កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ បានប្រារព្វពិធីបើកជាផ្លូវការហើយ កាលពីព្រឹកថ្ងៃទី២៨ មេសា នៅសណ្ឋាគារសាំងគ្រីឡា ទីក្រុងសាំងហ្កាពួរ ប្រទេសសឹង្ហបុរី។ កិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ ស្ថិតក្រោមប្រធានបទ ការកសាងកាលានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន (Resilient and Innovative of Asean)។ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាលអាស៊ាន និងលោកជំទាវ បានយាងនិងអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំរបស់ខ្លួន ក្រោមវត្តមាន នៃការធ្វើ គារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅបំផុតពី ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ និងលោកជំទាវ។
ថ្លែងក្នុងពិធីបើកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២ ឯកឧត្តម លី ស៊ានឡុង នាយករដ្ឋមន្រ្តីសឹង្ហបុរី និងជាប្រធានកិច្ចប្រជុំកំពូលអាស៊ាន មានប្រសាសន៍ថា សឹង្ហបុរីក្នុងឋាន:ជាប្រធានអាស៊ាន នឹងធ្វើកិច្ចការឲ្យល្អបំផុត ដើម្បីនាំអាស៊ានដើរឆ្ពោះទៅមុខ ជាមួយនិងការជ្រើសយកគោលគំនិត ការកសាងកាលានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន ។ តាមរយៈយន្តការនេះ សឹង្ហបុរី មានគោលដៅធ្វើឲ្យអាស៊ាន ក្លាយជាទីកន្លែងមួយកាន់តែល្អប្រសើរ សម្រាប់អនាគតរបស់ប្រជាជាតិអាស៊ាន ពិសេសទៅទៀតនោះ សឹង្ហបុរីនឹងធ្វើការជាមួយបណ្តារដ្ឋសមាជិកអាស៊ាន និងបណ្តាដៃគូសន្ទនា ដើម្បីធ្វើឲ្យឆ្នាំ២០១៨ ក្លាយជាឆ្នាំដ៏មានអត្ថន័យសម្រាប់អាស៊ាន ក្នុងនោះមចិហ្ឆតារបស់សឹង្ហបុរី គឺតភ្ជាប់ទំនាក់ទំនងរវាងពលរដ្ឋអាស៊ាន ប្រមាណ៦២៨លាននាក់ ដោយធ្វើឲ្យកាន់តែមានភាពងាយស្រួលដល់ការធ្វើដំណើរឆ្លងកាត់ព្រំដែន តាមរយះការប្រើប្រាស់បច្ចេកវិទ្យា ឌីជីថល និងការបង្កើតបណ្តាញទីក្រុងឆ្លាត នៅក្នុងបណ្តារដ្ឋសមាជិកអាស៊ាន។
នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះ ប្រមុខរដ្ឋ / ប្រមុខរដ្ឋាភិបាល នៃប្រទេសអាស៊ានទាំងអស់ បានបញ្ជាក់ជាថ្មីឡើងវិញ នូវសារសំខាន់ នៃការរក្សាមជ្ឈភាពរបស់អាស៊ាន និងការឯកភាព នៅក្នុងកិច្ចខិតខំប្រឹងប្រែង កសាងសហគមន៍អាស៊ាន និងការចូលរួមរបស់ដៃគូខាងក្រៅ ព្រមទាំងបានស្វាគមន៍ នូវគំនិតផ្តួចផ្តើមនានា ដែលនឹងជំរុញដល់និម្មាបនកម្មតំបន់ ដែលមានអាស៊ានជាកម្លាំងស្នូល ប្រកបដោយភាពបើកចំហ តម្លាភាព បរិយាប័ន្ន និងផ្អែកលើយន្តការនាំមុខដោយអាស៊ាន។ ជាមួយគ្នានេះបណ្តាមេដឹកនាំអាស៊ាន ក៏បានបញ្ជាក់ឡើងវិញនូវការប្តេជ្ញាចិត្តរួមគ្នា ដើម្បីរក្សានិងលើកកម្ពស់សន្តិភាព សន្តិសុខ និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាការដោះស្រាយជម្លោះដោយសន្តិវិធី ដោយរួមទាំងការគោរពយ៉ាងពេញលេញ នូវដំណើរការផ្លូវច្បាប់ និងការទូត ដែលមិនមានការគំរាមកំហែង ឬការប្រើប្រាស់កម្លាំង ដោយអនុលោមទៅតាមគោលការណ៍ជាសាកល នៃច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញាអង្គការ សហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (UNCLOS)។ នៅក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំនេះដែរ មេដឹកនាំអាស៊ាន បានព្រមព្រៀង អនុម័តលើទស្សនវិស័យរបស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពីនិវានុវត្តន៍ និងភាពរឹងមាំរបស់អាស៊ាន ដែលបញ្ជាក់ពីគោលជំហ និងបំណងប្រាថ្នាជាយុទ្ធសាស្រ្តរបស់អាស៊ាន ក្នុងបរិបទនៃរបត់ភូមិសាស្រ្តនយោបាយ និងសេដ្ឋកិច្ច ពិសេសទៅទៀត មេដឹកនាំអាស៊ាន បានឯកភាពគ្នាបង្កើតបណ្តាញទីក្រុងឆ្លាតអាស៊ាន ដើម្បីបញ្ចូលកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍរួម ចែករំលែកនូវឧត្តម្មានុវត្តន៍ និងជំរុញកាលានុវត្តភាពបន្ថែមទៀត សម្រាប់កំណើន នវានុវត្តន៍ ការកសាងសមត្ថភាព និងការអភិវឌ្ឍប្រកបដោយចីរភាព។ នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣២នេះដែរ មេដឹកនាំអាស៊ាន បានអនុម័តសេចក្តីថ្លែងការណ៍ ស្តីពីកិច្ចសហប្រតិបត្តិការសន្តិសុខតាមប្រព័ន្ធអ៊ីនធឺណែត ក្នុងការទទួលស្គាល់នូវភាពបន្ទាន់ ដែលកាន់តែកើនឡើង និងភាពស្មុគស្មាញ់ នៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណែតឆ្លងដែន តាមរយៈនេះ មេដឹកនាំអាស៊ានបានចាត់ឲ្យរដ្ឋមន្រ្តីពាក់ព័ន្ធ មកពីប្រទេសសមាជិកអាស៊ានទាំងអស់ ធ្វើការពិចារណា យ៉ាងដិតដល់ និងផ្តល់នូវអនុសាសន៍ នូវជម្រើសសមស្រប ក្នុងការសម្របសម្រួលគោលនយោបាយ សន្តិសុខ តាមប្រព័ន្ធអ៊ីនធឺណែត ការទូត កិច្ចសហប្រតិបត្តិការ និងកិច្ចខិតខំប្រឹងប្រែងបច្ចេកទេស និងការកសាងសមត្ថភាព ក្នុងចំណោមវេទិកាផ្សេងៗ នៃសសរស្តម្ភទាំងបីរបស់អាស៊ាន។ មេដឹកនាំអាស៊ានក៏បានស្វាគមន៍ ចំពោះការអនុម័តសេចក្តី ប្រកាសរួមអាស៊ាន ស្តីពីទេសចរណ៍តាមនាវា និងបានទទួលស្គាល់នូវសន្ទុះដ៏ល្អដែលផ្តល់ឲ្យឆ្ពោះទៅសម្រេចបាន នូវសមិទ្ធផលសេដ្ឋកិច្ចអាទិភាពសម្រាប់ឆ្នាំ២០១៨នេះ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានកត់សម្គាល់នូវគំនិតផ្តួច