សម្តេចតេជោ នាយករដ្ឋមន្រ្តី អនុញ្ញាតឲ្យ លោក ម៉ាទីន ហេយ អនុប្រធានក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-សហភាពអឺរ៉ុប និងជាប្រធានក្រុមហ៊ុនបុសស៍ (Bosch) ប្រចាំអាស៊ីអាគ្នេយ៍ ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ

ក្នុងជំនួប​សំដែងការ​គួរសម និងពិភាក្សាការងារ ជាមួយសម្តេច​អគ្គមហា​សេនា​បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជា​ណា​ចក្រកម្ពុជា ដែល​ធ្វើឡើង​នៅសណ្ឋាគារ​ស្នាក់​នៅ របស់​សម្តេចតេជោ នៅទីក្រុង​ប្រ៊ុចសែន ប្រទេស​ប៊ែលហ្សីក នាព្រឹកថ្ងៃទី១៨ ខែតុលា លោក ម៉ាទីន ហេយ តំណាង​ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-សហភាពអឺរ៉ុប និងជាប្រធាន​ក្រុមហ៊ុន​បុសស៍ (Bosch) ប្រចាំ​​អាស៊ីអាគ្នេយ៍ មានប្រសាសន៍​ជំរាប​ជូន​សម្តេច​តេ​ជោថា ក្រុមប្រឹក្សាធុរកិច្ចអាស៊ាន​-​សហភាព​អឺរ៉ុប មានគម្រោង​និង​អញ្ជើញទៅបំ​ពេញ​ទស្សន​កិច្ចក្នុងប្រទេស​កម្ពុជា នៅឆ្នាំ២០១៩ខាងមុខ ដើម្បីធ្វើការណែនាំដល់ក្រុមហ៊ុន​របស់សហភាព​អឺរ៉ុបមួយចំ​នួន មក​បណ្តាក់ទុ​ន​វិនិ​យោគក្នុ​ងប្រ​ទេស​កម្ពុជា។

ក្នុងជំនួប​ពិភាក្សា​គ្នា​នោះដែរ លោកអ​នុប្រធានក៏​បាន​ធ្វើការ​ពិភាក្សាយ៉ា​ង​យកចិ​ត្ត​​ទុកដាក់ អំពី​សុវត្តិភាព នៃការ​ធ្វើចរាចរណ៍ ដែលជាប​ញ្ហា​ប្រឈម​មួយ ដែលមិ​នត្រឹម​តែកើតមាន​ឡើង ក្នុងប្រទេស​កម្ពុជា​នោះទេ គឺវាបាន​កើត​មានឡើង​នៅក្នុង​តំបន់​អាស៊ាន​ទាំងមូល ពោលគឺ​មាន​ប្រជាពល​រដ្ឋក្នុង​តំបន់​អាស៊ាន ប្រមាណ​១២ម៉ឺន​ទទួល​រងគ្រោះ​ថ្នាក់​ចរាចរ​ក្នុង១ថ្ងៃ ដែលជា​​ការខាត​បង់​ថវិកាប្រមាណ ៣% នៃ GDP របស់អាស៊ាន។ លោក​អនុប្រធាន​ក៏បាន​ពិភាក្សាលើ​ប្រធានបទ នៃស្ថានភាព នៃការប្រើប្រាស់​ដុល្លាតូបនីយកម្ម​ក្នុង​ប្រទេសកម្ពុជា ដែល​នឹងត្រូវ​បន្ត រឺ​អនាគតវា និងប្រែប្រួល​ទៅជាបែបណា។ ក្នុងជំនួបពិភាក្សាគ្នា​នោះដែរ លោក ម៉ាទីន ហេយ និង​គណៈ​​ប្រតិភូ​ក៏បាន​ធ្វើការ​ពិភាក្សា​យ៉ាង​យក​ចិត្តទុកដា​ក់ ពីការ​ធ្វើ​ពាណិជ្ជ​កម្ម​រវាង សហភាពអឺរ៉ុប ជា​មួយ​និងប្រទេស​កម្ពុជា។

