កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានប្រារព្វពិធីបិទបញ្ចប់កិច្ចប្រជុំកំពូលរបស់ខ្លួនហើយ កាលពីរសៀលថ្ងៃទី១៥វិច្ឆិកា បន្ទាប់ពីបានដំណើរការរបស់ខ្លួន ចាប់តាំងពីថ្ងៃទី១១វិច្ឆិកា មកនោះ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានប្រារព្វពិធីបិទបញ្ចប់របស់ខ្លួនជាមួយនិងពិធីផ្ទេរដំណែងប្រធានអាស៊ាន ជូនព្រះរាជាណាចក្រថៃ ធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ ក្នុងឆ្នាំ២០១៩ ខាងមុខ។ ថ្លែងសុន្ទរកថាក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ាន ឯកឧត្តម លី ស៊ានឡុង មានប្រសាសន៍សំដែងនូវការវាយតម្លៃខ្ពស់ ជូនចំពោះបណ្តាមេដឹកនាំអាស៊ានទាំងអស់ ដែលពេញរយៈពេលមួយឆ្នាំកន្លងមកនេះ បានធ្វើនូវកិច្ចការជាច្រើនក្នុងការបម្រើផលប្រយោជន៍ សម្រាប់ប្រជាជាតិក្នុងតំបន់ ពិសេសរួមគ្នានោះស្រាយនូវរាល់បញ្ហាប្រឈមនានា ក្នុងជំរុញលើកកម្ពស់ កិច្ចសហប្រតិបត្តិការ ផ្ទៃក្នុងជាមួយបណ្តាប្រទេសក្រៅតំបន់ ប្រកបដោយលទ្ធផលដ៏ត្រចះត្រចង់បំផុត។ ឯកឧត្តម នាយករដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ ដែលសិង្ហបុរីបានខិតខំជំនះដោះស្រាយនូវ បញ្ហាប្រឈមនានា ក្នុងការឈានទៅសំរេចនូវលទ្ធផលដ៏ត្រចះត្រចង់ ក្នុងការធ្វើជាម្ចាស់ផ្ទះ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២-៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា បានបញ្ចប់ទៅប្រកបដោយ លទ្ធផលដ៏ត្រចះត្រចង់បំផុត។
បន្ទាប់ពីទទួលបានញញួរឈើជានិម្មិតរូប ជាប្រធានអាស៊ានក្នុងឆ្នាំ២០១៩ ពីប្រធានចាស់ រួចមក ឯកឧត្តមឧត្តមសេនីយ៍ ប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ និងជាប្រធានកិច្ចប្រជុំកំពូល អាស៊ានឆ្នាំ២០១៩ មានប្រសាសន៍ថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅបំផុត ក្នុងការទទួលធ្វើជា ម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ក្នុង ឆ្នាំ២០១៩ ឲ្យទទួលបានជោគជ័យដ៏ត្រចះត្រចង់បំផុត។ ឯកឧត្តមឧត្តមសេនីយ៍ក៏បានគោរព និង យាងអញ្ជើញបណ្តាមេដឹកនាំអាស៊ានទាំងអស់ យាង និងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០១៩ ខាងមុខ ដើម្បីរិះរកគ្រប់មធ្យោបាយទាំងអស់ ដើម្បីផលប្រយោជន៍ និងភាពរីកចម្រើនសម្រាប់តំបន់ របស់យើងទាំងអស់គ្នា។
នៅក្នុងពិធីបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា ក៏មានការចាក់បង្ហាញពីវីដេអូឯកសារ ស្តីពីការទទួលធ្វើជាម្ចាស់ផ្ទះ របស់ព្រះរាជាណាចក្រថៃ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤-៣៥ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅព្រះរាជាណាចក្រថៃ ក្នុងឆ្នាំ២០១៩ ខាងមុខ។