក្នុងការចុះជួបសំណេះសំណាលជាមួយបងប្អូនកម្មករនិយោជិត ប្រមាណជិត ២ម៉ឺននាក់ នៅខេត្តតាកែវ ដែលពិធីនេះត្រូវបានប្រារព្ធធ្វើឡើង នាព្រឹកថ្ងៃពុធ ៤កើត ខែមិគសិរ ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៩ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅក្នុងភូមិចមពល ឃុំពពេល ស្រុកត្រាំកក់ ខេត្តតាកែវ។
ឯកឧត្ដម អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានឱ្យដឹងថា កម្មករ កម្មការិនី ដែលជួបសំណេះសំណាលជាមួយសម្ដេចតេជោនាយករដ្ឋមន្ត្រីនាថ្ងៃនេះ មកពីរោងចក្រ សហគ្រាសសរុបចំនួន ១២ ក្នុងស្រុកចំនួន៣ រួមមាន ស្រុកសំរោង ស្រុកបាទី និងស្រុកត្រាំកក់ ដែលមានកម្មករ និយោជិតចំនួន ១៨.២៧៣នាក់។ ក្នុងចំណោមរោងចក្រ សហគ្រាសទាំងនោះ គឺកំពុងដំណើរការការត់ដេរសម្លៀកបំពាក់ចំនួន ៥ ផលិតស្បែកជើងចំនួន ៤ ផលិតកាបូបចំនួន ១ ផលិតគ្រឿងបន្លាស់បន្សំសម្រាប់ទូរស័ព្ទចល័តចំនួន ១ និងផលិតសក់សិប្បនិម្មិតចំនួន ១។ ឯកឧត្ដមរដ្ឋមន្ត្រីបានឱ្យដឹងទៀតថា ផលិតផលដែលផលិតបាននៅ រោង ចក្រ សគ្រាសទាំងនេះ ត្រូវបាននាំចេញទៅកាន់ទីផ្សារអន្តរជាតិ និងផ្គត់ផ្គង់ទីផ្សារក្នុងប្រទេស។ ឯកឧត្ដម ក៏បានបន្ដទៀតថា បច្ចុប្បន្នខេត្តតាកែវ មានសហគ្រាស គ្រឹះស្ថានការងារ សរុបចំនួន១៦៤ មានកម្មករនិយោជិត ៤៨.១៦៨នាក់ ទទួលបានប្រាក់ឈ្នួលសរុប ១៦៣លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ។ ជាមួយគ្នានេះ រោងចក្រកាត់ដេរសម្លៀកបំពាក់ និងផលិតស្បែកជើងមានចំនួន៥១ មានកម្មករ និយោជិតចំនួន៣៩.៩៤៣នាក់ ដែលមានប្រាក់ឈ្នួលសរុបជិត១៣៥លានដុល្លារអាម៉េរិកក្នុង១ឆ្នាំ។ សមិទ្ធផលទាំងនេះ គឺជាជោគជ័យនៃគោលនយោបាយទាក់ទាញវិនិយោគ ការពង្រាយរោងចក្រទៅតាមបណ្តាខេត្ត គោលនយោបាយ ជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្មកម្ពុជា គោល នយោបាយស្តីពីការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ និងក្របខណ្ឌគោល នយោបាយជាតិគាំពារសង្គមរបស់រាជរដ្ឋាភិបាល។
គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០១៧ រហូតមកដល់ ថ្ងៃទី០៩ ខែ មករា ឆ្នាំ២០១៩នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានអញ្ជើញជួបសំណេះសំណាល ជាមួយ កម្មករនិយោជិត សរុបចំនួន៦២លើក ដោយមានកម្មករ កម្មការិនីចូលរួមសរុបប្រមាណ ៨៩៤. ៧៤៧នាក់។ តាមរយៈជំនួបជាបន្តបន្ទាប់នេះ សម្តេចតេជោ ហ៊ុន សែន បានដាក់ចេញនូវគោលនយោបាយដោយផ្ដល់ផលប្រយោជន៍ជាច្រើនសម្រាប់កម្មករ កម្មការិនី ហើយបញ្ហា មួយចំនួនដែលប្រឈមសម្រាប់ជីវភាពរស់នៅរបស់កម្មករ កម្មការិនី ក៏ត្រូវបានដោះស្រាយ ជាបន្តបន្ទាប់ ជាពិសេសបានធ្វើឱ្យដំណើរការនៅតាមរោងចក្រ សហគ្រាសនីមួយៗ មាន ដំណើរការល្អ បញ្ជៀសបាននូវបាតុភាពអសកម្មនានាជាច្រើនផងដែរ៕