សម្តេចតេជោ នាយករដ្ឋមន្រ្តី​មានប្រសាសន៍​ស្វាគមន៍នូ​វគំនិតលើ​កឡើង របស់គណៈ​​ប្រតិ​ភូ ដែល​ទាក់​ទិនទៅ​និងកិច្ចសហ​ប្រតិបត្តិការ នៃប្រទេស​ទាំងពីរ ពិសេស​លើ​ផ្នែក​ឯកជន។ សម្តេច​តេជោ នាយករដ្ឋមន្រ្តី​មានប្រសាសន៍​បន្តថា កម្ពុជាធ្វើជា​ម្ចាស់ផ្ទះ នៃការរៀបចំ​កិច្ចប្រជុំ​អាស៊ីអឺរ៉ុប ក្នុងឆ្នាំ២០២០ខាងមុខ ហើយសម្រាប់ដំ​ណើរ​ទស្សន​កិច្ច​របស់គណៈ​ប្រតិភូ​ក្រុមប្រឹក្សា​ធុរកិច្ច អាស៊ាន-អឺរ៉ុប នៅក្នុងឆ្នាំ​២០១៩ សម្តេច​សូមស្វាគមន៍ និងសូមគោរព​អញ្ជើញគណៈ​ប្រតិភូ ក្រុមប្រឹក្សាធុរ​កិច្ចអាស៊ាន-អឺរ៉ុប ក្នុងកិច្ចប្រ​ជុំកំពូល​អាស៊ី-អឺរ៉ុប ឆ្នាំ​២០២០ ដែលកម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ។

សម្តេចតេជោ នាយករដ្ឋមន្រ្តីបន្តថា ការពិភាក្សា​រវាង​អាស៊ាន និង​សហភាព​អឺរ៉ុប និង​ជាមួយ​កម្ពុជា មិនមែនត្រឹម​តែការ​ពិភាក្សា​លើបញ្ហា​នយោបាយ​នោះទេ គឺបានធ្វើការ​ពិភាក្សា​គ្នា​យ៉ាង​យក​ចិត្តទុក​ដាក់​ទៅ​លើ​បញ្ហាសេដ្ឋកិច្ច និង​ពាណិជ្ជ​កម្ម​ផងដែរ។ សម្តេចបន្តថា កន្លងមកមាន ប្រទេសមួ​យចំនួន​ក្នុង​សហភាព​អឺរ៉ុប ដែលបាន​ធ្វើការ​គំរាម​ដល់​កម្ពុជា និង​សហភាព​មីយ៉ាន់ម៉ារ ក្នុងការ​ដក​នូវប្រព័ន្ធ​អនុគ្រោះពាណិជ្ជកម្ម (EBA) ។ សម្តេច​បន្ត​ដែរថា​ កន្លងមក EU បានជួយ ដល់​កម្ពុជា​លើគ្រប់​វិស័យ​ទាំងអស់ ប្រសិន​ជា EU សំរេចដក់នូវ EBA គឺ​ហាក់​បីដូចជា EU បោះ​បង់ចោលនូវអ្វី ដែលខ្លួនបានធ្វើ​កាល​ពីពេល​កន្លងមក។

សម្តេចមាន​ប្រសាសន៍​សង្កត់ធ្ងន់ថា សម្តេចមិនចង់​ឃើញប្រទេស​ប្រជាធិបតេយ្យ ដែលប្រព្រឹត្ត​នូវកំហុស​ជាលើក​ទី៣ ពោល​គឺ​កំហុស​លើកទី១ ប្រទេស​ប្រជាធិបតេយ្យ​នៅអឺរ៉ុប បានគាំទ្រ​នូវរដ្ឋប្រហារ​យោធា​ក្នុងប្រទេស​​កម្ពុជា កាល​ពីទសវត្ស៧០ កំហុសទី២ គាំទ្រដល់​របបខ្មែរ​ក្រហមជាង​១ទសវត្ស ពិសេស​គាំទ្រខ្មែរ ក្រហម​នៅអង្គការ​សហប្រជាជាតិ និងកំហុសទី៣ បើទោះបីជាស្ថិត​ក្នុងដំណាក់កាល​ពិភាក្សា​លើ​​សេចក្តីថ្លែង​ការណ៍ ឬក្លាយ​ទៅជាការពិ​តនោះ វានឹងក្លាយ​ទៅជា​កំហុស​ទី៣ របស់ប្រទេស​ប្រជា​ធិបតេយ្យ​នៅសហភាព​អឺរ៉ុប សម្រាប់​កម្ពុជា។ ក្នុងជំនួបពិភាក្សាគ្នានោះ សម្តេចតេជោក៏បានសំ​ដែងនូវ​ការស្វាគមន៍​ចំពោះ​ក្រុមប្រឹក្សា​ធុរកិច្ចអាស៊ាន-អឺរ៉ុប ដែលបាន​ចេញ​សេចក្តីថ្លែងការណ៍ ពី​សភាពការណ៍ពិ​តរបស់​កម្ពុជា និង​បាន​ចាត់ទុកថា សេចក្តីថ្លែងការណ៍​របស់ក្រុម​ប្រឹក្សាធុរកិច្ច អាស៊ាន-អឺរ៉ុប គឺជាសេចក្តី​ថ្លែងការណ៍​មានលក្ខណៈត្រឹមត្រូវ ពោលគឺក្រុម​ប្រឹក្សាអឺរ៉ុប ត្រូវតែ​ស្តាប់នូវ​សម្លេង​ពីក្រុម​ធុរកិច្ច និង​ក្រុមសង្គម​ស៊ីវិលជាដើម។