ផ្តើម ក្នុងការបង្កើតយន្តការសមាហរណកម្មឌីជីថលអាស៊ាន ដើម្បីតាមដានដំណើរការ នៃការធ្វើសមាហរណកម្ម ឌីជីថល របស់អាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលនេះដែរ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះការធ្វើឲ្យប្រសើរឡើង នូវមូលនិធិយុវជនអាស៊ាន / សឹង្ហបុរី ដើម្បីគាំទ្រគំនិតផ្តួចផ្តើមរបស់យុវជនអាស៊ាន និងការកត់សម្គាល់ផែនការសកម្មភាព តំបន់ នៃសេចក្តីថ្លែងការណ៍ទីក្រុងវៀងច័ន្ទ ស្តីពីការផ្លាស់ប្តូរពីការងារនៅក្រៅប្រព័ន្ធ ទៅជាការងារក្នុងប្រព័ន្ធ ដើម្បីឆ្ពោះទៅរកការលើកកម្ពស់ការងារសមរម្យអាស៊ាន។ មេដឹកនាំអាស៊ានក៏បានកត់សម្គាល់ដោយពេញចិត្ត ចំពោះកិច្ចខិតខំប្រឹងប្រែងដើម្បីលើកកម្ពស់ការបំពេញគ្នាទៅវិញទៅមក រវាងទស្សនវិស័យសហគមន៍អាស៊ានឆ្នាំ២០២៥ និង របៀបវារ:របស់អង្គការសហប្រជាជាតិឆ្នាំ២០៣០ សម្រាប់ការអភិវឌ្ឍដោយចីរភាព។ បញ្ហា និងការវិវឌ្ឍក្នុងតំបន់ និងអន្តរជាតិ មេដឹកនាំអាស៊ាន បានអះអាងជាថ្មី នូវសារសំខាន់នៃការថែរក្សា និងការលើកកម្ពស់សន្តិភាព សន្តិសុខ ស្ថិរ ភាព សុវត្តិភាព និងសេរីភាពនៃការធ្វើនាវាចរណ៍ និងការហោះហើរលើសមុទ្រចិនខាងត្បូង និងទទួលស្គាល់ពីអត្ថប្រ យោជន៍ ក្នុងការធ្វើឲ្យសមុទ្រចិនខាងត្បូងក្លាយជាតំបន់សន្តិភាព ស្ថិរភាព និងវិបុលភាព ក្នុងនោះមេដឹកនាំអាស៊ាន បានគូសបញ្ជាក់ពីសារសំខាន់ នៃការអនុវត្តនូវសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិន ខាងត្បូង (DOC) ឲ្យបានពេញលេញ និងមានប្រសិទ្ធភាពទាំងស្រុង។ ជាមួយគ្នានេះ មេដឹកនាំអាស៊ាន បានស្វាគមន៍ យ៉ាងកក់ក្តៅ ចំពោះកិច្ចសហប្រតិបត្តិការកាន់តែប្រសើរឡើង រវាងអាស៊ាននិងចិន តាមរយៈនោះមេដឹកនាំអាស៊ាន បានលើកទឹកចិត្តចំពោះការចាប់ផ្តើមជាផ្លូវការ នៃការចចារឆ្ពោះទៅរកការសម្រេចបាន នូវក្រមប្រតិបត្តិនៅសមុទ្រចិន ខាងត្បូង (COC) ប្រកបដោយប្រសិទ្ធភាព ស្របតាមពេលវេលា ដែលបានព្រមព្រៀងគ្នា។
ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះវិធានការជាក់ស្តែង ដែលអាចបន្ថយភាពតានតឹងហានិភ័យ នៃគ្រោះថ្នាក់ ការភ័ន្តច្រលំ និងការយល់ខុស ដូចជា ការសាកល្បងជោគជ័យ នៃខ្សែទូរស័ព្ទទំនាក់ទំនងរបស់ក្រសួងការបរទេស នៃប្រ ទេសសមាជិកអាស៊ាន និងក្រសួងការបរទេសចិន (MFA-to-MFA Hotline) ដើម្បីគ្រប់គ្រងស្ថានភាពបន្ទាន់នៅលំហសមុទ្រ នៅក្នុងសមុទ្រចិនខាងត្បូង និងដំណើរការនៃសេចក្តីថ្លែងការណ៍រួម ស្តីពីបែបបទនៃក្រមសម្រាប់ការពើបប្រទៈដោយមិនបានគ្រោងទុកនៅសមុទ្រ (CUES) នៅក្នុងសមុទ្រចិនខាងត្បូង ដែលត្រូវបានអនុម័តកាលពីថ្ងៃទី៧ ខែ កញ្ញា ឆ្នាំ២០១៦។
ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានអះអាងជាថ្មីម្តងទៀត អំពីភាពចាំបាច់ដើម្បីពង្រឹងជំនឿ និង ទំនុកចិត្តទៅវិញ ទៅមក អនុវត្តការអត់ធ្មត់ក្នុងការប្រព្រឹត្តសកម្មភាពនានា និងចៀសវាងសកម្មភាពណា ដែលធ្វើឲ្យស្ថានភាពមានភាពស្មុគស្មាញបន្ថែម ហើយបន្តដោះស្រាយជម្លោះដោយសន្តិវិធីស្របតាមច្បាប់អន្តរជាតិ រួមទាំងអនុសញ្ញា អង្គការសហប្រជាជាតិ ស្តីពីច្បាប់សមុទ្រឆ្នាំ១៩៨២ (1982 UNCLOS)។ ក្នុងកិច្ចប្រជុំកំពូលនោះដែរ មេដឹកនាំអាស៊ាន បានស្វាគមន៍ចំពោះដំណើរទស្សនកិច្ច កាលពីពេលថ្មីៗនេះ របស់មេដឹកនាំសាធារណរដ្ឋប្រជាធិបតេយ្យ ប្រជាមានិតកូរ៉េ ឯកឧត្តម គីម ជុងអ៊ុន ទៅកាន់ប្រទេសចិន ពិសេសជំនួបទ្វេភាគី នៃបងប្អូនកូរ៉េ ទាំងពីរកាលពីម្សិលមិញ ដែលនាំដល់សញ្ញាវិជ្ជមានដ៏ល្អសម្រាប់តំបន់ និងអន្តរជាតិ និងការប្រកាសគម្រោងជំនួបទ្វេភាគី រវាងប្រធានាធិបតី សហរដ្ឋអាមេរិក ដូណាល់ ត្រាំ និងថ្នាក់ដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន នាពេលអនាគត ក៏ដូចជាកិច្ចខិតខំប្រឹងប្រែង របស់កូរ៉េខាងត្បូង និងភាគីពាក់ព័ន្ធទាំងអស់ ដើម្បីបន្ថយភាពតានតឹង និងធ្វើការឆ្ពោះទៅរកដំណោះស្រាយប្រកប ដោយសន្តិវិធី នៃស្ថានការណ៍នៅឧបទ្វីបកូរ៉េ។ ជាមួយគ្នានេះ មេដឹកនាំអាស៊ានបានកត់សម្គាល់ពីការប្តេជ្ញាចិត្តរបស់ កូរ៉េខាងជើង ចំពោះការលុបចោលអាវុធនុយក្លេអ៊ែរ រួមទាំងការសន្យាបញ្ឈប់ការសាកល្បងអាវុធនុយក្លេអ៊ែរ និងមីស៊ីលបន្ថែមទៀត ក្នុងអំឡុងពេលនេះ។ មេដឹកនាំអាស៊ានក៏បានធ្វើការពិភាក្សាគ្នា លើបញ្ហាសិទ្ធិមនុស្សនៅក្នុងរដ្ឋ រ៉ា ខាញ ប្រទេសមីយ៉ាន់ម៉ារ ក្នុងនោះមេដឹកនាំអាស៊ានបានស្វាគមន៍ចំពោះការរៀបចំ ស្តីពីការធ្វើមាតុភូមិនិវត្តន៍ ជនបាត់បង់ទីលំនៅរវាងមីយ៉ាន់ម៉ារ និងបង់ក្លាដេស ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៧។
ក្នុងកិច្ចកំពូលអាស៊ានលើកទី៣២នោះដែរ មេដឹកនាំអាស៊ានចំពោះវឌ្ឍនភាពដ៏ល្អ ក្នុងការអនុវត្តផែនការ ការងារទី៣ នៃគំនិតផ្តួចផ្តើមសមាហរណកម្មអាស៊ាន (IAI Work Plan III) ដើម្បីជួយដល់ប្រទេសកម្ពុជា ឡាវ មីយ៉ាន់ម៉ារ និង វៀតណាម (CLMV) ក្នុងការសម្រេចបាននូវគោលដៅដ៏ទូលំទូលាយរបស់អាស៊ាន និងការកាត់បន្ថយគម្លាត អភិវឌ្ឍន៍ នៅក្នុងអាស៊ាន៕