បន្ទាប់មកនៅព្រឹកថ្ងៃទី១៥ វិច្ឆិកា ដដែលនេះដែរ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាលនៃប្រទេសអាស៊ាន បានយាង និងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិកលើកទី៦ ក្រោមប្រធានបទការពិនិត្យឡើងវិញ នូវកិច្ចសហប្រតិបត្តិការអាស៊ានអាមេរិក និងទិសដៅអនាគត ជាមួយឯកឧត្តម ម៉ៃឃើល ភែនស៍( Michael Pence) អនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក។
ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន បានស្វាគមន៍យ៉ាងកក់ក្ដៅជូនចំពោះឯកឧត្តម ម៉ៃឃើលភែនស៍ អនុប្រធានាធិបតី នៃសហរដ្ឋអាមេរិក ក្នុងកិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦នេះ។
ដូចគ្នានិងបណ្តាមេដឹកនាំអាស៊ាន-សហរដ្ឋអាមេរិក សម្តេចតេជោនាយករដ្ឋមន្រ្តី បានលើកនូវចំណុច៣ ទៅកាន់កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី៦ ក្នុងនោះរួមមាន ទី១. កិច្ចសហប្រតិបត្តិការរបស់យើងនៅមានសក្ដានុពលជាច្រើនទៀត ដូចជាកិច្ចសហប្រតិបត្តិការ ក្នុងវិស័យនវានុវត្តន៍ សេដ្ឋកិច្ចឌីជីថល ពាណិជ្ជកម្ម វិស័យទេសចរណ៍ និងបច្ចេកវិទ្យាព័ត៌មានជាដើម ដែលអនុញ្ញាតិឱ្យយើងចាប់យក ដើម្បីឈានទៅសម្រេចបាន ការអភិវឌ្ឍប្រកបដោយចីរភាព។ ក្នុងស្មារតីនេះ កម្ពុជាសូមគ្រាំទ្រចំពោះ ការលើកឡើងរបស់ ឯកឧត្តមនាយករដ្ឋមន្រ្តីឡាវ ដែលថ្លែងក្នុងសេចក្ដីប្រកាសរួមអាស៊ាន លើកទឹកចិត្តសហរដ្ឋអាមេរិក បន្តគ្រាំទ្រការអនុវត្តនូវផែនការមេ ស្តីពីការតភា្ជប់អាស៊ានឆ្នាំ ២០២៥ និងគំនិតផ្តួចផ្តើមសម្រាប់ សមាហរណកម្មអាស៊ាន។ ទី២. កម្ពុជារំពឹងយ៉ាងមុតមាំថា សហរដ្ឋអាមេរិក នឹងផ្ដោតការយកចិត្តដាក់ខ្លាំង ក្នុងការបង្កើនទំហំពាណិជ្ជកម្មរវាងតំបន់ទាំងពីរ ឱ្យកើនខ្ពស់បន្ថែមទៀត ខណៈដែលអាមេរិកកំពុងបន្តឈរលំដាប់ថ្នាក់ជាប្រទេស ដែលមានសេដ្ឋកិច្ចធំជាងគេបំផុត។ ក្នុងស្មារតីនេះ កម្ពុជាមានសេចក្តីរីករាយ និងសូមស្វាគមន៍ការរៀបចំកិច្ចព្រមព្រៀង ក្របខ័ណ្ឌពាណិជ្ជកម្ម និងការវិនិយោគអាស៊ាន-សហរដ្ឋអាមេរិគ (Trade and Investment Framework Arrangement-TIFA) និងគំនិតផ្តួចផ្តើមផែនការ នៃការពង្រីកការចូលរួម ក្នុងផ្នែកសេដ្ឋកិច្ចអាស៊ាន និងសហរដ្ឋអាមេរិក (Expanded Economic Engagement (E3) Initiatives Work Plan) និងទី៣. កម្ពុជាយល់ឃើញថា ការកសាងធនធានមនុស្ស ជាពិសេសយុវជន គឺជាកត្តាចាំបាច់ក្នុងការគាំទ្ររបស់សហរដ្ឋអាមេរិក ក្នុងការកសាងធនធានមនុស្ស និងវិស័យអប់រំ ដោយផ្ដល់ឱកាសអាហារូបករណ៍បន្ថែមទៀតដល់យុវជនអាស៊ាន ជាពិសេស យុវជនពីប្រទេសកម្ពុជា ដើម្បីទៅបន្តការសិក្សាថ្នាក់ឧត្តមសិក្សា និងក្រោយឧត្តមសិក្សាបន្ថែមទៀត។ នៅក្នុងកិច្ចប្រជុំកំពូលដ៏មានសារសំខាន់នេះ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ាន និងឯកឧត្តមអនុប្រធានាធិបតីសហរដ្ឋអាមេរិក បានឯកភាពគ្នាឈានទៅចេញសេចក្តីប្រកាស របស់ប្រធានកិច្ចប្រជុំកំពូលអាស៊ាន សហរដ្ឋអាមេរិក លើកទី៦។ សេចក្តីប្រកាសរបស់ ថ្នាក់ដឹកនាំអាស៊ាន សហរដ្ឋអាមេរិក ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខអ៊ីនធើណែត និងកិច្ចព្រម ព្រៀងក្របខណ្ឌពាណិជ្ជកម្ម និងវិនិយោគអាស៊ាន សហរដ្ឋអាមេរិក ឆ្នាំ២០១៨-២០១៩។