ក្នុង​ជំនួប​ពិភាក្សា​គ្នានោះ​ដែរ លោក ម៉ាទីន ក៏បាន​ជំរាបជូន​សម្តេចតេជោ ដែរថា គណៈ​ប្រតិ​ភូ​របស់លោកបានធ្វើ​សន្ទស្ស៍​រួចមកហើ​យថា ក្រុមធុរកិច្ច​របស់ខ្លួន​នឹងបន្ត​បណ្តាក់ទុន និងវិនិ​យោគ ក្នុងប្រទេស​កម្ពុជា​ជាបន្ត​ទៅទៀត ពោលគឺកម្ពុជា​ជាប្រទេស​មួយមាន​ស្ថានភាព​អំណោយ​​ផលជាង​ប្រទេសអា​ស៊ាន​ដទៃទៀត ក្នុង​តំបន់ ដែលមានការ​គាំទ្រលើសពី៥០% ដែលអាច​ធ្វើ​ពាណិជ្ជកម្ម​ជាមួយបា​ន។ លោក​អនុប្រធាន​ក្នុងនាមក្រុម​ហ៊ុន​អឺរ៉ុបទាំង​អស់ប្រមាណ៤០០ក្រុម​ហ៊ុន បានចាត់ទុកថា ប្រសិនជាមាន​ការដក​ពន្ធ​អនុគ្រោះ EBA មែននោះ វានិង​ធ្វើឲ្យបះពា​ល់ដល់ បណ្តាក្រុមហ៊ុន​ធុរកិច្ចមកពី EU តាមរយៈ​នេះតំណាង​ធុរកិច្ចទាំងអស់​របស់ EU និងជួបពិភាក្សា ដោយផ្ទាល់​ជាមួយក្រុម​ប្រឹក្សាអឺរ៉ុប ដើម្បីបញ្ជាក់ថា ប្រសិនជាមាន​ការអនុវត្តជាក់​ស្តែង​មែន​នោះ នឹង​ធ្វើឲ្យ​​ប៉ះពាល់​ដល់​អត្ថប្រយោជន៍​របស់​ក្រុមហ៊ុន EU ជាច្រើន និងអាចចាត់​ទុកថា គណៈក​ម្ម​ការអឺរ៉ុប អនុវត្ត EBA ជាឧបករណ៍ន​យោបាយ​បរទេស​របស់ខ្លួន​សម្រាប់កម្ពុជា។ លោក​អនុប្រ​ធានបន្តថា ប្រសិនជាមាន​ការអនុវត្តនូវ EBA មែននោះ តម្លៃ​ទំនិញ​និង​មានការ​កើន​ឡើង​រហូត ដល់​១២% ដែលនាំចូល​មកទីផ្សារអឺរ៉ុប ដែលនោះគឺជា​ការខាត​បង់ដល់ច្រើ​ននៅតំបន់អឺរ៉ុប។

សម្តេច​បាន​សំដែងនូ​វ​ការ​រីករាយ​ចំពោះ​ការ​លើក​ឡើងពី ក្រុមប្រឹក្សា​ធុរកិច្ច​អាស៊ាន-អឺរ៉ុប​។ សម្តេច​បន្តថា ប្រសិនជាមាន​ការអនុវត្ត​ជាក់ស្តែង​នោះ ការនាំចេញ​នឹងនៅតែ​បន្តតែគ្រាន់​តែវា​មានការ​កើនឡើង នៃផ្នែកពន្ធ ហើយកម្ពុជា និងមិនមាន​វិធានការ​ណាមួយ ដែលត្រូវដាក់ទៅ​​លើបណ្តា​ក្រុមហ៊ុន​អឺរ៉ុបនោះ​ដែរ ពោលគឺកម្ពុជាចង់ប្រាប់ពីការ​ពិតដល់សហភាពតែប៉ុណ្ណោះ៕

ពត៌មានទាក់ទង

ពត៌មានផ្សេងៗ